អង្គការ​សង្គម​ស៊ីវិល​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​ដោះ​លែង​សមាជិក​​គណបក្ស​​សង្គ្រោះ​ជាតិ

បាតុករ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សមាជិក​សភា​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។

បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាលដោះ​លែង​អ្នក​តំណាង​រាស្ត្រ​ចំនួន​៧​នាក់​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ផ្សេង​ទៀត​ចេញ​ពី​ពន្ធនាគារ​ដោយ​គ្មាន​លក្ខខណ្ឌ។​

អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោតនិង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៨​រូប​ដែល​ក្នុង​នោះ​មាន​លោក​ស្រី​ មួរ សុខហួរ​ សញ្ជាតិ​អាមេរិក​កាំង​ដើម​កំណើត​ខ្មែរ​ ត្រូវ​បាន​ក្រុម​សមត្ថ​កិច្ចចាប់​ខ្លួន​កាល​ពី​សប្តាហ៍​មុន ​រួច​ហើយ​ត្រូវ​បាន​តុលាការ​ចេញ​ដីកាឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​ បាន​ញុះញង់​នាំឲ្យមាន​អំពើ​ហិង្សា​ ក្រោយ​ពី​ព្រឹត្តិការណ៍​ប៉ះ​អង្គិច​នៅ​សួន​ប្រជាធិបតេយ្យ។​

ប្រសិន​ណា​បើ​តុលាការ​រក​ឃើញ​ថា​ មាន​ទោស​កំហុស​ អ្នក​ទាំង​នោះ​អាច​ប្រឈម​មុខ​ក្នុង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​៣០​ឆ្នាំ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ​ក្រោយ​ពីមាន​ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ជាបន្ត​បន្ទាប់​ ដោយ​បាន​រិះ​គន់​សកម្មភាព​ចាប់​ខ្លួន​នេះ​ថា​ រដ្ឋាភិបាល​កំពុង​គំរាម​កំហែង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ប្រជុំ​ ដែល​ជាផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​គោលការណ៍​សិទ្ធិ​មនុស្ស​ ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។​

សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​៣៩​បាន​ចាត់​ទុក​ថា​លំហ​ប្រជាធិបតេយ្យ​កាន់​តែ​រួម​តូច​ចង្អៀត​ដែល​ជា​ការ​ជះ​ឥទ្ធិពល​ដល់​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស​ ដូច​ជាសិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​និង​សិទ្ធិ​ជួប​ប្រជុំ​ជាដើម។​

លោក ​នី​ ចរិយា​ ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​របស់​សមាគម​ ADHOC​ មាន​ប្រសាសន៍​ក្នុង​អង្គ​សន្និសីទ​កាសែត​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​មាន​មនុស្ស​យ៉ាង​តិច​ប្រមាណ​៣០​នាក់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​កំហុស។ លោក​បាន​ហៅ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​និង​អ្នក​ដែល​ត្រូវ​បាន​ដោះលែង​មក​វិញ​ថា​ ជាអ្នក​ទោស​មនសិការ។​

លោក​បាន​បញ្ជាក់​ថា​ តុលាការ​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច​ដើម្បី​ប្រើ​ប្រាស់​ គំរាម​កំហែង​ បំបាក់​ស្មារតី​អ្នក​តវ៉ា​ដែល​ហ៊ាន​ទិតៀន និង​អ្នក​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល។​

លោក​និយាយ​ថា៖​ «យើង​ឃើញ​ហើយ​ថា​ ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​៧​រូប​ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ ព្រម​ទាំង​ការ​ចាប់​ខ្លួន​តំណាង​កម្មករ​២៣​រូប​នា​ពេល​កន្លងមក​គឺ​ជា​សក្ខីភាព​ជាក់​ស្តែង​ ដែល​បង្ហាញ​ថា​ តុលាការ​កម្ពុជា​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​កាន់​អំណាច»។

លោក​កែម ឡី​ អ្នក​វិភាគ​សង្គម​ឯករាជ្យ​ មាន​ប្រសាសន៍​ថា​ ទិដ្ឋភាព​នៅ​កម្ពុជា​ប្រាកដ​ជាមាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​មែន​ ហើយ​មាន​ច្រើន​និង​ឃោរឃៅ។ លោក​បាន​ស្តី​បន្ទោស​ថា​ ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ទាក់​ទង​ទៅ​នឹង​វប្បធម៌​សង្គម​ និង​និយោបាយ​ ដែល​អ្នក​ដឹក​នាំ​កំពុង​តែ​អនុវត្ត​នូវ​លទ្ធិ​កុម្មុយនីស្ត។​

លោក​និយាយ​ថា៖​ «យើង​សង្កេត​ឃើញ​ព្រឹត្តិការណ៍​នេះ​ហាក់​បី​ដូច​ជាអ្នក​និពន្ធ​ដដែល។​ ជារួម​យើង​ធ្លាប់​អាន​សៀវភៅ​ ពេល​យើង​អាន​ទៅ ​គ្រាន់​តែ​ដឹង​អត្ថន័យ យើង​ដឹង​ថា​ អ្នក​និពន្ធ​ហ្នឹង​មក​ពីណា? ​ហើយ​អ្នក​និពន្ធ​ហ្នឹង​រាង​សាហាវ»។​

លោក​ វន់ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​ការ​បង្ក្រាប​ពី​សមត្ថកិច្ចកាល​ពី​ដើម​ខែ​មករា ​មាន​ប្រសាសន៍​ថា​ រយៈពេល​ចុង​ឆ្នាំ​២០១៣​និង​ដើម​ឆ្នាំ​២០១៤​ទំហំ​សេរីភាព​សម្រាប់​អ្នក​ធ្វើ​ការ​តស៊ូ​មតិ​នៅ​កម្ពុជា​ត្រូវ​បាន​រិត​ត្បិត​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​ ជា​ពិសេស​ក្រោយ​ពេល​បោះ​ឆ្នោត។

លោក​និយាយ​ថា៖ ​«យើង​ឃើញ​ថា​ សេរីភាព​នេះ​ត្រូវ​បាន​រិត​ត្បិត​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ចរបស់​រដ្ឋាភិបាល។ ​កន្លង​មក​យើង​ឃើញ​ថា ​សកម្មជន​មួយ​ចំនួន ​ដូច​ជា​ប្រធាន​សហជីព​ដូច​ជាលោក​ជា វិជ្ជា​ត្រូវ​បាញ់​សម្លាប់​ ប៉ុន្តែ​រូប​ភាព​ថ្មី​គឺ​គេ​មិន​បាញ់​សម្លាប់​ទេ។​ គេ​ធ្វើបាប​តាម​រយៈ​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​ទៅ​លើ​យើង​ទាំង​អស់​គ្នា»។​

លោក​ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ច្រាន​ចោល​ការ​រិះ​គន់​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល។​ លោក​បាន​បញ្ជាក់​ថា​ ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​គឺ​ជា​ការ​អនុវត្ត​និតិ​វិធី​របស់​តុលាការ​តាម​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះ៕