សេចក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទៅ​ដល់​​រដ្ឋសភា​នៅ​ល្ងាច​ថ្ងៃ​សុក្រ

រូបឯកសារ៖ ពលរដ្ឋម្នាក់ធ្វើដំណើរ​កាត់​​អគារ​វិមាន​រដ្ឋសភា​ជាតិ​ នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។

អ្នក​នាំពាក្យ​រដ្ឋ​សភាបញ្ជាក់​ថា ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​បានទៅ​ដល់​រដ្ឋសភា​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ ខណៈ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បញ្ចេញ​យោបល់ ​និង​អ្នក​ខ្លះ​យល់​ថា​ ​ច្បាប់​នេះ​មិន​ចាំ​បាច់​សម្រាប់​ស្ថាន​ភាព​បច្ចុប្បន្ន។

លោក​ឡេង ប៉េង​ឡុង ​អ្នកនាំ​ពាក្យ​រដ្ឋ​សភា ​ប្រាប់​ VOA​ ថា​ នៅ​ម៉ោង​ជាង​៥ល្ងាច​ថ្ងៃ​សុក្រ​នេះ ​រដ្ឋសភា ​ទើប​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​នេះ​ពី​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី។ ​ លោក​បន្ត​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​ នឹង​ត្រូវ​ឆ្លង​ការ​ពិនិត្យតាម​នីតិវិធី និង​ថា​ រាល់​ការ​សម្រេច​ថាអាច​នឹង​មាន​ការ​កែប្រែ​ ឬ​យ៉ាង​ណា​ គឺ​ស្រេច​តែ​លើ​អង្គ​ប្រជុំ​។​

«រាជ​រដ្ឋាភិបាល​លោក​ស្នើ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់មក​ ហើយ​យើង​មាន​គណៈ​កម្មាធិការ​ជំនាញ​យើង​សិក្សា ​ហើយ​យើងដាក់​ជូន​អង្គ​សភា ​ដើម្បី​ពិភាក្សា ​និង​អនុម័ត។​ អាហ្នឹង​ស្រេច​តែ​អង្គ​សភា​ពិភាក្សា​ និង​អនុម័ត​ទេ ​ខ្ញុំ​មិន​អាច​និយាយ​ជំនួស​បាន​ទេ»។​

សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ត្រូវ​បាន​អនុម័ត​ជា​ប្រញាប់​ដោយ​គណៈ​រដ្ឋមន្រ្តី ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ប្រកាស​ចង់​ឲ្យ​ចេញ​បាន​ឆាប់ៗ ​ដោយ​មិន​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ចូលរួម​ផ្តល់​យោបល់​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល ​និង​សាធារណជន​នោះ​ទេ។​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ពិនិត្យ ​និង​អនុម័ត​ដោយ​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​ ដែល​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា។

បើតាម​សេចក្តី​ព្រាង​ច្បាប់​នេះ ការ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ​អាច​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ជាអាទិ៍​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​ ឬ​ការ​ឈ្លាន​ពាន​ពី​កម្លាំង​បរទេស​ គ្រោះ​អាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ ​បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ព្រម​ទាំង​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ ដែល​គំរាម​កំហែង​ ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រីករាល​ដាល​ដល់​កម្រិត​ទូទាំង​ប្រទេស។​

ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ជា​បន្ទាន់​នេះ​កើត​ឡើង​ នៅ​ចំ​ពេល​ដែល​កម្ពុជា ​និង​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភព​លោក​កំពុងប្រឈម​នឹង​ការ​ឆ្លង​រាលដាលវីរុស​កូរ៉ូណា ​ហើយ​លោក​ ហ៊ុន ​សែន​ លើក​ឡើង​ថា ​រដ្ឋាភិបាល​របស់​លោក​ខ្វះ​ឧបករណ៍​ផ្លូវ​ច្បាប់​ ដើម្បី​អនុវត្ត​មាត្រា​ ២២​នៃ​រដ្ឋ​ធម្មនុញ្ញ​ស្ដីពី​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ក្នុង​ករណី​ដែល​មាន​ព្រឹត្តិ​ការណ៍​ធ្ងន់ធ្ងរ​ណា​មួយ។​

សេចក្តី​ព្រាង​ច្បាប់នេះ​នឹង​អាច​ផ្ដល់​អំណាច​ពេញ​ទី​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ ដោយ​របប​អាជ្ញា​សឹក​ ក្នុង​ករណី​ចាំបាច់ ព្រមទាំង​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ទោស​ធ្ងន់​ទៅ​ដល់​ ១០​ឆ្នាំ​ចំពោះ​ជន​ណា​ដែល​រារាំង​ដល់​កិច្ច​ប្រតិបត្តិ​ការ​ពេល​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន​ កាល​បើ​អំពើ​នេះ​នាំ​ឲ្យ​មាន​ចលាចល​ជា​សាធារណៈ​ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ​រដ្ឋាភិបាល​អាច​ហាម​ឃាត់ ​ឬ​ដាក់​កំហិត​ទៅ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ ដូច​ជា​ការ​ដើរ​ហើរ​ ការ​ជួប​ជុំ​ការ​ប្រមូល​ផ្ដុំ ​ការ​ប្រកប​មុខ​របរ​ ការ​ចែក​ចាយ​ព័ត៌មាន​ដែល​បង្ក​«ចលាចល​ឬ​ដែល​នាំឱ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ»​និង​បើក​សិទ្ធិ​អំណាច​ឱ្យ​រដ្ឋាភិបាល​តាម​ដាន​ឃ្លាំ​មើល ​«ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព»។​

ក្រោយ​ការ​ប្រកាស​ដំណើរការ​បង្កើត​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​យ៉ាង​ប្រញាប់​ប្រញាល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ​នៅ​រាជធានី​ភ្នំពេញ ​ដែល​ VOA​ បាន​សាកសួរ ​មិន​ហ៊ាន​បញ្ចេញ​យោបល់​ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ។ ​អ្នកខ្លះ​យល់ថា ​ច្បាប់​នេះ​មិន​គួរ​កើត​មាន​នៅ​ពេល​នេះ និង​ខ្លះ​យល់​ឃើញ​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​និង​ជីវភាព​របស់​ពួកគេ។​

លោក​ ហេង នី​អ្នករត់​ម៉ូតូ​កង់​បី​ ​នៅ​រាជធានី​ភ្នំពេញ​ លើក​ឡើង​ថា ​ ​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ហាក់​មិន​មាន​ភាព​ចាំ​បាច់​ណា​មួយ​ក្នុង​ការ​បង្កើត​ច្បាប់​នេះ​ទេ។ ​អ្នក​រត់​កង់​បី​វ័យ​ ៣៤​ឆ្នាំរូប​នេះ ​ដែល​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក ​បាន​បន្ថែម​ថា​ ច្បាប់នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព ​និងជីវភាព​លោក​ដែល​ជា​អ្នក​រត់​ម៉ូតូ​កង់​បី ប្រសិន​បើ​រដ្ឋាភិបាល​មិន​កំណត់​អំពី​ការ​ផ្តល់​ការ​គាំទ្រ​ជីវភាព​នៅ​ពេល​ហាម​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​នោះ។

«រាល់​ថ្ងៃ​ចេញ​ក្រៅរក​លុយ​ដើម្បី​គ្រួសារ ​ រក​លុយចិញ្ចឹម​ប្រពន្ធ​ ចិញ្ចឹម​កូន។ ​ ដល់​ពេល​យើង​នៅ​ក្នុង​ផ្ទះ​អ៊ីចឹងយើង​មាន​ពេល​វេលាឯណា​រក​លុយ​រក​កាក់?​បើ​យើង​គ្មាន​ប្រាក់​ខែ​ ប្រាក់​អី​ដូច​អ្នក​ធ្វើការ​ មន្រ្តី​រាជការ។ ​គាត់​មាន​ប្រាក់​ប្រចាំ​ខែ​ ប្រចាំ​អាទិត្យ​របស់​គាត់។ ​ប៉ុន្តែ​យើង​អ្នក​រក​ស៊ី​ដូច​ខ្ញុំ ​មាន​ឯណា?​ មាន​តែ​ដាច់​ពោះ»។​

ស្រដៀង​គ្នា​នេះ ​កញ្ញា សួស ស្រីនិត្យ ​ស្ថាបត្យករ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ​លើក​ឡើង​ថា​កញ្ញា​មិន​ដឹង​ថា ​តើ​ការ​សម្រេច​បង្កើត​ច្បាប់​នេះ​ ធ្វើ​ឡើង​សម្រាប់​បិទ​ប្រទេស​ក្នុង​អំឡុង​ការ​រីក​រាល​ដាលមេរោគ​កូរ៉ូណា​ ឬ​យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​កញ្ញា​ថា​ ការ​សម្រេច​នេះ​លឿន​ពេក​សម្រាប់​ពលរដ្ឋ ​ដើម្បី​ត្រៀម​ខ្លួន។ ​កញ្ញា​បន្ថែម​ថា​ ​រដ្ឋាភិបាល​គួរ​មាន​ការ​សិក្សា​ឲ្យបាន​លម្អិត​បន្ថែម​អំពី​ស្ថានភាព​ប្រជា​ពលរដ្ឋ ​និង​គោល​ការណ៍​ក្នុង​ការ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ ដែល​មាន​ស្ថានភាព​លំបាក​ មុន​នឹង​សម្រេច​អនុម័ត​ច្បាប់​នេះ។​

«គ្រាន់តែ​ពេល​មាន​អាសន្ន​ភ្លាម អីៗ​ឡើង​ថ្លៃ​ភ្លាម ហើយ​ធ្វើ​ឲ្យ​ប្រជាជន​យើង​ពិបាក​រក​ស៊ី​ ពិបាក​ចេញ​ទៅ​ណា​ទៅ​ណី។ អ៊ីចឹង ​ចេះ​តែ​គិត​ថា​ខ្លាច​អញ្ចេះ ​ខ្លាច​អី​អញ្ចុះ។ ហើយ​បើ​ឲ្យ​យើង​ភ្លាមៗ​អ៊ីចឹង​មាន​អារម្មណ៍​ថា​ លឿន​ខ្លាំង ​ហើយ​ពិបាក។ ​ អ្នកខ្លះ​ត្រូវ​ធ្វើ​ការងារ​ផង ​ហើយ​បើ​អត់​ការងារ អត់​មាន​ចំណូល​ចូល។ ​ហើយ​យើង​ត្រូវ​នៅ​ក្នុង​ផ្ទះ​រហូត​ទៀត​ អត់​មាន​ចំណូល​ចូល​ ហើយ​អត់មាន​អី​ញ៉ាំ។ ​ហើយ​បើ​សិន​ជា​គេ​អត់​ឲ្យ​ចេញ​ក្រៅ ​ឬ​ចេញ​ក្រៅ​ត្រូវមាន​ទោស ​អ៊ីចឹង​យើង​មាន​តែ​នៅ​ក្នុង​ផ្ទះ ​អត់​មាន​អី​ញ៉ាំ​រហូត​អ៊ីចឹង​ទៅ»។​

នៅ​សប្តាហ៍​នេះ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Amnesty International​ និង​អង្គការ​ Human Rights Watch​ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ ​ដោយ​ពួកគេ​ថា​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សិទ្ធិ​មនុស្ស។ ពួកគេ​ក៏​បាន​លើក​ឡើង​ថា ច្បាប់​នេះនឹង​ផ្តល់​អំណាច​ដល់រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​កាន់តែ​រឹត​បន្តឹង​សិទ្ធិ​ស៊ីវិល ​សិទ្ធិ​នយោបាយ ​និង​ដាក់​គោល​ដៅ​បង្រ្កាប​លើ​ក្រុម​សិទ្ធិ​មនុស្ស ​ ប្រជា​ធិបតេយ្យ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ​

អង្គការ ​Human Rights Watch​ ក៏​បាន​បញ្ជាក់​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ដែល​ងាយ​ស្រួល​នឹង​បកស្រាយ​ ហើយ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព។​

ប៉ុន្តែ​លោក ​ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ថ្លែង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ ដោយ​លើក​ឡើង​ថា​ រដ្ឋាភិបាល​នឹង​ប្រើ​ច្បាប់​នេះ​តែ​ក្នុង​កាលៈ​ទេសៈ​គ្មាន​ជម្រើស​តែ​ប៉ុណ្ណោះ ​ហើយ​ថា​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​មិន​អាច​ចៀស​ផុត​នោះ​ទេ៕​