ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន រួមទាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន – អង្គការសហប្រជាជាតិ(អ.ស.ប) (AUMM) នៅថ្ងៃនេះ តាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាគ្នាលើបញ្ហាវិបត្តិកូវីដ បញ្ហាតំបន់ និង សកលជាច្រើនដែលកំពុងប្រឈមរួមគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃអង្គារ។
តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម ផាម ប៊ិញមិញ កិច្ចប្រជុំនេះ នឹងមានការចូលរួមពីក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ប្រទេស និងលោកអគ្គលេខាធិការអ.ស.ប និងប្រធានសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិផងដែរ។ វៀតណាម ជាប្រធានប្តូវេនអាស៊ានឆ្នាំ២០២០នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាដដែល បានអះអាងថាកិច្ចប្រជុំនេះ នឹងពិនិត្យមើលឡើងវិញពីកិច្ចសហប្រត្តិបត្តិការអាស៊ាន – អង្គការសហប្រជាជាតិ ការអនុវត្តន៍សេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអ.ស.ប។ ហើយកិច្ចប្រជុំនេះ នឹងស្វែងរកវិធីបន្ថែមទៀតដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាង អាស៊ាននិងអ.ស.ប ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាពជាសាកល ដែលបង្កដោយវិបត្តិកូវីដ១៩។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន – អង្គការសហប្រជាជាតិ ដែលរៀបចំជាទៀងទាត់ស្របពេលនឹងមហាសន្និបាតអ.ស.ប ក៏រំពឹងថា នឹងការពិភាក្សាអំពីបញ្ហាតំបន់និងសកលផ្សេងៗទៀត ដែលទាក់ទងនឹងអនាគតតំបន់និងសកល និងធានាឡើងវិញនូវកិច្ចប្រឹងប្រែងរួមគ្នាដើម្បីពហុភាគីនិយម ប្រឆាំងនឹងវិបត្តិកូវីដ១៩ តាមរយៈសកម្មភាពពហុភាគីដែលមានប្រសិទ្ធភាព៕