សារព័ត៌មាន The Cambodia Daily ដែលផ្សាយចេញពីក្រៅប្រទេសតាមប្រព័ន្ធសង្គមហ្វេសប៊ុក និងគេហទំព័រ បានលុបចោលការដកស្រង់សម្តីមួយចំនួនរបស់មន្រ្តីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ខណៈអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានដាក់ពាក្យបណ្តឹងទៅតុលាការកាលពីថ្ងៃចន្ទ ដោយប្តឹងទាមទារសំណងជំងឺចិត្តប្រមាណ ៥០ ម៉ឺនដុល្លារអាមេរិក។
បើតាមអត្ថបទកែសម្រួលចុងក្រោយ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន The Cambodia Daily ត្រង់ចំណុចថា៖ «វិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយមិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ» និងឃ្លាត្រង់ចំណុចថា៖ «ប្រភពដដែលបានបន្ដថា គណបក្សនយោបាយទាំងអស់គួរតែប្រើវិធីចាស់ទុំដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរបញ្ឈប់នូវវប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ»។
កាលពីថ្ងៃទី ២ ខែកុម្ភៈ សារព័ត៌មាន The Cambodia Daily បានផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់ខ្លួន និងគេហទំព័រ ពាក់ព័ន្ធនឹងអត្ថបទមួយ៖ «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង១លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច»។ លោក ស៊ឹង សែនករុណា ដែលជាអ្នកនាំពាក្យរបស់សមាគមអាដហុក ត្រូវបានយោងសម្តីមួយចំនួនក្នុងអត្ថបទនោះ ដោយលើកឡើងថា គណបក្សប្រជាជនកម្ពុជាជាគណបក្សមួយមានធនធានថវិកាច្រើន ដូច្នេះគួរយោគយល់ដល់លោក សុន ឆ័យ។ លោក ស៊ឹង សែនករុណា ត្រូវបានដកស្រង់សម្តីបន្ថែម ត្រង់ចំណុចមួយដែលទំនងពាក់ព័ន្ធនឹងការប្តឹងរបស់លោក ហ៊ុន សែន ថា៖ «ប្រភពដដែលបានឱ្យដឹងថា គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន»។
កាលពីថ្ងៃចន្ទ ក្រុមមេធាវីរបស់លោក ហ៊ុន សែន បានដាក់ពាក្យបណ្តឹងទៅតុលាការ ដោយទាមទារសំណងជំងឺចិត្តចំនួន ២ ពាន់លានរៀល ឬប្រមាណ ៥០ ម៉ឺនដុល្លារ។ នេះបើយោងតាមពាក្យបណ្តឹងដែលផ្សព្វផ្សាយលើសារព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល។ ពាក្យបណ្តឹងបញ្ជាក់ថា ការថ្លែងទាំងនោះ ជាការ«ទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា»។
នៅពេលវីអូអេទាក់ទងទៅ លោក ស៊ឹង សែនករុណា បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយលោកថា លោកចង់រក្សាភាពស្ងប់ស្ងាត់។ លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក ក៏បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយដូចគ្នា។
កាលពីថ្ងៃចន្ទ លោក ស៊ឹង សែនករុណា បានបដិសេធថា លោកមិនបានប្រើប្រាស់ពាក្យពេចន៍ចំៗលើគណបក្សប្រជាជនកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ។ លោកប្រាប់វីអូអេថា លោកធ្វើការងារក្នុងបេសកកម្ម និងសកម្មភាពពង្រឹងការគោរពសិទ្ធិមនុស្ស គោរពច្បាប់និងចង់បានយុត្តិធម៌សង្គម និងប្រជាធិបតេយ្យពិតប្រាកដ។ លោកបន្ថែមថា ការផ្តល់បទសម្ភាសន៍កាលពីកន្លងទៅ លោកមានការប្រុងប្រយ័ត្ន ហើយក៏គ្មានគោលដៅវាយប្រហារគណបក្សណាមួយឡើយ។ លោកស្នើឱ្យពិនិត្យមើលសម្តីដើមរបស់លោក។
លោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា៖ «តំណាងអយ្យការ នឹងពិនិត្យលើពាក្យបណ្តឹង ព្រមទាំងភស្តុតាងនានា ក្នុងសំណុំរឿង ហើយនីតិវិធីនឹងបន្តតាមច្បាប់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក តាំង សារ៉ាដា ប្រធានសារព័ត៌មាន The Cambodia Daily បាននៅឡើយទេ។
មួយរយៈចុងក្រោយនេះ សារព័ត៌មាន The Cambodia Daily ដែលបិទការិយាល័យរបស់ខ្លួនកាលពីឆ្នាំ ២០១៧ ពាក់ព័ន្ធនឹងរឿងពន្ធជាង ៦ លានដុល្លារ ត្រូវបានមន្រ្តីរដ្ឋាភិបាលកម្ពុជា រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រតិកម្មជាបន្តបន្ទាប់ទៅលើការចុះផ្សាយនានាថា ផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនមានមូលដ្ឋានច្បាស់លាស់។
អតីតនាយិកានៃមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព កាលពីថ្ងៃចន្ទ បានបង្ហោះសារអមជាមួយរូបភាពលោក ស៊ឹង សែនករុណា នៅលើហ្វេសប៊ុករបស់អ្នកស្រីថា លោក ស៊ឹង សែនករុណា តែងតែប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងបំពេញបេសកកម្មការងាររបស់ខ្លួនដោយឥតរួញរា។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា តុលាការនឹងឈរលើមូលដ្ឋានយុត្តិធម៌លើករណីបងប្រុស និងអំពាវនាវឱ្យមានការយោគយល់ ធានា និងការពារដល់ការបំពេញតួនាទីរបស់តួអង្គសង្គមស៊ីវិល ដែលមានទស្សនវិស័យចូលរួមធានាលើកកម្ពស់សិទ្ធិសេរីភាពមូលដ្ឋានដែលប្រទេសកម្ពុជាយើងបានទទួលស្គាល់»។
ចំណែកនាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា សង្ឃឹមថាតុ លាការនឹងផ្តល់សុភវិនិច្ឆយឱ្យបានត្រឹមត្រូវនៅក្នុងករណីនេះ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ថា អត់មានជាយោបល់អីទេ គ្រាន់តែសង្ឃឹមថាតុលាការនឹងផ្តល់សុភវិនិច្ឆយឱ្យបានត្រឹមត្រូវ ទាក់ទងនឹងប្តឹងនេះ មានពិរុទ្ធឬក៏មានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់តែឬទេ។ យើងសង្ឃឹមថា តុលាការពិចារណាដោយមានសុភវិនិច្ឆយ ដោយឆន្ទាគតិ ហើយនិងសម្រេចទៅលើការចោទប្រកាន់នេះ ឬក៏មិនចោទប្រកាន់នេះផ្អែកទៅលើគោលការណ៍ច្បាប់ និងសិទ្ធិមនុស្ស»។
គួរបញ្ជាក់ថា នៅក្នុងករណីពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily នេះ រហូតដល់មានការប្តឹងផ្តល់ពីលោក ហ៊ុន សែន គណបក្សប្រជាជនកម្ពុជាបានប្ដឹងលោក សុន ឆ័យ អ្នកនយោបាយជំទាស់ជើងចាស់មួយរូប កាលពីខែមិថុនា ឆ្នាំ ២០២២ ទាក់ទងនឹងការរិះគន់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥ កន្លងទៅថា មិនបានឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ មានការបំភិតបំភ័យ និងលួចបន្លំសន្លឹកឆ្នោតជាដើម។ តុលាការបានបង្គាប់ឱ្យលោក សុន ឆ័យ បង់ប្រាក់ជំងឺចិត្តប្រមាណ ៧៥ ម៉ឺនដុល្លារអាមេរិកទៅឱ្យគណបក្សកាន់អំណាច៕