ជន​រងគ្រោះ​ទំនាស់​ដីធ្លី​នៅ​ភ្នំពេញ​តវ៉ា​នៅ​មុខ​តុលាការ

ប្រជាពលរដ្ឋ​តំបន់​បុរីកីឡា​និង​បឹងកក់​​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ទាមទារ​ឲ្យ​ពន្លឿន​ការ​ស្វែងរក​ដំណោះស្រាយ​និង​ការ​ចាប់​ខ្លួន​ជន​ដែល​បាន​បង្ក​អំពើ​ហិង្សា​លើ​ស្ត្រី​តំបន់​បុរីកីឡា កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ខែ​មីនា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

តំណាង​តុលាការសាលា​ដំបូង​រាជធានី​ភ្នំពេញបាន​សន្យា​ថា​ នឹងពន្លឿន​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ​តំបន់​បុរី​កីឡា​ក្នុង​រយៈពេល​យ៉ាង​យូរ​៣សប្តាហ៍​ទៀត។​ ក៏​ប៉ុន្តែ​តំណាង​សហគមន៍​បុរី​កីឡា​ហាក់​ដូច​ជា​គ្មាន​ជំនឿ​លើ​ការ​សន្យា​នេះ​ទេ​ ហើយ​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ជាថ្មី​ម្តង​ទៀត។​ (រូបភាព​ការ​តវ៉ា)

នៅ​ព្រឹក​ថ្ងៃ​ពុធនេះ​ ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​នៃ​សហគមន៍​បុរីកីឡា និង​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ ​ដែល​ទទួល​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​ បា​ន​ធ្វើ​ការតវ៉ា​នៅ​មុខសាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​បាន​ទាមទារ​ឲ្យ​តុលាការ​ជួយ​ផ្តល់​យុត្តិធម៌​ក្នុង​ជម្លោះ​ដីធ្លី​របស់​ពួក​គេ​និង​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ទោស​ដល់​ជន​ប្រព្រឹត្ត​អំពើ​ហិង្សាលើ​ពួក​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ។​

ការ​សន្យា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កើតមាន​ឡើង​ក្រោយ​ពី​ប្រជាពលរ​ដ្ឋ​សហគមន៍​បុរី​កីឡា​បាន​ធ្វើ​ការ​តវ៉ា​អស់​រយៈ​ពេល​ជាង​បី​ម៉ោង។​ហើយ​តំណាង​តុលាការ​ជាន់​ទាប​មួយ​រូប​បានជួប​ចរចា​ជាមួយ​តំណាង​ក្រុម​អ្នក​តវ៉ា​ចំនួន​បួន​នាក់។​

អ្នក​ស្រី​ឆាយ​ គឹមហ៊ន តំណាង​អ្នក​ភូមិ​បុរី​កីឡា​ ថ្លែងថា​ អ្នក​ស្រី​នៅ​មិន​ទាន់​ទុក​ចិត្ត​ការ​សន្យា​ខាង​លើ​នៅ​ឡើយ។​

«ទោះ​តែ​តុលាការ​និយាយ​ឲ្យ​ពួក​ខ្ញុំ​មាន​ភាព​ទុក​ចិត្ត​យ៉ាង​ណា​ក៏​ដោយ​ ក៏ពួក​ខ្ញុំ​នៅ​តែ​អត់​ជឿ​ជាក់​ដែរ។​ ​យើង​នឹង​ដាក់​ពាក្យ​បណ្តឹង​តាម​ស្ថានទូត​ជា​បន្ត​បន្ទាប់​ដើម្បី​ឲ្យ​ស្ថានទូត​អន្តរាគមន៍​មក​លើ​ប្រព័ន្ធ​តុលាការ​ ឲ្យ​បាន​ដោះ​ស្រាយ​បញ្ហា​របស់​យើង​ឲ្យ​បាន​ឆាប់»។​

ការ​តវ៉ា​នៅ​ថ្ងៃ​នេះ​ធ្វើឡើង​៩ថ្ងៃ​ក្រោយពី​ក្រុម​ប្រជា​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​បាន​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​ថ្ងៃ​ទី​១១​ខែ​មិនា​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ពួក​ខ្លួន​ពី​សំណាក់​កង​សន្តិសុខ​ខណ្ឌ​៧​មករា​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។​

កាល​ពីឆ្នាំ​២០១២​ ក្រុម​ហ៊ុន​ផានអ៊ីម៉ិច​របស់​អ្នក​ស្រី​ស៊ុយ​ ​សុផាន​បាន​យក​ដីនៃ​សហគមន៍​ក្រីក្រ​នេះទៅ​អភិវឌ្ឍ​និង​បាន​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញដោយ​មិន​មាន​សំណង​សមរម្យ​ និង​មិន​មាន​ការ​ផ្តល់​ជម្រក​ស្នាក់​នៅ​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ប្រជា​ពលរដ្ឋ​មួយ​ចំនួនបាន​បន្ត​រស់​នៅ​ក្នុង​តំបន់​ជម្លោះ​ក្រោម​សំពត់​កៅស៊ូ​ និង​ផ្ទះ​ខ្ទម​តូចៗ។​ ហើយ​ពួក​គេ​បា​ន​ធ្វើ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​ពុំ​ទទួល​មាន​ដំណោះស្រាយ​នោះ​ទេ។​

ក្រឡា​បញ្ជី​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ហើយដែលកាន់​សំណុំ​រឿង​របស់​សហគមន៍​បុរី​កីឡា​ និយាយ​ថា​ លោក​បាន​ទទួល​ពាក្យ​បណ្តឹងរបស់​ប្រជា​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​រួច​ហើយ​ ប៉ុន្តែ​លោក​មិន​អាច​ផ្តល់​សេចក្តី​លម្អិតបាន​ទេ។​

«ទើប​ទទួល​បាន​កាល​ពី​ព្រឹក​មិញ។​ ខ្ញុំ​អត់​អាច​បំភ្លឺ​បាន​ទេ ​ដោយ​ហេតុ​ថា​ ខ្ញុំ​ទើប​ទទួល​បាន​សំណុំ​រឿង»។

ដោយ​ផ្តោត​លើ​អំពើ​ពុក​រលួយ​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ​លោក​សៀ​ ភារម្យ​ ប្រ​ធាន​ក្រុម​ការ​ងារ​ពិសេសសិទ្ធិ​លំនៅ​ដ្ឋាន​ ថ្លែងថា​ ប្រជា​ពលរដ្ឋ​និង​រង​ចាំ​មើល​ការ​សន្យា​ដែលថា​ ​នឹង​ធ្វើ​កំណែ​ទម្រង់រដ្ឋាភិបាល​កម្ពុជា​នោះ។​

«ប្រសិន​បើ​៣​សប្តាហ៍​ក្រោយ​ហ្នឹង​គ្មាន​អ្វី​ប្រែប្រួល​ទេ​ មិន​មាន​លទ្ធិផល​ទេ​បាន​ន័យ​ថា​ កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​គាត់​ហ្នឹង​គ្មាន​ប្រយោជន៍​ទេ​ និយាយគ្រាន់​តែ​ជា​ការ​បោក​បញ្ឆោត​រាស្រ្ត។​ ​លទ្ធិផល​គឺ​ប្រជា​ពលរដ្ឋ​អស់​ជំនឿ​លើ​ការ​ដឹក​នាំ​របស់​គាត់​ទៅ​ថ្ងៃ​ក្រោយ»។​

ក្រុម​ប្រជា​ពលរដ្ឋ អ្នក​តវ៉ា​បាន​ដាក់​គម្រោង​ដើរ​ដង្ហែរ​ក្បួន​ធ្វើ​បាតុកម្ម​នៅ​ពេល​ខាង​មុខ បើ​សិន​មិន​មាន​ការ​ដោះស្រាយ​តាម​ការ​សន្យា​របស់​តុលាការ​នោះ​ទេ៕