សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​អភិបាល​កិច្ច​ល្អ ​​បន្ថែមទៀត​

នាយក​ប្រតិបត្តិ​ អង្គការ Comfrel លោក​គល់ ​បញ្ញា

តំណាង​សង្គម​ស៊ីវិល​ទទូច​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន ​ដូចជា​ច្បាប់​ស្តីពី​ការ​រៀបចំ​តុលាការ​និង​ការ​កាត់ទោស​និង​ច្បាប់​ស្តីពី​លក្ខខន្តិកៈ​ចៅ​ក្រម​និង​ព្រះរាជ​អាជ្ញា​ជាដើម។​
​ភ្នំពេញ៖ មួយថ្ងៃ​មុន​ពេលរដ្ឋាភិបាល​កម្ពុជា​បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ឲ្យ​ប្រសើរ​ថែម​ទៀត​ក្នុង​ការ​ដឹកនាំ​រដ្ឋ ​លើ​ផ្នែក​ប្រជាធិបតេយ្យ ​ការ​កែទម្រង់​តុលាការ​និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។​

សំណើនេះ​បាន​ធ្វើឡើង​ក្រោយ​ពី​មន្ត្រី​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ សរុប​ចំនួន​ប្រមាណ​ជា​១០០នាក់​ បាន​ជួប​ប្រជុំគ្នា​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅថ្ងៃ​នេះ​ដើម្បី​បង្ហាញ​ជំហរ​របស់ខ្លួន​ដាក់​ជូន​កិច្ចប្រជុំលើក​ទី១៩​នៃ​គណៈ​កម្មការ​សម្រប​សម្រួល​រវាង​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។​

ក្រុម​មន្ដ្រី​មកពី​អង្គការ​ ដែល​ធ្វើការ​លើ​វិស័យ​ដោយ​ឡែកៗ​ពីគ្នា​ចំនួន​២០ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ក្នុង​ការ​ចាត់ចែង​ថវិកា​របស់​ខ្លួន​ដូចជា​ត្រូវ​បង្ហាញ​ជា​សាធារណៈ​របាយ​ការណ៍​សវនកម្ម ​បង្ហាញ​ឲ្យ​បាន​មុន​នូវ​ព្រឹត្តិប័ត្រ​ស្តីពី​បំណុល​ជាដើម។ ​ជាមួយ​នេះ​ដែរ​ តំណាង​សង្គម​ស៊ីវិល​មានការ​សោក​ស្តាយ​ចំពោះ​ភាព​យឺតយ៉ាវ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ​ហើយ​បាន​ទទូច​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន ​ដូចជា​ច្បាប់​ស្តីពី​ការ​រៀបចំ​តុលាការ​និង​ការ​កាត់ទោស​និង​ច្បាប់​ស្តីពី​លក្ខខន្តិកៈ​ចៅ​ក្រម​និង​ព្រះរាជ​អាជ្ញា​ជាដើម។​

នៅក្នុង​ក្រប​ខ័ណ្ឌ​ច្បាប់​នេះ​ដែរ​ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​បាន​ទទូច​ឲ្យ​កែ​ទម្រង់​ច្បាប់​បោះឆ្នោត​ ដោយ​សារ​ច្បាប់​នេះ​មាន​ភាព​សាំញ៉ាំ​ពេក​និង​ខ្វះ​នូវ​យន្ត​ការ​ពង្រឹង​និង​ការ​ដាក់​បណ្តឹង​សមស្រប។​

នៅក្នុង​ការលើក​ពី​គោល​ជំហរ​រួម​នេះ​ដែរ​ ក្រុម​អង្គការ​បាន​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្តទុក​ដាក់​លើ​ការ​គ្រប់គ្រង​ចំណូល​ធនធាន​ប្រេង​ ឧស្ម័ន ​និង​រ៉ែ ​និង​ស្នើ​ឲ្យ​ពិគ្រោះ​យោបល់​ជាមួយ​មហាជន​ឲ្យ​បាន​ច្រើន​ថែមទៀត​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​និង​បទដ្ឋាន។​

លោកឈិ​ត សំអាត​ នាយក​ប្រតិបត្តិ​នៃ​វេទិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ​(Ngo Forum) ​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ ក្រោយពី​កិច្ច​ប្រជុំ​រវាង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា ​សំណើទាំងនេះ​គឺ​មាន​គោល​ដៅ​ជួយ​កែ​លំអ​ការ​គ្រប់គ្រង​ប្រទេស​ឲ្យ​បាន​ប្រសើរ។​

«ក្នុង​ឯកសារ​គោល​ជំហរ​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ មិនមែន​ក្នុង​ន័យ​ទិតៀន​ទេ​គឺ​ក្នុង​ន័យ​រិះគន់​ស្ថាបនា»។​

ដោយឡែក​ លោក​គល់ ​បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោតសេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ​(Comfrel)​ បាន​សង្កត់​ធ្ងន់​លើ​ការ​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​

«ក្នុងនេះ​គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​ទៅដល់​ការ​ពិភាក្សា​ដល់​ម្ចាស់ជំនួយ​ជាមួយ​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ថា​ ត្រូវ​យក​ចិត្ត​ទុកដាក់​ក្នុង​កំណែ​ទម្រង់​បោះឆ្នោត​ ហើយ​ក្នុង​ចំណុច​សំខាន់​នៃ​កំណែ​ទម្រង់​បោះឆ្នោត​គឺ​ការ​ពិនិត្យ​មើល​អំពី​រចនា​សម្ព័ន្ធ​សមាស​ភាព​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ ពីព្រោះ​ដើម្បី​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​មាន​ការ​ទទួល​ស្គាល់ ​មានការ​ចូលរួម​ពេញលេញ ​មានការ​ទុកចិត្ត​គឺ​ការ​រៀបចំ​អាជ្ញា​កណ្តាល​នេះ​ឯង»។​

លោក​ផៃ ស៊ី​ផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ដ្រី​មាន​ប្រសាសន៍​ដោយ​ចាត់​ទុក​ថា ​សំណើរបស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​គឺ​ជា​ការតស៊ូ​មតិ​មួយ។​ ហើយ​លោក​បាន​លើក​ពី​ការ​ជឿន​លឿន​លើ​ការ​កែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​តុលាការ ​រួមទាំង​ដីធ្លី ​និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ ជាទូទៅ។​

«វា​ជា​ចំណាំង​នៃ​ការចង់​ដឹង ​នៃ​ការយល់​របស់​មហាជន។ ​នេះ​គឺជា​ដំណាក់​កាល​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដែល​យើង​កំពុង​ប្រឹងប្រែង​ធ្វើ។ ​ហើយ​អ្វី​ដែល​ជា​សន្ទុះ​ដែល​យើង​ទទួល​បាន​ យើង​ឃើញ​លើ​ចំណូល​ផលិតផល​សរុប​នៅ​ក្នុង​ស្រុក​គឺ​ឡើង​៧,១​ភាគរយ​ ហើយ​ការ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​យើង​បាន​ជាង​៧០​ភាគរយ»។​
ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​រួម​ចំណែក​ក្នុង​សកម្ម​ភាព​សង្គម​នៅ​កម្ពុជា​ ជាពិសេស​ក្រោយពី​ការ​រៀបចំ​ការបោះឆ្នោត​ដោយ​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​១៩៩៣​ ហើយ​អង្គការ​ទាំងនេះ​បាន​រួម​ចំណែក​ជា​ទឹក​ប្រាក់​ប្រមាណ​ជា៥៥០​លាន​ដុល្លារ​អាមេរិក​ដល់​សេដ្ឋកិច្ច​កម្ពុជា​កាលពី​ឆ្នាំ២០១១។​ នេះ​បើ​យោងតាម​របាយ​ការណ៍រ​បស់​អង្គការ​ក្រៅ​រដ្ឋាភិបាល៕