ភ្នំពេញ៖ អ្នកស្រី នុត សាខនគឺជាជនរងគ្រោះមួយរូបក្នុងចំណោមជនរងគ្រោះចំនួនបីរូបដែលលោកឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិតបានបាញ់ឱ្យរងរបួសបានឈរសម្រក់ទឹកភ្នែកយំអួលដើមកក្នុងកណ្តាលហ្វូងមនុស្សជាច្រើនរាប់ពាន់នាក់ដែលធ្វើឱ្យអ្នកចូលរួមខ្លះដោយរាប់បញ្ចូលទាំងជនបរទេសបានរំជួលចិត្តគ្រប់គ្រប់គ្នា។
ពិធីដោយមិនបានព្រៀងទុកនេះបានធ្វើឡើងកាលពីថ្ងៃច័ន្ទនៅទីលានប្រជាធិបតេយ្យក្នុងពេលដែលអង្គការសង្គមស៊ីវិលនិងអ្នកការទូតបានចូលរួមប្រារព្ធខួបលើកទី៦៤នៃទិវាសិទ្ធិមនុស្សអន្តរជាតិ។
អ្នកស្រីនុត សាខននិយាយមិនរួចក្រៅពីស្នើសុំឱ្យតុលាការស្វែងរកយុត្តិធម៌ពាក់ព័ន្ធនឹងករណីលោកឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិតដែលបានបាញ់កម្មករចំនួនបីនាក់ឱ្យរងរបួស។
លោកស្រីនុត សាខនបានបញ្ជាក់ថា៖
«ត្រូវបានលោកឈូក បណ្ឌិតបាញ់មកលើពួកខ្ញុំទាំងបីនាក់។ឥឡូវនេះលោកឈូក បណ្ឌិតនៅមានសេរីភាពដើរហ៊ឺហារនៅឡើយ។ ជាចុងក្រោយនេះសុំឱ្យរដ្ឋាភិបាលរកយុត្តិធម៌ឱ្យខ្ញុំផង»។
កាលពីខែកុម្ភៈលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតបានប្រើប្រាស់កាំភ្លើងខ្លីរបស់លោកបាញ់ប្រហារដោយមិនញញើតដៃទៅលើក្រុមកម្មកររោងចក្រមួយនៅតំបន់សេដ្ឋកិច្ចពិសេសនៃក្រុងបាវិតខេត្តស្វាយរៀងក្នុងខណៈពេលដែលមាន បាតុកម្មដ៏រំជើបរំជួលមួយដើម្បីទាមទារលក្ខខណ្ឌការងារល្អប្រសើរ។នេះបើតាមការបញ្ជាក់ពីសាក្សីឃើញផ្ទាល់ភ្នែក។
យ៉ាងតិចមានកម្មការិនីចំនួនបីនាក់គឺកញ្ញា កែវ នា អ្នកស្រីប៊ុន ចិន្តានិងអ្នកស្រីនុត សាខនបានទទួលរងរបួសដោយសារគ្រាប់កាំភ្លើងក្នុងពេលដែលពួកគេកំពុងតវ៉ានោះ។
លោកឈូក បណ្ឌិតត្រូវបានក្រុមអាជ្ញាធរមានសមត្ថកិច្ចចោទប្រកាន់ថាជាជនដៃដល់ដែលបានបើកការបាញ់ប្រហារទៅលើក្រុមកម្មករប៉ុន្តែក្រោយមកតុលាការបាន ចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនាតែប៉ុណ្ណោះ។
សំណុំរឿងបាញ់កម្មករឱ្យរងរបួសនេះបានអូសបន្លាយអស់រយៈពេលជិតមួយ ឆ្នាំតែតុលាការកំពុងដំណើរការនីតិវិធីដ៏យឺតយ៉ាវរបស់ខ្លួននៅឡើយ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស។
កញ្ញាកែវ នា អាយុ១៩ឆ្នាំបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថាព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីខែកុម្ភៈបានធ្វើឱ្យពួកគេចងចាំមិនភ្លេចក៏ប៉ុន្តែអ្វីដែលពួកគេរឹតតែឈឺចាប់នោះគឺយុត្តិធម៌នៅមិនទាន់បានទទួលទេដោយសារតែលោកឈូក បណ្ឌិតមិនទាន់ត្រូវបានផ្តន្ទាទោស។
កញ្ញាបានបញ្ជាក់ថាពួកគេប្រាថ្នាចង់ឱ្យរដ្ឋាភិបាលរកយុត្តិធម៌ចំពោះជនរងគ្រោះដែលរងរបួសក្រោយពីព្រឹត្តិការណ៍បាញ់ប្រហារនោះ។
«ពីព្រោះគេអ្នកបាញ់ខ្ញុំហ្នឹងគេនៅតែដដែល គេនៅតែអ្នកធំដដែល គេនៅជិះឡានហូរហែរដដែល ក៏ប៉ុន្តែពួកខ្ញុំវិញឈឺចាប់ណាស់។ ខ្ញុំគិតថាប្រសិនបើគេមិនរកយុត្តិធម៌ឱ្យខ្ញុំគឺខ្ញុំចប់ហើយបងពីព្រោះខ្ញុំជាកម្មករតូចតាចមិនអាចប្រៀបធៀបជាមួយអ្នកធំបានទេ»។
លោក ជិន លីដាមេធាវីការពារក្តីជនរងគ្រោះបាននិយាយថាលោកមិនទាន់ទទួលដីការកោះពីតុលាការថានឹងបើកសវនាការនៅពេលណាទេ។
«ខ្ញុំអត់ទាន់ដឹងសវនាការនៅថ្ងៃណាទេ។ពីព្រោះអីរឿងហ្នឹងនៅចៅក្រមស៊ើបតែចៅក្រមស៊ើបគេបញ្ចប់ការស៊ើបសួរយកទៅជម្រះយ៉ាងម៉េចក៏ខ្ញុំអត់បានដឹងដែរ»។
លោក ឈូក បណ្ឌិត អភិបាលក្រុងបាវិតខាងកូតាគណបក្សប្រជាជនកម្ពុជា កន្លងមកត្រូវបានអង្គការសង្គមស៊ីវិលរិះគន់ថា អាជ្ញាធរមិនហ៊ានចាប់ខ្លួនជនសង្ស័យទៅផ្តន្ទាទោសភ្លាមៗទេ ដោយសារតែខ្លាចអំណាចក្រុមបក្ខពួកនិយម និងមានមន្រ្តីធំមួយចំនួននៅពីក្រោយខ្នងជួយការពារលោក ឈូក បណ្ឌិត។
លោក ព្រះរាជអាជ្ញាហ៊ីង ប៊ុនជា និងលោកប៉ិច ឈឿតប្រធានតុលាការនិងជាចៅក្រមស៊ើបសួរនៃតុលាការខេត្តស្វាយរៀងនៅក្នុងសំណុំរឿងបាញ់កម្មករនេះមិនអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ៕