អង្គការ​សមាគម​ជាង​១៣០​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​កាសែត​ជាប់​ពន្ធនាគារ​និង​បញ្ឈប់​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ

លោក ​សុខ ឧត្តម​ ម្ចាស់ស្ថានីយ​វិទ្យុរិទ្ធិសែន និង​លោក សុវណ្ណ រិទ្ធី ម្ចាស់​គេហទំព័រ​ TVFB​ ត្រូវបានចោទប្រកាន់ពីបទញុះញង់ ដោយសារតែអ្នកទាំងពីរនាក់បំពេញការងាររាយការណ៍ព័ត៌មានរបស់ពួកគេ។ (រូបថតដកស្រង់ពីបណ្តាញសង្គម)

អង្គការ​ សមាគម សហជីព និង​សហគមន៍​ចំនួន ​១៣២​ នៅ​ថ្ងៃ​ច័ន្ទ​នេះ បានអំពាវនាវ​រួម​គ្នា​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឲ្យ​បញ្ឈប់​ការ​យារយី​លើ​អ្នក​កាសែត​ផ្សេងៗ​ទៀត។

សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ​ខែ​ឧសភា ​ឆ្នាំ​២០២០ បាន​សរសេរ​ថា៖

«សូម​មេត្តា​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​លោក ​សុខ ឧត្តម​ និង​លោក សុវណ្ណ រិទ្ធី និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត ​ដែល​មិន​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ ហើយ​ដែល​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​ ដោយសារ​ការ​ងារ​រាយ​ការណ៍​ព័ត៌មាន​របស់​ពួកគេ»។​

​កាល​ពី​សប្តាហ៍​មុន អាជ្ញាធរ​បាន​ចាប់​ខ្លួន លោក សុខ ឧត្តម ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ម្នាក់ ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ​បន្ទាប់​ពី​លោកបាន​រាយ​ការណ៍​ជា​បន្តបន្ទាប់​អំពី​ជម្លោះ​ដីធ្លី​រវាង​សហគមន៍​កសិករ​មូលដ្ឋាន​និង​មន្ត្រីដ៏​មាន​អំណាច។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​មាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ និង​អង្គការ​ការ​ពារ​សេរីភាព​សារ​ព័ត៌មាន​ ដូចជា​អង្គការ​លីកាដូ អាដហុក និង​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ជាដើម។

មុន​ពេល​ចាប់​ខ្លួន​អ្នក​កាសែត​រូប​នេះ​ ​ក្រសួង​ព័ត៌មាន​ក៏​បាន​សម្រេច​លុប​ចោល​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់​ស្ថានីយ​វិទ្យុ ​រិទ្ធិសែន និង​គេហទំព័រ​របស់​វិទ្យុ​នេះ ​ដែល​មាន​លោក​ សុខ ឧត្តម ​ជា​ម្ចាស់​ផង​ដែរ។​

​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២០ លោក ​សុវណ្ណ រិទ្ធី ម្ចាស់​គេហទំព័រ​ TVFB​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​អាជ្ញា​ប័ណ្ណ​របស់​លោក​ក៏​ត្រូវ​បាន​លុប​ចោល បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​ថ្លែង​ជា​សាធារណៈ​អំពី​វិធានការរបស់​រដ្ឋាភិបាល​ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ​១៩។

យ៉ាង​ហោច​ណាស់ មាន​អ្នក​សារព័ត៌មាន​ជាង​ ១០ ​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​កោះហៅ​និង​សាកសួរ នៅ​ត្រឹម​ដើម​ឆ្នាំ​ ២០២០ ​នេះ ដោយសារ​ការ​រាយ​ការណ៍​ព័ត៌មាន​របស់​ពួកគេ។​ នេះ​បើ​ផ្អែក​តាម​ក្រុម​អង្គការ​សង្គមស៊ីវិល។​

ក្រុម​អង្គការ​ទាំង​នេះ​បាន​ចាត់​ទុក​ថា​ ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​លើ​អ្នក​សារ​ព័ត៌មាន​ដែល​ហ៊ាន​ផ្សាយ​ព័ត៌មាន​រិះគន់​គឺ «ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា»។​

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) បាន​ចាត់​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី ​១៤៤​ លើ​ ១៨០ ​លើ​ពិភពលោក​ក្នុង​ឆ្នាំ ​២០២០ ​នេះ៕