ភ្នំពេញ៖ កម្ពុជាបានប្រកាសអបអរសាទរភ្លាមៗចំពោះលទ្ឋផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ហើយបានអះអាងថាទំនាក់ទំនងរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងកម្ពុជានឹងគ្មានអ្វីប្រែប្រួលទេ។
លទ្ធផលជាផ្លូវការចុងក្រោយបំផុតបង្ហាញថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលជាបេក្ខជនពីគណបក្សប្រជាធិបតេយ្យ បានឈ្នះដោយទទួលបានសំឡេងប្រតិភូប្រធានាធិបតី (electoral votes) ចំនួន៣០៣លើគូប្រជែងរបស់លោកគឺលោក មីត្ត រ៉មនី បេក្ខជនពីគណបក្សសារធារណរដ្ឋបានទទួលចំនួនសំឡេងប្រតិភូចំនួន២០៦។
ទូរទស្សន៍ស៊ីអិនអិន (CNN) បានបង្ហាញរូបភាពនៃអ្នកគាំទ្ររបស់លោកបារ៉ាក់ អូបាម៉ា ដែលបានគ្រវីទង់ជាតិរបស់សហរដ្ឋអាមេរិកលាយឡំជាមួយនឹងទឹកមុខសប្បាយរីករាយនៅក្រុងឈីខាហ្គោ (Chicago) ប៉ុន្មានម៉ោងក្រោយពេលលោកអូបាម៉ាត្រូវបានប្រកាសថាឈ្នះចំនួនរដ្ឋដែលធ្វើឲ្យលោកមាន សំឡេងប្រតិភូ (Electoral Votes) គ្រប់ចំនួនយ៉ាងតិច២៧០ ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកអណត្តិទី២។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជាគ្រោងនឹងសរសេរលិខិតមួយគាំទ្រលទ្ឋផលនៃការបោះឆ្នោតនេះ។ នេះបើតាមការបញ្ជាក់របស់លោក កុយ គួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
លោកបានបញ្ជាក់ថា កម្ពុជាអបអរសាទរចំពោះលោកអូបាម៉ាដែលត្រូវបានជ្រើសរើសជាប្រធានាធិបតីសហរដ្ឋអាមេរិកសារជាថ្មី។
«កម្ពុជាសង្ឃឹមថាទំនាក់ទំនងដែលមានស្រាប់ហើយនិងដែលល្អស្រាប់រវាងប្រទេសទាំងពីរគឺកម្ពុជានិងសហរដ្ឋអាមេរិកនោះនិងកាន់តែប្រសើរឡើងថែមទៀត។ ជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរនេះបាទ»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានរៀបចំកម្មវិធីបោះឆ្នោតសាកល្បងនៅក្នុងបរិវេណស្ថានទូតដោយបានអនុញ្ញាតឲ្យអ្នកចូលរួមបញ្ចេញមតិតាមរយៈការបោះឆ្នោតសាកល្បងនេះ។
លទ្ឋផលនៃការបោះឆ្នោតសាកល្បងនេះបានបង្ហាញថាលោកបារ៉ាក់ អូបាម៉ាបានយកជ័យជម្នះលើគូរប្រជែងរបស់លោកគឺលោកមីត រ៉មនី។
លោកវីល្លាម ថដ្ត (William E. Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានមានប្រសាសន៍នៅក្នុងពិធីនោះថាបើទោះបីជាលទ្ឋផលនៃការបោះឆ្នោតបែបណាក្តីលោកអាចធានាថាទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំឡើងដដែល។
លោកបានបញ្ជាក់ទៀតថា កន្លងមកក៏ដូចជាបច្ចុប្បន្នហើយក៏ដូចជាអនាគតដែរ សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តចំពោះកម្ពុជាហើយយើងនៅតែបន្តពង្រឹងបន្ថែមលើកម្មវិធីភាពជាដៃគូ។
លោកសុន ឆៃ តំណាងរាស្ត្រគណបក្សប្រឆាំងដែលបានចូលរួមនៅក្នុងកម្មវិធីនោះបានសំណូមពរឲ្យសហរដ្ឋអាមេរិកគួរតែមានជំហរច្បាស់លាស់ចំពោះគោលនយោបាយរបស់ខ្លួនមកលើកម្ពុជា ជាពិសេសគឺការជួយផ្នែកកិច្ចការការពារសិទ្ឋិមនុស្ស។
«ខ្ញុំថាជាការចាំបាច់ណាស់ដែលប្រទេសដែលមានឥទ្ឋិពលនិងការពិសោធនយោបាយប្រជាធិបតេយ្យនេះធ្វើការរំលឹកដែលអាចធ្វើទៅបានតាមរយៈការងារការទូតរបស់គេក្នុងការធ្វើឲ្យកម្ពុជាគោរពការទទួលខុសត្រូវចំពោះមុខកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយរួមទាំងកិច្ចព្រមព្រៀងក្រុងប៉ារីសផង»។
លោកអ៊ូ វីរៈប្រធានមជ្ឃមណ្ឌលសិទ្ឋិមនុស្សកម្ពុជាដែលបានបោះឆ្នោតសាកល្បងឲ្យលោកបារ៉ាក់ អូបាម៉ាបាននិយាយថា សហរដ្ឋអាមេរិកគួរតែបង្កើនការយកចិត្តទុកដាក់លើកម្ពុជាក៏ដូចជាលើតំបន់ទាំងមូលពីព្រោះប្រទេសទាំងនោះអាចដូរទៅលិទ្ឋិប្រជាធិបតេយ្យឬក៏ជាកុម្មុយនីសវិញ។
«ខ្ញុំមើលទៅប្រទេសកម្ពុជាជាឧិកាសមួយឈានដល់ផ្លូវបំបែកហើយ។ យើងដើរតាមប្រជាធិបតេយ្យរឹងមាំស្ថិរភាព ឬមួយយើងរកផ្លូវផ្តាច់ការដែលនឹងឈានទៅរកភាពច្របូកច្របល់»។
លោកបានបន្ថែមថាប្រទេសណាដែលផ្តាច់ការ ប្រទេសនោះនឹងមានភាពច្របូកប្របល់ព្រមទាំងពោរពេញទៅដោយជម្លោះផ្ទៃក្នុង៕