អាជ្ញាធរកម្ពុជាកំពុងពិចារណាដាក់លក្ខណ្ឌតម្រូវឲ្យមានការធ្វើតេស្តកូវីដ១៩ចំពោះមន្ត្រីការទូតនិងមន្ត្រីអង្គការអន្តរជាតិនៅពេលដែលពួកគេធ្វើដំណើរចូលមកដល់កម្ពុជា។ នេះបើយោងតាមលិខិតមួយច្បាប់របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្ រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលវីអូអេទទួលបាននៅថ្ងៃច័ន្ទនេះ។
លិខិតរបស់ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលមានចំណារឯកភាពរបស់លោកនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែកក្កដា នេះបានសរសេរថា៖
«អង្គប្រជុំក៏បានពិភាក្សាផងដែរអំពីវិធានការចេញ-ចូលកម្ពុជារបស់មន្ត្រីការទូតនិងមន្ត្រីជំនាញរបស់អង្គការអន្តរជាតិនានា នៅពេលដែលក្រសួងសុខាភិបាលយល់ថា គួរតែតម្រូវឲ្យមានការធ្វើ Screening Test [ការធ្វើតេស្តយកសំណាក] ដូចអ្នកធ្វើដំណើរផ្សេងទៀត នៅពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជា»។
ការស្នើលក្ខខណ្ឌតម្រូវថ្មីចុងក្រោយលើមន្ត្រីការទូតនិងមន្ត្រីអង្គការអន្តរជាតិនេះគឺជាផ្នែកមួយនៃវិធានការរបស់រដ្ឋាភិបាលក្នុងការកែសម្រួលលើលក្ខខណ្ឌតម្រូវក្នុងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាសម្រាប់ជនបរទេសដែលជាវិនិយោគិន ឬអ្នកជំនួញ បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការនិងកម្មករជំនាញ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។
កន្លងមក គ្រប់អ្នកដំណើរទាំងអស់ជាជនបរទេសដែលចូលមកប្រទេសកម្ពុជាត្រូវតម្រូវឲ្យមានវិញ្ញាបនបត្រសុខភាពដែលបញ្ជាក់ថា ពួកគេគ្មានកូវីដ១៩ និងត្រូវឲ្យមានលិខិតធានា ឬទឹកប្រាក់តម្កល់យ៉ាងតិច២ពាន់ដុល្លារអាមេរិកផងដែរក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លើកលែងតែមន្ត្រីការទូត និងមន្ត្រីអង្គការអន្តរជាតិ។
លិខិតរបស់លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀតថា៖
«អង្គប្រជុំបានឯកភាពស្នើគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដឹកនាំដោយក្រសួងសុខាភិបាលលើកយកបញ្ហានេះទៅពិភាក្សាក្នុងកិច្ចប្រជុំដោយឡែកជាការប្រញាប់ក្នុងសប្តាហ៍[ខាងមុខ]នេះ រួចរាយការណ៍គោរពសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី»។
កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកធ្វើដំណើរ ១៥ នាក់ទៀត ដែលជាជនជាតិខ្មែរ មានផ្ទុកវីរុសកូរ៉ូណា ក្រោយពួកគេធ្វើដំណើរពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងឆ្លងកាត់ប្រទេសម៉ាឡេស៊ី មុនចូលមកកម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដោយធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ១៥៦ នាក់ ក្នុងនោះ១៣៣នាក់បានជាសះស្បើយនិងគ្មានអ្នកស្លាប់៕