សកម្មជនពីរនាក់គឺ កញ្ញា ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ ហើយអ្នកផ្សេងទៀតត្រូវបានឃាត់ខ្លួន ដោយសារចេញមុខតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីព ដែលត្រូវបានចាប់ខ្លួន ទាក់ទងនឹងការរិះគន់ការបោះបង្គោលព្រំដែនកម្ពុជានិងវៀតណាម។ នេះបើយោងតាមអ្នកនាំពាក្យតុលាការលោក គុជ គឹមឡុង។
លោក គុជ គឹមឡុង មានប្រសាសន៍នៅយប់ថ្ងៃសុក្រនេះថា បន្ទាប់ពីការសាកសួរចៅក្រមស៊ើបសួរលោក ស៊ិន សុវណ្ណារ័ត្ន បានសម្រេចឃុំខ្លួននាង ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ ជាបណ្តោះអាសន្នពីបទញុះញង់ បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
នៅក្នុងការតវ៉ាប៉ុន្មានថ្ងៃមកនេះ សកម្មជនរបស់បណ្តាញយុវជនខ្មែរថាវរៈបានចេញមុខទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ដែលត្រូវបានតុលាការចាប់ខ្លួន កាលពីចុងខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍ ពួកគេ ៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមានកញ្ញា ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ។ នេះបើតាមការអះអាងរបស់ក្រុមសិទ្ធិមនុស្ស។
សកម្មជនម្នាក់ឈ្មោះ ឈឿន ដារ៉ាវី ត្រូវបានចោទប្រកាន់ដោយសាលាដំបូងរាជធានីភ្នំពេញថា «ញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្ត នៅក្នុងខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមដីកាឆែកឆេរលំនៅដ្ឋានរបស់តុលាការរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែសីហា។
បើតាមដីកានោះ ចៅក្រមស៊ើបសួរ លោក ពេជ្រ វិជ្ជាធរ លើកឡើងថា ផ្ទះរបស់ជនត្រូវចោទឈ្មោះ ឈឿន ដារ៉ាវី ត្រូវសង្ស័យថាជាទីជម្រកប្រព្រឹត្តបទល្មើស ហើយដើម្បីស្វែងរកភស្តុតាងបន្ថែម គប្បីឆែកឆេរលំនៅដ្ឋានរបស់ជនត្រូវចោទនោះ។
កញ្ញា ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ ជាមនុស្សទី៤និងទី៥ហើយ ដែលត្រូវបានចោទប្រកាន់ទាក់ទងនឹងការតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។
កញ្ញា ឈឿន ដារ៉ាវី អាយុ៣០ឆ្នាំ ត្រូវបានមើលឃើញថាជាអ្នកសកម្មមួយរូប ហើយកញ្ញាបានផ្សព្វផ្សាយសកម្មភាពតវ៉ាដោយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា។
នៅក្នុងទំព័រហ្វេសប៊ុករបស់កញ្ញា ដែលបង្ហោះចុងក្រោយមុនពេលចាប់ខ្លួន កាលពីរសៀលថ្ងៃព្រហស្បតិ៍ កញ្ញាបានសរសេរថា៖ «ខ្ញុំនៅរង់ចាំការដោះស្រាយពីសន្តិសុខខណ្ឌ៧មករា ដើម្បីប្រគល់កាបូបឲ្យខ្ញុំវិញ!»
កាលពីថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញបាននាំខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា មកសាកសួរពាក់ព័ន្ធនឹងការអត្ថាធិប្បាយរឿងបោះបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តត្បូងឃ្មុំ ដែលនាំឲ្យលោកត្រូវបានចាប់ខ្លួន។ ការតវ៉ានោះនាំឲ្យមានការបង្រ្កាបពីកម្លាំងសន្តិសុខ ហើយកញ្ញា ឈឿន ដារ៉ាវី បានអះអាងថា បាត់កាបូបមួយ។
ចំណែកលោក ហ៊ុន វណ្ណៈ ដែលជាសមាជិកម្នាក់របស់បណ្តាញយុវជនខ្មែរថាវរៈ ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា កញ្ញា ឈឿន ដារ៉ាវី ត្រូវបានចាប់ខ្លួន ហើយសមត្ថកិច្ចបានចុះទៅដល់ផ្ទះដែលសមាជិកផ្សេងទៀតស្នាក់នៅ។ បន្ទាប់មក លោកបានធ្វើដំណើរទៅទីនោះ ហើយពេលទៅដល់ លោក ហ៊ុន វណ្ណៈ ក៏ត្រូវបានឃាត់ខ្លួន ទាំងលោកកំពុងផ្សាយផ្ទាល់នូវសកម្មភាពរបស់លោកធ្វើដំណើរទៅមើលក្រុមការងាររបស់លោក។
លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការចាប់ខ្លួននិងចោទប្រកាន់នេះ គឺជាការគំរាមយុវជនផ្សេងទៀត ក្នុងការបញ្ចេញមតិរបស់ពួកគេ។ លោកស្រីបន្តថា រាល់ការប្រមូលផ្តុំ គ្រាន់តែតម្រូវឲ្យមានការជូនដំណឹងទៅអាជ្ញាធរប៉ុណ្ណោះ ប៉ុន្តែដោយសារការចាប់ខ្លួនលោក រ៉ុង ឈុន កើតឡើងនៅពេលយប់ ដែលពួកគេមិនមានពេលវេលាក្នុងការជូនដំណឹងនោះទេ ហើយអាជ្ញាធរគួរតែសម្របសម្រួលករណីនេះ។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមើលទៅជាការគំរាមកំហែងខ្លាំងដល់ការចូលរួមរបស់យុវជនផ្សេងៗទៀត ហើយសម្រាប់យុវតីដែលត្រូវបានចោទប្រកាន់ហ្នឹងខ្ញុំមើលទៅ លក្ខខណ្ឌពង្រីកលទ្ធភាពរហូតដល់ចុះទៅឆែកឆេរនេះ បង្កឲ្យមានភាពភ័យខ្លាចដល់ក្រុមគ្រួសារ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា ការប្រមូលផ្តុំរបស់ពួកគេមិនមានហិង្សា ដូច្នេះពួកគេមិនគួរត្រូវបានចោទប្រកាន់នូវបទល្មើសធ្ងន់ធ្ងរនោះទេ។ លោកបន្តថា លោកសង្កេតឃើញថា ការប្រមូលផ្តុំនានាពេលកន្លងមកត្រូវបានរឹតត្បិតខ្លាំង។
លោកបញ្ជាក់ថា៖ «យើងមើលឃើញថា ដោយសារតែភ័យហួសហេតុពេក បានន័យថា អាជ្ញាធរគាត់បារម្ភហួសហេតុពេក អ៊ីចឹងវាធ្វើឲ្យប៉ះពាល់សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនទាក់ទងនឹងការជួបជុំការប្រមូលផ្តុំ»៕