ពលរដ្ឋកម្ពុជាមួយចំនួនត្អួញត្អែរពីការអាក់ខាន ទទួលព័ត៌មាននិងកម្មវិធីផ្សេងៗរបស់វិទ្យុ អាស៊ីសេរី និង VOA ក្រោយពីការគំរាមជាបន្តបន្ទាប់ដល់វិទ្យុក្នុងស្រុក ឱ្យបិទការផ្សាយបន្ត ដល់វិទ្យុទាំងពីរនេះ។
កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រសួងព័ត៌មានបានបញ្ជាឱ្យវិទ្យុនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជានិងវិទ្យុសំបុកឃ្មុំ ដែលជាវិទ្យុពីរចុងក្រោយបង្អស់ទទួលផ្សាយកម្មវិធីរបស់ VOA និងវិទ្យុអាស៊ីសេរី ឱ្យបញ្ឈប់ការផ្សាយការផ្សាយវិទ្យុបរទេសពីរផ្សាយចេញពីរដ្ឋធានីវ៉ាស៊ីនតោន ជាបន្ទាន់។
ក្នុងលិខិតរបស់ក្រសួងព័ត៌មានដែលត្រូវបានគេចែកចាយតាមបណ្តាយសង្គមហ្វេសប៊ុក បញ្ជាក់ថា VOA និងវិទ្យុអាស៊ីសេរី ពុំទាន់បានចុះបញ្ជីការិយាល័យតំណាងស្របច្បាប់នៅប្រទេសកម្ពុជានោះទេ ខណៈដែលវិទ្យុអាស៊ីសេរីបានផលិតកម្មវិធីព័ត៌មានរបស់ខ្លួនជាង២០ឆ្នាំ ឯសំឡេងសហរដ្ឋអាមេរិក VOA បានបម្រើជូនពលរដ្ឋកម្ពុជានូវព័ត៌មានប្រចាំថ្ងៃជាង៦០ ឆ្នាំទៅហើយ។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលតែងតែស្តាប់កម្មវិធីវិទ្យុទាំងពីរបន្តបន្ទាប់គ្នា បានឲ្យដឹងថា ពួកគាត់ពិតជាបារម្ភអំពីការប៉ះពាល់ដល់ផលប្រយោជន៍ការងារ និងអាជីវកម្មខ្លួនដែល ដោយសារ ការអាក់ខានទទួលព័ត៌មានប្រចាំថ្ងៃពីវិទ្យុដែលពួកគេយល់ថាបានរាយកាណ៍លម្អិតអំពីសង្គម។
លោក ឯក កក្កដា វ័យជិត៦០ឆ្នាំ ប្រកបរបរធ្វើស្រែចំការ និង ជាអាជីវកម្មខ្នាតតូចមួយ នៅខេត្តបាត់ដំបង។ លោកថា លោកស្តាប់ VOA សំឡេងសហរដ្ឋអាមេរិកតាំងពីលោកនៅក្មេង។ ពេលនេះ លោកពុំអាចទទួលព័ត៌មាន ដោយងាយស្រួលដូចមុនទេ ព្រោះពិបាកស្វែងរកកម្មវិធី VOA និងវិទ្យុអាស៊ីសេរី តាមរលកធាតុអាកាសវែង។
លោក ឯក កក្កដា វ័យជិត៦០ឆ្នាំ ប្រកបរបរធ្វើស្រែចំការ និងជាអាជីកម្មខ្នាតតូចមួយ នៅខេត្តបាត់ដំបង៖
«VOA គេអាចបើក AM បាន តែអត់អាស៊ីសេរី។ ប៉ុន្មានថ្ងៃនេះនៅសល់ប៉ុស្តិ៍ស្ត្រីមួយនៅបាត់ដំបង ឥឡូវវិទ្យុស្ត្រីហ្នឹងគេបិទទៀត។ ខ្ញុំឆ្ងល់ថាគាត់ធ្វើនឹងដើម្បីអីព្រោះ ប្រជាពលរដ្ឋគាត់ត្រូវការព័ត៌មានហ្នឹងចាំបាច់។ រាល់ថ្ងៃខ្ញុំទទួលព័ត៌មានឯករាជ្យយ៉ាងតិច ៤ឬ៥ស្ថានីយ រាល់ថ្ងៃសល់២ ឥឡូវអស់២ នឹងទៅទៀត។ ហើយអ្នកដែលប្រើទូរស័ព្ទទំនើបវាមានតិចទៅទៀត។ តំបន់ចុងកាត់ប្រព័ន្ធអ៊ីនធឺណេតវាដើរយឺតទៅទៀត»។
លោកថាការវិទ្យុផ្សេងៗ ដែលនៅផ្សាយភាគច្រើនជាព័ត៌មានកម្សាន្តសប្បាយ ផ្សព្វផ្សាយពាណិជ្ជកម្មលក់ថ្នាំ និងផលិតផលផ្សេងៗ ដោះស្រាយវិបត្តិគ្រួសារ និងស្នេហា និងសំណូមពរបទចម្រៀងជាដើម ប៉ុន្តែពុំសូវមានព័ត៌មានដែលលម្អិត អំពីសង្គមទេ។
«យើងដករឿងនយោបាយចោល ប្រជាពលរដ្ឋគាតចង់បានព័ត៌មានអំពីកសិកម្ម និយាយពីសុខាភិបាល និយាយពីអប់រំ និយាយពីរឿងចំណាកស្រុកមនុស្សមានការងារធ្វើ អត់ការងារធ្វើ មនុស្សធ្វើកសិកម្មផ្នែកនេះចំណេញ ធ្វើអានេះខាត ប្រទេសថៃរកស៊ីអី គេធ្វើអី ប្រទេសខ្មែរគេធ្វើអី រកស៊ីអី ខេត្តបាត់ដំបងគេធ្វើអី ភ្នំពេញគេធ្វើអី កម្មករដួលសន្លប់ដោយសារអី។ មួយរយៈចុងក្រោយគាត់ដឹងច្រើនមែនទែន»។
ការហាមប្រាមវិទ្យុក្នុងស្រុកពីរចុងក្រោយបង្អស់ ដែលផ្សាយកម្មវិធី VOA និងវិទ្យុអាស៊ីសេរី កើតមានឡើងក្រោយពីការគំរាមបិទវិទ្យុក្នុងប្រទេសនានា ដែលទទួលការផ្សាយបន្តរបស់កម្មវិធីគណបក្សសង្គ្រោះជាតិ VOA និងវិទ្យុអាស៊ីសេរី។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ យ៉ាងហោចណាស់មានវិទ្យុក្នុងស្រុកជាង ១០ បានផ្អាកការផ្សាយកម្មវិធី VOA និងវិទ្យុអាស៊ីសេរី ជាបន្តបន្ទាប់ដោយគោរពតាមវិធានការក្រសួងព័ត៌មាន។ វិទ្យុទាំងពីរនេះក៏ត្រូវបានចោទប្រកាន់ពីរឿងមិនប្រក្រតីទាក់ទិននឹងពន្ធដារ និងការចុះបញ្ចីផងដែរ។
វិទ្យុអាស៊ីសេរី និង VOA ជាសារព័ត៌មានដែលផ្តល់ជំនួយនិងមានការផ្សាយចេញពីសហរដ្ឋអាមេរិក ក្រោមគោលការណ៍ លើកម្ពស់លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋខ្មែរ។ វិទ្យុទាំងពីររាយការណ៍ព័ត៌មានក្នុងស្រុកពីសិទ្ធិមនុស្ស នយោបាយ សេដ្ឋកិច្ច សង្គម ដីធ្លី ក៏ដូចជាតំបន់អំពីអាស៊ាន ទំនាក់ទំនងអន្តរជាតិ និងនយោបាយប្រទេសមហាអំណាចជាដើម។
លោក ឯក អាងឧត្តម កសិករនៅកំពង់ចាម បានឲ្យដឹងថាកន្លងមកលោក ចាប់អារម្មណ៍ព័ត៌មានអំពីទីផ្សារកសិកម្ម និងដំណោះស្រាយវិវាទដីធ្លីជាដើម ពីព្រោះជាពាក់ព័ន្ធជីវភាពប្រចាំថ្ងៃផង និងផ្តល់ចំណេះដឹងអំពីសិទ្ធិ និងច្បាប់។
បើទោះវិទ្យុបន្តផ្សាយព័ត៌មានតាមបណ្តាញសង្គម លោកបានលើកឡើងថា៖
«អត់សូវចេះប្រើ មានតែអត់តែសូវប្រើ។ ទី១ គឺអត់ពេល។ ទី២ កម្រិតប្រើភាសាបរទេសគឺអត់សូវចេះ អញ្ចឹងឲ្យកូនបើកឲ្យ។ ដល់ពេលគេរវល់ ទៅរៀនបាត់ទៅគឺអត់ទៅណា»។
នៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន វិទ្យុជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ប្រជាជនតាមជនបទ ដោយឡែកនៅកម្ពុជា ក្រុមប្រជាជនដែលទទួលព័ត៌មាន ពីវិទ្យុមានភាគរយប្រហាក់ប្រហែលគ្នាគឺប្រមាណ៧០ % ទាំងនៅទីក្រុង និងជនបទ ទាំងអ្នកវ័យក្មេង និងវ័យចំណាស់ នេះបើតាមការស្រាវជ្រាវទៅលើទម្លាប់នៃការទទួលព័ត៌មានរបស់យុវជនកម្ពុជា ចន្លោះឆ្នាំ២០១៣ ទៅ២០១៦ ធ្វើឡើងដោយស្ថាប័ន BBC Media Action។ ការស្រាវជ្រាវនេះក៏បានបង្ហាញទៀតថា ក្រុមអ្នកទទួលព័ត៌មានពីវិទ្យុដែលចម្បងជាងគេគឺ អ្នកធ្វើការផ្នែកជំនាញបច្ចេកទេស កម្មករជំនាញ អ្នកគ្មានការងារធ្វើ និងនិស្សិត ខណៈដែលអ្នកទទួលពត៌មានពីកាសែតគឺ អ្នកជំនាញបច្ចេកទេស មន្ត្រីរាជការ សិស្សនិស្សិត អ្នកជំនួញ និងម្ចាស់ឧស្សាហកម្ម។
សារព័ត៌មាននៅកម្ពុជាត្រូវបានគេមើលឃើញថា ស្ថិតក្នុងការរឹតត្បិតនាប៉ុន្មានសប្តាហ៍ចុងក្រោយដោយការប្រើច្បាប់ពន្ធដារ ជាក់ស្តែងការណ៍ដែលឈានដល់ការបិទកាសែត The Cambodia Daily ដែលបានបំពេញបេសកកម្មអស់ជាង ២៤ឆ្នាំ បានធ្វើឲ្យប្រជាពលរដ្ឋ នៅកម្ពុជា ពិសេសអ្នកដែលរស់នៅក្នុងទីក្រុងភ្នំពេញ សម្តែងការសោកស្តាយយ៉ាងខ្លាំង។
លោក អាង ឧត្តម សង្ឃឹមថា អ្នកសារព័ត៌មាននៅតែបន្តបេសកកម្មរាយការណ៍ព័ត៌មាន៖
«ខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកសារព័ត៌មាន ទាំងអស់ប្រឹងប្រែង យកព័ត៌មានណាដែរពិត។ សំខាន់បំផុតព័ត៌មានដែលពិត យកមកផ្សាយជូនពលរដ្ឋទៅអត់ខុសទេ។ ទោះបីជារឿងពិតរបស់អ្នកណាក៏ដោយឲ្យតែជារឿងពិត។ អានេះខ្ញុំចង់និយាយថារឿង ហ្នឹងគឺរឿងអសកម្មក្នុងសង្គមដែលមិនបានធ្វើ»។
VOA មិនអាចទំនាក់ទំនង ក្រសួងព័តមាន វិទ្យុសំប៊ុកឃ្មុំនិង មជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដើម្បីសុំក្តីអធិប្បាយបានទេនាថ្ងៃចន្ទនេះ។
ទោះជាយ៉ាងណាក៏ដោយ VOA សំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី នៅតែបន្តការផ្សាយរបស់ខ្លូនតាមបណ្តាញហ្វេសប៊ុក គេហទំព័រនិងApp របស់ទូរសព្ទទំនើប។ ដោយឡែក VOA សំឡេងសហរដ្ឋអាមេរិក នៅតែបន្តការផ្សាយតាមរយៈរលកធាតុអាកាសទាប Short Wave AM កម្រិត ១៥៧៥ គីឡូហ៊ឺត៕