អាជ្ញាធរ​ប៉ះ​ទង្គិច​គ្នា​នឹង​អតីត​អ្នក​តំបន់​បឹងកក់​ដែល​តវ៉ា​ទាមទារ​សំណង​បន្ថែម

អតីត​អ្នក​ធ្លាប់​រស់​នៅ​តំបន់​បឹងកក់​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៥។ (រូបថត​ផ្តល់​ឲ្យ)

កងកម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​និង​ក្រុម​អ្នក​តវ៉ា​ដែល​ជា​អតីត​អ្នក​ធ្លាប់​រស់នៅតំបន់​បឹងកក់​បាន​ប៉ះទង្គិច​គ្នា​មួយ​រយៈ​ខ្លី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដោយ​បាន​បណ្ដាល​ឱ្យ​អ្នក​តវ៉ា​ម្នាក់​រង​របួស​ស្រាល​នៅ​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​មាន​សំណង​បន្ថែម។​

លោកស្រី ស៊ា ណារ៉េត ​តំណាង​ពលរដ្ឋ​អ្នក​អតីត​តំបន់​បឹងកក់​បាន​ប្រាប់​វីអូអេ​ថា៖

«ពួក​ខ្ញុំ​តវ៉ា​នេះ​គឺ​ទាមទារ​សំណង​បន្ថែម​ដើម្បី​ឱ្យ​ពួក​ខ្ញុំ​មាន​ជម្រក​រស់​នៅ​សមរម្យ។ ពេល​ពួកខ្ញុំ​ចាកចេញ​ទៅ​មាន​សំណង​បន្តិច​បន្តួច​ធ្វើ​ឱ្យ​ខ្ញុំ​ទិញ​ផ្ទះ​មិន​បាន​នៅ​ដើរ​ជួល​ផ្ទះ​គេ។ ហើយ​ពួកគេ​ទទួល​គោល​នយោបាយ​យក​ផ្ទះ​នៅ បូរី​សន្តិភាព​២​គឺ​ផ្ទះ​សំណង់​មិន​មាន​គុណភាព​ទេ​ហើយ​ទឹក​លិច​ហូរ​ចូល​ច្រមុះ​ពេល​ភ្លៀង​មក​គាត់​អង្គុយ​ត្របោម​ក្បាល​ជង្គង់​អត់​សម្រាន្ត​បាន​ហើយ​ទឹក​លិច​ពេញ​ផ្ទះ‍»។​

មាន​ក្រុម​អ្នក​អតីត​តំបន់​បឹង​កក់​ជិត​១០០​នាក់​បាន​មក​តវ៉ា​តាំងពី​ព្រឹក​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ដោយ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ប្រគល់​ផ្ទះ​មួយ​ល្វែង​ក្នុង​មួយ​គ្រួសារ​នៅ​តំបន់​បឹងកក់​វិញ​ហើយ​សម្រាប់​អ្នក​ដែល​បាន​ទទួល​ផ្ទះ​រួច​ហើយ​គឺ​ចង់​បាន​សំណង​បន្ថែម​ជា​ប្រាក់​ចំនួន​២ម៉ឺនដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ដោះ​បំណុល​ដោយសារ​តែ​មិន​មាន​ការងារ​ធ្វើ​បន្ទាប់​ពី​ត្រូវ​ជម្លៀស​ទៅ​នៅ​កន្លែង​ថ្មី។

អតីត​អ្នក​ធ្លាប់​រស់​នៅ​តំបន់​បឹងកក់​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៥។ (រូបថត​ផ្តល់​ឲ្យ)

លោក​ អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា៖

«នេះ​ជា​ទិដ្ឋភាព​មួយ​ដែល​យើង​គិត​ថា​មិន​សក្ដិសម​ហើយ​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ​ពីព្រោះ​រឿង​អ្វី​ក៏ដោយ​គឺ​យើង​ត្រូវ​ជជែក​គ្នា​ធ្វើ​ម៉េច​ឱ្យ​គាត់​រក្សា​របៀបរៀបរយ​សណ្តាប់​ធ្នាប់​ដោយ​ខ្លួន​គាត់​ទៅ ហើយ​យើង​កុំ​ប្រើ​វិធាន​ការ​របៀប​ជា​ហិង្សា។ ក៏ប៉ុន្តែ​ខ្ញុំ​គិត​ថា​នេះ គឺ​ជា​ទម្លាប់​ពីមុន​មក​របស់​កម្លាំង​សន្តិសុខ​ឬ​ក៏​ប្រជាការពារ។ បុគ្គល​ខ្លះ​គាត់​នៅ​តែ​ប្រើ​ទម្លាប់​នេះ​អញ្ចឹង​យើង​គួរ​ថា​បោះចោល​ទម្លាប់​នេះ​ទៅ ហើយ​យើង​ដោះស្រាយ​ដោយ​សន្តិវិធី​ កុំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ពីរឿងប្រើ​ប្រាស់​ហិង្សា​ឬក៏​រំលោភ​ទៅលើ​សិទ្ធិ​របស់​ពួកគាត់​ជា​បន្ត​ទៀត‍»។​

មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាក្រុង​បាន​អះអាង​ថា​ការដែល​ក្រុម​សន្តិសុខ​រុញច្រាន​ក្រុម​អ្នក​តវ៉ា​ចេញ​ដោយ​សារ​តែ​ពួកគាត់​បិទ​ច្រកចេញចូល​សាលាក្រុង​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​លោក​មិន​បាន​និយាយ​ពី​ការ​ដោះស្រាយ​អ្វី​នៅ​ឡើយ​ទេ។

តំបន់​បឹងកក់​ត្រូវ​បាន​អាជ្ញា​ធ​រ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ឡៅ ម៉េងឃីន​ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​កាន់​អំណាច​ធ្វើ​ការ​អភិវឌ្ឍន៍​ជា​សំណង់​ផ្ទះល្វែង​និង​ផ្សារ​ទំនើប៕