កម្ពុជា​រំពឹង​​បន្ត​ទំនាក់​ទំនង​រឹងមាំ​ជាមួយ​​ចិន​ ខណៈ​លោក Xi ត្រូវ​បាន​ជ្រើស​រើស​ជា​មេដឹកនាំ​ជា​បន្ត​ទៀត

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​រំពឹង​ថា​ ទំនាក់​ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ភ្នំពេញ នឹង​នៅ​តែ​បន្ត​ល្អូក​ល្អើន និង​រឹង​មាំ​បន្ថែម​ទៀត ខណៈ​លោក Xi Jinping ត្រូវ​បាន​សមាជ​បក្ស​កុម្មុយ​នីស្ត​ចិន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​ជា​បន្ត​ទៀត កាល​ពី​ថ្ងៃ​អាទិត្យ។

អ្នក​នាំ​ពាក្យគណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​បន្ត​កាន់​តំណែង​របស់​លោក Xi ជា​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ​ចិន និង​ថា​កម្ពុជា​ជា​មិត្ត តែង​តែ​គាំទ្រ​ចំពោះ​ភាព​ជោគជ័យ​នេះ។ លោក​បន្ត​ថា​ កម្ពុជា​មិន​មែន​ចេញ​សារ​លិខិត​សាទរ​ចំពោះ​តែ​មេដឹកនាំ​ចិន​មួយ​ទេ។

អ្នក​នាំពាក្យ​រូប​នេះ​អះអាង​ថា​ មិត្ត​ភាព​រវាង​កម្ពុជា​និង​ចិនគឺ​ជាមិត្ត​ភាព​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ​ ខណៈ​ថា​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពី​រ​កាន់​តែ​ល្អ​ប្រសើរ ក្រោម​កា​រដឹក​នាំ​របស់​លោក Xi និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក​ថ្លែង​ថា៖ «ប្រទេស​កម្ពុជា​ជាប្រទេស​តូច​មួយ​ដែល​មានប្រជាជន​ត្រឹម​តែ​ ១៥ទៅ​១៦​លាន​នាក់​ហ្នឹង​ ក៏​យើ​ងធ្វើ​មិត្តភាព សាមគ្គី​ភាព​ជាមួយ​គ្នា​ក្នុង​លក្ខណៈ​ដែល​គោរពគ្នា​ទៅ​វិ​ញ​ទៅ​មក មិន​ប្រកាន់​ថា​ប្រទេស​ធំ ប្រទេស​តូច ប្រទេស​ខ្លាំងឬ​ប្រទេស​ខ្សោយ​ទេ«។

បើ​តាម​លោក សុខ ឥសាន កម្ពុជា​គោរព​ទៅ​តាម​រដ្ឋធម្មនុញ ក៏ដូច​ជា​គោល​នយោ​បាយ​ការបរទេស​របស់​ខ្លួន​ ដោយ​មិនផ្អៀង​ទៅ​កាន់​ប្រទេស​ណា​តែ​មួយ​ឡើយ ជា​ពិសេស​វា​ដើ​រស្រប​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ ដែល​ថា​កម្ពុជា​មិន​យក​ប្រទេស​ណាមួយ​ជា​សត្រូវ។

ក្រោយ​ការ​ជ្រើស​រើស​លោក Xi ឱ្យ​បន្ត​ដឹកនាំ​ប្រទេស​ចិន លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ បាន​ចេញ​សារ​លិខិត​អបអរ​សាទរ​ចំពោះ​ការ​បន្ត​កាន់​តំណែង​របស់​លោក Xi និង​សរសើរ​ថា ​ក្រោម​ការ​ដឹកនាំ​របស​លោក Xi បាន​នាំមក​នូវ​ផលប្រយោ​ជន៍ដល់ប្រជាជាតិ​ចិន និង​ពិភពលោក​ទាំង​មូល។

លោក ហ៊ុន សែន បញ្ជាក់​ថា​៖ «ខ្ញុំ​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ឯកឧត្តម​ ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព​ជាប្រពៃណី​រវាង​ CPP [គណបក្ស​ប្រជាជន​កម្ពុជា] និងCPC [គណបក្ស​កុម្មុយនីស្ត​ចិន] លើក​កម្ពស់​កិច្ច​សហប្រតិ​បត្តិការ​ភាព​ជា​ដៃគូរ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​កម្ពុជា-ចិន​ ទៅ​កាន់​កម្រិត​ថ្មី​មួយ​ទៀត»។

អ្នក​ស្រាវ​ជ្រាវ​នៅវិ​ទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហប្រតិ​បត្តិការនិង​សន្តិ​ភាព លោក វណ្ណ ប៊ុនណា​ យល់ថា​ទំនាក់​ទំនង​កម្ពុជា​និង​ចិន​ បាន​ឈាន​ដល់​កម្រិត​កំពូល បើ​ប្រៀប​ធៀប​ជាមួយ​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត ដោយ​ហេតុ​ថា​មេដឹកនាំ​នៃ​ប្រទេស​ទាំ​ង​ពី​រតែង​តែ​បង្ហាញ​នូវ​ភាព​ល្អូក​ល្អើ​ន​ និង​ស្និទ្ធ​រមួត​ជាមួយ​គ្នា​។

ទោះជា​យ៉ាងណា បើ​តាម​លោក វណ្ណ ប៊ុនណា​ ការ​ងាក​ខ្លាំង​របស់​កម្ពុជា​ទៅ​លើ​មហា​យក្ស​ចិន​អាច​ជះ​ផល​អាក្រក់​ដល់​ខ្លួន​ឯង​ ពី​ព្រោះ​ថា​ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច គឺ​អាមេរិក​ និង​ចិន កំពុង​តែ​ឡើង​កម្តៅ។ ហេតុ​នេះ​កម្ពុជា​មិន​ត្រូវ​ធ្វើ​ឱ្យ​ល្អក់​កករ​ខ្លាំង​ក្នុង​ទំនាក់​ទំនង​ជាមួយ​អាមេរិក​ឡើយ​ ជា​ពិសេស​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ទិស​ដៅ​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ទេ កម្ពុជា​ក្នុង​នាម​ជា​រដ្ឋតូច បើ​ទោះ​ជា​មាន​ទំនាក់​ទំនង​ជាមួយ​ចិន​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ធ្វើ​យ៉ាងណា​កុំ​ឱ្យមាន​ទំនាក់ទំនង​រកាំ​រកូស​ខ្លាំង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ត្បិ​ត​សហរដ្ឋ​អាមេរិក​អាច​ប្រើ​ប្រាស់​វិធី​សាស្ត្រ​គ្រប់​យ៉ាង​ក្នុង​ការ​ធ្វើ​ឱ្យ​កម្ពុជា​មាន​ផល​វិបាក​ផង​ដែរ​។ដូច្នេះ​ក្នុង​នាម​ជា​រដ្ឋតូ​ច​គួរ​តែ​ក្លាយ​ទៅ​ជា​រដ្ឋ​មួយ​ដែល​អាច​ទាញ​យក​ផល​ប្រយោ​ជន៍​ពី​សហរដ្ឋអាមេរិក​និង​ចិន។ អ្វី​ដែល​សំខាន់​គឺ​កម្ពុជា​ផ្អែក​ទៅ​លើ​មាត្រា​ ៥៣ ​នៃ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​អំពី​គុណ​តម្លៃ​នៃ​ការ​ទំនាក់​ទំនង​ឬ​ក៏​ការ​កាន់​គោល​ជំហរ​អព្យាក្រឹត​របស់​ខ្លួន​នៅ​ក្នុង​ទំនាក់​ទំនង​ការបរទេស»។​

ចំណែក​លោក រ៉ឹម សុខវី សហស្ថាបនិក ​The Thinker Cambodia ដែល​ជាវេទិកាវិភាគ​គោល​នយោបាយ និង​ជា​អ្នក​វិភាគ​មួយ​រូប ប្រាប់​វីអូអេ​ថា​កម្ពុជា​មិន​មាន​ផល​ប្រយោ​ជន៍​ជា​យុទ្ធសាស្ត្រ​ច្រើន​សម្រាប់​ប្រទេស​ចិន​ឡើយ ប៉ុន្តែ​ការ​ដែល​ចិន​ចាប់​យក​កម្ពុជា ដោយ​ហេតុ​ថា ​កម្ពុជា​ជា​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ចិន​ចង់​បាន​ការ​គាំទ្រ​ពី​ប្រទេស​តូច ដើម្បី​ពង្រីក​ឥទ្ធិ​ពល​របស់​ខ្លួន។

លោក សុខវី បន្ថែម​ថា​ការ​អនុវត្ត​ទៅ​តាម​គោល​នយោបាយអព្យាក្រឹត គឺ​ពិបាក​នៅ​ក្នុង​ការ​សម្រេច​បាន ពី​ព្រោះ​មេដឹកនាំ​កម្ពុជា​បាន​ងាក​ទៅ​កាន់​ចិន។

លោក​ថ្លែង​ថា៖ «ចំពោះ​ខ្ញុំ​គឺ​ពិបាក​ទៅ​រួច​ណាស់​ដោយ​សារ​តែ​យើ​ងត្រូវ​ដឹង​ថា​អព្យា​ក្រឹត​ភាព​ទាល់​តែ​មេដឹកនាំគាត់​អព្យាក្រឹត​ដែរ​។ កត្តាទី​១ ហេតុអ្វី​បាន​កម្ពុជា​ទន់​ទៅ​រក​ចិន​ ដោយ​សារ​តែ​វា​ provide security to the leadership of Cambodian government (ផ្តល់​នូវ​សន្តិសុខ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន)។ អ៊ីចឹង​បើ​យើង​ងាក​ទៅ​រក​ពួក​អឺរ៉ុប​វា​អត់​secure (សន្តិសុខ)​ទេ ព្រោះ​អី​វា​ត្រូវ​ការ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ ការ​បោះ​ឆ្នោត​ដែល​មាន​តម្លាភាព មាន​អី​ចឹង​ជា​ដើម។ អ៊ីចឹង​អាហ្នឹង​វាអាច​ជា​បញ្ហា​មួយ​ដែល​បង្ក​ហានិភ័យ​ដល់​បក្ស​កាន់​អំណាច»។

គួរបញ្ជាក់ថា​ប្រធានាធិបតី​ចិន​ លោក Xi Jinping ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន​ តាំងពី​សម័យ​លោក Mao Zedong ការ​ជ្រើសរើស​លោក Xi ដែល​បាន​ឡើង​កាន់​អំណាច​ដំបូង​កាល​ពី​ឆ្នាំ​២០១២ ឱ្យ​ធ្វើ​ជា​ប្រធានាធិបតី​បន្ត​ទៀត គឺ​ជា​ការ​បោះ​បង់​ចោល​នូវ​ទម្លាប់​កន្លង​មក​របស់​គណបក្ស​កុម្មុយ​នីស្ដ​ចិន​ដែល​ជា​ទូទៅ​មេដឹកនាំ​មុនៗ​របស់​គណបក្ស​នេះ ដឹកនាំ​តែ​២​អាណត្តិ គឺ​រយៈពេល​១០ឆ្នាំ​តែ​ប៉ុណ្ណោះ ហើយ​នឹង​ចាក​ចេញ​ពី​តំណែង។ អ្នក​ខ្លះ​រំពឹង​ថា​លោក Xi ព្យាយាម​កាន់​អំណាច​ឱ្យ​បាន​ពេញ​មួយ​ជីវិត​របស់​លោក៕