សំឡេងសេឡូ (cello) ដ៏កំសត់របស់លោក វេជ្ជបណ្ឌិត ប៊ីត រិចនើ (Beat Richner) កំពុងដង្ហោយហៅរកថវិកា សម្រាប់ជួយកុមារជាច្រើនដែលកំពុងរង់ចាំការជួយសង្រ្គោះនៅតាមមន្ទីរពេទ្យគន្ធបុប្ជានានា នៅក្នុងប្រទេសកម្ពុជា។
ភ្នំពេញ៖ សំឡេងសេឡូ (cello)ដ៏កំសត់របស់លោក វេជ្ជបណ្ឌិត ប៊ីត រិចនើ (Beat Richner) កំពុងដង្ហោយហៅរកថវិកា សម្រាប់ជួយកុមារជាច្រើនដែលកំពុងរង់ចាំការជួយសង្រ្គោះនៅតាមមន្ទីរពេទ្យគន្ធបុប្ជានានា នៅក្នុងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជាបានឲ្យដឹងថាសំឡេង សេឡូ (cello) គឺជាដួងព្រលឹងរបស់គាត់ និងក្មេងៗដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងនេះ។
លោកនៅតែកំពុងបន្តកូតសេឡូ (cello) អស់រយៈពេល២០កន្លងមក ហើយដើម្បីរកថវិកាជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ជា និងព្យាបាលកុមារ។
«ជាការណ៍ពិត គឺការឈឺចាប់របស់ក្មេងដែលទទួលរងគ្រោះដោយសារជំងឺធ្ងន់ៗជាច្រើននោះ គឺវាហាក់ដូចជាការបាត់បង់ព្រលឹង។ ដូច្នេះខ្ញុំខំប្រឹងលេងឲ្យចេញជាសំឡេងសេឡូ (cello) នេះឡើង ដូចជាការអន្ទោងព្រលឹងរបស់ក្មេងឲ្យត្រលប់មកវិញ។ ហើយសំឡេងសេឡូ (cello) នេះជាសារមួយសម្រាប់បញ្ជូនទៅប្រាប់អ្នកដែលបានមកស្តាប់ឲ្យគេយល់ពីការណ៍ពិត ដោយគេមានអារម្មណ៍អាណិតអាសូរ ហើយគេនឹងជួយផ្តល់ជាថវិកាដល់មូលនិធិ»។
លោកវេជ្ជបណ្ឌិត ជាជាតិស្វីសដែលមានវ័យ៦៥ឆ្នាំរូបនេះ ជាអ្នកលេងសេឡូ (cello)អាជីពម្នាក់ មុនពេលដែលគាត់បានក្លាយជាវេជ្ជបណ្ឌិតនៅឆ្នាំ១៩៧៣ មកម្ល៉េះ។
នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៧យប់ ដល់ម៉ោង៩យប់ នៅមន្ទីរពេទ្យគន្ធបុប្ជា ខេត្តសៀមរាបភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍យ៉ាងហោចណាស់ ២០០នាក់បានចូលស្តាប់លោកវេជ្ជបណ្ឌិតប៊ីត រិចនើ (Beat Richner) លេងសេឡូ (cello) និងស្តាប់ការរៀបរាប់ពីស្ថានភាពជំងឺរបស់កុមារកម្ពុជាដែលបានកើនឡើងជាខ្លាំងនិងមានអ្នកជំងឺសម្រាកពេទ្យយ៉ាងច្រើនកកកុញប្រៀបបានដូចជាប្រទេសកំពុងមានសង្រ្គាម។
«ខ្ញុំចាត់ទុកគាត់ជាវីរបុរសសម្រាប់ខ្មែរយើង ថ្វីត្បិតតែគាត់ជាជនបរទេសក៏ដោយ។ សំខាន់ថាអ្វី ដែលគាត់ធ្វើបង្ហាញថាគាត់មានបេះដូងល្អ មានទឹកចិត្តក្នុងការជួយដល់មនុស្សជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះក៏ដូចជាការលះបង់របស់គាត់គឺជាគំរូមួយដ៏ល្អ ប្រជាពលរដ្ឋខ្មែរជាពិសេស គឺអ្នកដែលមាន លោកឧកញ៉ាទាំងអស់នោះគួរតែពិចារណាយកតម្រាប់តាមគាត់»។លោក ឆាយ សារ៉ាត់ ជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ
បន្ទាប់ពីបានដឹងការណ៍ពិតដែលកុមារកម្ពុជាកំពុងតែត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះជីវិតរបស់ពួកគេ ភ្ញៀវទេសចរណ៍ទាំងនោះបានសម្តែងទឹកមុខស្រពាប់ ស្រពោន បង្កប់នូវការអាណិតអាសូរដល់កុមារកម្ពុជា។ ភ្ញៀវទាំងនោះភាគច្រើនតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួននៅពេលចប់កម្មវិធីការលេងសេឡូ (cello)នោះ។
ជាក់ស្តែងលោក អេនដ្រាយ សិក (Andri Sijg)ជាជនជាតិស្វីសដែលមានវត្តមាននៅពេលនោះដែរ។លោកបានបរិច្ចាគថវិកាដោយការភ្ញាក់ផ្អើល។
«ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំងនៅពេលបានដឹងពីស្ថានភាពក្នុងមន្ទីរពេទ្យ និងការសម្តែងរបស់គាត់។ហើយនៅពេលដែលខ្ញុំត្រឡប់ទៅប្រទេសស្វីសវិញ ខ្ញុំនឹងធ្វើការផ្សព្វផ្សាយជា សាធារណៈជាបន្តទៀតដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យនេះ»។
មន្ទីរពេទ្យគន្ធបុប្ជាមានសាខាចំនួនប្រាំ គឺនៅទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប។ មន្ទីរពេទ្យគន្ធរបុប្ផាទទួលបានកុមារមានជំងឺកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាក់ស្តែងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងខែមិថុនាឆ្នាំ២០១២នេះ ទៅនឹងឆ្នាំកន្លងមកមានការកើនឡើងចំនួន ៣០ភាគរយ។ ពោលគឺកុមារមានជំងឺដែលចូលសម្រាកក្នុងមន្ទីរពេទ្យ បានកើនពីជាង៦.០០០នាក់ដល់ជាង៩.៤៤០នាក់ក្នុងរយៈពេល១៧ថ្ងៃ។
មន្ទីរពេទ្យគន្ធបុប្ផាបានចាប់ដំណើរការឡើងវិញនៅឆ្នាំ១៩៩២ បន្ទាប់ពីបានបិទទា្វរអស់មួយ
រយៈនៅក្នុងពេលមានសង្គ្រាមអំឡុងពាក់កណ្តាលទសវត្សរ៍១៩៧០។
រយៈនៅក្នុងពេលមានសង្គ្រាមអំឡុងពាក់កណ្តាលទសវត្សរ៍១៩៧០។
រយៈពេលជាង២០ឆ្នាំកន្លងមកនេះមន្ទីរពេទ្យគន្ធបុប្ជាបានទទួលការព្យាបាលកុមារចំនួន ១,១៧លាននាក់ និងពិគ្រោះជំងឺចំនួនជាង ១១លាននាក់ដោយបានចំណាយថវិកាអស់ចំនួន ៤១០លានដុល្លារអាមេរិក។
រៀងរាល់ថ្ងៃនៅម៉ោង៦ព្រឹក លោកវេជ្ជបណ្ឌិត Beat Richner តែងតែមានវត្តមាននៅក្នុង មន្ទីរពេទ្យរួចជាស្រេចដើម្បីស្តាប់របាយការណ៍ពីស្ថានភាពអ្នកជំងឺកាលពីពេលយប់។ បន្ទាប់មកនឹងមានការប្រជុំខ្លីមួយដោះស្រាយបញ្ហាផ្សេងៗ អំពីជំងឺដែលប្រឈម។
ភាគច្រើនគាត់តែងតែទៅពិនិត្យជំងឺកុមារណាដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងសង្រ្គោះបន្ទាន់។
ក្នុង១ថ្ងៃគាត់សម្រាកពេលថ្ងៃត្រង់នៅចន្លោះម៉ោង ១១:៣០នាទី ដល់ម៉ោង១:៣០នាទី នៅពេលល្ងាចម៉ោងប្រមាណជា ៥ឬ ៦គាត់ចាកចេញពីមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត Beat Richner បានឲ្យដឹងថាក្រោយពេលដែលគាត់ពិសារបាយល្ងាច ហើយគាត់ត្រូវតែទាក់ទងទៅប្រទេសស្វីសដើម្បីបញ្ជូនរបាយការណ៍ពីស្ថានភាពជំងឺផ្សេងៗដែល បានកើតមាននៅក្នុងមន្ទីរពេទ្យដល់ម្ចាស់ជំនួយនិងត្រូវធ្វើគម្រោងជាច្រើនទៀតសម្រាប់រកជំនួយទ្រទ្រង់មន្ទីរពេទ្យដែលអ្នកជំងឺបានកើនឡើងជារៀងរាល់ថ្ងៃ។
នេះគឺអ្វីដែលពិបាកបំផុតសម្រាប់គាត់ដែលត្រូវព្យាយាមតែម្នាក់ឯងរកថវិកាឲ្យបាន យ៉ាងហោចណាស់៣១លានដុល្លារអាមេរិកក្នុង១ឆ្នាំដើម្បីជួយដល់កុមារកម្ពុជា។
ជារៀងរាល់ឆ្នាំលោកវេជ្ជបណ្ឌិត Beat Richner តែងតែសរសេរសំបុត្រ២ដងដើម្បីក្រើនរំលឹកទៅសមាជិកដែលជាអ្នកផ្តល់ជំនួយចំនួន១០ម៉ឺននាក់នៅប្រទេសស្វីសនិងទៅលេងសេឡូ (cello) នៅទីនោះ២ដងផងដែរ ដើម្បីរកថវិកាបន្ថែមទៀត។
រៀងរាល់ឆ្នាំមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំត្រូវការថវិកាចំនួន៣៦លានដុល្លារអាមេរិកសម្រាប់បំពេញប្រតិបត្តិការរបស់ខ្លួន។ ក្នុងនោះរដ្ឋាភិបាលប្រទេសស្វីសជួយចំនួនបីលានដុល្លាររដ្ឋាភិបាលកម្ពុជាជួយចំនួនពីរលានដុល្លារ ហើយក្រៅពីនោះគឺជាជំនួយពីសប្បុរសជន ដែលលោករិចនើ ធ្វើការរៃអង្គាស ជាពិសេសតាមរយៈការលេងសេឡូ (cello)។
រយៈពេល២០ឆ្នាំកន្លងមកនេះលោកវេជ្ជបណ្ឌិត Beat Richner មិនមានពេលឈប់សម្រាកផ្ទាល់ខ្លួននោះទេ។ ការខិតខំប្រឹងប្រែងនិងលះបង់គ្រប់យ៉ាងទៅលើកុមារដែលមិនមែនជាជាតិសាសន៍របស់ខ្លួននេះលោកវេជ្ជបណ្ឌិតបានឲ្យដឹងថាគាត់គឺជាគ្រូពេទ្យម្នាក់ដូច្នេះការជួយសង្រ្គោះជីវិតមនុស្សគឺជារឿងសំខាន់ហើយជាពិសេសលោកចង់ឲ្យកុមារក្រីក្រនៅកម្ពុជាទទួលបានការព្យាបាលដូចជាកុមារនៅបណ្តាប្រទេសជឿនលឿនដទៃទៀតដែរ។
ទោះបីជាមន្ទីរពេទ្យគន្ធបុប្ជាទទួលការគ្រាំទ្រជឿជាក់ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជានិងបានគេត្រូវស្គាល់ថាបានជួយកុមារជាច្រើនឲ្យជាសះស្បើយពីជំងឺនិងគេចផុតពីការបាត់បង់ជីវិត យ៉ាងណាក៏ដោយ ក៏លោកវេជ្ជបណ្ឌិតប៊ីត រិចនើ នៅតែចាត់ទុកថាលោកមិនទាន់បានទទួលជោគជ័យនៅឡើយសម្រាប់ការផ្តល់ឲ្យដល់កុមារកម្ពុជានោះ។
លោកបានប្តេជ្ញាថា លោកនឹងត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាពរបស់គាត់ដើម្បីរកថវិកាឲ្យបាន ៦០០លានដុល្លារអាមេរិកសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ជានាពេល ២០ឆ្នាំខាងមុខទៀតមុនពេលគាត់ចាស់មិនអាចលេងសេឡូ (cello) រកថវិកាតទៅទៀតបាន។
«បំណងសំខាន់របស់ខ្ញុំ ខ្ញុំចង់បង្កើតការគៀងគរនូវមូលនិធិដ៏ធំមួយ។ ហើយខ្ញុំកំពុងចាប់ផ្តើមនូវគម្រោងនេះ ដោយមានការសំណូមពរយ៉ាងទទូចដល់រដ្ឋាភិបាលស្វីស រដ្ឋាភិបាលកម្ពុជា អង្គការអន្តរជាតិ និងធនាគារអន្តរជាតិសម្រាប់ចូលរួមក្នុងមូលនិធិនេះ។ ដោយគ្រួសារកុមារ៨០ភាគរយនៅមានជីវភាពយ៉ាប់យឺន នៅមិនទាន់មានលទ្ធភាពសម្រាប់ការចំណាយលើការព្យាបាលជំងឺនៅឡើយ។ដូច្នេះដរាបណាការងារគៀងគរមូលនិធិនេះ នៅទាន់បានសម្រេចនោះទេ ខ្ញុំមិនទាន់អាចនិយាយបានថាការងារដែលខ្ញុំបានធ្វើកន្លងមក បានទទួលជោគជ័យនោះទេ»។
កុមារកម្ពុជាភាគច្រើនមកពីគ្រួសារក្រីក្របានមកសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនេះដែលជាមធ្យមចំនួន១២ម៉ឺននាក់ក្នុងមួយឆ្នាំ។ ភាគច្រើននៃកុមារទាំងនោះ មានសភាពធ្ងន់ធ្ងរដែលងាយស្លាប់បាន ដូចជាកុមារមានជំងឺគ្រុនឈាម រលាកខួរក្បាល របេង និងបេះដូងប្រហោងពីកំណើតជាដើម។
លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា ជានាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យគន្ធបុប្ជាដែលបានធ្វើការជាមួយលោកវេជ្ជបណ្ឌិតប៊ីត រិចនើ អស់រយៈពេល២០ឆ្នាំកន្លងមកនេះបាន ឲ្យដឹងថាលោកវេជ្ជបណ្ឌិត ប៊ីត រិចនើ ជាមនុស្សម្នាក់ដែលមានការលះបង់ខ្ពស់ដែលមិនអាចរកអ្នកផ្សេងមកជំនួសបាននោះទេ។
«គាត់រវៀសរវៃណាស់ខួរក្បាលគាត់ក្តាប់ការងារណែនណាស់ ព្រលឹមឡើងអ្នកដែលយាមពីយប់ត្រូវរាយការណ៍ប្រាប់គាត់ទាំងអស់ទាំងភ្នំពេញ ជំងឺចូលធ្ងន់ប៉ុន្មាន ស្រាលប៉ុន្មាន ចូលចំនួនប៉ុន្មានក្នុង១ថ្ងៃ សម្រាលកូន១យប់ប៉ុន្មាន។ គាត់ក្តាប់ការងារមន្ទីរពេទ្យទៅលើជំងឺដោយខ្លួនគាត់ ជំងឺករណីដែលចូលរាល់ថ្ងៃដែលយើងរាយការណ៍នោះគាត់សួរហើយថាបានធ្វើអ្វីខ្លះ ត្រូវការយកលទ្ធផលមកបង្ហាញគាត់ទៀត នេះគឺជាការងារចម្បងធំបំផុតដែលខ្ញុំស្គាល់គាត់មក»។
ទោះបីជាលោកវេជ្ជបណ្ឌិតប៊ីត រិចនើ ធ្វើការជាប់ជាប្រចាំក្នុង១សប្តាហ៍ ៧ថ្ងៃ ក្នុង១ថ្ងៃជាង ១០ម៉ោង ហើយរយៈពេល២០ឆ្នាំមកនេះគាត់មិនដែលឈប់សម្រាកសូម្បីតែពេលគាត់ឈឺក៏ដោយ។ក្នុង១សប្តាហ៍ គាត់ចំណាយពេលសម្រាប់មន្ទីរពេទ្យគន្ធបុប្ជានៅភ្នំពេញប្រហែលជា២ទៅ៣ថ្ងៃ ក្រៅពីនេះគាត់នៅមន្ទីរពេទ្យគន្ធបុប្ជាសៀមរាប។ នេះបើតាមប្រសាសន៍របស់លោកសាស្រ្តចារ្យ យ៉ៃ ចន្ទនា។
«គាត់ដឹងតែពីធ្វើការ ដឹងតែមានបញ្ហាដោះស្រាយ ធ្វើការដោះស្រាយបញ្ហា ធ្វើទាំងអស់ មិនដែលចេះរអ៊ូរទាំដឹងតែពីធ្វើៗ។ មិនបាច់ថា ១ថ្ងៃទេ ២០ឆ្នាំមកហើយគាត់មិនដែលសម្រាកថ្ងៃណាឲ្យបាន១ថ្ងៃ អត់ អត់ដាច់ខាត។ គំរូគាត់បែបនេះទើបអាចគ្រប់គ្រងបុគ្គលិកបាន ដោយសារយើងមើលវីរភាពរបស់គាត់ មើលគំរូរបស់គាត់វាធំធេងណាស់ វាខ្លាំងក្លាណាស់។ ពេលខ្លះគាត់ថាគាត់ឈឺដែរ ប៉ុន្តែគាត់នៅតែមកធ្វើការ មកធ្វើទាំងឈឺ អត់សម្រាកដាច់ខាត»។
លោកសាស្រ្តចារ្យបានឲ្យដឹងបន្តថាការខិតខំប្រឹងប្រែងរបស់គាត់ដែលមិនហ៊ានឈប់សម្រាកនេះ គឺដោយសារតែអ្នកជំងឺមានការកើនឡើងរហូតដោយមន្ទីរពេទ្យគន្ធបុប្ជាទាំង៥ មាន អ្នកសម្រាកពេទ្យចន្លោះពី៤០០នាក់ ទៅ៦០០នាក់ និងអ្នកមកពិគ្រោះជំងឺ ៣.០០០នាក់ក្នុង១ថ្ងៃ។
លោកវេជ្ជបណ្ឌិតប៊ីត រិចនើ រស់នៅក្នុងផ្ទះជួលតូចតែប៉ុណ្ណោះទាំងនៅភ្នំពេញ និងសៀមរាបដោយនៅក្នុងផ្ទះនោះមានតែអ្នកយាមម្នាក់និងអ្នកសម្អាតម្នាក់។ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ជាទាំង៥ មាន បុគ្គលិកពេទ្យ សន្តិសុខ អ្នកអនាម័យមានចំនួន ២.៤០០នាក់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត ប៊ីត រិចនើ ទាំងអស់។
អ្នកស្រី ជា អាន ជាប្រជាពលរដ្ឋរស់នៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដែលកំពុងអង្គុយ មើលកូនរបស់គាត់ឈឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ជា ឲ្យដឹងថាគាត់បានឃើញលោកវេជ្ជបណ្ឌិត ប៊ីត រិចនើ នៅពេលដែលគាត់ដើរពិនិត្យជំងឺហើយតាមការសង្កេតរបស់អ្នកស្រី ឃើញថាលោកវេជ្ជបណ្ឌិត រិចនើ មានការយកចិត្តទុកដាក់ម៉ឺងម៉ាត់បំផុតនៅពេលដែលគាត់ពិនិត្យជំងឺកុមារ។
«គាត់មានអ្នកបកប្រែរបស់គាត់មកមើលចង្អុលពីហេតុការណ៍កូនហ្នឹង។ គាត់មកមើល គាត់មកសួរតាមគ្រប់គ្រែអ្នកជំងឺ។ គាត់យកចិត្តទុកដាក់ណាស់ គាត់ដូចស្វាហាប់ខ្នះខ្នែងក្នុងការជួយដល់កុមារយើងតែម្តង។ ក្នុងចិត្តខ្ញុំអរណាស់ បើបានគាត់មកជួយអញ្ចឹង បើគ្មានគាត់ទេកូនរបស់ ពួកខ្ញុំមិនដឹងកណ្តៀតយកទៅខាងណាទេ។ ខ្ញុំមិនភ្លេចគុណគាត់ទេ»។
ជាទូទៅគេសង្កេតឃើញថាប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាភាគច្រើនបានដឹងពីការលះបង់របស់លោកវេជ្ជបណ្ឌិតប៊ីត រិចនើដែលបានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិត របស់គាត់នៅក្នុងសកម្មភាពមនុស្សធម៌ដោយបានជួយកុមារកម្ពុជាជាច្រើនឲ្យជាពីជំងឺ និងរួចពីការបាត់បង់ជីវិត។
ជាមួយគ្នានេះដែរលោក ឆាយ សារ៉ាត់ ជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ បានសម្តែងការកោតសរសើរជាខ្លាំងពីការលះបង់ដ៏អស្ចារ្យរបស់លោកវេជ្ជបណ្ឌិត ប៊ីត រិចនើ ហើយវត្តមានរបស់លោក រិចនើ នៅក្នុងប្រទេសកម្ពុជាពិតជាមោទនភាពបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ។លោកបានអំពាវនាវដល់អ្នកដែលមាននៅក្នុងប្រទេសកម្ពុជា គួរយកគំរូតាមវីរភាពរបស់លោក រិចនើ។
«ខ្ញុំចាត់ទុកគាត់ជាវីរបុរសសម្រាប់ខ្មែរយើង ថ្វីត្បិតតែគាត់ជាជនបរទេសក៏ដោយ។ សំខាន់ថាអ្វី ដែលគាត់ធ្វើបង្ហាញថាគាត់មានបេះដូងល្អ មានទឹកចិត្តក្នុងការជួយដល់មនុស្សជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះក៏ដូចជាការលះបង់របស់គាត់គឺជាគំរូមួយដ៏ល្អ ប្រជាពលរដ្ឋខ្មែរជាពិសេស គឺអ្នកដែលមាន លោកឧកញ៉ាទាំងអស់នោះគួរតែពិចារណាយកតម្រាប់តាមគាត់»។
ជារៀងរាល់ព្រឹកនៅក្បែររបងមន្ទីរពេទ្យគន្ធបុប្ជាក្រុងភ្នំពេញ ប្រជាពលរដ្ឋដែលមានកូនឈឺមកស្ទើរពីគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាបានមកអង្គុយរង់ចាំ តំរង់ ជួរគ្នាជា២ជួរ យ៉ាងវែង ណែនណាន់តាន់តាប់ ហើយជាច្រើនឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ជា បានក្លាយជាទីពំនឹងរបស់គ្រួសារក្រីក្រកម្ពុជាសម្រាប់ព្យាបាលកូនៗរបស់ពួកគេ។ ដោយប្រជាពលរដ្ឋជាច្រើនទាំងក្នុង និង ក្រៅប្រទេសសុទ្ធតែបានទទួលស្គាល់ថាលោកវេជ្ជបណ្ឌិត ប៊ីត រិចនើ ជាមនុស្សសំខាន់បំផុតដែលមិនអាចខ្វះបាននៅក្នុងដំណើរការទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ជានេះ៕