តុលាការ​បញ្ជា​ឱ្យ​កម្មករ​កាស៊ីណូ​បញ្ឈប់​កូដកម្ម​ហើយ​ចូលធ្វើ​ការ​វិញ

ក្រុមកម្មករ​និង​បុគ្គលិក​នៃ​កាស៊ីណូ​ត្រូពិចហ្គា​ណា ​ប្រមាណ​ជិត​៣០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​សន្តិ​វិធី​មួយ​ចំនួន​ប្រាំ​ថ្ងៃ​មក​ហើយ។

ភ្នំពេញ៖ តុលាការ​ខេត្ត​បន្ទាយមានជ័យ ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចេញ​ដីកា​រក្សា​ការពារ​ឲ្យ​កម្មករ​និង​បុគ្គលិក​កាស៊ីណូ​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ប្រមាណ​ជិត​៣០០​នាក់​ឲ្យ​ចូល​បម្រើ​ការងារ​ឡើងវិញ​នៅក្នុង​រយៈពេល​៤៨​ម៉ោង​ដោយ​លាយឡំ​ជាមួយ​នឹង​ការព្រមាន​ថា​នឹង​បញ្ឈប់​ពី​ការងារ​ ប្រសិន​ណា​បើ​ពួកគេ​មិន​ចូល​ធ្វើ​ការងារ​តាម​ការកំណត់​របស់​តុលាការ។​

ការចេញ​ដីកា​រក្សា​ការពារ​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ​បាន​ធ្វើឡើង​ក្រោយ​ពី​ក្រុមកម្មករ​និង​បុគ្គលិក​នៃ​កាស៊ីណូ​ត្រូពិចហ្គា​ណា ​ប្រមាណ​ជិត​៣០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​សន្តិ​វិធី​មួយ​ចំនួន​ប្រាំ​ថ្ងៃ​មក​ហើយ។ បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​សហជីព​និង​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​នៃ​ការធ្វើកូដ​កម្ម​នេះ​ដោយសារ​តែ​កាស៊ីណូ​ត្រូពិច​ហ្គា​ណា ​បាន​បញ្ឈប់​បុគ្គលិក​សហជីព​ម្នាក់ ​និង​ប្រធាន​សហជីព​ម្នាក់​ផ្សេង​ទៀត​ពី​ការងារ​ដែល​ពួកគេ​បាន​ចោទ​ប្រកាន់​ថា​ជា​ទង្វើ​ខុសច្បាប់។​

លោក ឡាយ បូរ៉ែន ​សកម្មជន​សហជីព​សេរី​កម្មករ ​និង​លោក សាទ សែត ​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​កាស៊ីណូ​ត្រូពិច​ហ្គា​ណា​ត្រូវ​បាន​ថៅកែ​កាស៊ីណូ​បញ្ឈប់​ពី​ការងារ​កាលពី​ខែ​មិនា ​ដោយ​បាន​ចោទប្រកាន់​ថា​បាន​លួច​បន្លំ​សន្លឹក​បៀ​ជាមួយនឹង​ភ្ញៀវ​ដែល​ចូល​លេង​ក្នុង​បន​ល្បែង​កាស៊ីណូ​ក្នុង​គោលបំណង​ដើម្បី​បន្លំ​ប្រាក់​តាមរយៈ​បន​ល្បែង​កាស៊ីណូ។​

នៅក្នុង​ដីកា​រក្សា​ការពារ​ដែល​មាន​ចុះហត្ថលេខា​ដោយ​លោក ពេជ្រ វិជ្ជា​ធរ ​ចៅក្រម​នៃ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​បានចាត់ទុក​ការធ្វើ​កូដកម្ម​នេះ​ធ្វើឡើង​ដោយ​ខុស​ច្បាប់។​

លោក​ចៅក្រម​បាន​បញ្ជា​ឲ្យ​កូ​ដករ ​ដែល​ជា​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​កាស៊ីណូ​ត្រូពិច​ហ្គា​ណា​ឲ្យ​ចូល​ធ្វើកា​រងារ​របស់​ខ្លួន​វិញ​នៅ​ក្នុង​រយៈពេល​៤៨​ម៉ោង​គិត​ចេញ​ពី​ថ្ងៃ​ចេញ​ប្រកាស​សាលក្រម​នេះ។​
លោក ឃុន ថា​រ៉ូ ​មន្ត្រី​កម្មវិធី​របស់​មជ្ឈមណ្ឌល​អាមេរិកាំ​ង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​បានចាត់ទុក​សេចក្តី​សម្រេច​របស់​តុលាការ​ថា​ពួកគេ​មិន​អាច​ទទួលយក​បាន​ទេ។​

«​ដីកា​សម្រេច​ថា​ការពារ​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ហ្នឹង ​ដោយសារ​តែ​វា​ជា​រឿង​មួយ​ដែល​អយុត្តិធម៌ ​ពីព្រោះ​ពួកគាត់​បាន​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់ ​ហើយ​កូដកម្ម​របស់​គាត់​ហ្នឹង​ជា​អហិង្សា​មិន​បាន​បង្ក​ឲ្យមាន​ផលប៉ះពាល់​ទៅ​ដល់​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ​ឬ​ក៏​ជា​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន»​។​

លោក ស៊ុំ ចាន់​គា អ្នកសម្របសម្រួល​របស់​សមាគម​សិទ្ធិម​នុស្ស​អាដហុក​បាន​រិះគន់​ថា​តុលាការ​ខេត្ត​បន្ទាយមានជ័យ​មាន​ភាពលំអៀង​ទៅលើ​ក្រុមហ៊ុន​កាស៊ីណូ ​ដោយបាន​ទាត់​ចោល​ការទាមទាររបស់​ក្រុម​កម្មករ។​

«តុលាការ​សម្រេច​ចេញ​ដីកា​ការពារ​មួយ​នេះ ​ធ្វើឲ្យ​បាត់បង់​ទៅ​លើ​កម្មករ​ដែល​ខំ​តវ៉ា​ដើម្បី​ផលប្រយោជន៍​រួម​ ហើយ​ធ្វើឲ្យ​កាស៊ីណូ​ហ្នឹង​មាន​កែប្រែ​ឲ្យ​ចេះ​គោរព​ច្បាប់»​។​

លោក​មេធាវី​ការពារ​ក្តី​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ ​និង​លោក​ចៅក្រម​ ពេជ្រ វិជ្ជាធរ​ មិន​អាច​ស្នើសុំ​ដើម្បីធ្វើ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ ​ដោយ​ទូរ​ស័ព្ទ​របស់​លោក​ពុំ​មាន​អ្នកទទួល។​

បុគ្គលិក​និង​កម្មករ​កាស៊ីណូ​ត្រូពិច​ហ្គា​ណា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​គ្រោង​នឹង​បន្ត​ធ្វើ​កូដកម្ម​បន្ថែម​ទៀត ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​និង​ឲ្យ​បុគ្គលិក​សហជីព​សេរី​កម្មករ​ចំនួន​ពីរ​នាក់​ចូលធ្វើ​ការងារ​ឡើងវិញ៕​