អង្គការ​សង្គម​ស៊ីវិល​ចូលជួប​ទីប្រឹក្សា​លោក​អូបាម៉ា រឿង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ទីប្រឹក្សា​ផ្នែក​សន្តិសុខ​សហរដ្ឋ​អាមេរិក លោក បេន រ៉ូដ្ស (Ben Rhodes) (ឆ្វេង)

ភ្នំពេញ៖ យ៉ាងតិច​មាន​មន្ត្រី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១១​បាន​ចូល​ជួប​ដាច់​ដោយ​ឡែក​មួយ​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​សិទ្ឋិ​មនុស្ស​និង​ជា​ទី​ប្រឹក្សា​របស់​លោក​ប្រធា​នាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា​ក្នុង​អំឡុង​ពេល​ដែល​លោក​អូបាម៉ា​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ជំនួប​នេះ​បាន​ធ្វើ​ឡើង​មិន​បើក​ចំហរ ប៉ុន្តែ​គ្រាន់​តែ​បាន​ដឹង​ថា​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មាន​ជំនួប​ក្រៅ​ផ្លូវ​ការ​មួយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​សហរដ្ឋ​អាមេរិក។​

លោក​អ៊ូ វីរៈ ប្រធាន​មជ្ឃមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា

លោក​អ៊ូ វីរៈ ប្រធាន​មជ្ឃមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជាដែល​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប​ដែល​បាន​ជួប​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា អង្គការសង្គម​ស៊ីវិល​បាន​រាយការណ៍​អំពី​ការ​រំលោភ​សិទ្ឋិ​មនុស្ស​ ការ​ចាប់​ខ្លួន​លោក​ម៉ម សូណង់​ដូ នាយក​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ និង​សកម្មជន​ដីធ្លី​ដាក់​ពន្ឋនាគារ​ កំណែទម្រង់​ប្រព័ន្ឋ​តុលាការ​និង​កំណែទំរង់​ប្រព័ន្ឋ​បោះ​ឆ្នោត។​លោក​អ៊ូ វីរៈ​មិន​បាន​អះអាង​ថា​តើ​សហរដ្ឋ​អាមេរិក​មាន​ជំហរ​បែប​ណា​ក្រោយ​ពី​ជួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិលនេះទេ។
«នៅ​ក្នុង​ការ​ជួប​ហ្នឹង​ខ្ញុំ​ខ្លួន​ឯង​អត់​អាច​និយាយ​បាន​ទេ​ក៏​ប៉ុន្តែ​យើង​បាន​ប្រាប់​ពី​រឿង​ទូទៅ។ មាន​អង្គការ​មួយ​ចំនួន​បាន​ចូល​រួម​មាន​អង្គការ​ខុសៗគ្នា។ មាន​អង្គការ​ធំៗទាំង​អស់​នៅក្នុង​ហ្នឹង»។
លោក​សន ម៉ាកឃីនថត​ អ្នក​នាំពាក្យស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ទទួល​ស្គាល់​ថា​ពិតជា​មាន​ជំនួប​រវាង​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ជួប​ជាមួយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ពិត​មែន។ លោក​បាន​ប្រាប់​វីអូអេ តាម​សារអេឡិចត្រូនិក​ឬអ៊ីមែល​មក​ថា​លោកវ៉ាឡឺរី ចារ៉េត្ត (Valerie Jarrett) ទី​ប្រឹក្សាជាន់​ខ្ពស់​និង​លោកស្រី សាម៉ានថា ផោវ័រ (Samantha Power) ទីប្រឹក្សាពិសេស​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ជួប​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ដើម្បី​ស្វែង​យល់​អំពី​ស្ថាន​ភាព​សិទ្ឋិ​មនុស្ស​ក្នុង​កម្ពុជា​និង​ផ្លាស់​ប្តូរគំនិត​គ្នា​ទៅ​វិញ​ទៅ​មក​ស្តី​ពី​បញ្ហាសិទ្ឋិ​មនុស្ស។​
លោក​អូបាម៉ា​បាន​មក​ទស្សនកិច្ច​កម្ពុជា​រយះ​ពេល​ពី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​១៩ដល់​ថ្ងៃទី​២០​កន្លងទៅនេះ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​សហរដ្ឋ​អាមេរិក។​
នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មានជំនួប​ទ្វេភាគី​ដាច់​ដោយ​ឡែក​មួយ​ជាមួយ​ប្រធានា​ធិ​បតី​សហរដ្ឋ​អាមេរិកបារ៉ាក់ អូបាម៉ា។​ ក្រោយ​ពី​ជំនួប​រយៈ​ពេល​ជាង​៣០​នាទី​លោក​ប្រាក់ សុខុន​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​បញ្ហាសិទ្ឋិ​មនុស្ស​និង​អ្នក​ទោស​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
លោក​ប្រាក់ សុខុន​បាន​ស្រង់​សម្តី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មក​អះអាង​ថា លោក​ហ៊ុន សែនប្រាប់​លោក​បានប្រាប់​លោកអូបាម៉ា​ថា​បញ្ហា​រំលោភ​សិទ្ឋិមនុស្សនៅ​កម្ពុជា​ជា​ការ​មួល​បង្កាច់​ហើយ​នៅ​កម្ពុជា​មិន​មាន​អ្នក​ទោស​នយោបាយ​ទេ​ក៏ប៉ុន្តែ​មាន​អ្នក​នយោបាយ​ដែល​ធ្វើ​ខុស​និង​ច្បាប់​។លោក​បាន​បញ្ជាក់​ថា ​បញ្ហា​លោក​សម រង្ស៊ី​មិនបាន​លើក​នៅ​ក្នុង​ជំនួប​ទ្វេភាគី​ទេ។​
ទីប្រឹក្សា​ផ្នែក​សន្តិសុខ​សហរដ្ឋ​អាមេរិក លោក បេន រ៉ូដ្ស (Ben Rhodes) ដែល​កត់​សម្គាល់​ថា ជំនួប​ទ្វេ​ភាគី​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បានប្រព្រឹត្ត​ទៅ​ក្នុង​ស្ថានភាព​តានតឹង។ លោក​បាន​និយាយ​ថា​លោក​ប្រធានាធិបតី​អូបាម៉ា​និយាយ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​រំលោភ​សិទ្ឋិ​មនុស្ស។
​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ឲ្យកម្ពុជា​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ស្ថានភាព​សិទ្ឋិ​មនុស្ស​និង​លិទ្ឋិ​ប្រជា​ធិបតេយ្យ​ប្រសិន​បើ​ចង់​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក៕