អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មាន​វិធី​ចុះ​ឈ្មោះ​មាន​តម្លាភាព

​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ដែល​តាម​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោតនៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​រក​ឃើញ​នីតិវិធី​ចុះ​ឈ្មោះ​ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​តាម​បែប​ទំនើប​ដោយ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​១៧​លាន​ដុល្លារសហរដ្ឋ​អាមេរិក។​ ប្រព័ន្ធថ្មី​នេះ​អាច​ធានា​បាន​នូវ​សុក្រិត្យភាព​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ប្រមាណ​៩៨%។

នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ បាន​បង្ហាញ​ថា​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​គឺ​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ប្រព័ន្ធ​ទំនើប​សម្រាប់​បម្រើការ​ចុះ​ឈ្មោះ​ និង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែលអាច​មាន​លទ្ធភាព​ប្រើ​ប្រាស់​តាម​មូលដ្ឋាន​ជាមួយ​នឹង​ឧបករណ៍​បច្ចេកទេស​ទំនើប​ និង​អាច​ជឿទុក​ចិត្ត​បាន​កម្រិតខ្ពស់។​

ចំណុច​សំខាន់​នៃ​ប្រព័ន្ធចុះ​ឈ្មោះ​ថ្មី​នេះ​គឺ​ធានា​ថា​ គ្មាន​ឈ្មោះ​ស្ទួន​និង​គ្មាន​កំហុស​នៃ​ការ​បញ្ជូន​ទិន្នន័យ​របស់​អ្នក​បោះ​ឆ្នោត​ទេ។​ ​ការ​ចុះ​ឈ្មោះ​ត្រូវ​ធ្វើ​ឡើង​តាម​ប្រព័ន្ធកុំ​ព្យូទ័រ​ដោយ​មាន​បញ្ចូល​ស្នាម​មេដៃ​ និង​រូប​ថត​របស់​អ្នក​បោះ​ឆ្នោត។ ផលិត​ប័ណ្ណ​បោះ​ឆ្នោត​ជំនួស​ឲ្យការ​ប្រើប្រាស់​ឯក​សារ​ផ្សេងៗពិសេស​លិខិត​សម្គាល់សម្រាប់​បោះ​ឆ្នោត​ ដែល​ត្រូវ​យក​មក​ប្រើ​ដើម្បី​បាន​ចូល​បោះ​ឆ្នោត។​ នេះ​បើ​តាម​បទ​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា។​

លោក ​គុល បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ខុមហ្វ្រែល​ បាន​បញ្ជាក់​ថា​ នីតិវិធី​ចុះ​ឈ្មោះ​តាម​បែប​ប្រព័ន្ធថ្មី​នេះ​មិន​មែន​ទៅ​កែ​លំអរ​បញ្ជី​ឈ្មោះ​បច្ចុប្បន្ន​នេះ​ទេ​គឺ​ត្រូវ​ធ្វើ​ថ្មី​តែ​ម្តង​ តែ​យើង​នៅ​ប្រើ​ប្រាស់​បញ្ជី​បច្ចុប្បន្ន​ជាមូលដ្ឋាន​ដែរ។​

លោក​មាន​ប្រសាសន៍​ថា​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មិន​មែន​ត្រឹម​តែ​ជួយ​ឲ្យការ​បោះ​ឆ្នោត​បាន​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ប៉ុណ្ណោះទេ។ តែ​វា​ថែម​ទាំង​ជួយ​ដល់​សិទ្ធិអ្នក​បោះ​ឆ្នោត​ថែម​ទៀត ​ពី​ព្រោះ​ថា ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យបាត់​បង់​ដល់​សិទ្ធិ​អ្នក​បោះឆ្នោត។​

លោក​និយាយ​ថា៖​ «ពី​ព្រោះ​ប្រព័ន្ធចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​គឺ​បច្ចេកវិជ្ជា​សមត្ថភាព​ឈរ​លើ​នៅ​ក្នុង​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​យើង​ មិន​ទៅ​យក​ពី​ក្រុម​ហ៊ុន​ប្រទេស​ខាង​ក្រៅ​ណា​យក​មក​ដាក់ទេ​ ហើយ​តម្លៃ​ក៏​យើង​គិត​ថា​ មិន​ជា​ថ្លៃ​ទេ​ ​ហើយ​ដែល​អាច​គ.ជ.ប.ថ្មី​ ហើយ​ធន​ធាន​ យើង​មាន​ រដ្ឋាភិបាល​យើង​មាន​អាច​ដំណើរ​ការ​គ្រប់​គ្រង​បញ្ហា​ប្រព័ន្ធចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​បាន»។​

បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិលរក​ឃើញ​ថា​ មាន​ឈ្មោះ​ស្ទួន​ប្រមាណ​៤០​ម៉ឺន​នាក់​ និង​មាន​ជាង​១៧​ភាគ​រយ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ឈ្មោះ​ខុស​ ដែល​មិន​អាច​បោះ​ឆ្នោត​បាន ​និង​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ប្រមាណ​ជាង​១​លាន​២​សែន​នាក់។​

លោក​គល់ បញ្ញា​បញ្ជាក់​បន្ថែម​ថា៖​ «ប្រព័ន្ធបច្ចុប្បន្ន​នេះ​មាន​បញ្ហា​ដែល​វា​ធ្វើ​ឲ្យប៉ះ​ពាល់​ទៅ​លើ​សិទ្ធិអ្នក​បោះ​ឆ្នោត​ផង ​ទៅ​លើ​សុចរិតភាព​នៃ​កិច្ច​ការងារ​បោះ​ឆ្នោត​ផង»។​

លោក​ហ៊ឺ រ៉ុង​ ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​នៃ​គ.ជ.ប. ដែល​បាន​ចូល​រួម​សិក្ខាសាលា​ មាន​ប្រសាសន៍​ថា​ ការ​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​កែ​ទម្រង់ការ​បោះ​ឆ្នោត​ជា​ការ​ល្អ​មួយ។ ​ក៏​ប៉ុន្តែ​គ.ជ.ប.នៅ​រង់​ចាំ​មើល​ថា​ គណៈកម្មការ​ចម្រុះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯក​ភាព​គ្នា​នឹង​រៀប​ចំច្បាប់​យ៉ាង​ណា?​ ហើយ​គ.ជ.ប.នឹង​អនុវត្តទៅ​តាម​ច្បាប់​ និង​សិក្សា​ផ្នែក​បច្ចេក​ទេស​មើល​ថា ​យើង​អាច​អនុវត្ត​បាន​ដល់​កម្រិតណា។​

លោក​និយាយ​ថា៖​ «សំខាន់​ថា ​ច្បាប់​តម្រូវ​ឲ្យគ.ជ.ប.ចុះ​ឈ្មោះ​ថ្មី​ឡើង​វិញ​ឬ​មួយ​ក៏​ត្រូវ​ចុះ​ឈ្មោះ​ថ្មី ​ដោយ​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​លើ​បញ្ជី​ចាស់។​ បើ​សិន​ជា​តម្រូវ​ថា ​ឲ្យចុះ​ឈ្មោះ​ថ្មី​ឡើង​វិញ​ យើង​នឹង​រៀបចំ​បច្ចេក​ទេស​តាម​ការ​ចុះ​ឈ្មោះ​ថ្មី​ឡើង​វិញ​ តែ​ប្រសិន​បើ​ឧបមា​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​លើ​បញ្ជី​ចាស់​នោះ​ យើង​រៀប​ចំទៅ​តាម​ហ្នឹង»។​

លោក​គួយ ប៊ុនរឿន​ មន្ត្រី​រៀប​ចំ​កិច្ចការ​បោះ​ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​ប្រព័ន្ធចុះ​ឈ្មោះ​ទំនើប​នេះ។​

លោក​បាន​បញ្ជាក់​ថា៖​ «មូលហេតុ​ ដោយ​សារ​យើងបំបាត់​ ទប់​ស្កាត់​នូវ​មនុស្ស​ដែល​មិន​មាន​សិទ្ធិក្នុង​ការ​ចុះ​ឈ្មោះ ​បាន​មក​ចុះ​ឈ្មោះ ​ទីពីរ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​អាច​ចុះ​ឈ្មោះ​បាន​គ្រប់​គ្នា។ហើយ​នេះ​អាច​ផ្តល់​ឱកាស​មួយ ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ គាត់​បាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​តែម្តង»។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បើ​ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ដំណើរ​ការ​នីតិវិធី​កំណែ​ទម្រង់គ.ជ.ប.​ថ្មី​ក៏​ដោយ ក៏​គ.ជ.ប.បាន​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​បាន​ជិត​១៨​ម៉ឺន​នាក់៕