កម្ពុជា​និង​ចិន​បដិសេធ​នូវ​សេចក្តីរាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​មូលដ្ឋាន​កងទ័ព​ជើងទឹករាម​ ខណៈ​ដែល​អូស្រ្តាលី​សម្តែង​នូវ​ក្តីបារម្ភ​របស់​ខ្លួន

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian (ឆ្វេង) និយាយ​ទៅ​កាន់​អ្នក​កាសែត ជាមួយ​នឹងលោក ទៀ បាញ់ (ស្ដាំ) ក្នុង​អំឡុងពេល​នៃ​ពិធី​បញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា និងផែសំចត ​​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ថ្ងៃទី ៨ ខែមិថុនា។ (Cambodia's Fresh News via AP)

កម្ពុជា​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃអង្គារម្សិលមិញបាន​បដិសេធ​សេចក្តី​រាយការណ៍​ព័ត៌មាន​មួយដែល​ថា ប្រទេស​ទាំង​ពីរ​កំពុងសាងសង់​យ៉ាង​សម្ងាត់នូវ​ទីតាំង​កងទ័ព​ជើងទឹក​មួយ សម្រាប់​នាវា​ចិន​ខណៈ​ដែល​នាយករដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី​បាន​សម្តែង​នូវ​ក្តី​បារម្ភ​ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​តម្លាភាព​ជុំវិញ​រឿង​នេះ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP ។

កាសែត The Washington Post របស់​អាមេរិក​បាន​ស្រង់​សម្តី​មន្ត្រី​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​មក​ចុះផ្សាយ​ថា អគារ​ថ្មីដែល​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ចិននៅ​ក្នុងមូលដ្ឋាន​កងទ័ព​ជើងទឹក​រាមរបស់​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ​នោះ​ត្រូវ​បាន​សាងសង់​ឡើង​សម្រាប់​ប្រើប្រាស់​ផ្តាច់​មុខ​ដោយកងទ័ព​ជើងទឹកចិន។

ទីតាំង​មូលដ្ឋាន​យោធា​នេះ​បាន​ក្លាយ​ជាចំណុច​នៃ​ភាព​រកាំរកូស​មួយនៅ​ក្នុង​ទំនាក់​ទំនងរវាង​កម្ពុជា​និង​អាមេរិក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​សង្ស័យ​ជា​យូរ​មកហើយ​ថា ទីតាំង​នោះ​នឹង​ត្រូវ​ប្រែក្លាយ​ទៅ​ជា​កន្លែង​សម្រាប់​ប្រើប្រាស់ដោយ​ប្រទេស​ចិន​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ស្វះស្វែងរក​ការ​ពង្រីក​ឥទ្ធិពលអន្តរជាតិ​របស់​ខ្លួនដោយ​ការ​បង្កើត​បណ្តាញ​ប៉ុស្តិ៍​យោធា​ជួរមុខ​របស់​ខ្លួន។

ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ប្រាក់ សុខុន​ បាន​បដិសេធ​សេចក្តី​រាយការណ៍​នេះ​ថា​ជា​ការ ចោទប្រកាន់​គ្មានមូលដ្ឋាន​នៅក្នុងការ​និយាយ​តាម​ទូរស័ព្ទ​របស់​លោក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលីគឺលោក​ស្រី Penny Wong។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

នៅ​មុននោះ​បន្តិច អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជាបាន​និយាយ​ថា ការអភិវឌ្ឍ​មូលដ្ឋាន​នោះ​ មិន​មែន​ជា​ការសម្ងាត់​នោះ​ឡើយ។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian និងរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា និងផែសំចត ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២។ (Cambodia's Fresh News via AP)

លោក​ ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាលកម្ពុជា​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានAFPថា៖ «កម្ពុជា​នឹង​មិន​អនុញ្ញាតឱ្យ​យោធាចិន​ប្រើប្រាស់ផ្តាច់​មុខឬ​អភិវឌ្ឍ​ទីតាំង​នោះធ្វើ​ជា​មូលដ្ឋាន​យោធា​របស់​ខ្លួន​នោះ​ឡើយ»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​និង​ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​នៅ​កម្ពុជា​បាន​ចូលរួម​នៅ​ក្នុង​ពិធី​សម្ពោធការ​សាងសង់​អគារមួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នៅ​ថ្ងៃ​ពុធ​នេះ ដែលក្នុង​នោះ​រួម​មាន​រោងជាងជួសជុលនាវា​និងផែ​មួយ​ផង​ដែរ។

ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​បង្កើន​ទំនាក់​ទំនងការទូត​ដើម្បី​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​របស់ចិន​នៅ​ក្នុង​តំបន់បាន​ហៅ​សេចក្តី​រាយការណ៍​ព័ត៌មាន​នោះ​ថា ជាការព្រួយ​បារម្ភ​មួយ។

លោក Albanese បាន​ប្រាប់​ក្រុមអ្នក​យក​ព័ត៌មានថា៖ «យើង​លើក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្ហាញ​នូវ​តម្លាភាពអំពី​គោល​បំណង​របស់​ខ្លួន​ហើយ​នឹង​ធានា​ថា សកម្មភាព​របស់​ខ្លួន​ បាន​គាំទ្រ​ដល់​ស្ថិរភាព​និង​សន្តិសុខ​ក្នុង​តំបន់»។ លោកបន្តទៀត​ថា កម្ពុជា​បាន​ធានា​ដល់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ារួចហើយ​ថា កម្ពុជា​នឹង​មិនផ្តល់​ឱ្យ​ប្រើប្រាស់​ដោយ​ផ្តាច់​មុខ​ណា​មួយ​ ដល់​កងទ័ព​បរទេស​នៅមូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​របស់​ខ្លួន​នោះ​ឡើយ។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន ​ធ្លាប់បាន​បញ្ជាក់ជា​ច្រើន​លើក​ច្រើន​សារក្នុង​ពេល​កន្លង​ទៅ​ថា ការងារ​នោះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ធ្វើ​ទំនើបកម្មមូលដ្ឋានកងទ័ព​ជើង​ទឹក​រាម​នោះ​ឡើយ ដោយមាន​អគារ​ជួសជុលនាវា​ថ្មី​មួយខ្នងដែល​អភិវឌ្ឍ​ដោយជំនួយ​របស់​ចិន​តែ​ប៉ុណ្ណោះ។

លោក​ ហ៊ុន សែន​ បាន​ថ្លែង​កាល​ពី​ខែ​មុន​ថា៖ «កម្ពុជា​មិន​ត្រូវការវត្តមាន​កងទ័ព​បរទេស​ណា​មួយ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឡើយ»។

ចិន​ក៏​បាន​បដិសេធថា មូលដ្ឋាន​នោះ​នឹងមិន​ត្រូវ​បានប្រើប្រាស់​ផ្តាច់​មុខ​ដោយ​កងទ័ពជើង​ទឹក​របស់​ខ្លួន​ឡើយ។ ការអភិវឌ្ឍ​មូលដ្ឋាន​កងទ័ព​ជើង​ទឹករាម​គឺគ្រាន់តែ​ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព​ជើង​ទឹក​កម្ពុជា​តែ​ប៉ុណ្ណោះ​ក្នុង​ការការពារ​អធិបតេយ្យភាព​បូរណភាព​ដែន​សមុទ្ររបស់​ខ្លួន​និង​ការ​បង្រ្កាបបទ​ឧក្រិដ្ឋ​ផ្សេង​ៗនៅ​ដែន​សមុទ្រ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក Zhao Lijian ដែល​បាន​ថ្លែង​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុងទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អង្គារម្សិលមិញ៕