កម្ពុជា​ទាមទារ​ឲ្យ​កោះតៃវ៉ាន់​សហការ​រឿង​គ្រឿងញៀន

មន្រ្តី​កម្ពុជាដុតបំផ្លាញ​ឧបករណ៍​ផលិត​គ្រឿងញៀន​ ដែល​រឹបអូស​បាន​នៅ​ដើមឆ្នាំ​២០០៩ នៅ​ភាគ​ខាងកើតនិង​ខាងត្បូង​ប្រទេស។

ភ្នំពេញ៖ កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ផ្តល់​ភស្តុតាង​បន្ថែម​ទៀត​ពី​អាជ្ញាធរ​កោះ​តៃវ៉ាន់​បន្ទាប់​ពី​អា​ជ្ញា​ធរ​កោះ​តៃ​វ៉ាន់​ចាប់​បាន​គ្រឿង​ញៀន​យ៉ាង​ច្រើន​សន្ឋឹក​សន្ឋាប់​ដែល​ត្រូវ​បាន​សង្ស័យ​ថា បាន​ដឹក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​កោះតៃវ៉ាន។

នគរបាល​កោះ​តៃ​វ៉ាន់​កាល​ពី​ថ្ងៃ​ពុធ​បាន​រឹប​អូស​គ្រឿង​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន​ប្រមាណ​៧០​គឺឡូក្រាម​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​៧០​លាន​ដុល្លា​សហរដ្ឋ​អាមេរិកដែល​ត្រូវ​បាន​លាក់​ទុក​ក្នុង​ទូក​នេសាទ​ហើយ​ត្រូវ​បាន​សង្ស័យ​ថា​បាន​ដឹក​ជញ្ជូន​ចេញ​ពី​កម្ពុជា។​

ការិយាល័យ​ស៊ើប​អង្កេត​យុត្តិធម៌​កោះ​តៃ​វ៉ាន់​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការណ៍​ជាមួយ​នឹង​ការិយា​ល័យ​អនុ​វត្ត​ច្បាប់​គ្រឿង​ញៀន​របស់​សហ​រដ្ឋ​អាមេរិក​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប​ចាប់​តាម​ផ្កាយ​រណប​នៅ​ពេល​ដែល​ទូក​នេសាទ​នេះ​បាន​ចេញ​ដំណើរ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​កោះ​តៃវ៉ាន់។​

លោក​ឧត្តម​សេនីយ​ឯក ខៀវ សុភ័គ​ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​និយាយ​ថា លោក​មិន​ទាន់​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ហើយ​លោក​គ្រាន់​តែ​ឃើញ​នៅ​ក្នុង​ទំព័រ​សាព័ត៌មាន​ប៉ុណ្ណោះ។​

លោក​បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​សហ​ការណ៍​ជានិច្ច​ជាមួយ​នឹង​កោះ​តៃ​វ៉ាន់​ហើយ​យើង​ក៏​ត្រូវ​ការ​ឲ្យ​អាជ្ញាធរ​តៃ​វ៉ាន់​ផ្តល់​ភស្តុតាង​បន្ថែម​ជុំ​វិញ​អំពី​ការ​រឹប​អូស​គ្រឿង​ញៀន​ទាំង​នេះ។

លោក​បាន​បញ្ជាក់​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​ដែល​ផលិត​គ្រឿង​ញៀន​ទេ។

«រីក​រាយ​សហការណ៏​ជាមួយ​សម្ថកិច្ចនិង​ប្រទេស​ដែល​ចាប់​បាន​ហ្នឹង​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទាំង​អស់​គ្នា»។​

លោក​ខៀវ សាម៉នប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​និយាយ​ស្រដៀង​គ្នា​នឹង​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ដែរ​ថា លោក​មិន​ទាន់​បាន​ដឹង​សេចក្តី​រាយការណ៍​នេះ​នៅ​ឡើយ។​

«​ខ្ញុំ​អត់​បាន​អត្ថាធិប្បាយ​ទេ​ពី​ព្រោះ​ខ្ញុំ​អត់​បាន​ក្តាប់​ច្បាស់​លាស់​ដែរ»។​

កាល​ពី​ចុង​ខែ​មិនា ​កន្លង​ទៅ​នេះ​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​របស់​អូស្ត្រាលី​បាន​រាយការណ៍​ថា អាជ្ញាធរ​អូស្រ្តាលី​មាន​គម្រោង​ចាប់​ខ្លួន​លោក​ឧកញ៉ា ​ហ៊ុន តូ ក្មួយ​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី​ដោយ​សង្ស័យ​ថា លោក​ជាប់​ពាក់​ព័ន្ឋ​នឹង​ការ​រត់​ពន្ឋ​ថ្នាំ​ញៀន និង​លាង​លុយ​កខ្វក់​ទៅ​កាន់​ប្រទេស​អូស្ត្រាលី។ ​ក៏ប៉ុន្តែ​ត្រូវ​បាន​អាកខាន​ទៅវិញ ​ដោយសារ​តែ​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ​មិន​បាន​ផ្តល់​ ទិដ្ឋាកា​ដល់​លោក ​ហ៊ុន ​តូ ដោយ​ខ្លាច​ប៉ះពាល់​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា​ និង​អូស្រ្តាលី។ កាសែត​នោះ​ក៏​បាន​បញ្ជាក់​ថា ក្នុង​ពេល​នោះ​លោកឧកញ៉ា​គិត ម៉េង ក៏​មាន​ទំនាក់​ទំនង​រកស៊ី​ជាមួយ​លោក ហ៊ុន តូ ផង​ដែរ​ប៉ុន្តែ​មិន​បាន​លើក​ឡើង​ថា លោក​គិត​ ម៉េង ​ពាក់ព័ន្ធ​ក្នុង​សកម្ម​ភាព​ឧក្រិដ្ឋ​នោះ​ទេ។ លោក​ឧកញ៉ា​ ហ៊ុន តូ​ ក្រោយ​មក​បាន​បង្ហាញ​មុខ​ក្នុង​សន្និសីទ​ព័ត៌មាន​ដោយ​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។ លោកហ៊ុន តូ​បាន​គំរាម​ប្តឹង​ការ​សែត​ដែល​បាន​ចុះ​ផ្សាយ​នោះ​ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ដឹង​ថា បណ្តឹង​នោះ​បាន​ដាក់​ឬ​ក៏​យ៉ាង​ណា​នៅ​ឡើយ​ទេ៕