ជននិរទេស​ខ្លួន​ឯង​ម្នាក់​ទៀត​ចង់​ចូល​កម្ពុជា​វិញ​មិន​បាន​សម្រេច

សម្តេច​ឪ​នរោត្តម សីហនុ បាន​សោយ​ព្រះ​ទិវង្គត ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា នៅ​ក្រុង​ប៉េ​កាំង​ក្នុង​ព្រះជន្ម​៩០​ព្រះ​វស្សា​ដោយសារ​ជំ​ងឺ​គាំង​ប៉េះ​ដូង។​

ភ្នំពេញ៖ លោក​មឿង សុន​ ដែល​ជា​ប្រធាន​មូលនិធិ​ទ្រទ្រង់​អរីយធម៌​ខ្មែរ​ បាន​ក្លាយ​ជា​អ្នក​ទោស​ទី​ពីរ​បន្ទាប់​ពី​លោក​សម រង្ស៊ី​ ដែល​ជា​មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រដ្ឋាភិបាល​មិន​យល់​ព្រម​ធ្វើ​អន្តរាគមន៍​ឲ្យ​ចូល​កម្ពុជា​ដើម្បី​គោរព​ព្រះ​បរម​សព​សម្តេច​ឪ​នរោត្តម ​សីហនុ។​
សម្តេច​ឪ​នរោត្តម សីហនុ បាន​សោយ​ព្រះ​ទិវង្គត ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា នៅ​ក្រុង​ប៉េ​កាំង​ក្នុង​ព្រះជន្ម​៩០​ព្រះ​វស្សា​ដោយសារ​ជំ​ងឺ​គាំង​ប៉េះ​ដូង។​
ព្រះ​បរម​សព​សម្តេចឪ​ត្រូវ​បាន​ដឹក​តាម​យន្ត​ហោះ​ពី​ប្រទេស​ចិន​មក​តម្កល់​ទុក​ក្នុង​ព្រះ​បរុម​រាជ​វាំងរយៈ​ពេល​បី​ខែ​ដើម្បី​ឲ្យ​ប្រជា​នុរាស្ត្រ​បាន​មក​គោរព​វិញ្ញាណ​ក្ខន្ឋព្រះ​បរម​សព​របស់​ព្រះ​អង្គ។​
ខណៈ​ដែល​កម្ពុជា​កំពុង​កាន់មរណៈទុក្ខ​ដ៏​ក្រៀម​ក្រំ​នេះ​មាន​មេដឹក​នាំពីរ​ដែល​ប្រឆាំង​រដ្ឋាភិបាល​គឺ​លោក​សម រង្ស៊ី ដែល​ជា​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​និង​លោក​មឿង សុន​ត្រូវ​បាន​រដ្ឋា​ភិបាល​កាត់​ទោស​ឲ្យ​ជាប់​ពន្ឋ​នាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ដូចគ្នានោះ បាន​សរសេរ​លិខិត​ថ្វាយ​ព្រះ​មហា​ក្សត្រ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ដើម្បី​ឲ្យ​បាន​មក​គោរព​ព្រះ​បរម​សព​សម្តេចឪ។​ លិខិត​ទាំង​ពីរ​នេះ​ត្រូវ​បាន​ព្រះ​រាជ​ខុទ្ទ​កាល័យ​ព្រះ​បរម​រាជ​វាំង​និង​ខុទ្ទ​កាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បដិសដ​ដួច​គ្នា។​
លោក​មឿង សុន​ ដែល​ជា​ប្រធាន​មូលនិធិ​ទ្រទ្រង់​អរីយ​ធម៌​ខ្មែរ​ត្រូវ​បាន​តុលាការ​កំពូល​កា​ល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា តម្កល់​សាល​ដិកា​របស់​សាលា​ឧទ្ធរណ៍ និង​តុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល​គឺ​ប្រមាណ​១.០០០​ដុល្លារ​សហរដ្ឋ​អា​មេរិក​ពី​បទ​ញុះ​ញង់​ និង​ការ​អត្ថាធិប្បាយ​របស់​លោក​អំពី​ការ​ដាក់​តាំង​អំពូល​ភ្លើង​អគ្គិសនី​នៅ​ប្រាសាទ​អង្គរវត្ត។
មុន​ពេល​តុលាការ​កាត់​ទោស​ លោក​មឿង សុន​បាន​រៀប​ចំ​សន្និ​សីទ​ព័ត៌មានមួយ​នៅ​ក្នុ​ទី​ក្រុង​ភ្នំ​ពេញ​ដោយ​ជំទាស់​នឹង​ក្រុម​ហ៊ុន​ចិនមួយ​ដែល​បាន​ទទួល​សិទ្ឋិ​ដាក់​តាំង​អំពូល​ភ្លើង​អគ្គិសនី​នា​ពេល​រាត្រី​ថា​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ថ្ម​អង្គរ​វត្ត​ដែល​មាន​វ័យ​ចំណាស់​រាប់​រយ​ឆ្នាំ។​
នៅ​ក្នុង​លិខិត​របស់​លោក​មឿង សុន ដែល​បាន​សរសេរ​ថ្វាយ​ព្រះ​មហា​ក្សត្រ និង​លោក​នាយក​រដ្ឋ​ន្ត្រី​ហ៊ុន សែន លោក​បាន​ធ្វើ​ការ​សុំទោស និង​ស្នើ​ព្រះ​ករុណា​ប្រទាន​ការ​លើ​លែង​ទោស​ដល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​តុលាការ​ផ្តន្ទា​ទោស​ ដើម្បី​បាន​ឱកាស​ចូល​មក​គោរព​ព្រះ​បរម​សព​សម្តេចឪ។​
មាន​ប្រសាសន៏​ប្រាប់​វីអូអេតាម​ទូរសព្ទ​ពី​ប្រទេស​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ ​លោក​មឿង សុន​មិន​បាន​បោះ​បង់​ការ​ព្យាយាម​របស់​លោក​ទេ។ លោក​បាន​និយាយ​ថា លោក​នៅបន្ត​ធ្វើ​លិខិត​បន្ថែម​ទៀត​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដើម្បី​ឲ្យ​លោក​បាន​មក​គោរព​ព្រះបរម​សព។ លោក​មាន​ប្រសាសន៍​ថា ​ព្រះ​មហា​វរៈក្សត្រ​ធ្លាប់​បាន​ប្រទាន​ថវិ​កា​ចំនួន​៣.០០០​ដុល្លារ​ដើម្បី​ឲ្យ​លោក​សង​សង់​មណ្ឌល​សុខភាព​សង្គ្រោះ​មួយ​ក្បែរ​ប្រាសាទ​ព្រះ​វិហារ។ គោល​បំណង​ដែល​លោក​មក​គោរព​ព្រះ​បរម​សព​នេះ​គឺ​ដើម្បី​តប​ស្នង​សង​ព្រះ​គុណ​ដល់​ព្រះ​អង្គ និង​មាន​ឱកាស​ទៅ​កសាង​មណ្ឌល​សុខ​ភាព​តាម​ព្រះ​រាជ​តម្រិះ​របស់​សម្តេច​ឪ។​
«ជួយ​កសាង​នៅ​មណ្ឌល​សុខ​ភាព​សង្គ្រោះ​នៅ​ខេត្ត​ព្រះ​វិហារ​ពី​ព្រោះ​អង្កការ​ខ្ញុំ​បាន​គម្រោង​ធ្វើ​មន្ទីរ​ពេទ្យ​ហ្នឹង​ដើម្បី​ទុក​អនុស្សាវរីយ៍​ថ្វាយ​ព្រះ​អង្គ​ដែល​លោក​បាន​ទាម​ទារ​យក​ប្រាសាទ​ព្រះ​វិហារ​យក​មក​វិញ​ហ្នឹង»។​
លោក​បណ្ឌិត ឡៅ​ ម៉ុង​ហៃ​អ្នក​វិភាគ​ឯក​រាជ​មួយ​រូប​បាន​និយាយ​ថា​ អ្នក​ដែល​រដ្ឋាភិបាល​យល់​ថា ជា​អ្នក​ប្រឆាំង​នឹង​មិន​មាន​ការ​អត់​ឱន​អ្វី​ទាំង​អស់​គឺ​ចាប់​តាំង​ពី​ការ​ដាក់​ទណ្ឌ​កម្ម​រហូត​ចាប់​ដាក់​ពន្ឋនាគារ​គឺ​រដ្ឋាភិបាល​រិត​បណ្តឹង​តែ​ម្តង។ លោក​មាន​ប្រសាសន៍​ថា រឿង​ដែល​រដ្ឋា​ភិបាល​ជំទាស់​មិន​ឲ្យ​អ្នក​ដែល​ធ្លាប់​ប្រឆាំង​ខ្លួន​មក​គោរព​ព្រះ​បរម​សព​សម្តេច​ឪ​គឺ​រដ្ឋា​ភិបាល​ចង់​ព្យាបាទ​ពួកគេតែ​ម្តង។​
«អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​គេ​យល់​ថា ប្រឆាំង​គឺ​គេ​ចាត់​ទុក​ថា​ជា​ខ្មាំង​សត្រូវ​តែ​ម្តង​ហើយ​ជាន់​ឲ្យ​ជាប់​លែង​ងើប​រួច។ ដូច្នេះ​បើ​លោក​សម រង្ស៊ី​អត់​ឲ្យ លោក​មឿង​ សុន​ក៏​អត់​ឲ្យ​ដែរ»។​
លោក​ ផៃ​ ស៊ី​ផាន​អ្នក​នាំ​ពាក្យ​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​នៅ​តែ​ប្រកាន់​ជំហរ​ថា ករណី​លោក​សម​ រង្ស៊ី និង​លោក​មឿង សុន ​ជា​ករណី​របស់​តុលាការ។​
លោក​បាន​និយាយ​ថា ការ​រិះ​គន់​របស់​អ្នក​វិភាគ​អាស្រ័យ​តាម​តែ​ការ​នឹក​ឃើញ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។
«សុំ​ឲ្យ​សង្គម​ស៊ីវិល​មើល​លើ​ច្បាប់​នីតិ​រដ្ឋ​ទៅ​វិញ។ មើល​ទៅ​យន្តការ​ដោះ​ស្រាយ​បន្ឋូរ​បន្ថយ​ឬ​លើក​លែង​ទោស​ដែល​មាន​ជា​យូរ​យារ​ណាស់​មក​ហើយ ​ដែល​គេ​កំពុង​អនុវត្តន៍»។​
បន្ទាប់​ពី​មាន​ការ​រិះ​គន់​របស់​លោក​មឿង សុន​អំពី​ការ​ដាក់​តាំង​អំ​ពូល​ភ្លើង​អគ្គិសនី​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ថ្ម​របស់​ប្រសាទ​អង្គរ​វត្ត រដ្ឋា​ភិបាល​បាន​សម្រេច​ដក​ការ​ដាក់​តាំង​អំពូល​ភ្លើង​ចេញ​ពី​បា្រសាទ​អង្គរ​វត្ត។ តែ​លោក​ផៃ ស៊ី​ផាន​បាន​និយាយ​ថា​ ការ​សម្រេច​ដោះ​អំពូល​ភ្លើង​ចេញ​ពី​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​មិន​មែន​មាន​ន័យ​ថា​រដ្ឋា​ភិបាល​យក​គំនិត​របស់​លោក​មឿង សុន​ទេ​ តែ​ដោយសារ​ក្រម​ហ៊ុន​ចិន​ផុត​កំណត់​កិច្ច​សន្យា​ជាមួយ​រដ្ឋាភិបាល៕​