ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្មែរ​អាមេរិកាំង៖​បោះឆ្នោត​ចង់ឲ្យ​​មាន​ការផ្លាស់​ប្តូរនៅ​អាមេរិក​និង​កម្ពុជា

  • សុខ ខេមរា

ពលរដ្ឋ​អាមេរិកាំង​​​បោះ​ឆ្នោតពាក់កណ្តាលអាណត្តិ​​ជ្រើសរើស​​តំណាង​របស់​ពួកគេ​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅតាម​បណ្តា​រដ្ឋមួយ​ចំនួន​បាន​និយាយ​ថា ​ពួកគេ​បាន​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​របស់​ពួកគេ​ដើម្បី​ឲ្យមាន​ការ​ផ្លាស់ប្តូរ​ក្នុង​ប្រទេស​ អាមេរិក​ផង​និង​ក្នុង​ប្រទេស​កំណើត​ផង។​ ​ក្រុម​ប្រជា​ពលរដ្ឋ​មាន​ការ​មិន​ពេញ​ចិត្ត​ទៅលើ​ក្រុម​អ្នក​នយោបាយ​មួយ​ចំនួន​មកពី​គណបក្ស​ទាំងពីរ​ដែលមិន​អើពើ​និង​បញ្ហា​សុខទុក្ខ​ប្រជា​ពលរដ្ឋ​ក្នុងតំបន់​របស់​ពួក​គេ​រស់នៅ ​ដែលធ្វើឲ្យ​ពួកគេ​បោះ​ឆ្នោត​ប្តូរ។​

គណបក្ស​សាធារណរដ្ឋ​បានឈ្នះ​គណបក្ស​ប្រជា​ធិបតេយ្យ​ហើយ​គ្រប់គ្រង​ សភា​និង​ព្រឹទ្ធសភា​ស.រ.អា.ក្រោយពី​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណតិ្ត​កាលពី​ ថ្ងៃ​អង្គារ​គឺ​រយៈ​ពេល​ពីរឆ្នាំ​ដែល​លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់ អូបាម៉ា​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​នឹង​បញ្ចប់​អាណត្តិទី២​របស់​លោក។​ ក្រុម​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​បាន​ថ្លែង​ថា​ ពួកគេ​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ដើម្បី​ឲ្យ​តំណាង​របស់​ខ្លួន​ថ្មី​ ទោះជា​គណបក្ស​ណាក៏​ដោយ​ជួយដល់​បញ្ហា​របស់​ពួកគេ ​ទាំង​ក្នុង​ប្រទេស​អាមេរិក​និង​ទាំងក្នុង​ប្រទេស​កម្ពុជា​ជា​ប្រទេស​កំណើត។​

បញ្ហា​ដែល​គេមិន​ពេញចិត្ត​ទាំងនោះ​មាន​ដូចជា​បញ្ហា​ភាពអត់​ការងារ​ធ្វើ​ បញ្ហា​បង់ពន្ធ​ច្រើន​សម្រាប់ពលរដ្ឋ​វណ្ណៈកណ្តាល​ បញ្ហា​ធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច​ជាដើម។​

ដោយ​ឡែក​សម្រាប់ប្រទេស​កម្ពុជា​ជាប្រទេស​កំណើត​របស់​ពួកគេ​វិញ​ ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​អះអាង​ថា​ ពួកគេ​ចង់ឲ្យ​កម្ពុជា​មាន​ដំណើរការ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ ដែល​គេ​រំពឹង​ថា ​តំណាង​ដែល​ពួកគេ​បោះឆ្នោត​ឲ្យ​អាច​នឹង​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​ដើម្បី​ជួយ​ដល់​កម្ពុជា។​

លោក​ឃង ផេ ​(Khorng Pe)​ អាយុ​៦៣​ឆ្នាំ ​មកពី​ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត​ ហើយ​បច្ចុប្បន្ន​រស់នៅ​ក្នុងក្រុង​ឡូសអាន់ជឺឡេស​ រដ្ឋកាលីហ្វ័រញ៉ា ​ធ្វើការ​ជា វិស្វករ​អេឡិចត្រូនិច​ក្នុង​រដ្ឋ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​លំដាប់​លេខ​មួយ​ ក្នុង​ស.រ.អា.។ លោក​បាន​ថ្លែង​ថា​ លោក​បាន​ចេញ​ទៅ​បោះឆ្នោត​ក្នុង​ក្តី​សង្ឃឹម​ថា​តំណាង​ដែល​លោក​រើស​អាចនឹង​ជួយ​ដល់​សហគមន៍​ខ្មែរ​នៅ​ស.រ.អា.​ ​និង​ ប្រជាធិតេយ្យ​នៅ​កម្ពុជា។​

«ព្រោះ​ថា ​ពេលណា​យើង​ត្រូវការ​ ដូចជា​តំណាង​រាស្ត្រ​ ឬក៏​ព្រឹទ្ធ​សភា​របស់​អាមេរិកាំងឬក៏​ប្រទេស​អាមេរិកាំង​ឲ្យ​ជួយ​យើង​ យើង​ក៏​ត្រូវ​ជួយ​ពួក​គាត់​ទៅ​វិញ​ដែរ។​ យើង​គ្មាន​លុយ​កាក់អីជួយ​គាត់​ទៅវិញ​ទេ ​គឺយើង​គ្រាន់តែ​ជួយ​បោះឆ្នោត​ហ្នឹង​ ដើម្បី​ជួយ​គាត់​ឲ្យជាប់​ជា​តំណាង​រាស្ត្រ​ ជា​ព្រឹទ្ធសភា​ជាដើម​ទៅ ​ហើយ​យើង​ក៏សុំ​ឲ្យ​គាត់​ជួយមក​ដល់​សង្គម​របស់​ខ្មែរ​យើង​ ហើយ​ជាពិសេស​ជួយដល់​ប្រទេស​ជាតិ​របស់​យើង។​ នេះជា​បំណង​ខ្ញុំ​ តែ​ប៉ុណ្ណឹង»។

លោក​បាន​អះអាង​ថា ​លោក​បាន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​តំណាង​រាស្ត្រ​ខាង​គណ បក្ស​សាធារណ​រដ្ឋ​ជាច្រើន​កន្លងមក​ដើម្បើ​ឲ្យជួយ​ដល់​កម្ពុជា​ ដូចជា​លោក​ដាណា រ៉ូរ៉ាប៊ែកគើ និង​លោកសមាជិក​សភា​ អេដ្ឋ រ៉យ​ជាដើម។ ​លោក​ផេ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​កន្លែង​ដទៃត្រូវ​ចេញ​ទៅបោះឆ្នោតតំណាង​របស់ខ្លួន​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​កម្ពុជា​ក្នុង​នយោបាយ​អាមេរិកាំង។​

ពីរដ្ឋ​ភេនស៊ីលវីនៀ ​ក្នុង​សង្កាត់​ហ្វ៊ីឡាឌែលហ្វ៊ីយ៉ា​ឯណោះវិញ​ លោក​ជា មាស​ អាយុ​៤៨​ឆ្នាំ​ធ្វើការ​ជា​មន្ត្រី​សង្គម​កិច្ចរដ្ឋ​ បាន​អះអាង​ថា ​លោក​បោះឆ្នោត​លើក​ នេះ​គឺ​ផ្តោតទៅ​លើ​បេក្ខជន​ និង​គណបក្ស​ប្រជា​ធិបតេយ្យ ​ដែល​លោក​សង្កត់​ធ្ងន់​ ថា​ គណបក្ស​នេះ​គិតគូរ​ខ្លាំង​អំពី​បញ្ហា​អប់រំ​ ខ្លាំង​ជាង​គណបក្ស​សាធារណៈ​រដ្ឋ។​

«គោល​ការណ៍​របស់​គណបក្ស​សាធារណរដ្ឋ​ហាក់បី​ដូចជា​សោះ​អង្គើយ​ចំពោះ​ ការងារ ​សាលារៀន​(អប់រំ)​នៅអាណត្តិកន្លង​ទៅ ​ដូច្នេះ​អាណត្តិ​នេះ​ គាត់​ឈរ​ ឈ្មោះ​ទៀត។​ ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​អត់បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សារធារណ​រដ្ឋ​ ឬ ​Republican​ ទេ​ ខ្ញុំ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ធិបតេយ្យ​ ឬ ​Democrat ព្រោះ​ខាង​គណបក្ស​ Democrat ​ហ្នឹង​មាន​គោល​ការណ៍​កែ​ប្រព័ន្ធ​សិក្សាធិការ​នៅរដ្ឋ​ភេស៊ីវីនៀ​នេះ​ច្រើន​ជាង​គណបក្ស ​Republican។​ នេះ​បើ​តាម​គំនិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដែល​ស្តាប់​ការ​ឃោសនា​របស់​បេក្ខជន​នីមួយៗ»។​

លោក​ជា មាស ​មានស្រុក​កំណើត​ នៅស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម​ មក​រស់​នៅ​ ស.រ.អា.តាំងពី​ឆ្នាំ​១៩៨៥។ ​លោក​ថ្លែងថា​ លោក​បោះឆ្នោត​គឺ​សម្លឹង​មើល​បេក្ខជន ណា​ដែល​ផ្តល់ឲ្យ​សហគមន៍​លោក​រស់នៅ​មាន​ជីវភាព​សមរម្យ​ និង​បំពេញ​ការ​ចង់​បាន​របស់​លោក។​

គណបក្ស​សាធារណរដ្ឋ​បាន​កើន​សំឡេងដល់យ៉ាង​ហោច​ណាស់​៥២​អាសនៈ​ក្នុង​ចំណោម​ព្រឹទ្ធ​សភា​សរុប​១០០​អាសនៈ​ ហើយ​គណបក្ស​នេះ​ទទួល​បាន​សំឡេងសមាជិក​សភា​និង​តំណែង​អភិបាល​រដ្ឋ​ច្រើន​ជាង​គណបក្ស​ប្រជា​ធិបតេយ្យ​ ដែល​គេ​គិត​ថា ​ជាការ​សាក​ល្បង​សម្រាប់​តំណែង​ប្រធានាធិបតី​នៅក្នុង​ការ​បោះឆ្នោត​ជា​សាកល​នៅ​ពេល​ខាង​មុខ។​

លោក​លី​ ម៉ុក​ មកពី​រដ្ឋ​វីជីនៀ​ បាន​មក​រស់នៅ​ស.រ.អា.កាលពី​ឆ្នាំ​១៩៩២។​ លោក​ មាន​ស្រុក​កំណើត​នៅខេត្ត​កំពត។​ លោក​បាន​ថ្លែង​ថា ​លោក​គិត​ពិចារណា​មើល​ទៅ​លើ​បេក្ខជន​និង​គណបក្ស​ណា​ដែល​ធ្វើអ្វី​ស្រេចតែ​ចិត្ត​នោះ​ លោក​នឹងបោះ​ឆ្នោតដូរ​ចេញ។​

«ធម្មតា​បោះឆ្នោត​ត្រូវបោះ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ ជួនណា​គណបក្ស​មួយៗ​ឡើង​ មក​កាន់​អំណាច ​អាងតែ​ខ្លួន​មាន​អំណាច​ហើយ​ចេះ​តែធ្វើអ្វី​តាមចិត្ត​ ហើយ​មិន ស្តាប់​គណបក្ស​មាន​សំឡេងភាគ​តិច​ សំឡេងតូច»។​

លោក​ថ្លែង​ថា ​គណបក្ស​ណា​ដែលធ្វើ​ឲ្យ​សេដ្ឋកិច្ច​អន់ថយ​ ចាយលុយ​ខ្ជះខ្ជាយ​ ច្រើន​មិន​គិតគូរ​ដល់​ប្រជា​ពលរដ្ឋ​ នោះ​លោក​នឹង​បោះឆ្នោត​ទម្លាក់​វិញ។​

«ហើយ​ម្យ៉ាងវិញ​ទៀត ​យើងត្រូវ​ប្រាប់​អ្នក​នយោបាយ​ឲ្យ​ដឹង​ថា ​មិនអាច​ធ្វើអ្វី​បាន​ តាមតែ​ចិត្តទេ​ ត្រូវស្តាប់​ប្រជាជន​ ព្រោះ​ប្រជាជន​ជាចៅ​ហ្វាយនាយ​របស់​ខ្លួន​ហើយ​ប្រជាជន​អាច​ធ្វើ​អ្វី​ក៏បាន​ដែរ​ ហើយនឹង​បោះឆ្នោត​ទម្លាក់»។​

លោក​គុជ ច័ន្ទលី ​អ្នកវិភាគ​មួយរូប​ក្នុង​រដ្ឋម៉ារីឡែន​ស.រ.អា.​ ​បាន​អះអាង​ថា​ ប្រជា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មាន​កាតព្វកិច្ច​នឹង​ចូលរួម​បោះឆ្នោត​ផ្លាស់ប្តូរ​ប្រធានាធិបតី​ សមាជិក​សភា​ ព្រឹទ្ធសភា ​អភិបាល​រដ្ឋ ​និងការ​បោះឆ្នោត​ដទៃទៀត​ ប្រសិន​បើ​ ការ​រំពឹង​ទុក​របស់​ពួកគេ​មិនអាច​ទទួល​បាន​ដូច​ការ​រំពឹង​ទុក។​

«ទោះបី​ប្រទេស​យើង​នៅឆ្ងាយ​ក្តី​ យើងមាន​សិទ្ធិ​ យើង​មាន​ឱកាស​ក្នុង​ស.រ.អា.​ ដែល​យើង​អាច​ផ្លាស់ប្តូរ​អ្នក​នយោបាយ​ទាំងអស់​នោះ​ ដើម្បី​ដាក់​អ្នក​នយោបាយ​ ដែល​យើង​យល់​ឃើញ​ថា​ អាច​នឹង​ទុកចិត្ត​ មាន​សណ្តាន​ចិត្ត​អាណិត​អាសូរ​ដល់ ប្រទេស​ខ្មែរយើង​ ដោយ​មិន​ចាំបាច់​ប្រកាន់​យក​តែ​ផល​ប្រយោជន៍​ស.រ.អា.ផ្ទាល់ ខ្លួន​នោះ​ទេ​ ព្រោះ​ប្រទេស​ខ្មែរ​យើង​ត្រូវការ​មហា​អំណាច​ស.រ.អា.ជួយ​ឲ្យ​បាន​ដិត​ដល់​និង​ជួយឲ្យ​បាន​ខ្លាំងក្លា​ជាង​សព្វ​ថ្ងៃ​នេះ»។​

លោកក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋខ្មែរ​នៅក្នុង​រដ្ឋផ្សេងៗ​ទៀត​ដើម្បី​បំពេញ​ កាតព្វ​កិច្ច​ជាតិ​និយម ​និង​ចូលរួម​ក្នុង​នយោបាយ​អាមេរិកាំង​ដើម្បី​ជួយ​ដល់​សហគមន៍​ ខ្មែរ​និងប្រទេស​កំណើត​ផង​ដែរ៕

XS
SM
MD
LG