ជើងយន្តហោះត្រង់លើកដំបូងរវាងឥណ្ឌា និងកម្ពុជាត្រូវបានសម្ពោធជាផ្លូវការ ដើម្បីជំរុញវិស័យទេសចរណ៍ និងទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ។ ការបើកឱ្យមានការហោះហើរត្រង់ដំបូងនេះត្រូវបានរំពឹងថា ជាកម្លាំងចលករក្នុងការជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
កម្ពុជាបានដាក់ឱ្យមានជើងយន្តហោះត្រង់ជាលើកដំបូងទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air)។
ជើងយន្តហោះត្រង់លើកដំបូងរវាងឥណ្ឌា និងកម្ពុជាត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍ ទំនាក់ទំនងប្រជាជន និងជាការចាប់ផ្តើមនៃការប្រារព្ធកម្មវិធី«ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា»ជាលើកដំបូង។ នេះបើតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ ចេញផ្សាយនាថ្ងៃចន្ទនេះ ជើងយន្តហោះត្រង់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងញូវដែលីនៃប្រទេសឥណ្ឌានឹងដំណើរការ ៤ ជើងក្នុងមួយសប្តាហ៍ ក្នុងនោះមានថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus 320។
នៅក្នុងថ្ងៃសម្ពោធជើងយន្តហោះត្រង់រវាងកម្ពុជា និងឥណ្ឌា កាលពីថ្ងៃអាទិត្យ លោក នេត សាវឿន ប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល ដែលតំណាងនាយករដ្ឋមន្ត្រីធ្វើជាអធិបតីក្នុងពិធីនោះ ថ្លែងថា ការបើកឱ្យមានការហោះហើរត្រង់ដំបូងនេះជាកម្លាំងចលករក្នុងការជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា។ លោកបន្ថែមថា នៅមុនវិបត្តិជំងឺកូវីដ១៩ ចំនួនភ្ញៀវទេសចរឥណ្ឌាមានជាង ៧ ម៉ឺននាក់ក្នុងមួយឆ្នាំ ហើយកម្ពុជារំពឹងថានឹងមានទេសចរឥណ្ឌាច្រើនជាងនេះ បន្ទាប់ពីមានការដាក់ឱ្យហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បាននៅឡើយទេ។
ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់របស់ខ្លួនកាលពីថ្ងៃអាទិត្យថា«ថ្ងៃជាប្រវត្តិសាស្ត្រ! ជើងយន្តហោះត្រង់លើកដំបូងមិនធ្លាប់មានរវាងកម្ពុជា និងឥណ្ឌាត្រូវបានសម្ពោធជាផ្លូវការ»។ ស្ថានទូតបញ្ជាក់ថា នេះក៏ជាការចាប់ផ្តើមប្រារព្ធកម្មវិធី«ឆ្នាំទេសចរណ៍»ដំបូង ដែលរៀបចំដើម្បីជំរុញទេសចរណ៍ និងទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ចំណែកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ការតភ្ជាប់នេះនឹងធ្វើឱ្យភ្ញៀវទេសចរឥណ្ឌាអាចចូលទស្សនាប្រាសាទអង្គរវត្តបានកាន់តែច្រើន និងបានបង្កើនប្រជាប្រិយភាពនៃទេសចរផងដែរ។ លើសពីនេះ ជើងយន្តហោះនេះផ្តល់ឱ្យអ្នកជំងឺកម្ពុជានូវលទ្ធភាពទទួលបានការព្យាបាលសុខភាពប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យនៅប្រទេសឥណ្ឌា»។
ក្រុមហ៊ុនបញ្ជាក់ថា ការតភ្ជាប់នេះនឹងមិនត្រឹមតែជំរុញដល់ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅថែមទៀត។
បើតាមក្រុមហ៊ុន ជើងយន្តហោះពីរាជធានីភ្នំពេញទៅកាន់រដ្ឋធានីញូវដែលី មាននៅម៉ោង៤និង៤៥នាទីរសៀល ដោយប្រើថិរវេលា៤ម៉ោងនិង៣៥នាទី និងពីរដ្ឋធានីញូវដេលីមកភ្នំពេញវិញនៅ ម៉ោង៨និង៥០នាទីយប់ ដោយប្រើថិរវេលាដូចគ្នា៕