ប្រទេសថៃកំពុងដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយព្រំដែននៃប្រទេសទាំងពីរកម្ពុជានិងថៃ នៅបន្តបិទនៅឡើយ ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩។ តែដោយសារពលរដ្ឋកម្ពុជាខ្លះលួចឆ្លងដែនចូលទៅកាន់ទឹកដីថៃដើម្បីរកការងារធ្វើ ទាំងខុសច្បាប់ក្តី លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានស្នើសុំដល់អាជ្ញាធរកម្ពុជាជាប់ព្រំដែនបន្តហាមឃាត់ពលរដ្ឋកម្ពុជា មិនឲ្យលួចឆ្លងដែនចូលទៅកាន់ប្រទេសថៃទេ ដោយចាត់ទុកថា នេះជាទង្វើខុសច្បាប់។
«ថៃនៅប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅឡើយ មិនទាន់បើកទេ អីចឹងវាច្បាស់ណាស់ថា ការលួចឆ្លងដែនទៅនេះ វាខុសច្បាប់ហើយ។ អ្នកទៅក៏ខុសច្បាប់ អ្នកដែលនាំគេទៅហ្នឹង ក៏រឹតតែខុសច្បាប់ ហើយឃុបឃិតជាមួយនឹងក្រុមហ៊ុនឯកជននៅថៃ អាហ្នឹងក៏ខុសច្បាប់។ អីចឹងហើយខ្ញុំសូមស្នើដល់សមត្ថកិច្ចនៅតាមព្រំដែនទាំងអស់ មិនថាសមត្ថកិច្ចណានោះទេ គឺរដ្ឋបាលដែនដី កម្លាំងកងយុទ្ធពលខេមរភូមិន្ទ កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធរួមគ្នា ដើម្បីទប់ស្កាត់កុំឲ្យមានការលួចឆ្លងកាត់ទៅប្រទេសថៃជាពិសេស»។
លោក ស ខេង ថ្លែងដូច្នេះ ក្នុងពេលដែលលោកចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិស្តីអំពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០១៩ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ ក្នុងក្រសួងមហាផ្ទៃ។
លោក ស ខេង បានបន្តថា ពលករចំណាកស្រុកនៅព្យាយាមធ្វើដំណើរតាមច្រករបៀង ដើម្បីចូលទៅកាន់ប្រទេសថៃ តាមរយៈមេខ្យល់ជាអ្នកដឹកនាំ និងសម្រួលការលួចឆ្លងកាត់តាមច្រករបៀង ដែលលោកបានបញ្ជាក់ថា នេះគឺជាការរត់ពន្ធមនុស្សខុសច្បាប់ផងដែរ។
ពលករចំណាកស្រុកកម្ពុជាដែលធ្វើការនៅក្នុងប្រទេសថៃចំនួនជិត ១០ ម៉ឺននាក់ ក្នុងចំណោមពលករសរុបទាំងស្របច្បាប់និងខុសច្បាប់ជាង ១ លាននាក់ ដែលបានវិលត្រឡប់មកកម្ពុជាវិញ នៅពេលចូលឆ្នាំប្រពៃណីខ្មែរ ត្រូវគេដឹងថា កំពុងជាប់គាំងនៅក្នុងប្រទេស ដោយសារប្រទេសទាំងពីរនៅបន្តរឹតត្បិតការឆ្លងព្រំដែន ដើម្បីទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា។
សេចក្តីរាយការណ៍ពីព្រំដែន បានឲ្យដឹងថា ពលករចំណាកស្រុកត្រូវចំណាយទឹកប្រាក់ដើម្បីធ្វើដំណើរខុសច្បាប់ផង ហើយអាចនឹងប្រឈមមុខជាមួយនឹងអាជ្ញាធរប៉ូលិសថៃ ចាប់បញ្ជូនមកកម្ពុជាវិញផង។
បើតាមមន្ត្រីអង្គការនិងមន្ត្រីមូលដ្ឋាន ដែលធ្វើកិច្ចការទាក់ទងនឹងពលករចំណាកស្រុក ការប្រថុយប្រថានរបស់ពលករកម្ពុជាចំណាកស្រុកចូលទៅប្រទេសថៃ ដើម្បីរកការងារធ្វើនៅខេត្តថៃមួយចំនួនជាប់ព្រំដែនកម្ពុជា និងខ្លះទៅឆ្ងាយពីព្រំដែន នៅទីក្រុងធំៗនេះ គឺដោយសារកត្តាជីវភាពខ្សត់ខ្សោយ និងការចង់ដោះបំណុល។
ទោះជាយ៉ាងណាក្តី ថ្លែងប្រាប់ VOA ពីប្រទេសថៃ លោក វិន មករា ពលករចំណាកស្រុកម្នាក់ ធ្វើការក្នុងរោងចក្រក្រណាត់នៅខេត្តសមុទ្រប្រាកាន ភាគខាងត្បូងនៃទីក្រុងបាងកក ប្រទេសថៃ បានថ្លែងថា ពេលនេះប្រទេសថៃនៅបន្តបិទរោងចក្រធំៗនៅឡើយ ដោយមិនទាន់បើកទ្វារទេរហូតដល់ចុងខែមិថុនាខាងមុខ ប្រសិនបើវីរុសកូរ៉ូណាមានការថមថយ ក្រៅពីបញ្ជាក់ថា ទោះជាពលរដ្ឋខ្មែរចូលមកថៃពេលនេះក៏ត្រូវរង់ចាំដែរ។
«ទោះគាត់ចូលមកដល់ទឹកដីថៃ ឬមកដល់ក្រុងថេប (ក្រុងបាងកក) តាមច្រករបៀងក្តី ខ្ញុំគិតថា អត់ទាន់មានកន្លែងដែលគាត់អាចធ្វើការងារបានទេ ព្រោះរោងចក្រនីមួយៗអត់ទាន់បើកដំណើរការទេ ហើយតាមភោជនីយ៍ដ្ឋានខ្លះ ភោជនីយដ្ឋានធំៗ ក៏អត់ទាន់បើកដំណើរការដែរ។ អីចឹងគេអត់ទាន់ទទួលពួកគាត់ទេ បើសិនគាត់ចូលមកបានមែន ក៏គាត់អត់ទាន់បានការងារធ្វើដែរ មកដល់ក៏គាត់ត្រូវដេកស៊ីឬក៏ត្រូវនៅជាមួយបងប្អូន វានាំតែខាតពេលវេលាទេ។ ទាល់តែប្រទេសគេស្រួលបួលវិញហើយ បើគាត់ចូលមកតាមផ្លូវច្បាប់ អាហ្នឹងគេអាចនឹងទទួលហើយ អាហ្នឹងគឺដឹងថាមានការងារធ្វើ ១រយភាគរយ»។
លោកថ្លែងថា រូបលោកនិងពលករផ្សេងៗទៀតនៅប្រទេសថៃ ធ្វើការងារជាង ១០ ឆ្នាំហើយ គឺមានការលំបាក រាំងស្ទះមិនអាចធ្វើដណើរទៅស្រុកក៏មិនបាន ហើយខ្លះមកវិញ ក៏មិនបាន ដោយសារច្បាប់ធ្វើដំណើរមានការកម្រិត និងហាមមិនឲ្យជួបប្រជុំច្រើនគ្នា។ បើពុំដូច្នោះទេ ពលករអាចត្រូវចាប់បង់ពិន័យដល់ច្រើនម៉ឺនបាត ឬជាច្រើនរយដុល្លារ។ លោកបានបន្ថែមថា សូម្បីតែភោជនីយដ្ឋានធំ (ហៅជាភាសាថៃរ៉ានអាហាន) នោះក៏មិនទាន់បើកទ្វារវិញផង។
នៅសប្តាហ៍នេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើសេចក្តីជូនដំណឹងដល់ពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ អំពីការពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្នចំនួន ១ ខែទៀត រហូតដល់ថ្ងៃទី៣០ ខែមិថុនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយបានទទូចដល់ពលរដ្ឋខ្មែរឲ្យចូលរួមអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន។
វីរុសកូរ៉ូណាថ្មីដែលកើតឡើងដំបូងនៅក្នុងទីក្រុងវូហានប្រទេសចិននោះ បានរាលដាលពាសពេញពិភពលោក ដោយបានសម្លាប់មនុស្សជាង ៣៥ ម៉ឺននាក់ និងឆ្លងដល់មនុស្សជាង ៥ លាន ៦ សែននាក់ ហើយបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជាប់គាំងដំណើរ។ ដោយឡែក មនុស្សស្លាប់ក្នុងប្រទេសថៃ ដោយសារវីរុសនេះមានចំនួន ៥៧ នាក់ ហើយចំនួនអ្នកឆ្លងមានដល់ទៅ ៣០៥៤ នាក់ គិតមកដល់ត្រឹមថ្ងៃពុធ៕