សម្រាប់​អ្នក​ខ្វះខាត​ «ធុង​សហគមន៍​ចល័ត»​ នៅ​តែ​ជា​ដំណោះស្រាយ​បណ្តោះ​អាសន្ន​ដ៏​ចាំបាច់

លោក អ៊ឹម ជឿន ​អ្នក​ធាក់​ស៊ីក្លូ​ដឹក​ធុង​សហគមន៍​ចល័ត កំពុង​ចែក​សម្ភារៈ​ប្រើប្រាស់​​ដល់​ក្មេងៗ នៅ​ទីតាំង​មាត់​ទន្លេ​មុខ​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ភ្នំពេញ — ចាប់​តាំងពីខែ​មិថុនា ឆ្នាំ​ ២០២១ មក​ ជា​រៀងរាល់​ព្រឹក​ម៉ោង ៩ និង​រសៀល​ម៉ោង​ ៤ លោក អ៊ឹម ជឿន អាយុ​ ៥៤​ ឆ្នាំ​ ជា​អ្នក​ធាក់​ស៊ីក្លូ តែង​ដឹក​ធុង​សហគមន៍​ចល័ត​តាមស៊ីក្លូ​ ចេញ​ពី​សមាគម​ស៊ីក្លូ ទៅ​កាន់​ទីតាំងមួយ​នៃ​ទីតាំង​ចំនួន ១០ ដើម្បី​ចែកជូន​ដល់​អ្នក​ខ្វះខាត ក្នុង​រាជធានី​ភ្នំពេញ។

កាល​ពី​ខែ​មេសា ឆ្នាំ ២០២១​ ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ បាន​ប្រឈម​នឹង​វិធានការ​បិទ​ខ្ទប់​ដែល​បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ ដោយសារ​តែ​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩។

នៅ​រសៀល​ថ្ងៃទី ៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ប្រមាណ​ជា ៥ ខែ​ក្រោយ​ពី​វិធាន​ការ​បិទខ្ទប់ត្រូវបាន​លុប​ចោល​ និង​បួន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាលបាន​ប្រកាស​បើក​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ស្ទើរ​គ្រប់​វិស័យ​ឡើង​វិញ លោក អ៊ឹម ជឿន នៅ​តែ​បន្ត​ដឹក​ធុង​សហគមន៍​ចល័ត​ដែលមាន​ផ្ទុក​អាហារ​ ថ្នាំ​ពេទ្យ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ដើម្បី​ចែក​ចាយ​ដល់​អ្នក​ខ្វះ​ខាត។ នៅ​ពេល​នោះ លោកសង្កេត​ឃើញថា អ្នក​ដែល​មក​ទទួលយកជំនួយ​ពី​ធុង​សហគមន៍​ចល័ត​ដែល​លោក​បានដឹក​ជា​ប្រចាំថ្ងៃ​ នៅតែមានចំនួនច្រើនដដែល គឺ​ពី​ចន្លោះ ៧០ នាក់ ទៅ ៨០​ នាក់។

នៅ​ពេល​ដែល​ស៊ីក្លូ​របស់​លោក ​ជឿន​ បាន​ឈប់​អែប​ជាប់​នឹង​ខឿន​សួន​មុខ​ព្រះ​បរម​រាជ​វាំង ក្មេងៗ​ជាច្រើននាក់​បាន​រត់​សំដៅ​មក​ស៊ីក្លូ​របស់​លោក​ ដែល​មានធុង​សហគមន៍​ចល័ត​ ផ្ទុក​ទៅ​ដោយមី ទឹក​សុទ្ធ​ ស្បែក​ជើង សម្លៀក​បំពាក់ ​ម៉ាស និង​អាល់​កុល​ជាដើម។

កំពុង​ចែក​ខោអាវ អាល់​កុល និង​ម៉ាស​ទៅ​ក្មេងៗ​បណ្តើរ លោក ​ជឿន និយាយ​ប្រាប់ VOA បណ្តើរថា៖ «ថ្មើ​នេះ [ម៉ោង​៤​រសៀល] យើងចែក​ខោអាវ ទ្រនាប់​ជើង មី អាល់​កុលហ្នឹង យើង​ចែក​ឲ្យ​ពួកគាត់។ ល្ងាច​អ៊ី​ចឹង​ជួន​កាល​គេ​យក​បាយយក​មក​ដាក់អ៊ី​ចឹង មាន​ ២០០-៣០០​ កញ្ចប់ ៥០​ កញ្ចប់ ១០០ ​កញ្ចប់ ២០០ កញ្ចប់ អី​អ៊ីចឹង យក​មក​ខ្ញុំ​ដើរ​ចែក​ឲ្យ​ពួក​អ្នកក្មេងៗ ស៊ិនទ្រី ជនអនាថា មិនមែន​ប្រកាន់​ថា​ លោក​សង្ឃលោក​អី ពួក​ខ្ញុំ​ចែក​ឲ្យ​ទាំងអស់»។

​អ្នកស្រី នួន ឃាង ពលរដ្ឋដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃ​វែង កំពុងទួលយក​មី និងទឹក​ពី​ធុង​សហគមន៍​ចល័ត​នៅ​ខាង​វត្ត​បុទុម​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​ ជុំ សឿន​ ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​ទទួល​បានមី ទឹក និង​សាប៊ូដុំ​ដុស​ខ្លួន​ពី​ធុង​សហគមន៍ចល័ត នៅខាង​មុខ​សាលា​បឋម​សិក្សា​ដូនពេញ​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ធុង​សហគមន៍​ចល័ត ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យុវជន​ម្នាក់ ដែល​ជាស្ថាបនិកគម្រោង​ឈ្មោះ​ថា Local4Local ​កាល​ពី​ខែ​មេសា ឆ្នាំ​ ២០២១​ កន្លង​ទៅ​ ដើម្បី​ផ្តល់​ម្ហូប​អាហារ​ដល់​អ្នកដែលខ្វះ​ខាត ជាពិសេស​អ្នក​ដែល​ស្ថិត​ក្នុង​តំបន់​ក្រហម នៅពេល​រាជធានី​ភ្នំពេញ បាន​រង​ការ​បិទខ្ទប់ដោយ​សារ​តែ​ការ​រីករាល​ដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​១៩។​

ហើយ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ប្រកាស​ពីការ​បើក​សកម្មភាព​សេដ្ឋកិច្ច​ស្ទើរ​តែ​គ្រប់​វិស័យ​ក្នុង​ប្រទេស​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី ​១ ខែ​វិច្ឆិកាក្តី ក៏លោក អ៊ឹម ជឿន នៅតែ​ឃើញ​ថា អ្នក​ខ្វះខាត​ជាច្រើន​នាក់​ដែល​រង​ផល​ប៉ះពាល់ដោយ​សារ​ជំងឺ​កូវីដ​១៩​ នៅ​តែ​បន្ត​ត្រូវ​ការ​ជំនួយ​ជា​ម្ហូប​អាហារ និង​សម្ភារៈ​ពី​ធុង​សហគមន៍ចល័ត ដើម្បី​សម្រួលជីវភាព​របស់​ពួកគេ។

លោក​បាន​រៀបរាប់​ប្រាប់​ VOA ថា ក្នុង​មួយ​ថ្ងៃ​ ​ក្មេង​អនាថា និង​អ្នក​ដែល​មានជីវភាព​ខ្វះ​ខាត ប្រមាណ​ជាង ៧០ នាក់ បាន​មក​ទទួល​យកអាហារ​ និង​សម្ភារៈ​បរិច្ចាគ​នានា​ពី​ធុង​សហគមន៍​ចល័ត ដែល​រូបលោក និង​អ្នក​ធាក់​ស៊ីក្លូ ៩ នាក់​ ផ្សេង​ទៀត​ បាន​ដឹក​ទៅ​តាម​ទីតាំង​នីមួយៗ ដែល​ត្រូវ​បាន​កំណត់។

អ្នកស្រី នួន ឃាង ពលរដ្ឋដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃ​វែង ដែលកំពុង​យក​មី និងទឹក​ពី​ធុង​សហគមន៍​ចល័ត​នៅ​ខាង​វត្ត​បុទុមវតី​ លើក​ឡើង​ថា អ្នក​ស្រី​ធ្វើ​ដំណើរ​ពី​ខេត្តព្រៃវែង​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​រើស​អេត​ចាយ​ចិញ្ចឹម​ជីវិត។ ស្រ្តី​វ័យ​ ៧៤ ​ឆ្នាំ​រូបនេះ​ បន្ថែមថា អ្នកស្រី​មិន​មានកូន​ចៅនោះ​ទេ ហើយ​អ្នកស្រីតែង​រំពឹង​លើ​របរ​រើសអេត​ចាយ​ ដើម្បី​ដោះ​ស្រាយ​ជីវភាព​ដែល​កំពុង​ទាល់​ដូច​ពេល​បច្ចុប្បន្ន​នេះ។

ដៃម្ខាង​កំពុង​ឱប​មី និង​ទឹក​ ហើយ​ដៃ​ម្ខាង​មាន​កាន់​ឈើ​ច្រត់ផង អ្នកស្រី​ នួន ឃាង​ ថ្លែង​ពី​អារម្មណ៍ដែលទទួល​បានអាហារ​ខ្លះ​ពី​ធុង​សហគមន៍ចល័តថា៖ «មានអារម្មណ៍​សប្បាយ​ចិត្ត អរ បាន​គេធ្វើទាន ដាក់​សទ្ធា»។

លោក​ ជុំ សឿន​ ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​ទទួល​បានមី ទឹក និង​សាប៊ូដុំ​ដុស​ខ្លួន​ពី​ធុង​សហគមន៍ចល័ត ​លើកឡើងថា លោកជា​អ្នក​ធាក់​ស៊ីក្លូ និង​បោសសំរាមនៅ​ក្នុង​សាលា​បឋមសិក្សា​ដូនពេញ ដើម្បី​រក​ចំណូល​បន្ថែម​សម្រាប់​ដោះ​ស្រាយ​ជីវភាព។ លោក​ថា ភរិយា​របស់លោក​មាន​ជំងឺ​ប្រចាំ​កាយ​ ហើយ​ចំណូល​ដែល​លោក​រក​បាន មិន​គ្រប់គ្រាន់​ដើម្បី​ផ្គត់​ផ្គង់​ជីវភាពរបស់​អ្នក​ទាំង​ពីរ​ឡើយ។​

«ជីវភាព​ខ្ញុំ បើ​និយាយ​ទៅ​ខ្ញុំអត់​មាន​ដី​ធ្វើ​ស្រែទេ គឺ​ពឹង​លើ​លុយ​ខ្ញុំ​រក​បញ្ជូន​ទៅ។ បើ​យាយ​ពិការ​សុខភាព​មួយ​ឆ្នាំៗ មួយ​ខែៗ​ទាល់ណាទា​ល់ណី»។

បុរស​វ័យ ៧២ ​ឆ្នាំ​រូបនេះ បាន​និយាយ​បន្ថែម​ថា ​កញ្ចប់​អាហារ​ដែល​លោក​ទទួល​បានពី​ធុង​សហគមន៍​ចល័ត​នេះ​ អាច​ជួយ​សម្រួល​ដល់​ការ​ខ្វះ​ខាត​ខ្លះ​របស់​គ្រួសារ​លោក។

«ត្រេកអរ​ដែរ សប្បាយ​ដែរ បាន​គេ​ជួយ​ឧបត្ថម្ភ​ដល់​ខ្ញុំ​គ្រាន់​រំដោះ​គែរ​មួយពេលៗ​ដែរ។ ថ្ងៃ​ហ្នឹង​ថា​រក​ទៅ​យកបាយ​ទៀត ប៉ុន្តែអត់​បាន​ទៅ​យក ​ជាប់​បោស​សំរាម»។

កញ្ញា អ៊ឹង ប៉ជីង សិស្ស​សាកល​វិទ្យាល័យឯកជន​មួយ ​កំពុង​យកសម្ភារៈ​មក​បរិច្ចាគ​នៅ​សមាគម​អភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

«អ្នក​មាន​ដាក់ អ្នក​ខ្វះ​ដក»

នៅ​លើ​ធុង​សហគមន៍​ចល័ត​ទាំង​ ១០ គេ​ឃើញ​មាន​រូប​គំនូរ​ផ្សេងៗ អម​ដោយ​ពាក្យ​ស្លោក​ថា «អ្នក​មាន​ដាក់ អ្នក​ខ្វះ​ដក»។

បើ​តាម​លោក អ៊ឹម ជឿន ​នៅ​ពេល​ដែល​ស៊ីក្លូ​ដឹក​ធុង​សហគមន៍​ចល័ត​ទៅ​ដល់​គោល​ដៅ​នីមួយៗ មិន​មែនមាន​តែ​អ្នក​ខ្វះ​ខាត​មក​ទទួល​យក​អាហារ និង​សម្ភារៈនោះទេ ក៏​មាន​អ្នកដែល​ចង់​បរិច្ចាគ យកសម្ភារៈមក​ដាក់​ដល់​ទីកន្លែងដែល​មាន​ធុង​សហគមន៍​ផង​ដែរ។

កញ្ញា អ៊ឹង ប៉ជីង សិស្ស​សាកល​វិទ្យាល័យឯកជន​មួយ ​ដែលបាន​យកសម្ភារៈ​មក​បរិច្ចាគ​នៅ​សមាគម​ស៊ីក្លូ​ដោយ​ផ្ទាល់ ​និយាយ​ថា ការ​បរិច្ចាគទៅ​កាន់​អ្នក​ក្រីក្រ ឬអ្នកខ្វះ​ខាត​ ​ធ្វើ​ឲ្យ​កញ្ញា​មាន​ភាព​សប្បាយ​រីក​រាយ និងមាន​មោទនភាព។​

«អ្នកដែល​អាច​ជួយ​បាន អ្នកដែល​មាន​លទ្ធភាព​ជួយ ​គួរ​តែ​ជួយ​មួយ​ដៃ​មួយ​ជើង។ ដោយសារ​យើង​មិនអាច​សង្ឃឹម​ថា ​ម្នាក់​អាច​ជួយ​បាន​ទាំងអស់​ទេ។ យើង​ជួយ​ម្នាក់​បន្តិចបាន​យើង​អាច​ធ្វើ​ឲ្យ situation [ស្ថានភាព] ហ្នឹង​ល្អ​ជាង​មុន»។

​តាមរយៈ​គម្រោង​ Local4Local អ្នក​ធាក់​ស៊ី​ក្លូ​ចំនួន ​១០​ នាក់ រួម​ទាំង​លោក អ៊ឹម ជឿន ដឹក​ធុង​សហគមន៍​ចល័ត​ដោយ​ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ ដែល​មាន​ទីតាំង​នៅ​ជិត​វត្ត​កោះរាជធានី​ភ្នំពេញ ទៅកាន់​ទីតាំង​ទាំង​ ១០ ​រៀង​ៗខ្លួន ដើម្បី​ចែក​ជូន​ម្ហូប​អាហារ និង​សម្ភារៈ​ផ្សេងៗ​ដល់​អ្នក​ខ្វះ​ខាត​នៅ​ចន្លោះ​ម៉ោង​ ៩ ដល់​ម៉ោង ១០:៣០ នាទី ព្រឹក​ និង​ពីម៉ោង ៤ ដល់ម៉ោង ៥ រសៀល។

ទីតាំង​ដែលមាន​ធុង​សហគមន៍​ចល័ត​ទាំង ១០​ នោះ ​រួមមាន​មុខ​វត្តបទុម ផ្សាររាត្រី មាត់ទន្លេ​មុខវាំង​ ​តំបន់​បឹងកេងកង​ស្ថិត​លើ​ផ្លូវ ៣១០ កែង​ផ្លូវ ៥១ គល់ស្ពាន​ជ្រោយចង្វារ ផ្សារ​ទួលទំពូង ផ្សារ​អូរឫស្សី ផ្សារថ្មី ផ្សារ​ដេប៉ូ និង​សួនច្បារ​ក្ដាន់ពីរ។

សម្រាប់​លោក អ៊ឹម ជឿន ដែល​ជា​អ្នក​ធាក់​ស៊ីក្លូ​ដឹក​ធុង​សហគមន៍​ចល័ត​ម្នាក់ លោក​ទទួល​បាន​លុយ​ចំនួន​ ១២,០០០​ រៀល ​ក្នុង​មួយ​ថ្ងៃ។

មិន​ត្រឹម​តែទទួល​បាន​លុយ​តាមរយៈ​ការ​ផ្តល់​សេវាដឹក​ធុង​សហគមន៍​ចល័ត​នោះ​ប៉ុណ្ណោះ​ទេ លោក ជឿន ក៏​ថែមទាំង​មាន​មោទនភាព​ ដែលលោកបាន​ចូលរួម​មួយ​ផ្នែក​ដល់​កិច្ចការ​ជួយ​សង្គម​មួយ​នេះ។

«សប្បាយចិត្ត​ណាស់ពួកខ្ញុំ​រាល់​ថ្ងៃ ​បាន​ចែក​ទៅ​ឃើញសប្បាយ​អរ ក្មេងៗ​ខ្ញុំ​បង្ហោះ​ [រូប​ថត] ទៅ​ដល់អាមេរិកអី​អ៊ី​ចឹង […​] ជួនកាល​ទៅ​មួយ​ធុង​ហ្នឹង​ហៀរ​ ទាំង​បាយ​ទាំង​ទឹក ទាំង​អីវ៉ែអីវ៉ាន់ហ្នឹង យក​មក​ចែក​ពីរ​បី​កន្លែងអីចឹង​ ១០គោលដៅ ដាក់ពេញៗ​ធុង។ ដល់ពេល​ជុំ​គ្នាមើល​ បាន​សប្បាយចិត្ត​ថា​យើង​ដើរ​ចែក​។ គេ​ក៏​បាន​បុណ្យ យើង​ក៏​បាន​បុណ្យ។ បាន​បុណ្យ​ដូចគ្នា»។

លោក អ៊ឹម សម្បត្តិ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ លើកឡើង​ថា ធុង​សហគមន៍​ចល័ត មិនត្រឹម​តែ​បានផ្តល់​អាហារ និង​សម្ភារៈ​ផ្សេងៗ​ដល់​ប្រជាជន​ដែល​ខ្វះ​ខាតនោះ​ទេ គម្រោង​នេះ​ថែមទាំង​បាន​ជួយ​សម្រួល​ដល់​ជីវភាព​របស់​អ្នក​ធាក់​ស៊ីក្លូ​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។

លោក អ៊ឹម សម្បត្តិ ​បាន​ប្រាប់ VOA បន្ថែម​ថា​ ជាទូទៅ​អ្នក​ដែល​បាន​បរិច្ចាគ​អាហារ និង​សម្ភារៈ​ក្នុងចំនួន​តិច តែង​បរិច្ចាគ​ផ្ទាល់នៅ​ទីតាំងទាំង​ ១០ ​ដែល​មានធុង​សហគមន៍​ចល័ត។ សម្រាប់​អ្នក​បរិច្ចាគ​ក្នុង​ចំនួន​ច្រើន តែង​មក​ផ្ទាល់​នៅសមាគម​ដែល​មាន​ទីតាំង​ជិត​វត្ត​កោះ។

«យើងធ្វើការ​នេះ ក្នុង​ន័យ​ជួយទៅដល់​អ្នកក្រីក្រ ក្នុង​ន័យ​ចូលរួម​សង្គម កាត់​បន្ថយ​ភាព​លំបាក​ ​អ្នកខ្វះ​ខាត​នៅ​តាម​ដងផ្លូ​តែ​ប៉ុណ្ណោះ។ អ៊ី​ចឹងអ្វី​ដែល​បង​ប្អូន​ចង់​ចូលរួម​ អាច​អញ្ជើញ​មក​បរិច្ចាគ​នៅស្នាក់ការ​សមាគម​ក៏​បាន​ ឬ​ក៏​តាម​រយៈស៊ីក្លូ pantry ដែលនៅ​តំបន់​ទាំង​ ១០​ ហ្នឹង​ក៏​បាន»។

លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ផ្តល់​សម្ភាសន៍​នៅ​ខាង​មុខ​សមាគម ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

​នៅ​ថ្ងៃ​ទី ​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជាបាន​ប្រកាស​បើក​សកម្មភាព​ក្នុង​ប្រទេស​ឡើង​វិញ​ក្រោយ​ពី​បាន​ចាត់វិធានការ​បិទ​អាជីវកម្ម​និង​ជំនួញ​ជាច្រើន​ប្រភេទ ដើម្បី​ជំរុញ​កម្លាំង​សេដ្ឋកិច្ច​ឲ្យ​មាន​ភាព​ប្រសើរឡើង ហើយ​តម្រូវ​ឲ្យ​ប្រជាជន​រស់​ក្នុង​បរិបទថ្មី ជាមួយ​នឹង​ជំងឺ​កូវីដ​១៩។​

សម្រាប់​ស្ថាបនិក Local4Local ដែល​បាន​បង្កើត​ធុង​សហគមន៍​ចល័ត​ទាំង ​១០ លោក​នៅ​តែ​បង្ហាញ​ឆន្ទៈ​បន្ត​ការ​ចែក​អាហារ និង​សម្ភារៈ​ដល់​អ្នក​ខ្វះ​ខាត​ និង​គ្រោង​ពង្រីក​គម្រោង​នេះ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត បើទោះ​បី​ជាកម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើង​វិញក្តី។​

លោក តាំង ហួង​ហាវ ស្ថាបនិក​គ្រោង Local4Local ​ដែល​កំពុង​សិក្សា​ថ្នាក់​មហាវិទ្យា​ល័យ​នៅ​សហរដ្ឋ​អាមេរិក ប្រាប់ VOA ថា៖

«ទោះបី​ស្ថានភាព​មាន​ការ​ល្អ​ក្តី ក៏​សង្ឃឹម​ថាការ​ដែល​យើង​ចេះ​ចែក​រំលែក មិនថា​តិច​មិន​ថា​ច្រើន​ គឺនៅតែ​បន្តវប្បធម៌នៃ​ការ​ចែក​រំលែក។ មិនថា​ជាមី មិន​ថា​ជាបាយ អ៊ីចឹង​ទៅ​សង្ឃឹម​ថា​ ធុង​សហគមន៍​ចល័ត​ហ្នឹងជាអ្វី​ដែលពួកគាត់​នៅ​តែ ដូចថា​ពេល​ហ្នឹង​គឺ​ថា​ពិបាក​ណាស់ គឺ​ទាល់ ទោះបីស្ថានភាព​ល្អ​មែនទែន តែ​ជួនកាល​គាត់​អត់​សូវមាន​ភ្ញៀវ​ទេថ្ងៃ​នេះ​ អ៊ី​ចឹងសង្ឃឹម​ថា​ធុង​សហគមន៍​ចល័តក្លាយ​ជា​អ្វី​ដែល​គាត់​អាច​ទៅ​យក​នៅ​ពេល​ដែល​គាត់​ត្រូវការ​ចាំ​បាច់»។

យុវជន​វ័យ​ ២១ ​ឆ្នាំ​រូបនេះ​ បាន​ប្រាប់ VOA បន្ថែម​ថា គម្រោង​ Local4Local ដែល​បាន​បង្កើត​តាំង​ពី​ខែ​មេសា ឆ្នាំ​២០២១​ មក​ដល់​ពេល​បច្ចុប្បន្ននេះ​ បាន​ផ្តល់​អាហារ និង​សម្ភារៈ​ផ្សេង​ៗទៅ​ដល់​ប្រជាពលរដ្ឋ​ប្រមាណជា​ ៩,០០០ ​នាក់ ដែល​អ្នក​ខ្លះ​ទទួល​បាន​ជារៀង​រាល់​ថ្ងៃ។​

ក្រៅ​ពី​ធុង​សហគមន៍​ចល័ត លោក​ តាំង ហួង​ហាវ ក៏​គ្រោងបង្កើតគម្រោងចំនួន​ ៥​ ទៀត ​ដើម្បី​ជួយ​សម្រួល​ជីវភាព​របស់​ពលរដ្ឋ និង​អ្នក​ធា​ក់​ស៊ីក្លូ។ គម្រោង​ទាំង​នោះ​មាន​ដូចជា ​ការ​ពង្រីក​ធុង​សហគមន៍ចល័ត​ក្នុង​ក្រុង និង​តាម​ខេត្ត ការ​ប្រកួត​ស៊ីក្លូ ការ​បង្កើត​ស៊ីក្លូ​ឲ្យ​ក្លាយ​ជា​ស៊ីក្លូអេឡិច​ត្រូនិច ទេសចរណ៍​ស៊ីក្លូ ការ​បញ្ចូលសេវាកម្មស៊ីក្លូទៅ​ក្នុង​ប្រព័ន្ធ​អេឡិច​ត្រូនិច និង​ការ​បង្កើត​ស្ថានីយ៍ Local4Local ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​បរិច្ចាគ​អាហារ និង​សម្ភារៈ​សម្រាប់​អ្នក​ខ្វះ​ខាត​។

ក្នុង​ឆ្នាំ ​២០១៩ និង​ឆ្នាំ ២០២០ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ ១៧,៨%​ នៃ​ប្រជាជនសរុប​ជាង​ ១៦ ​លាន​នាក់​ បាន​រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​ក្រីក្រ ក្នុង​នោះ​អត្រា​ភាព​ក្រីក្រ​នៅ​ភ្នំពេញ​មាន​ចំនួន ​៤,២% ​ តំបន់​ទីប្រជុំ​ជន​ផ្សេង​ទៀត​មាន​ចំនួន​ ១២,៦% ​និង​តំបន់​ជន​បទ​មាន​ចំនួន ​២២,៨%។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ផែនការ ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ​នៅ​កម្ពុជា ពី​ដើម​ឆ្នាំ​ ២០២០​ មក រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​សម្រាប់​ជនជន​ក្រី​ក្រ ដែល​មាន​បណ្ណ​ក្រីក្រ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ពួកគេ។

លោក ​ឈួ សុបញ្ញា​ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន ​និងយុវនីតិសម្បទា ប្រាប់​ថា រដ្ឋាភិបាល​បាន​និង​កំពុង​បន្តឧបត្ថម្ភសាច់​ប្រាក់​ដល់​គ្រួសារ​ក្រី​ក្រ និង​ជន​ងាយ​រង​គ្រោះនៅ​ឡើយ​។ លោកថា ចាប់​តាំង​ពី​រដ្ឋាភិបាលផ្តល់​ថវិកាដល់​គ្រួសារ​ដែលមាន​បណ្ណ​ក្រីក្រ​ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ផ្តល់​ការ​ឧបត្ថម្ភ​ ​ដល់​គ្រួសារ​ចំនួនជាង​ ៧០ ​ម៉ឺន​ ​ដែលថវិកា​ចំណាយសរុប​មាន​ប្រមាណជា​ជាង​ ៥០០ លាន​ដុល្លារ។

លោក ឈួ សុបញ្ញា បាន​ប្រាប់ VOA បន្ថែម​ថា រដ្ឋាភិបាល​បាន​និង​កំពុង​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភសម្រាប់​រយៈពេលបី​ខែ​ទៀត ដោយ​គិត​ចាប់​ពី​ខែ​តុលា​នេះ ប៉ុន្តែ​លោក​ថា មិន​ទាន់មានការ​បញ្ជាក់​ថា​នឹង​បន្ត​ផ្តល់​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​នេះនៅ​ខែ​មករា​ទៀត ឬ​យ៉ាង​ណា​នៅ​ឡើយ។​

«ចាប់​ថ្ងៃ​ទី ​២៥ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី ២៤ ខែ​មករា។ ហើយ​ចំពោះ​បន្ទាប់​ពី​នេះ​ទៅទៀត យើង​អត់​ទាន់​ច្បាស់​ថាតើ​រាជ​រដ្ឋាភិបា​បន្ត​ឬក៏​យ៉ាង​ណាទេ​ គឺ​ស្រប​តាម​អនុក្រឹត្យ​ ៨៨ ​ហ្នឹង ចុះ​ខែ​មិថុនា​ ឆ្នាំ​ ២០២០ ការ​សម្រេច​បន្ត ឬមិន​បន្ត​អាស្រ័យលើសេចក្តី​សម្រេច​របស់ប្រធាន​ក្រុម​ប្រឹក្សាជាតិគាំពារ​សង្គម»។

បើទោះ​បី​ជា​ធុង​សហគមន៍​ចល័ត​បន្ត​ដំណើរ​ជារៀង​រាល់​ថ្ងៃ​ទៅ​កាន់​ទីតាំង​គោល​ដៅ​សម្រាប់នាំ​យក​អាហារ និង​សម្ភារៈ​ប្រើ​ប្រាស់​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ខាត​ លោក អ៊ឹម ជឿន ដែល​ជា​អ្នក​ធាក់​ស៊ីក្លូ​ដឹក​ធុង​សហគមន៍​ចល័ត ចង់​ឲ្យ​មាន ការ​ចូល​រួម​ពី​អាជ្ញាធរ​ ក្នុងការ​សម្រួល​ដល់​អ្នក​ដឹក​ធុង​សហគមន៍​ទាំង ​១០ ​ដើម្បីចែក​ជូន​អ្នក​ត្រូវ​ការបាន​ងាយ​ស្រួល។​

«ខ្ញុំនេះ​យក​មក​សម្រាប់​ចែក​អ្នក​ក្រខ្សត់ គ្នា​ក្រ គ្នា​អត់ បាន​ពួក​ខ្ញុំ​យកមក​នេះ។​ មិនមែន​មក​ថា​ឲ្យ​ស្ទះ​ចរាចរណ៍​គេ ឬមក​លំបាក​កន្លែង​គោល​ដៅ​គេ​ទេ។​ ខ្ញុំ​សុំថា​ ក្នុង​មួយ​ម៉ោង ឬ​កន្លះ​ម៉ោង ខ្ញុំ​ចែក​ក្មេង​អស់ ខ្ញុំ​ទៅ​កន្លែង​គោល​ដៅ​ខ្ញុំ​វិញ​ហើយ។ សូម​ទ្រង់​ឯកឧត្តម​ជួយ​មើល​កូន​ចៅ​ផង»៕​