អាជ្ញាធរប៉ូលិសកម្ពុជា បានបណ្តេញជនបរទេសជិត១ម៉ឺននាក់ចេញពីប្រទេសកម្ពុជាក្នុងរយៈពេលជាងពីរឆ្នាំមកនេះ ហើយក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។ នេះបើតាមតួលេខចុងក្រោយ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែល VOA ទទួលបាននៅថ្ងៃពុធនេះ។
ប៉ូលិសឱ្យដឹងថា ក្នុងចំណោមជនបរទេសដែលត្រូវបណ្តេញចេញចំនួន៩.៧៥១នាក់ពីឆ្នាំ២០១៤ ដល់បីខែដើមឆ្នាំ២០១៦នេះ គឺមាន៦៨សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ ដែលមានចំនួន៨.១៣៧នាក់។
ក្នុងប្រតិបត្តិការអនុវត្តន៍ច្បាប់កន្លងមក ប៉ូលិសចាប់បានជនអន្តោប្រវេសន៍ដែលចូលមកកម្ពុជាដោយខុសច្បាប់ ដោយសារគ្មានលិខិតឆ្លងដែន និងប្រើប្រាស់លិខិតឆ្លងដែនហួសសុពលភាព ហើយអ្នកខ្លះប្រកបការងារក្នុងការដ្ឋានសំណង់ និងប្រព្រឹត្តសកម្មភាពឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
ឆ្នាំដែលមានការបណ្តេញចេញច្រើនជាងគេបំផុត គឺឆ្នាំ២០១៥ដែលមានរហូតដល់ជិត៧០០០នាក់៕