នៅថ្ងៃសុក្រទី២៨ខែធ្នូនេះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសម័យប្រជុំនៅម៉ោង៨កន្លះព្រឹក ដើម្បីពិនិត្យធម្មញ្ញភាពវិសោធនកម្មមាត្រ៤៥ថ្មីស្ទួននៃច្បាប់ស្តីពីគណបក្សនយោបាយ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលវីអូអេទទួលបាននៅថ្ងៃអង្គារ។
សេចក្តីប្រកាសនេះឲ្យដឹងថា លោកអ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនឹងដឹកនាំការពិនិត្យនិងសម្រេចសំណើរបស់លោកហេង សំរិនប្រធានរដ្ឋសភា។
កាលពីព្រឹកថ្ងៃអង្គារ ព្រឹទ្ធសភារបស់បក្សកាន់អំណាច បានសម្រេចអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលមានបំណងបើកផ្លូវឲ្យមន្រ្តីគណបក្សប្រឆាំងចំនួន១១៨នាក់ចូលធ្វើនយោបាយវិញ។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីកិច្ចប្រជុំនោះថា គោលបំណងនៃការអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះធ្វើឡើងដើម្បីបើកច្រកឲ្យអ្នកស្នេហាជាតិក្នុងគណបក្សប្រឆាំងដែលគោរពច្បាប់ និងគោរពសាលដីការបស់តុលាការកំពូល។
លោកបន្ថែមថា ការបើកផ្លូវនេះ គឺដោយសារថ្នាក់ដឹកនាំរដ្ឋាភិបាលចង់ឲ្យមានការបង្រួបបង្រួមជាតិ។
កាលពីឆ្នាំ២០១៧តុលាការកំពូលបានសម្រេចរំលាយគណបក្សក្រោយពីការចាប់ខ្លួន លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដោយចោទថា លោកបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ តុលាការនេះក៏បានដកហូតសិទ្ធិធ្វើនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ម្នាក់ៗរយៈពេល៥ឆ្នាំ។
វិធានការនេះរងការគាបសង្កត់ពីអន្តរជាតិនិងមានការរិះគន់ថា រដ្ឋាភិបាលលោកហ៊ុន សែនធ្វើដូច្នេះដើម្បីដកគណបក្សគូប្រជែងដ៏សំខាន់ដែលអាចឈ្នះគណបក្សកាន់អំណាចរបស់លោកក្នុងការបោះឆ្នោតឆ្នាំ២០១៨៕