ភ្នំពេញ៖ តុលាការខេត្តស្វាយរៀងបានចោទប្រកាន់មន្ត្រីនគរបាលខេត្តមួយរួបពីបទបង្ករបួសស្នាមដោយអចេតនាបន្ទាប់ពីមានកម្មការីនីចំនួនបីនាក់ត្រូវបានបាញ់ឲ្យរងរបួសនៅក្នុងការតវ៉ាដោយហិង្សាមួយកាលពីខែកុម្ភៈ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីតុលាការ។
កាលពីថ្មីទី២០ខែកុម្ភៈ បន្ទាប់ពីមានបាតុកម្មដោយហិង្សាមួយនៅតំបន់សេដ្ឋកិច្ចពិសេសនៃក្រុងបាវិត ខេត្តស្វាយរៀងយ៉ាងតិចមានកម្មការីនីឈ្មោះ ប៊ុន ចិន្តា កែវ នា និង នុត សាខន ត្រូវបានបាញ់ឲ្យរងរបួស។
លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា ជាជនសង្ស័យតែម្នាក់គត់ដែលជាប់ពាក់ព័ន្ឋនឹងការបាញ់ប្រហារលើកម្មការីនីចំនួនបីនាក់ឲ្យរងរបួសក៏ប៉ុន្តែស្រាប់តែពេលថ្មីៗនេះតុលាការបានសម្រេចចោទប្រកាន់មន្ត្រីប៉ូលីសម្នាក់ទៀតដូចលោកឈូក បណ្ឌិតដែរគឺពីបទបង្ករបួសស្នាមដោយអចេតនា។
លោក ស ចាន់ថា នាយផ្នែកព្រហ្មទណ្ឌនៃអធិការក្រុងបាវិតបាននិយាយថា លោកត្រូវបានតុលាការកោះហៅទៅសាកសួរចំនួនបីលើក។ លោកបាននិយាយថា ការសាកសួរលើកទី១ និងលើកទី២ តុលាការបានកោះហៅមកសាកសួរក្នុងមានជាសាក្សីក៏ប៉ុន្តែលើកទី៣ស្រាប់តែតុលាការកោះហៅលោកក្នុងនាមជាជនជាប់ចោទ។
លោកបានមានប្រសាន៍ថា បន្ទាប់ពីបានកោះហៅឲ្យចូលខ្លួនបំភ្លឺលើកទី៣ស្រាប់តែតុលាការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនាទៅលើកម្មការីនីចំនួនបីនាក់ឲ្យមានរបួស។ លោកបានបដិសេដថា លោកមិនជាប់ពាក់ព័ន្ឋនឹងការចោទប្រកាន់ទេពីព្រោះនៅថ្ងៃកើតហេតុនោះលោកបាននៅចម្ងាយប្រហាណ៥០០ម៉ែត្រពីកន្លែងកើតហេតុហើយលោកក៏មិនបានកាន់អាវុធនៅនឹងដៃដែរ។លោកបានបញ្ជាក់ថាលោកស្នងការខេត្តបានបញ្ជាឲ្យកម្លាំងនគរបាលរបស់លោកកាន់តែដំបងឈើតែប៉ុណ្ណោះ។
«ខ្ញុំអត់បានប្រព្រិត្ត។ ខ្ញុំអត់បានធ្វើអ្វីសោះតែបែជាដាក់ខ្ញុំជាជនត្រូវចោទដូច្នេះវាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំជាមន្ត្រីសម្ថកិច្ច ហើយម៉្យាងទៀតពេលដែលខ្ញុំទៅចុះបេសកម្មនៅកន្លែងហ្នឹងគឺតាមបញ្ជារបស់អធិការគឺមិនឲ្យពួកខ្ញុំយកអាវុធទៅទេ។ ដូច្នេះពួកខ្ញុំអត់មានអាវុធទេមានតែដំបងឬស្សី»។
លោកប៉ិច ឈឿត ចៅក្រមស៊ើបសួរ និងជាប្រធានតុលាការក្រុងស្វាយរៀងបាននិយាយដោយមិនអនុញ្ញាត្តិឲ្យយកសំឡេងរបស់លោកទៅប្រើក្នុងវិទ្យុថា លោកមានភស្តុតាងមួយចំនួនទើបបានចាប់ផ្តើមបើកការសាកសួរក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថា មានភស្តុតាងអ្វីខ្លះនោះទេ។ លោកបាននិយាយថា ជារឿងធម្មតាទេ មិនដែលមានជនណាដែលចូលខ្លួនមកបំភ្លឺក្នុងតុលាការហើយសារភាពថាខ្លួនបានប្រព្រិត្តនោះទេ។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ឋិការងារនៃមជ្ឃមណ្ឌលអភិវឌ្ឃន៍សង្គមដែលបានធ្វើការស៊ើបអង្កេតចំពោះករណីបាញ់ប្រហារនេះបាននិយាយថា វាជារឿងចំលែកដែលតុលាការបានចោទប្រកាន់ទៅលើមន្ត្រីនគរបាលម្នាក់ទៀត។ លោកបាននិយាយថា តាមការស៊ើបអង្កេតរបស់លោក និងយោងតាមការអះអាងរបស់សាក្សីជាច្រើនបានអះអាងថា មន្ត្រីប៉ូលីសនោះមិនមានវត្តមាននៅក្នុងកន្លែងកើតហេតុនោះទេ។
លោកបានហៅការចោទប្រកាន់នេះថា ប្រហែលជាតុលាការព្យាយាមដោះបន្ទុកឲ្យលោកឈូកបណ្ឌិត។
«សម្រាប់ការដែលយើងស៊ើបអង្កេតកន្លងមកគឺអត់មានទេ។ មន្ត្រីប៉ូលីសគឺយើងអត់រកឃើញថាប៉ូលីសហ្នឹងជាអ្នកទៅបង្ករបួសស្នាមទៅលើជនរងគ្រោះទេគឺយើងទទួលព័ត៌មានថាមានមន្ត្រីប៉ូលីសមួយចំនួនបានជួយលោកឈូកបណ្ឌិតឲ្យរត់ចេញ»។
បើទោះបីមានការចោទប្រកាន់មន្ត្រីប៉ូលីសម្នាក់ទៀតជាប់ពាក់ព័ន្ឋនឹងការបាញ់កម្មករបីនាក់ឲ្យរងរបួសក៏ដោយក៏ទាំងលោកឈូក បណ្ឌិត និងលោកស ចាន់ថាមិនត្រូវបានតុលាការឃុំខ្លួនទេក៏ប៉ុន្តែពួកគេបានដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ៕