ក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលស្ថានការណ៍ប្រទេសកម្ពុជា មើលឃើញថាការផ្លាស់ប្តូរប្រធានាធិបតីអាមេរិកនឹងអាចជាពន្លឺមួយសម្រាប់ការកែលម្អលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ក្រោមហេតុផលថារដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនសូវយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងពិភពលោក។
ពួកគេបានបង្ហាញក្តីបារម្ភចំពោះការប្រែប្រួលគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដែលអាចបង្កើនសម្ពាធសេដ្ឋកិច្ច និងការទូត ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនូវដំណើរការប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា ដែលបានកំពុងស្ថិតក្រោមការដឹកនាំដោយគណបក្សតែមួយ ហើយកំពុងត្រូវបានរួមរឹតដោយការចោទប្រកាន់នានាជុំវិញការបំបិទសំឡេងពួកអ្នករិះគន់ និងក្រុមមាននិន្នាកាជំទាស់នឹងរដ្ឋាភិបាល។
នៅថ្ងៃទី៣ ខែវិច្ឆិកានេះ គឺជាថ្ងៃបោះឆ្នោតសំខាន់ចុងក្រោយ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីគណបក្សសាធារណរដ្ឋដែលមានលោក ដូណាល់ ត្រាំ បានកាន់អំណាចអស់រយៈពេលបួនឆ្នាំ។ នៅមុនការបោះឆ្នោតមកដល់នេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រឹងប្រែងកៀរគររកសំឡេងគាំទ្រ ដើម្បីឲ្យលោកយកឈ្នះបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃដិន (Joe Biden)។ លោក បៃដិន គឺជាអតីតអនុប្រធានាធិបតីក្នុងជំនាន់រដ្ឋបាលរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលមកពីគណបក្សប្រជាធិបតេយ្យ។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម័្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (សង់ត្រាល់)ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំ សហរដ្ឋអាមេរិកមិនយកចិត្តទុកដាក់ខ្លាំងលើការពង្រឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាទេ ហើយលោកថារបបផ្តាច់ការមួយចំនួន ក៏កាន់តែគឃ្លើននឹងការរំលោភសិទ្ធិ។
លោកបន្តថាលោកត្រាំដែលជាអ្នកជំនួញនោះ បានខិតខំពង្រឹងសេដ្ឋកិច្ចអាមេរិក ដោយការធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ដែលព្យាយាមសាបព្រោះរបបកុម្មុយនីស្តផ្តាច់ការនៅក្នុងតំបន់និងប្រទេសមួយចំនួនទៀតនៅទូទាំងពិភពលោក។
លោកបន្ថែមថាសហរដ្ឋអាមេរិកនៅពេលនេះ កំពុងក្លាយជាទីផ្សារសំខាន់សម្រាប់ការនាំចេញទំនិញពីប្រទេសកម្ពុជា តាមប្រព័ន្ធអនុគ្រោះពន្ធឬGSP (Generalized System of Preferences) បន្ទាប់ពីសហភាពអឺរ៉ុបបានដកមួយផ្នែករបស់ខ្លួនសម្រាប់ការអនុគ្រោះពន្ធលើទំនិញកម្ពុជាតាមកម្មវិធី«គ្រប់មុខទំនិញលើកលែងតែសព្វាវុធ»ឬហៅកាត់ថា EBA (Everything But Arms) ដោយលើកហេតុផលអំពីការរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតលំហប្រជាធិបតេយ្យនៅកម្ពុជាជាដើម។
លោកកត់សម្គាល់បន្ថែមថារដ្ឋបាលប្រធានាធិបតីថ្មីអាចនឹងលើកយកប្រព័ន្ធអនុគ្រោះពន្ធនេះ មកជជែកជាមួយកម្ពុជា។
លោកមឿន តុលា មានប្រសាសន៍ថា៖ «យើងដឹងហើយថា នៅពេលដែលកម្ពុជាមានបញ្ហាជាមួយនឹងសហភាពអឺរ៉ុប ការនាំចេញពីប្រទេសកម្ពុជាទៅអាមេរិកហ្នឹងមានការកើនឡើងទ្វេដង។ អ៊ីចឹងបើសិនជាប្រធានាធិបតីថ្មី ឬក៏មានការប្រែប្រួលប្រធានាធិបតី ប្រហែលជាអាច ប្រធានាធិបតីហ្នឹងគាត់ប្រើឥទ្ធិពលនៃប្រព័ន្ធអនុគ្រោះពន្ធហ្នឹង ឬក៏ទីផ្សារនៅអាមេរិកហ្នឹង ជំរុញឲ្យមានការគោរព ការពិចារណាឡើងវិញ ទៅលើការកែសម្រួលនូវសិទ្ធិការងារ សិទ្ធិមនុស្សអីហ្នឹង នៅប្រទេសកម្ពុជាខ្លះដែរ»។
ប្រព័ន្ធអនុគ្រោះពន្ធGSPរបស់សហរដ្ឋអាមេរិកនេះ ដែលផ្តល់ដល់ប្រទេសជាង១០០នៅជុំវិញពិភពលោក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន៥ ក្នុងនោះមានកម្ពុជាដែរ នឹងអស់សុពលភាពនៅត្រឹមចុងឆ្នាំ២០២០នេះ ប្រសិនបើសភាសហរដ្ឋអាមេរិកសម្រេចមិនអនុញ្ញាតឲ្យបន្តទៀត។ នៅក្រោមGSPនេះ កម្ពុជាបាននាំទំនិញសម្រាប់ការធ្វើដំណើរដែលមានតម្លៃជិត១ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បង្ហាញការបារម្ភចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធGSPរបស់សហរដ្ឋអាមេរិកនេះ ព្រោះបើលោក បៃដិន បានឈ្នះធ្វើជាប្រធានាធិបតីទី៤៦របស់អាមេរិក លោកនឹងគិតគូរច្រើនជាងមុនពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះយ៉ាងខ្លាំងជាពិសេសមុនការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨ ក្រោយរដ្ឋាភិបាលកម្ពុជាផ្តើមការបង្ក្រាបលើអង្គការសង្គមស៊ីវិលស្ថាប័នព័ត៌មានឯករាជ្យ ក្រុមជំទាស់ និងអ្នករិះគន់រដ្ឋាភិបាល។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយឆ្លងតាមលិខិតទៅវិញទៅមក ដោយបញ្ជាក់អំពីបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានភាពរកាំរកូសជាច្រើនឆ្នាំ។ ដំណាលគ្នានឹងភាពរកាំរកូសនេះ អ្នកធ្វើច្បាប់នៅសហរដ្ឋអាមេរិកក៏បានបង្កើតសេចក្តីស្នើច្បាប់មួយចំនួន ដើម្បីជំរុញកម្ពុជាឲ្យគោរពតាមគោលការណ៍ប្រជាធិបតេយ្យ។
សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា លោក ឯម សុវណ្ណារ៉ា យល់ថាកម្ពុជាអាចរងសម្ពាធពីសេចក្តីព្រាងច្បាប់សំខាន់មួយ គឺសេចក្តីព្រាងច្បាប់ស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជា ដែលអ្នកតាក់តែងច្បាប់អាមេរិកបានបង្កើតឡើងក្នុងគោលបំណងទាញប្រទេសកម្ពុជាឲ្យភ្ជាប់ខ្លួននឹងគោលការណ៍ប្រជាធិបតេយ្យ។
លោកពន្យល់ថាសេចក្តីព្រាងច្បាប់នេះ នៅមិនទាន់អាចត្រូវបានអនុម័តដោយព្រឹទ្ធសភាសហរដ្ឋអាមេរិកបាននៅឡើយ ខណៈសមាជិកព្រឹទ្ធសភាភាគច្រើនមកពីគណបក្សសាធារណរដ្ឋ ហើយលោកប្រធានាធិបតីត្រាំក៏កម្រនិយាយច្រើនពីការវិវឌ្ឍនៃប្រជាធិបតេយ្យនៅទូទាំងសាកលលោក។
លោកបន្ថែមថា៖ «ប៉ុន្តែបើសមាជិកព្រឹទ្ធសភា ខាងគណបក្សប្រជាធិបតេយ្យឡើងសំឡេងភាគច្រើន ហើយប្រធានាធិបតីខាងប្រជាធិបតេយ្យទៀត គឺគេហៅថាពីសភា ព្រឹទ្ធសភា ហើយនិងប្រធានាធិបតីពីខាងប្រជាធិបតេយ្យទាំងអស់។ អ៊ីចឹង គេហៅថា យន្តការច្បាប់ហ្នឹងអាចចេញលឿន ហើយកាលណាចេញលឿន ចរន្តនៃការអនុវត្តច្បាប់ ការដាក់សម្ពាធទៅលើឥស្សរជននយោបាយនៅកម្ពុជា អាចកើតឡើងច្រើន ដល់អ៊ីចឹងវាអាចប៉ះពាល់ច្រើន»។
សេចក្តីស្នើច្បាប់ដែលមានការគាំទ្រពីគណបក្សធំៗទាំងពីរនៅក្នុងរដ្ឋសភាអាមេរិក បានតម្រូវឲ្យមានការដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីយោធា និងមន្ត្រីសន្តិសុខណាដែលទទួលខុសត្រូវចំពោះការធ្វើឱ្យខូចខាតលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស ជាពិសេសទាក់ទងនឹងការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា និងការធ្វើទុក្ខបុកម្នេញលើក្រុមជំទាស់ផងដែរ។ទណ្ឌកម្មនោះរួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឱ្យចេញចូលសហរដ្ឋអាមេរិក និងមិនឱ្យធ្វើជំនួញបានជាមួយនឹងអ្នកជំនួញអាមេរិកជាដើម។
ប៉ុន្តែ លោក ម៉ៅ ច័ន្ទសុវណ្ណី វ័យ២៤ឆ្នាំ ជាអ្នកប្រឹក្សាក្នុងវិស័យអចលនទ្រព្យមួយរូបទីក្រុងភ្នំពេញ ដែលពេញចិត្តគោលនយោបាយរបស់គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ បានប្រាប់វីអូអេថា គោលនយោបាយអាមេរិកក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ភាគច្រើនផ្តោតសំខាន់លើពាណិជ្ជកម្ម ជាជាងសិទ្ធិមនុស្ស ហើយរដ្ឋបាលរបស់លោក មិនបានចូលរួមជាមួយនឹងអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចលោក សុខ ឥសាន អះអាងថា កម្ពុជាគ្មានការរំលោភសិទ្ធិមនុស្ស ដូចការអធិប្បាយរបស់ក្រុមអ្នករិះគន់នោះទេ ខណៈមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋក៏មិនសូវលើកឡើងពីបញ្ហារំលោភសិទ្ធិ និងការដើរថយក្រោយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនោះដែរ។ ហេតុដូច្នេះលោករំពឹងថា បើទោះមានការផ្លាស់ប្តូរប្រធានាធិបតីក៏ដោយ ក៏កម្ពុជានៅបន្តរក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ហើយក៏មិនចង់ឲ្យសហរដ្ឋអាមេរិកចាត់វិធានការណាមួយដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋកម្ពុជានោះដែរ។
«អ៊ីចឹង គឺថាការគេហៅថាបំប៉ោងសភាពការណ៍ពិតនៅកម្ពុជានេះ គឺថាត្រូវខ្ញុំយល់ថាត្រូវរដ្ឋាភិបាលអាមេរិកដែលដឹកនាំដោយប្រធានាធិបតីជាប់ឆ្នោតនាពេលខាងមុខនេះ គឺថាប្រាកដជាលោកផ្តល់យុត្តិធម៌ សច្ចធម៌ឲ្យកម្ពុជា។ ហើយបើផ្តល់យុត្តិធម៌ សច្ចធម៌ឲ្យកម្ពុជា ខ្ញុំយល់ថា ប្រព័ន្ធ GSPហ្នឹងមិនត្រូវបានលុបចោល ឬមួយក៏បន្ធូរបន្ថយអីទេ គឺថារឹតបន្តឹងអីទេ គឺថានៅរក្សាស្ថានភាពដើមដដែលទេបាទ»។
នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានបង្ហាញការយល់ឃើញថា បើលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលកាលនោះជាដៃគូប្រជែងជាមួយលោក ដូណាល់ ត្រាំ ត្រូវបានបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីអាមេរិក នោះពិភពលោក «អាចនឹងមានសង្គ្រាម»។
លោកបង្ហាញថា លោកចង់ឲ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោត។ ក្រោយមក លោក ហ៊ុន សែន លើកឡើងថា នេះជាការវិភាគរបស់លោកផ្ទាល់ក្នុងនាមជាមេដឹកនាំម្នាក់ និងជាអ្នកនយោបាយមួយរូប មិនមែនជាការជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់អាមេរិកនោះទេ៕