កម្ពុជា​បញ្ជូន​ជនជាតិ​ចិន និង​តៃវ៉ាន់​ចំនួន ៦៣ នាក់ ទៅ​កាន់​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

រូបឯកសារ៖ រូបថតបញ្ចេញដោយមន្រ្តីប៉ូលិសកម្ពុជា បង្ហាញពីប៉ូលិសមួយរូបឈរជិតជនជាតិចិន និងតៃវ៉ាន់ ដែលត្រូវបានចាប់ខ្លួន នៅក្រុងភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិន ៥០ នាក់ និង​ជនជាតិ​តៃវ៉ាន់ ១៣ នាក់ ទៅ​កាន់​ប្រទេស​ចិន ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ការ​បញ្ជូន​នេះ​គឺ​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​មួយ​រូប​នៅ​ថ្ងៃ​ពុធ​នេះ។

លោក​ឧត្ដមសេនីយ៍ អ៊ុក ហៃសិលា ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​នេះ ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​យន្តហោះ​ពិសេស​មួយ​គ្រឿង​ពី​ទីក្រុង​ប៉េកាំង​ដើម្បី​ដឹក​ជន​ទាំង​នេះ​ទៅ​កាន់​ប្រទេស​ចិន។

ជន​សង្ស័យ​ទាំង ៦៣ នាក់​នេះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​មុន​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​បោកប្រាស់​ជន​រងគ្រោះ​នៅ​ក្នុង​ប្រទេស​ចិន តាម​រយៈ​ការ​ទំនាក់ទំនង​ទូរស័ព្ទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​អ៊ុក ហៃសិលា បាន​បន្ថែម​ថា ចាប់តាំង​ពី​ឆ្នាំ ២០១២ មក យ៉ាង​ហោច​ណាស់​មាន​ជនជាតិ​ចិន​និង​ជនជាតិ​តៃវ៉ាន់​ចំនួន ៩៨២ នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ពាក់ព័ន្ធ​ជាមួយ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន។

សកម្មជន​សិទ្ធិ​មនុស្ស និង​អាជ្ញាធរ​តៃវ៉ាន់ បាន​និយាយ​ថា ការ​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទាំង​នេះ​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ បង្ហាញ​ពី​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ដែល​ប្រទេស​ចិន​មាន​លើ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ជំនួយ និង​ការ​វិនិយោគ។

ប្រទេស​ចិន​ជា​សម្ព័ន្ធ​មិត្ត និង​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា។ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ និង​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ទឹក​ប្រាក់​ច្រើន​លាន​ដុល្លារ​អាមេរិក​កន្លង​មក៕