ភ្នំពេញ —
ដំណើរការសាកល្បងនៃសេវាកម្មរថយន្តក្រុងរយៈពេលមួយខែក្នុងរាជធានីភ្នំពេញដែលជាគម្រោងការរួមគ្នារវាងសាលាក្រុងភ្នំពេញ និងភ្នាក់ងារសហប្រតិបត្តិការជប៉ុនអន្តរជាតិហៅកាត់ថា ចៃកា (JICA) បានបញ្ចប់ហើយនៅថ្ងៃអង្គារនេះដោយបានហៅថានេះគឺជាការសាកល្បងប្រកបដោយជោគជ័យ។
ក៏ប៉ុន្តែការដឹកជញ្ជូនអ្នកដំណើរនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី៥ខែមិនា។ នេះបើយោងតាម លោក ជូ គឹមទ្រីអនុប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ។
មន្ត្រីដដែលបញ្ជាក់ថាក្រុមហ៊ុនឯកជនមួយមកពីប្រទេសចិននឹងបន្តសេវាកម្មនេះក្រោមកិច្ចសហការជាមួយសាលារាជធានីភ្នំពេញ។
«ក្រុមហ៊ុនឯកជនមួយគាត់នឹងបន្ត។ឈ្មោះ Global Trade Cambodiaមកពីប្រទេសចិន។ គាត់នឹងអនុវត្តបន្តពីអង្គការចៃកាពីថ្ងៃទី០៥ទៅ»។
យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញនិងរបស់JICA ឲ្យដឹងថាមានប្រជាពលរដ្ឋពីចន្លោះ ១.៥០០ ទៅ ១.៨០០នាក់ក្នុងថ្ងៃៗបានប្រើប្រាស់យានជំនិះសាធារណៈក្នុងអំឡុងរយៈពេលសាកល្បងមួយខែមកនេះ។
លោកអ៊ីហ្គាមី ម៉ាសាហ៊ីកុ តំណាងអង្គការJICAប្រចាំនៅកម្ពុជាថ្លែងថាគម្រោងសាកល្បងនេះបានទទួលជោគជ័យហើយលោកមានការភ្ញាក់ផ្អើលនៅពេលដែលប្រជាពលរដ្ឋកម្ពុជាឲ្យតម្លៃលើសេវាកម្មសាធារណៈនេះ។
«ខ្ញុំគិតថាគម្រោងរថយន្តក្រុងនេះទទួលបានជោគជ័យខ្លាំងណាស់ហើយខ្ញុំមានការភ្ញាក់ផ្អើល។ប្រជាពលរដ្ឋកាន់តែច្រើនឡើងយល់ដឹងពីអត្ថប្រយោជន៍និងភាពងាយស្រួលតាមរយៈការធ្វើដំណើរតាមរថយន្តក្រុង»។
សេវាកម្មរថយន្តក្រុងសាកល្បងនេះ បានចាប់ដំណើរការកាលពីថ្ងៃទី០៤ ខែកុម្ភៈហើយប្រជាពលរដ្ឋត្រូវបង់ថ្លៃសំបុត្រមួយជើងត្រឹមតែ១៥០០រៀលតែប៉ុណ្ណោះសម្រាប់ចម្ងាយផ្លូវទៅមកពីរង្វង់មូលស្តាតចាស់តាមបណ្តាយផ្លូវព្រះមុន្នីវង្សដល់ស្ពានព្រះមុន្នីវង្ស ផ្សារច្បារអំពៅ។
រថយន្តក្រុងសរុបចំនួន ១០គ្រឿងត្រូវបានដាក់ឲ្យដំណើរការ។ ប្រជាពលរដ្ឋដែលបានជ្រើសរើសយកសេវាកម្មរថយន្តក្រុងបានសម្តែងការពេញចិត្តចំពោះសេវាកម្មរថយន្តក្រុងនេះ។
អ្នកស្រី ប៉ែន ហួនអាយុ ៦១ជាអាជីវករនៅផ្សារអូឫស្សី។ កំពុងអង្គុយលើកៅអីនៃរថយន្តក្រុងធ្វើដំណើរចេញទៅច្បារអំពៅ អ្នកស្រីនិយាយថាការធ្វើដំណើរតាមរថយន្តក្រុងមានតម្លៃថោក ហើយមានសុវត្ថិភាព។ អ្នកស្រីចង់ឲ្យគម្រោងនៃសេវាកម្មរថយន្តក្រុងសាធារណៈបន្តទៅទៀត។
«បន្តជិះតទៅទៀត។ វាមានសុវត្ថិភាព។ ចង់ទៅលេងកូននៅច្បារអំពៅ។ វាសុវត្ថិភាពចឹង»។
លោក សៀន សេត អាជីវករនៅផ្សារធំថ្មី មានប្រសាសន៍ថាលោកកំពុងធ្វើដំណើរពីផ្សារថ្មី ឆ្ពោះទៅកាន់គល់ស្ពានព្រះមុន្នីវង្ស។
បុរសអាយុ ៥៥ឆ្នាំរូបនេះរំពឹងទុកថាសេវាកម្មរថយន្តក្រុងសាធារណៈនេះនឹងនៅតែបន្ត។
«តាំងពីមានឡានក្រុងមកខ្ញុំជិះរហួត។ វាស្រួល ហើយអត់ក្តៅ។ ចង់ឲ្យសេវាកម្មឡានក្រុងហ្នឹងបន្តរហូត»
លោក ជា វិចិត្រ គឺជាអ្នកបើកបររថយន្តក្រុង។ កំពុងអង្គុយរង់ចាំអ្នកធ្វើដំណើរនៅចំណតរថយន្តក្រុងក្បែរគល់ស្ពានព្រះមុនីវង្ស លោកឲ្យដឹងថាជារៀងរាល់ថ្ងៃ រថយន្តរបស់លោកទទួលបានអ្នកធ្វើដំណើរជាមធ្យមប្រហែលជាង ១០០នាក់។
«និយាយទៅចម្រុះ។ ក្មេង ចាស់ អ្នកធ្វើការ និងជាពិសេសក្រុមសិស្សសាលា។ ចាប់ពីម៉ោង៣. ៤. ៥ ហ្នឹងគឺថាច្រើន។ មនុស្សពេញឡានតែម្តង»។
អ្នកបើកបររថយន្តក្រុងម្នាក់ទៀត គឺលោកឈួន ហុង បានប្រាប់ឲ្យដឹងថាចំនួនប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណៈមានការកើនឡើងតិចតួចក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ។ អ្នកធ្វើដំណើរភាគច្រើនគឺជាក្រុមអ្នកធ្វើការរដ្ឋនិងក្រុមប្រជាពលរដ្ឋដែលមានមុខរបរជាអ្នកលក់ដូរ។ ដោយឡែកចំនួនអ្នកធ្វើដំណើរជាយុវវ័យវិញនៅមានកម្រិតតិចនៅឡើយ។
«អ្នកធ្វើការ អ្នកលក់បន្លែចឹងគេជិះ។ វាដោយថ្ងៃដែរថ្ងៃណាច្រើនក៏ច្រើន ថ្ងៃណាអត់ក៏អត់សូវមានច្រើនដែរ។ យុវវ័យកាលដំបូងច្រើនតែឥឡូវដូចថយទៅវិញហើយ»។
ការសាកល្បងសេវាកម្មរថយន្តក្រុងនៅកម្ពុជាធ្លាប់ត្រូវបានអនុវត្តម្តងរួចទៅហើយកាលពីឆ្នាំ ២០០១ ប៉ុន្តែពុំទទួលបានជោគជ័យ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញឲ្យដឹងថាថ្វីបើគម្រោងដំណើរការរថយន្តក្រុងសាកល្បងជាមួយអង្គការJICA នេះបានបញ្ចប់ទៅហើយក្តី ប៉ុន្តែសាលារាជធានីភ្នំពេញមិនទាន់បានចុះហត្ថលេខាផ្តល់សិទ្ធិវិនិយោគដល់ក្រុមចិន Global Trade Cambodia ដែលនឹងដំណើរការបន្តនោះទេ។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថាសាលារាជធានីភ្នំពេញកំពុងពិចារណាដើម្បីពង្រីកផ្លូវរត់របស់រថយន្តក្រុងបន្ថែមទៀត៕