ក្រោយពីបានអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រភ្លាម សមាជិកសភាខាងគណបក្សសង្គ្រោះជាតិមួយចំនួនដែលជាប់ក្តីក្តាំក្នុងតុលាការមិនបានបង្ហាញមុខចំពោះតុលាការតាមដីកាកោះដូចមុនទៀតទេក៏ប៉ុន្តែពួកគេបានចាត់មេធាវីការពារក្តីឱ្យចូលបំភ្លឺជំនួសវិញនៅក្នុងសំណុំរឿងអំពើហិង្សានៅទីលានប្រជាធិបតេយ្យ។
សំណុំរឿងនេះមិនទាន់បានបិទបញ្ចប់នៅឡើយទេ បើទោះបីជាវិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានប្រកាសថាបានបញ្ចប់ហើយក៏ដោយបន្ទាប់ពីសមាជិកសភាជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិទាំង៥៥រូបបានចូលប្រជុំសភាកាលពីសប្តាហ៍មុន។
អ្នកតំណាងរាស្ត្រទាំង៨រូបនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួនមួយរូបផ្សេងទៀតត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាកោះហៅសារជាថ្មីឱ្យមកបំភ្លឺពាក់ព័ន្ធនឹងអំពើហិង្សាកាលពីថ្ងៃទី១៥ខែកក្កដានៅទីលានប្រជាធិបតេយ្យដែលបណ្តាលឱ្យក្រុមសន្តិសុខនិងសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណជិត៥០នាក់បានរងរបួស។
តុលាការបានចេញដីកាកោះហៅអ្នកតំណាងរាស្ត្រនិងសកម្មជនគណបក្សឱ្យចូលមកបំភ្លឺនៅក្នុងតុលាការជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៨រហូតដល់ថ្ងៃទី១៣ខែសីហា។
នៅថ្ងៃច័ន្ទនេះមានអ្នកតំណាងរាស្ត្រចំនួនពីររូបគឺ លោក កឹម សុខា អនុប្រធានគណបក្ស និង លោក ស្រី មូរ សុខហួរក៏ប៉ុន្តែអ្នកតំណាងរាស្ត្រទាំងពីរមិនបានចូលខ្លួនទៅបំភ្លឺក្នុងតុលាការដោយផ្ទាល់ដូចមុនទៀតទេ។
លោក កឹម សុខាមានប្រសាសន៍ថាលោកមានអភ័យឯកសិទ្ធិហើយដូចច្នេះលោកមិនចូលបំភ្លឺដោយខ្លួនលោកផ្ទាល់ទេ។
លោកបាននិយាយថា៖ «មេធាវីទៅពីព្រោះខ្ញុំមានអភ័យឯកសិទ្ធិ ខ្ញុំទៅធ្វើអ្វីទៀត ខុសច្បាប់»។
លោក ចាន់ ចេន មេធាវីការពារក្តីលោក កឹម សុខា មានប្រសាសន៍ថាលោកបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះជំនួសកូនក្តីរបស់លោកទៅតុលាការហើយក៏ប៉ុន្តែលោកមិនទាន់ដឹងថាតុលាការមានវិធានការយ៉ាងណាទេចំពោះករណីនេះ។
លោកនិយាយថា៖ «រហូតមកដល់ពេលនេះយើងអត់ទាន់ឃើញចំណាត់ការរបស់តុលាការគាត់សម្រេចយ៉ាងណាទេ។ តែបើតាមអង្គហេតុកូនក្តីខ្ញុំគាត់មិនមែនជាជនត្រូវចោទហើយក៏មិនមែនជាសាក្សីគ្រាន់ជាអ្នកបំភ្លឺ។ហើយដោយសារកូនក្តីខ្ញុំគាត់ជាតំណាងរាស្ត្រដែលគាត់មានអភ័យឯកសិទ្ធិហើយគាត់ជាប់បេសកកម្មដើម្បីបម្រើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយថ្ងៃនេះគាត់អត់បានចូលបំភ្លឺទេបាទ»។
លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្ត្រមួយរូបផ្សេងទៀតក៏មិនបានចូលខ្លួនទៅបំភ្លឺតុលាការដែរដោយលោកស្រីមានប្រសាសន៍ថាការចេញដីកាកោះរបស់តុលាការសារជាថ្មីដោយមិនមានការដកអភ័យឯកសិទ្ធិជាមុនគឺជាការខុសច្បាប់។
លោកស្រីនិយាយថា៖ «នីតិវិធីដែលកោះហៅនេះគឺមិនត្រឹមត្រូវទេហើយតាំងពីពួកបងនៅឯតុលាការ គេចោទប្រកាន់ គេដាក់ពន្ធនាគារជាបណ្តោះអាសន្នអីក៏ពួកបងនៅតែឈរថា ពួកយើងគឺជាអ្នកតំណាងរាស្ត្រស្របច្បាប់ មានអភ័យឯកសិទ្ធិហេតុអ្វីបានជាអត់ដកអភ័យឯកសិទ្ធិពួកយើងសិន»។
លោក កែវ មុន្នី ចៅក្រមស៊ើបអង្កេតនៃតុលាការក្រុងភ្នំពេញមិនបានធ្វើអត្ថាធិប្បាយទេដោយលោកនិយាយថាកំពុងជាប់រវល់ជម្រះក្តី។
អ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិចំនួន៧រូបនិងសកម្មជនគណបក្សចំនួន១រូបត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាសម្រេចឱ្យឃុំខ្លួនក្នុងពន្ធនាគារព្រៃសរយៈពេល១សប្តាហ៍ពីបទជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យ។
អ្នកតំណាងរាស្ត្រនិងសកម្មជនគណបក្សទាំង៩នាក់ត្រូវបានដោះលែងវិញក្រោយពីជំនួបកំពូលរវាងមេដឹកនាំទាំងពីរបានបញ្ចប់ដោយសន្យាថានឹងរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាជាតិ។
អ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិទាំង៥៥រូបក្រោយមកបានសម្រេចចូលរួមប្រជុំសភាដើម្បីបញ្ចប់ការធ្វើពហិកាចំនួនជាង១០ខែ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតក្នុងទីក្រុងភ្នំពេញនៅថ្ងៃច័ន្ទនេះដោយលោកបានអះអាងថាប្រាក់បៀវត្សរ៍អ្នកតំណាងរាស្ត្រទាំង៥៥រូបដែលមិនបានចូលរួមប្រជុំសភាកន្លងមក លោកបានបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកសម្រេច៕