មេដឹកនាំសង្គមស៊ីវិលដែលមានមេដឹកនាំជាស្រ្តី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេកំពុងរកវិធានការការពារនាង ខុម ចាន់ដារាទី ហៅ«ស្រីមុំ» ឲ្យរួចពីការចោទប្រកាន់ធ្ងន់ធ្ងរពីតុលាការរាជធានីភ្នំពេញ នៅក្នុងសំណុំរឿងស្នេហាលួចលាក់ជាមួយនឹងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
យុទ្ធនាការរបស់ពួកគេកើតមាន នៅស្របពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានស្នើឲ្យលោកស្រី មូ សុខហួរ អ្នកតំណាងរាស្ត្រទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ ធ្វើការពិនិត្យសំណុំរឿងស្នេហាលួចលាក់នេះ ដែលបានអូសបន្លាយជិតពីរខែមកនេះ។
លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិនៃអង្គការសីលការ ដែលធ្វើការងារលើការពង្រឹងអភិបាលកិច្ចសាធារណៈ បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមមេដឹកនាំអង្គការសង្គមស៊ីវិលមានក្តីបារម្ភ ចំពោះបទចោទប្រកាន់មកលើនាង ស្រីមុំដែលថា នាងបានផ្តល់សក្ខីកម្មក្លែងក្លាយ និងអាចមានអំពើពេស្យាចារ ដែលធ្វើឡើងដោយអង្គភាពប្រឆាំងភេរវកម្ម។ លោកស្រីនិយាយថា ក្រុមមេដឹកនាំនៃអង្គការសង្គមស៊ីវិល កំពុងរកមធ្យោបាយការពារនាង ស្រីមុំ ឲ្យរួចពីការរំលោភបំពានសិទ្ធិតាមរយៈការចោទប្រកាន់នេះ។
«រឿងដែលកើតហេតុមកនេះ គឺជាការរំលោភទៅលើសិទ្ធិស្រ្តីទៅលើសិទ្ធិមនុស្ស ហើយនិងជាការធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសរបស់យើង ហើយបង្កើតឲ្យមានករណី ដែលបានធ្វើឡើងដោយមិនត្រូវយកស្ថាប័នរដ្ឋយើងមកធ្វើការងារអញ្ចឹង ធ្វើការងារដែលជារឿងផ្ទាល់ខ្លួនរបស់គេអញ្ចឹង ហើយធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរនៅក្នុងសង្គមរបស់យើង។ អញ្ចឹងទៅ យើងសុំទាមទារឲ្យមានការឲ្យដោះស្រាយបញ្ហាហ្នឹងឲ្យល្អទៅវិញ»។
រឿងអាស្រូវស្នេហារបស់លោក កឹម សុខា កំពុងត្រូវបានយុវជនម្នាក់ ដែលតាំងខ្លួនថាជានិស្សិត និងត្រូវគេស្គាល់ឈ្មោះថា ស្រី ចំរើន តាមប្រមាញ់រកខុសត្រូវ ដោយនិស្សិតរូបនេះ បានដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នរដ្ឋមួយចំនួន ក្នុងនោះមានរដ្ឋសភាផងដែរ។
និស្សិតរូបនេះបានដាក់ញត្តិទៅសភាកាលពីសប្ដាហ៍មុន ស្នើឲ្យលោក កឹម សុខា បកស្រាយរឿងរ៉ាវស្នេហានេះផងដែរ ខណៈដែលលោក កឹម សុខា បន្តជំហរស្ងៀមស្ងាត់ និងមិនតបតអ្វីទាំងអស់។
ទោះជាលោកប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ បានបន្តរក្សាភាពស្ងៀមស្ងាត់ក្តី លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនបានសម្ងំស្ងៀមអំពីករណីនេះទេ។
នៅក្នុងការឆ្លើយឆ្លងតាមសារអេឡិចត្រូនិក ឬអ៊ីមែលរវាងលោក សម រង្ស៊ី និងលោកស្រី មូ សុខហួរ ដែលបានផ្ញើមកកាន់ VOA បានឲ្យដឹងថា លោក សម រង្ស៊ី បានស្នើឲ្យលោកស្រី មូ សុខហួរ ពិនិត្យលើសំណុំរឿងអាស្រូវស្នេហាលួចលាក់នេះ។
លោក សម រង្ស៊ី បានសរសេរទៅកាន់លោកស្រី មូ សុខហួរ ក្នុងន័យដើមយ៉ាងដូច្នេះថា៖«ខ្ញុំគិតថា អ្នកនិងស្រី្តរាល់រូបផ្សេងទៀត ដែលមានការរួមចំណែកតម្លៃដូចគ្នា មកធើ្វការការពារស្រ្តី (ដែលគេសង្ស័យថា ជាស្រីកំណាន់របស់លោក កឹម សុខា) ដោយសារនាងមិនមែនជាឧក្រិដ្ឋជន។ នាងគ្រាន់តែមនុស្សម្នាក់មានសេចក្តីថ្លៃថ្នូរ ដោយមិនចាំបាច់គិតដល់អ្វី ដែលនាងធ្វើក្នុងជីវិតឯកជនរបស់នាង។ នាងសមនឹងមិនត្រូវបានគេឲ្យអាម៉ាស់មុខ ធ្វើទារុណកម្ម និងទទួលរងការរិះគន់យ៉ាងខ្លាំង ដូចអ្វីដែលគេកំពុងធ្វើដាក់រូបនាងសម្រាប់តែផលប្រយោជន៍នយោបាយដ៏គួរឲ្យថោកទាបជាទីបំផុត»។
ជាការឆ្លើយតប លោកស្រី មូ សុខហួរ បានថ្លែងថា លោកស្រីមានសេចក្តីតក់ស្លុត នៅពេលបានអានអំពីរឿងរ៉ាវនេះ។ លោកស្រីបន្តថា ព្រះរាជអាជ្ញានឹងធ្វើការលើរឿងនេះ ហើយការងាររបស់គាត់គឺធ្វើការចោទប្រកាន់។
លោកស្រីបញ្ជាក់ថា៖«ដោយសារតែគណបក្សរបស់យើងបានឲ្យយើងរក្សាភាពស្ងៀមស្ងាត់ ខ្ញុំមិនបានធ្វើសកម្មភាពអ្វីទាំងអស់។ ឥឡូវនេះ ខ្ញុំនឹងធ្វើការលើរឿងនេះហើយ»។
នាង ខុម ចាន់ដារាទី ឬស្រីមុំ ដែលគេចោទថា ជាស្រីកំណាន់របស់លោក កឹម សុខា នោះ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះឲ្យទៅបំភ្លឺលើ«ករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ» កាលពីថ្ងៃអង្គារកន្លងទៅ និងសុំឲ្យចូលទៅបំភ្លឺនៅថ្ងៃសុក្រខាងមុខនេះ។
ក៏ប៉ុន្តែ នាងបានសុំពន្យារពេលចូលបំភ្លឺ ដោយសារនាងមិនទាន់មានមេធាវីដើម្បីការពារក្នុងករណីការចោទប្រកាន់មកលើរូបនាងពីអង្គភាពប្រឆាំងភេរវកម្ម ដែលថា នាងបានផ្តល់សក្ខីកម្មក្លែងក្លាយ និងអាចមានអំពើពេស្យាចារ។
ទាក់ទិនការចោទប្រកាន់នេះ លោក សម រង្ស៊ី បានសរសេរទៅកាន់លោកស្រី មូ សុខហួរ នៅក្នុងសារអេឡិចត្រូនិកឆ្លើយឆ្លងដាច់ដោយឡែកមួយទៀតថា មិនមានមូលដ្ឋានច្បាប់ណាសម្រាប់ធ្វើការចោទប្រកាន់នាងទេ។
លោកសរសេរថា៖«នៅក្នុងពាក្យបណ្តឹងរបស់នាង ធី សុវណ្ណថា មិនបានចោទនាង ឬកុំថាឡើយ តែអំពើពេស្យាចារ តែវាគ្រាន់ជាការបង្ខូចកេរ្តិ៍ឈ្មោះ ដែលទំនងជាទៅរួច និងមិនប្រយោលតែប៉ុណ្ណោះ»។
លោកបានពន្យល់អំពីការបង្ខូចកេរ្តិ៍ឈ្មោះថា ការចោទបែបនេះអាចនឹងធ្វើទៅបាន នៅពេលអ្នកសម្តែងចេញអ្វីមួយជាសាធារណៈ។ ប៉ុន្តែ ការសន្ទនាដែលមានជាប់ទាក់ទងនឹងរឿងនេះគឺជារឿងឯកជន ដែលត្រូវលួចថត និងធ្វើឲ្យបែកធ្លាយ ដោយខុសច្បាប់ពីអ្នក ដែលបានធ្វើរឿងនេះឲ្យដឹងជាសាធារណៈ និងគ្មានការដឹងឮ ឬប្រឆាំងនឹងឆន្ទៈរបស់អ្នកដែលត្រូវបានគេស្តាប់ ឮនៅក្នុងការសន្ទនាទាំងឡាយនោះ។ បន្ទាប់មក មេដឹកនាំគណបក្សប្រឆាំងរូបនេះបានស្នើឲ្យរកមេធាវីម្នាក់ ដើម្បីពង្រឹងអំណះអំណាងនេះ។
លោកស្រី មូ សុខហួរ បានឆ្លើយតបទៅលោក សម រង្ស៊ី ថា លោកស្រីបានសុំឲ្យក្រុមសង្គមស៊ីវិលជាស្រ្តី ចុះទៅផ្ទះស្រីមុំ នៅផ្ទះរបស់នាង ដើម្បីផ្តល់ឲ្យនាងនូវការគាំទ្រខាងផ្លូវចិត្ត នៅមុនពេលនាងទៅបង្ហាញខ្លួននៅតុលាការសម្រាប់ការសាកសួរបន្ថែម។
ចាប់តាំងពីលេចធ្លាយរឿងស្នេហាលួចលាក់ជាមួយលោក កឹម សុខា នោះមក នាង ខុម ចាន់ដារាទី បានរក្សាជំហរការពារស្អាតស្អំរបស់នាង និងបានបដិសេធចោលរាល់ការចោទប្រកាន់ទាំងឡាយ ក្នុងនោះមានការចោទប្រកាន់ពីនាង ធី សុវណ្ណថា។
លោកស្រី រស់ សុភាព នាយិកានៃអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា ហៅកាត់ថា (GADC) បានប្រាប់ VOA ថា មេដឹកនាំអង្គការសង្គមស៊ីវិលប្រមាណជា២០អង្គការ បានច្រានចោលរាល់ចំណាត់ការផ្លូវច្បាប់ ដែលធ្វើឡើងប្រឆាំងនឹងស្រីមុំ។ លោកស្រីថា ក្រុមសង្គមស៊ីវិលនឹងប្រឹងប្រែងឲ្យអស់លទ្ធភាព សម្រាប់ការពារសិទ្ធិសេរីភាពរបស់ស្រីមុំ ដោយមិនបានគិតដល់ដំណើររឿងទាក់ទងរវាងនាង និងលោក កឹម សុខា ដែលស្ថិតនៅជាក្តីមន្ទិល និងជារឿងបុគ្គលនោះ។
លោកស្រីមានប្រសាសន៍ថា៖«គាត់ដូចជាមិនមានលំនឹងថា គាត់នឹងទៅរកសេវាសង្គមហ្នឹងឲ្យជួយទេ។ ផ្ទុយទៅវិញ គាត់មានតែមានតែសង្គមស៊ីវិល ហើយនិងអង្គការសិទ្ធិមនុស្សអីហ្នឹងជាអ្នកជួយគាត់ ហើយយើងនឹងប្រឹងប្រែងជួយឲ្យអស់លទ្ធភាព ហើយយើងក៏មិនដឹងថា វានឹងបញ្ចប់យ៉ាងម៉េច ហើយវានឹងអាចមានលទ្ធផលយ៉ាងម៉េចដែរ។ យើងកំពុងតែគិតគូរដូចគ្នា ហើយយើងអត់ដឹងថា យើងមិនហ៊ានធានាថា វានឹងលទ្ធផល វានឹងយ៉ាងម៉េចទេនៅពេលនេះ»។
លោកស្រីថ្លែងថា សេចក្តីថ្លែងការណ៍មួយដែលនឹងបញ្ជាក់ពីជំហររបស់សង្គមស៊ីវិលថានឹងត្រូវធ្វើយ៉ាងណា ដើម្បីការពារសិទ្ធិសេរីភាពរបស់នាង ខុម ចាន់ដារាទី ឬ ស្រីមុំ នោះ នឹងត្រូវប្រកាសឲ្យដឹងក្នុងពេលខាងមុខនេះ៕