កម្ពុជា​រំពឹង​ថា​ ​បាន​ដំណក់​ប្រេង​ឆៅ​ដំបូង​នៅ​ចុង​ឆ្នាំ​២០១៩

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ លោក​ អូន ព័ន្ធមុនីរ័ត្ន​ នៅ​ខាង​ឆ្វេងដៃ​ និង​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ស៊ុយ​ សែម​ នៅ​ខាង​ស្តាំ​ដៃ​​ កាលពី​ថ្ងៃ​ទី​ ២៣​ ខែ​ សីហា​ ឆ្នាំ​ ២០១៧​ ចូលរួម​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រេងកាត​ស

លោក​ ​Kelvin Tang​ ​នាយ​កប្រ​តិបត្តិ​ ​និង​ប្រធាន​ក្រុម​ហ៊ុន​ KrisEnergy ​បាន​ប្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ និង​តំណាង​ក្រុមហ៊ុន​នានា​ថា​ ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​​ដាក់​ពង្រាយ​ឧបករណ៍​ ជា​មួយ​​បច្ចេកវិទ្យា​​ និង​ក្រុម​ការងារ​ជា​មួយ​បទដ្ឋាន​ត្រឹមត្រូវ​ នៅ​ក្នុង​ការ​បង្កើត​អណ្តូង​ប្រេង​នៅ​កម្ពុជា​ ​ក្នុង​រយៈ​ពេល​២៤​ ខែ​ទៅ​មុខ​ទៀត។​

រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​រ៉ែ​ និង​ថាមពល​ជា​តំណាង បាន​ចុះ​ហត្ថលេខា​ជាមួយក្រុមហ៊ុន​ KrisEnergy​ Group កាល​ពី​ថ្ងៃ​ពុធ​នេះ​ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាតក្នុង​ប្លុក​ A ​នៃ​ដែន​សមុទ្រ​កម្ពុជា។

ការ​ចុះ​ហត្ថលេខា​នេះ​កើត​មាន​ឡើង​ បី​ឆ្នាំ​ក្រោយពីក្រុមហ៊ុន​ KrisEnergy​ Group ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​ Chevron​ ​របស់​អាមេរិក​ ​កាល​ពី​ឆ្នាំ​២០១៤​ ពេល​ដែល​ការ​ស្រាវជ្រាវ​រក​ធនធាន​ប្រេង​ពិត​ប្រាកដ​នៅ​បន្ត​ធ្វើ​ឡើង​នៅ​ក្នុង​ប្លុក​នានា​នៃ​ដែន​សមុទ្រ​ខ្មែរ។​

លោក​ ​Kelvin Tang​ ​នាយ​កប្រ​តិបត្តិ​ ​និង​ប្រធាន​ក្រុម​ហ៊ុន​ KrisEnergy ​បាន​ប្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ និង​តំណាង​ក្រុមហ៊ុន​នានា​ថា​ ក្រុមហ៊ុន​នឹង​ចាប់​ផ្តើមដាក់​ពង្រាយ​ឧបករណ៍​ ជា​មួយបច្ចេកវិទ្យា និង​ក្រុម​ការងារ​ជា​មួយ​បទដ្ឋាន​ត្រឹមត្រូវ​ នៅ​ក្នុង​ការ​បង្កើត​អណ្តូង​ប្រេង​នៅ​កម្ពុជា​ ​ក្នុង​រយៈ​ពេល​២៤​ ខែ​ទៅ​មុខ​ទៀត។​

«ភ្លាមៗ​ក្រោយ​ការ​ចុះ​ហត្ថលេខា​នេះ​ យើង​នឹង​ប្រកាស​អំពី​ការ​សម្រេច​ចិត្តវិនិយោគ​ចុងក្រោយ​ ហើយ​បន្ត​ធ្វើ​ការ​ឈាន​ដល់​ផ្តល់​ប្រេង​ជាលើក​ដំបូង​នៅ​កម្ពុជា​ ក្នុង​រយៈ​ពេល​២៤​ខែ​ ដូច្នេះ​វា​អាច​កើត​ឡើង​នៅ​ពេលណា​មួយ​នា​ចុង​ឆ្នាំ​២០១៩។​ នេះ​គឺ​ជា​ការ​បោះ​ជំហាន​ដ៏​ធំ​មួយ»។​

លោក ​ ​Kelvin Tang ​បន្ត​ថា​ ក្រុមហ៊ុន​ KrisEnergy ​នឹង​ធ្វើ​កិច្ចការ​នេះ​ប្រកប​ដោយ​ក្តី មោទនៈ​ ដើម្បី​ជួយ​កម្ពុជា​ឲ្យ​មាន​ទីកន្លែង​សម្រាប់​បូម​ប្រេង។​ លោក​ Kelvin​ ក៏​បាន​សន្យា​ថា​ នឹង​ធ្វើ​ឲ្យ​ជំនួញ​បូម​ប្រេង​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ប្រព្រឹត្ត​ដោយ​តម្លាភាព​ ​និង​ស្មោះត្រង់​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ។​

«យើង​ចាំបាច់​ត្រូវ​មាន​វិន័យ​ និង​លក្ខខណ្ឌ​ ដើម្បី​រាយ​ការណ៍​រាល់​ព្រឹត្តិ​ការណ៍​សំខាន់ៗ​ទៅកាន់​អ្នក​ពាក់​ព័ន្ធទាំង​អស់។​ នៅពេល​ដែល​មាន​ការ​កែប្រែ​នានា​នៅក្នុង​ជំនួញរបស់​យើង។​ លក្ខខណ្ឌ​របស់​យើង​ ឬ​ម្ចាស់​ភាគហ៊ុន​ យើង​នឹង​រាយ​ការណ៍​ភ្លាមៗ»។​

ក្រោយ​ពី​ពិធី​ចុះហត្ថលេខា​នោះ ​លោក​ Kelvin ​បានប្រាប់​អ្នក​សារព័ត៌​មាន​បន្ថែម​ថា​ ក្រុមហ៊ុន​លោក​មិន​ទាន់​អាច​ទម្លាយ​ឲ្យ​ដឹង​នូវ​ចំនួន​ទុនវិនិយោគ​ទៅ​លើការ​អភិវឌ្ឍ​អណ្តូង​ប្រេង​នោះ​ឡើយ​ ដោយ​សារ​ក្រុមហ៊ុន​កំពុង​រៀបចំ​ដេញថ្លៃ​ សម្រាប់​ដំណើរ​ការ​វិនិយោគ​របស់​ខ្លួន​ ខណៈ​ដែល​អាជីវកម្ម​នេះ​មាន​លក្ខណៈ​ប្រកួត​ប្រជែង។​ ​លោក​ថា ក្រុមហ៊ុន​លោក​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​បន្ថែម​ទៀត​ សម្រាប់​ការ​លក់ប្រេង​ ហើយ​ក៏​ត្រៀម​ចាំ​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​តាក់​តែង​បទ​បញ្ញត្តិ​ផ្សេងៗ​ដើម្បី​ធានា​ថា​ អាជីវកម្ម​ផលិត​ប្រេង​ឆៅ​នេះ​នឹង​ដំណើរ​ការ​ប្រកប​ដោយ​គណនេយ្យ​ភាព​ ចៀស​ផុត​ពី​ហានិភ័យ​នានា។​

ក្រុមហ៊ុន​ Chevron ​Overseas ​Petroleum​ (Cambodia) Ltd ​ដែល​បាន​ធ្វើ​ការ​រុក​រក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំ​មក​ហើយ​ ​បាន​សម្រេច​ដក​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៤​ ​ហើយ​បាន​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទាំង​មូល​ សរុប​ចំនួន​៣០​ភាគរយ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ដៃ​គូ​គឺ​ KrisEnergy Ltd ​របស់​ប្រទេស​សិង្ហ​បុរី។​

ក្រុម​ហ៊ុន​ Chevron ​និង​ក្រុម​ហ៊ុន ​KrisEnergy ​រួម​ជាមួយ​ក្រុម​ហ៊ុន​ចំនួន​ពីរ​ទៀត​គឺ​ Moeco Cambodia​ Co.Ltd​ ​និង​ក្រុមហ៊ុន​ GS Energy Corporation​ បាន​ទទួល​សិទ្ធិ​រុក​រក​ ​និង​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ប្លុក​ A ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ដែល​មាន​ទំហំ​៤.៧០៩​គីឡូម៉ែត្រ​ការ៉េ​ ​ហើយ​ក្រុមហ៊ុន​អាមេរិក​ Chevron ​បាន​សម្រេច​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​៦៥​លាន​ដុល្លារ​អាមេរិក​ ​និង​បញ្ចប់​ប្រតិបត្តិ​ការ​ជាមួយ​ក្រុម​ហ៊ុន​បី​ផ្សេង​ទៀត។​

លោក​ ស៊ុយ​ សែម​ រដ្ឋ​មន្ត្រីក្រសួង​រ៉ែ​ ​និង​ថាមពល​ ​បាន​ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ស្តីពី​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងនេះ​ថា​ ​ផលិត​កម្ម​ប្រេងឆៅ​ដំបូង​នៅ​កម្ពុជា​នឹង​លេចចេញ​ជា​រួបរាង​នៅ​ក្នុង​ទឹកដី​កម្ពុជា​ ហើយ​ថា​ ប្រេង​ក្នុង​ប្លុក​ 1A ​ និង​ ប្លុក​ 1B ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ អាច​មាន​លើស​ពី​៣០លាន​បារ៉ែល​ សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម។​ លោក​ថា​ ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​ជំហាន​ដំបូង​នេះ​នឹង​រួម​ចំណែក​ដល់​ការ​សិក្សា​ស្វែង​រក​ថែមទៀត​លើ​ប្លុក​ប្រេង​ដែល​នៅ​ទំនេរ​ចំនួន​ប្រាំ​ នៅ​ដែន​សមុទ្រ​ និង​១៨​ប្លុក​ទៀត​នៅ​លើ​ដែន​គោក។​

លោក​ ស៊ុយ​ សែម​ រដ្ឋ​មន្ត្រីក្រសួង​រ៉ែ​ ​និង​ថាមពល​ បញ្ជាក់​ថា៖​

«ពិធីចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៃប្លុក​ A ​នា​ពេល​នេះ​គឺ​ជា​សក្ខីភាព​ឆ្លុះ​បញ្ចាំង​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​ថ្មី​ថែម​ទៀត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​ជា​ការ​ចាប់​ផ្តើម​ថ្មី​យ៉ាង​សំខាន់​នៃ​ដំណើរការ​ឆ្ពោះ​ទៅ​ធ្វើ​ឲ្យ​មាន​ផលិត​កម្ម​ប្រេង​ឆៅ​លើក​ទី​មួយ​នៃ​ពី​ដែន​សមុទ្រ​របស់​កម្ពុជា»។​

រដ្ឋមន្ត្រី​ក្រសួងរ៉ែ​ និង​ថាមពល​បាន​លើក​ឡើង​ថា អាជីវកម្ម​ធនធាន​ប្រេង​កាត​នេះ​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​មួយ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម​ ធនធាន​មនុស្ស​ និង​ការ​កសាង​សមត្ថភាព​ប្រកួត​ប្រជែងរបស់​កម្ពុជា​ ការ​លូតលាស់​ខ្សែ​សង្វាក់​ផលិត​កម្ម​ទំនិញ​ និង​សេវា​កម្ម​ក្នុង​ស្រុក​ និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ឧស្សាហ​កម្ម។​ លោក​បាន​បន្ថែម​ថា​ ក្រសួង​រ៉ែ ​និង​ថាមពល​កំពុង​ខិតខំ​រៀបចំ​បញ្ចប់​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​វិស័យ​ប្រេង​កាត​ និង​លិខិត​បទដ្ឋាន​គតិយុត្តិជាច្រើន​ទៀត​ដល់​បរិយាកាស​វិនិយោគ​ ​និងភាព​ច្បាស់​លាស់​ក្នុង​ការ​ដាក់​ទុន​វិស័យ​ឯកជន។​

ការ​កើន​ឡើង​និង​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា​ អាច​ជា​លក្ខខណ្ឌ​សំខាន់​មួយ​នៃ​ការ​ពន្លឿន​ល្បឿន​អាជីវកម្ម​ផលិត​ប្រេង​ឆៅ​នៅ​កម្ពុជា។​

​កាលពីចុង​ឆ្នាំ​២០១៥ ​ក្រុមហ៊ុន​ Resources for Development Consulting ​ ​បាន​បញ្ចេញ​សេចក្តី​វិភាគ​មួយ​ ដែល​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុន​អាច​ឈាន​ដល់​ចំណុច​ព្រម​ព្រៀង​លើ​ការ​វិនិយោគ​ផលិត​ប្រេង​ ប្រសិន​បើ​តម្លៃ​ប្រេង​ងើប​ឡើងដល់​តម្លៃ​ចន្លោះ​ពី​៧០​ដុល្លារ ​និង​៩០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ធុង។​

សេចក្តី​វិភាគ​នោះ​ពន្យល់​ថា ​តម្លៃ​៧០​ដុល្លារ​ក្នុងមួយ​ធុង​ជា​តម្លៃ​ប៉ាន់​ស្មាន​ ហើយ​មិន​សូវ​ចំណេញ​ដល់​រដ្ឋាភិបាល​ទេ​ ​រីឯ​តម្លៃ​៩០​ដុល្លារ​ក្នុង​មួយធុង​ជា​តម្លៃ​ដែល​អាច​ចំណេញ​ច្រើន។​

មក​ទល់​នឹង​ពេល​នេះ​ តម្លៃ​ប្រេងឆៅបាន​ងើប​ឡើង​វិញ​ក្នុង​តម្លៃ​៤៨,៤១ដុល្លារក្នុង​មួយ​ធុង​ ពោល​គឺ​នៅ​ក្រោម៥០​ដុល្លារក្នុង​មួយ​ធុង។​ ការ​ងើប​ឡើង​តម្លៃ​ប្រេង​ឆៅ​តិចតួច​ គឺ​ដោយសារ​តែ​ប្រទេស​ផលិត​ប្រេង​មួយ​ចំនួន​មិន​ទាន់​អាច​បង្កើន​ការ​ផលិត​របស់​ខ្លួន​ ខណៈ​ដែល​ភាព​ច្របូក​ច្របល់​នៅ​បន្ត​កើត​មាន​ក្នុង​ប្រទេស​ទាំង​នោះ​ ក្នុង​នោះ​មាន​ប្រទេស​លីប៊ី។​ ការ​ថយ​ចុះ​នៃ​ផលិតកម្ម​ប្រេង​នៅ​សហរដ្ឋ​អាមេរិក​ក៏​រួម​ចំណែក​ដល់​ការ​កើន​តម្លៃ​ប្រេង​តិចតួច​នេះ​ដែរ។​ នេះ​បើ​តាម​ការ​វិភាគ​របស់​បណ្តាញ​ព័ត៌មាន​ CNBC។​

អ្នកស្រី​ គឹម ណាតាឆា​ ​ទីប្រឹក្សា​បច្ចេក​ទេស​ និង​គោលន​យោបាយ​ផ្នែក​ឧស្សាហ​កម្ម​ និង​សេវាកម្ម​របស់​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ ​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​ផលិត​ប្រេង​ឆៅ​ដំបូង​នៅ​កម្ពុជា​នឹង​បង្កើត​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​ខ្មែរ​ ក៏ដូច​ជា​បង្កើន​សកម្ម​ភាព​ដឹក​ជញ្ជូន​នៅ​កំពង់​ផែ​ព្រះ​សីហនុ​ផង​ដែរ។​ ​ អ្នកស្រី​រំពឹង​ថា​ ចំណូល​ដែល​បាន​មក​ពី​អាជីវកម្ម​ធនធាន​ប្រេង​កាត​ នឹង​ត្រូវ​ប្រើ​ទៅ​លើ​វិស័យ​អាទិភាព​ ដែលរួមមាន​វិស័យ​សុខាភិបាល ​និង​អប់រំ​ និង​ការ​គាំទ្រ​សហគមន៍​នៅ​មូលដ្ឋាន។​ ​ អ្នកស្រី​បាន​បញ្ជាក់​ថា​ ក្នុងកិច្ចប្រឹង​ប្រែង​ដើម្បីធានា​ឲ្យ​បាន​តម្លាភាព​នៃ​អាជីវកម្ម​នេះ​ ក្រសួង​រ៉ែ ​និង​ថាមពល​មាន​យន្ត​ការ​វេទិកា​អភិបាល​កិច្ច​វិស័យ​ឧស្សាហកម្ម​ និស្សារណកម្ម​ ដើម្បី​បើក​ឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ដំណើរ​ការ​អាជីវកម្ម​នេះ។​

អ្នកស្រី​ពន្យល់ថា៖​

«ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ គឺ​គាត់​បាន​ចូលរួម​នៅ​ក្នុង​យន្តការ​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល​គេ​ហៅ​ថា​ វេទិកា​អភិបាល​កិច្ច​វិស័យ​ឧស្សាហកម្ម​ និស្សារណកម្ម​ ​Extractive Industry Governance Forum (EIGF) ​ហើយ​វេទិកា​ហ្នឹង​គឺ​ពេល​ហ្នឹងមាន​ការ​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិល​ ដែល​បាន​សុំ​ចុះ​ឈ្មោះ​ សុំចូលរួម​ ហើយ​អីចឹង​ពេល​ហ្នឹង​ ក៏​គាត់​បាន​ទទួល​ជា​ព័ត៌មាន​ ក៏មាន​ការ​ទទួល​ជា​ការ​យល់​ដឹង​អំពី​វិស័យ​ហ្នឹង​ ហើយ​អំពី​គម្រោង​មួយ​ចំនួន​អំពី​នីតិវិធី​អីចឹង​ ដើម្បី​ពេល​នោះ​ យើង​អាច​ជួយ​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​ ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង»។

យ៉ាងណា​ក៏​ដោយ​ លោក​ ​អូន ព័ន្ធមុន្នីរ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ថ្លែង​ក្នុង​ពិធី​ចុះ​លើ​កិច្ច​ព្រមព្រៀង​ប្រេង​កាត​សម្រាប់​ការ​អភវិឌ្ឍ​អណ្តូង​ប្រេង​កាត​នៅ​ប្លុក​ A ​ថា​ កម្ពុជា​នឹង​មិន​ផ្តេកផ្តួល​លើ​ចំណូល​ដែល​បានមកពី​អាជីវកម្ម​ធនធាន​ប្រេង​កាត​នេះ​ទេ។

លោក​ ​អូន ព័ន្ធមុន្នីរ័ត្ន​ ​ថ្លែង​ថា៖​

«កម្ពុជា​មាន​ទិសដៅ​ច្បាស់លាស់​ គឺ​មិន​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​តែ​ចំណូល​ប្រេង​ និង​ឧស្ម័ន​ ជា​ចរន្ត​ដង្ហើម​ស្លាប់​រស់​នៃ​សេដ្ឋកិច្ច​នោះ​ទេ​ ​ ប៉ុន្តែ​នឹង​ប្រើប្រាស់​ចំណូល​នេះ​ ក្នុង​ការ​រួម​ចំណែក​ ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធសេដ្ឋកិច្ច​ ដើម្បី​ធានា​ចិរភាព​កំណើន​ ក្នុង​រយៈពេល​មធ្យម​ និង​វែង»។​

ឯកសារ​ព័ត៌មាន​ស្តីការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅ​ក្នុង​ប្លុក​ A ​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃពុធ​ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​បច្ចុប្បន្ន​មាន​អណ្តូង​ស្វែង​រុករក​ប្រេង​ចំនួន​២៧​ ត្រូវ​បាន​ខួង​នៅ​ក្នុង​ទម្រង់​ដើម​នៃ​ប្លុក​ A ​ដែល​ក្នុង​នោះ​ ​អណ្តូង​ចំនួន​១៣​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ​មាន​ស្រទាប់​ប្រេង​កម្រាស់​ពី​៣​ទៅ​១៣៨​ហ្វីត​ អណ្តូង​ចំនួន​៨មាន​ប្រេង​ និង​ឧស្ម័ន​ ដែល​មាន​ស្រទាប់​ប្រេង​កម្រាស់​ពី​៤​ទៅ​៨៩​ហ្វីត​ និង​ស្រទាប់​ឧស្ម័ន​កម្រាស់​ពី​៣​ទៅ​៥៥​ហ្វីត​ ហើយ​អណ្តូង​ចំនួន​ពីរ​ទៀត​ត្រូវ​បាន​រក​ឃើញ​ថា មាន​ស្រទាប់​ឧស្ម័ន​កម្រាស់ពី​៤​ទៅ​៧៣​ហ្វីត​ ដែល​មាន​ផ្ទុក​ឧស្ម័ន​ CO2 ខ្ពស់។​

អណ្តូង​ចំនួន​៦​ត្រូវបាន​ខួង​នៅ​ក្នុង​តំបន់​អប្សរា​ ដែល​អណ្តូង​នីមួយៗ​ត្រូវ​បាន​គេប្រទះ​ឃើញ​មាន​ស្រទាប់​សារធាតុ​អ៊ីដ្រូកាបូន​សុទ្ធកម្រាស់​ចន្លោះ​ពី​៧៣​ហ្វីត​ទៅ​១៣៨​ហ្វីត។​ អាង​ប្រេង​ចំនួន​៤​នៃ​អណ្តូង​២​ត្រូវ​បាន​ដាក់​ធ្វើ​តេស្ត​ផលិតកម្ម​ ហើយ​អណ្តូង​១​មាន​លំហូរ​ប្រេង​៨៦០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។​

ឯកសារ​ព័ត៌មាន​ស្តីការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅ​ក្នុង​ប្លុក​ ​A​ ​ដដែល​នោះបាន​ឲ្យ​ដឹង​ថា​ ការ​គាំពារ​បុគ្គលិក​ បរិក្ខារ​ និង​បរិស្ថាននឹង​ត្រូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ក្នុង​អំឡុង​ពេល​អភិវឌ្ឍន៍​ប្លុក​ A ។​ ​ដើម្បី​ធានា​បាន​នូវ​ចំណុច​ទាំង​នេះ​ ស្ថាប័ន​រដ្ឋ​ និង​ក្រុមហ៊ុន​បាន​បង្កើត​ផែនការ​សុវត្ថិភាព​ជា​ច្រើន​ ដែល​គ្រប​ដណ្តប់​រាល់​បញ្ហា​សុខភាព និង​សុវត្ថិភាព​ទាំង​អស់​ ក្នុង​អំឡុង​ពេល​រៀបចំ​គម្រោង​ការប្លង់​ ​ការ​សាង​សង់​ និង​ធ្វើ​ប្រតិបត្តិការ។​ រី​ឯ​ការ​វាយ​តម្លៃ​ហេតុផលប៉ះពាល់​បរិស្ថាន​ហៅ​កាត់​ថា​ EIA ​ក៏ត្រូវ​បាន​ធ្វើ​ឡើង​រួចរាល់​ហើយ​ផង​ដែរ៕