ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋសភា​អនុម័ត​ច្បាប់​គ្រប់​គ្រង​គ្រឿង​ញៀន​ដោយ​គ្មាន​ការ​ដេញ​ដោល​មតិ


អាជ្ញាធរ​ដុតបំផ្លាញ​គ្រឿងញៀន​ខុសច្បាប់។

នៅ​ថ្ងៃ​សុក្រ​នេះ ​រដ្ឋសភា​បាន​អនុម័ត​ច្បាប់​សំខាន់​ថ្មី​មួយ​សម្រាប់​គ្រប់គ្រង​គ្រឿងញៀន​ នៅ​កម្ពុជា​ដោយ​គ្មាន​ការពិភាក្សា​ខណៈ​ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​សម័យ​ប្រជុំ​សភា​នេះ។

ការ​អនុម័ត​ច្បាប់​គ្រឿងញៀន​នេះ​បាន​ធ្វើឡើង​ស្របពេល​ដែល​តុលាការ​ខេត្ត​បន្ទាយមានជ័យ​កំពុង​កាត់ទោស​លោក​មឹក​ ដារ៉ា ​អតីត​មន្ត្រី​គ្រឿងញៀន​ជាន់​ខ្ពស់​អំពី​បទ​ចោទប្រកាន់​ចំនួន​៣៨​ករណី​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ និង​ការ​ជួញដូរ​គ្រឿងញៀន​នៅ​ចន្លោះ​ឆ្នាំ​២០០៧ ​និង​ឆ្នាំ​២០១១​ ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។

ច្បាប់​គ្រឿងញៀន​នេះ​មាន​ចំនួន​១២៥​មាត្រា​ និង​មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ឱ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ​និង​រួម​ចំណែក​ការពារ​សណ្តាប់​ធ្នាប់​សាធារណៈ ​សន្តិសុខ​សុវត្ថិភាព​សង្គម​ និង​លើក​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ ​ព្រមទាំង​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់​សកម្ម​ក្នុង​ចំណោម​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋ​មួយៗ​ក្នុង​ការបង្ការ ​ទប់ស្កាត់​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការចរាចរណ៍​គ្រឿងញៀន​ធ្លងដែន​តាមរយៈ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន ​និង​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

លោក ​កែ ​គឹមយ៉ាន ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា ការ​អនុម័ត​ច្បាប់​នេះ​គឺ​ជា​កាយ​វិការ​ប្រកប​ដោយ​ស្មារតី ​និង​ឆន្ទៈ​ទទួល​ខុស​ត្រូវ​របស់​សមាជិក​រដ្ឋសភា​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា​ និង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការការពារ​សណ្តាប់​ធ្នាប់​សាធារណៈ ​សន្តិសុខ​សុវត្ថិភាព​សង្គម ​ ការ​លើក​កម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ។

«ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​អង្គសភា​ទាំងមូល​ ដែល​បាន​អនុម័ត​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ដ៏​មាន​សារៈសំខាន់​នេះ ​ព្រមទាំង​ទទួល​យក​នូវ​រាល់​អនុសាសន៍​របស់​សម្តេច​ប្រធាន​ ឯកឧត្តម​អនុប្រធាន​ទី​មួយ​ ឯកឧត្តម​អនុប្រធាន​ទី​ពីរ​ ព្រមទាំង​សមាជិក ​សមាជិកា​នៃ​អង្គសភា​ទាំង​មូល​ដើម្បី​ខិត​ខំ​ប្រឹងប្រែង​អនុវត្តន៍​ច្បាប់​នេះ​ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ទៅ​លើ​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន​នៅ​ពេល​ខាង​មុខ​នេះ។ ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​គ្រឿងញៀន​រិត​តែ​មាន​ប្រសិទ្ធិភាព»

លោក​ កែ ​គឹមយ៉ាន ​បាន​ថ្លែង​ប្រាប់​សម័យ​ប្រជុំ​សភាថា​ស្ថានភាព​គ្រឿងញៀន​មិន​មាន​ការ​ថយចុះ​ទេ​ ហើយ​ពួក​ឧក្រិដ្ឋកម្ម​នៅ​តែ​យក​កម្ពុជា​ធ្វើ​ជា​គោលដៅ​ឆ្លងកាត់​ និង​ចែកចាយ​គ្រឿងញៀន​ ព្រមទាំង​ខិត​ខំ​ស្វែងរក​ឱកាស​ ដើម្បី​ផលិត​កែច្នៃ​គ្រឿនញៀន​នៅ​កម្ពុជា​ ជា​ពិសេស​គ្រឿងញៀន​សំយោគ​ (ATS)។

លោក ​កែ ​គឹមយ៉ាន ​បាន​បញ្ជាក់​ថា​នគរបាល​បង្ក្រាប​បាន​គ្រឿងញៀន​ចំនួន​៦៨៤​ករណី​ ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ១.៥៧០​នាក់ ​រួមមាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣៩២​នាក់។ ​ឃុំ ​សង្កាត់​ប្រមាណ​១៨១​នៃ​ឃុំ​សង្កាត់​សរុប​១.៦២១ ​បាន​រង​ផលប៉ះពាល់​ពី​គ្រឿងញៀន​។ ​អ្នក​ញៀន​គ្រឿងញៀន​ ប្រមាណ​១ ៦០០​នាក់​កំពុង​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​ចំនួន​១៣​កន្លែង។

រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ត្រួត​ពិនិត្យ​គ្រឿងញៀន​ដែល​មាន​១២៥​មាត្រា​ តែ​ក្នុង​រយៈពេល​បី​ម៉ោង​ដោយ​គ្មាន​ការ​ពិភាក្សា។

លោក​ ងួន ​ញឹល ​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា

«បើ​គ្មាន​មតិ​ ខ្ញុំ​សុំ​អង្គសភា​អនុម័ត​នៅ​ជំពូក​ទី​៧។​ ខ្ញុំ​បាទ​សូម​គោរព​រាយការណ៍​ជូន​ឯកឧត្តម​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​ថា​អង្គសភា​បាន​អនុម័ត​លើ​ជំពូក​ទី​៧​នៃ​សេចក្តី​ព្រាងច្បាប់​នេះ​ ដោយ​មាន​សំឡេង​អនុម័ត​យល់​ព្រម​៧៧​លើ​៧៩»

លោក ​យូ ​ហុកគ្រី ​សមាជិក​សភា​គណបក្ស​នរោត្តម​ រណឬទ្ធិ ​បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ ថា សភា​ហាក់បី​ដូច​ជា​ស្ងាត់ ​ប៉ុន្តែ​ការ​ស្ងាត់​នេះ​មិនមែន​បាន​សេចក្តី​ថា​មិនមាន​យោបល់​អ្វី​នឹង​ច្បាប់​នេះ​ទេ​ ដោយ​យល់ថា​ច្បាប់​នេះ​មាន​សារៈសំខាន់​ និង​ឆ្លើយ​តប​ទៅ​នឹង​កាលៈទេសៈ​បច្ចុប្បន្ន។

លោក ​យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សម​ រង្សី​ បាន​ថ្លែង​ថា​ ការ​អនុម័ត​ច្បាប់​ដោយ​គ្មាន​ការ​ពិភាក្សា​របស់​រដ្ឋសភា​នេះ​គឺ​ជា​សេចក្តីសម្រេច​មិន​ស្រប​ច្បាប់។

«ចាប់​តាំង​ពី​ម្សិលម៉ិញ​មក ​សភា​មិន​មាន​ធម្មនុញ្ញភាព ​ហើយ​វា​មាន​ការ​ខុស​ច្បាប់។​ អញ្ចឹង​សេចក្តីសម្រេច​ទាំង​អស់​ហ្នឹង​មិន​ស្រប​នឹង​ធម្មនុញ្ញភាព​ទេ។ វា​បង្ហាញ​មុខមាត់​យ៉ាង​ច្បាស់​អំពី​អំណាច​របស់​សភា ​ភាព​ទន់​ខ្សោយ​របស់​សភា ​នៅ​ពេល​អ្នក​កាន់​អំណាច​បញ្ជូន​ច្បាប់​មក​អត់​មាន​ការពិភាក្សា ​ឬ ​ការ​កែប្រែ​សួរ​ដេញដោល​អ្វី​ទាំង​អស់។ ​យើង​ឃើញ​ហើយ​ប្រព័ន្ធ​ត្រួតពិនិត្យ​តុល្យភាព​នេះ​គឺ​ខ្សោយ​បំផុត​ នៅ​ពេល​ណា​ដែល​គ្មាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា»

លោក ​នី ​ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ បាន​លើក​ឡើង​ថា​អង្គការ​សង្គម​ស៊ីវិល​មាន​ការព្រួយបារម្ភ​អំពី​ការអនុម័ត​ច្បាប់​ដោយគ្មាន​ការ​សួរ​ដេញដោល ​និង​គ្មាន​ការចូលរួម​ពី​គណបក្ស​ប្រឆាំង​។ ​យើង​មាន​ការព្រួយបារម្ភ​ថា​ច្បាប់​នេះ​ អាច​មាន​គុណភាព​នោះ។

«កាលណា​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ដើម្បី​សួរ​ដេញដោល​ឱ្យ​បាន​ច្រើន​ទេ​ ហើយ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ទេ ​វា​ធ្វើ​ឱ្យ​ការ​អនុវត្តន៍​ច្បាប់​មិន​សូវ​បាន​ល្អ ​ហើយ​ខ្លឹមសារ​នៃ​ច្បាប់​ដែល​បាន​អនុម័ត​ក៏​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​ទេ»

ច្បាប់​គ្រឿងញៀន​ថ្មី​នេះ​គឺ​ជា​ការកែ​សម្រួល​ពី​ច្បាប់​គ្រឿងញៀន​ឆ្នាំ​១៩៩៧​ ដែល​បាន​ធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ​២០០៥​មិន​ឆ្លើយ​តប​នឹង​ការវិវត្ត​នៃ​ស្ថានភាព​គ្រឿងញៀន​បច្ចុប្បន្ន៕

XS
SM
MD
LG