សមាគមមីក្រូហិរញ្ញវត្ថុនិងសមាគមធនាគារដែលតំណាងឲ្យស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា នៅថ្ងៃពុធនេះ បានប្រកាសថា អ្នកជំងឺកូវីដ១៩ និងអ្នកស្ថិតក្នុងការធ្វើចត្តាឡីស័ក នឹងទទួលបានការអនុគ្រោះទាក់ទងនឹងការបង់សងកម្ចី។
សមាគមទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃពុធនេះ ក្រោយបណ្តាញសហគមន៍ សមាគមនិងអង្គការក្រៅរដ្ឋាភិបាលជាង ១០០ ស្ថាប័ន កាលពីថ្ងៃអង្គារ បានអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍ដល់ការផ្អាកបង់ប្រាក់សងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារយ៉ាងតិចរយៈពេល ៣ ខែ។
សមាគមទាំងពីរបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ស្ថាប័នហិរញ្ញវត្ថុ ដែលមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ «បានចូលរួមយ៉ាងសកម្ម» ក្នុងការជួយដល់អតិថិជនដែលរងគ្រោះដោយសារកូវីដ១៩ តាមរយៈការរៀបចំឥណទានឡើងវិញ។
ប៉ុន្តែក្រុមសិទ្ធិមនុស្សលើកឡើងថា ស្ទើរតែគ្រប់ករណីដែលពួកគេទទួលបាន គឺធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងតែផ្អាកការបង់ប្រាក់ដើម ប៉ុន្តែនៅតែបន្តប្រមូលយកការបង់ការប្រាក់ ព្រមទាំងគណនាការប្រាក់លើឥណទានទាំងនេះដដែល។
បើតាមសេចក្តីថ្លែងការណ៍របស់សមាគម៍ទាំងពីរ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ១៩ នឹងទទួលបាននូវការរៀបចំឥណ្ឌទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនបើអតិថិជនយល់ព្រម។
ប្រធាននាយកដ្ឋានទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលោក កាំង តុងងី ថ្លែងប្រាប់ VOA ថា អ្នកឆ្លងជំងឺកូវីដ១៩ ហើយមានឈ្មោះជំពាក់កម្ចីអាចទទួលបានការអនុគ្រោះ ដោយមិនបង់ទាំងប្រាក់ដើមនិងការប្រាក់ យ៉ាងតិច ៤ ខែ ហើយមិនមានការពិន័យនោះទេ។
សមាគមឲ្យដឹងទៀតថា អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក ក៏ទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិដែរ ដោយមានការអនុគ្រោះមិនបង់ទាំងប្រាក់ដើមនិងការប្រាក់រយៈពេលមួយខែ និងលើកលែងការផាកពិន័យទាំងអស់។
សមាគមបញ្ជាក់ថា អតិថិជនដែលទទួលមរណភាពដោយជំងឺកូវីដ១៩ ក៏នឹងទទួលបានការអនុគ្រោះ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។
សមាគមឲ្យដឹងទៀតថា ស្ថាប័នហិរញ្ញវត្ថុនឹងបន្តការផ្តល់នូវការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។
គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ ២០២១ អតិថិជនប្រមាណ ៣៤ ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ ៤ ពាន់លានដុល្លារអាមេរិក។ ភាគច្រើននៃអតិថិជនបានជ្រើសយកជម្រើសបង់តែការប្រាក់ក្នុងរយៈពេល៣ទៅ ៦ ខែ ពន្យាររយៈពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់និងប្រាក់ដើមរយៈពេល ៣ ទៅ ៦ ខែ ក្នុងករណីដែលអតិថិជនរងផលប៉ះពាល់ខ្លាំង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមតំណាងឲ្យមីក្រូហិរញ្ញវត្ថុនិងធនាគារ។
ពួកគេលើកឡើងថា ការរៀបចំឥណទានឡើងវិញត្រូវធ្វើឡើងអាស្រ័យតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ហើយនឹងត្រូវធ្វើបន្តទៅទៀតក្នុងអំឡុងពេលដែលវិបត្តិជំងឺកូវីដ១៩ នេះ មិនទាន់បញ្ចប់នៅឡើយ៕