ក្រសួងការបរទេសកម្ពុជាបានចេញលិខិតចំនួនពីរកាលពីថ្ងៃពុធដើម្បីបកស្រាយពាក់ព័ន្ធនឹងចំណាត់ការរបស់តុលាការកម្ពុជានិងរដ្ឋសភាជាតិមកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនិងបានវាយបកខ្លាំងចំពោះអ្នករិះគន់។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីសំទុះនៃការរិះគន់ជាអន្តរជាតិកាន់តែកើនឡើងជាបន្តបន្ទាប់ក្នុងនោះមានមកពីសភាសហគមន៍អឺរ៉ុប សមាជិកព្រឹទ្ធសភាអូស្រ្តាលី ក្រសួងការបរទេសសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និង សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្សជាដើម។
ក្រសួងការបរទេសបានហៅសេចក្តីថ្លែងការណ៍ចុងក្រោយដែលចេញដោយលោក ឆាលស៍ សានទីអាហ្គូ (Charles Santiago) ប្រធានសភាអាស៊ានដើម្បីសិទ្ធិមនុស្សថា «បានរំលោភយ៉ាងល្ងិតល្ងង់ដោយចេតនាចំពោះមាត្រាទី២នៃធម្មនុញ្ញអាស៊ាន» ដោយសារតែលោកបានស្នើសុំកាលពីថ្ងៃទី៣០ខែវិច្ឆិកាឱ្យផ្តល់តំណែងសមាជិកសភានិងអភ័យឯកសិទ្ធិសភាដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិឡើងវិញនិងក៏ស្នើឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាមួយចំនួនដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា៖
«អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមរំលឹកលោកឆាលស៍ សានទីអាហ្គូ សមាជិកសភានៃប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានត្រូវគោរពឱ្យបានពេញលេញនូវគោលការណ៍ដ៏ពិសិដ្ឋនៃមាត្រាទី២របស់ធម្មនុញ្ញអាស៊ានខាងលើនេះ»។
មាត្រាទី២នៃធម្មនុញ្ញអាស៊ានចែងពីការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ានហើយសេចក្តីថ្លែងការណ៍កន្លងមករបស់លោក Charles Santiago ត្រូវបានគេមើលឃើញថាជាអន្តរាគមន៍ដោយកម្ររបស់ប្រទេសក្នុងតំបន់នេះ។
នៅក្នុងលិខិតទីពីរដែលជាសេចក្តីជូនព័ត៌មានដល់សាធារណជនខ្មែរក្រសួងការបរទេសកម្ពុជាក៏ បានបញ្ជាក់ថាឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិនៅ ហ្សឺណែវក៏បានផ្ញើលិខិតជូនលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសភាពការណ៍សិទ្ធិមនុស្សនៅកម្ពុជា ដោយសារលោកស្រីព្រួយបារម្ភថាសភាពការណ៍កម្ពុជាឈានមកដល់ចំណុចគ្រោះថ្នាក់មួយដែលអាចឈានទៅរកអំពើហិង្សាក្នុងពេលអនាគតហើយជំរុញឱ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជានិងសង្គ្រោះជាតិជួបចរចាដើម្បីបន្ធូរបន្ថយកម្ដៅនយោបាយ។
អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា៖
«ខ្ញុំសូមបញ្ជាក់សារជាថ្មីឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងនីតិរដ្ឋរួមមានការការពារនិងការលើកកម្ពស់សិទ្ធិមនុស្ស។ រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនបន្តជំរុញវប្បធម៌សន្ទនាជាមួយបក្សប្រឆាំងដោយឈរលើមូលដ្ឋានការគោរពគ្នាទៅវិញទៅមក នីតិរដ្ឋ មិនបរិហារកេរ្តិ៍និងមិនញុះញង់ឱ្យស្អប់ វឹកវរ និងរើសអើង»។
គណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាបានទទួលរងសម្ពាធជាខ្លាំងពីគណបក្សកាន់អំណាចដោយសារលោក សម រង្ស៊ី ប្រធានគណបក្សត្រូវបានរដ្ឋសភាដែលមានតែអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាបណ្ដេញពីសភា ហើយដកតំណែងអនុប្រធានរដ្ឋសភាពីលោក កឹម សុខា អនុប្រធានគណបក្ស និងការវាយតប់លើអ្នកតំណាងរាស្ត្រចំនួនពីរនាក់ដោយក្រុមបាតុករដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃអង្គាតុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅលោក សម រង្ស៊ីទៅសាកសួរទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍របស់លោកហេង សំរិនប្រធានសភាជាតិ។ លោក សម រង្ស៊ី អះអាងថាលោកមិនបានបរិហារកេរ្តិ៍ទេព្រោះគ្រាន់តែផ្សាយបន្តតាមហ្វេសប៊ុកនូវព្រះរាជសង្កថារបស់អតីតព្រះមហាក្សត្រហើយលោក ហេង សំរិន មិនមានហេតុផលអ្វីនឹងប្តឹងរូបលោកដែរ៕