បុណ្យ​អុំទូក​ចាប់​ផ្តើម​ដោយ​គ្មាន​ទូក​ប្រណាំង

សាលា​រាជធានី​ភ្នំពេញ​ចាប់​ផ្តើម​តំឡើង​ផ្លាក​បាណូ ​អបអរ​ពិធី​បុណ្យ​អុំទូក​ អកអំបុក​ និង​សំពះ​ព្រះខែ​ ដែលនឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី២៤ ២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាម​ដងផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ​។ រូបថតកាល​ពីថ្ងៃទី​៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (ហ៊ាន សុជាតា​/ VOA)

ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​ ដោយ​គ្មាន​ការ​ប្រណាំង​ទូក​នៅ​មុខ​ព្រះបរម​រាជវាំង​នោះ​ទេ​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​សម្តែង​ក្តីបារម្ភ​ចំពោះ​ការ​សាប​រលាប​នៃ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​មួយ​នេះ។

ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​ ដោយ​គ្មាន​ការ​ប្រណាំង​ទូក​នៅ​មុខ​ព្រះបរម​រាជវាំង​នោះ​ទេ​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​សម្តែង​ក្តីបារម្ភ​ចំពោះ​ការ​សាប​រលាប​នៃ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​មួយ​នេះ។​

អវត្តមាន​នៃ​ការ​ប្រណាំង​ទូក​នៅ​ក្នុង​ព្រះរាជពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ សំពះ​ព្រះខែ​ និង​អក​អំបុក​នេះ​គឺ​ជា​លើក​ទីបួន​ហើយ​នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក។​

អ្នក​ស្រី​ គឹម ស៊ាំង​ ជា​កម្មការិនី​រោង​ចក្រ​មក​ពី​ខេត្ត​កំពង់​ចាម​ ដែល​បាន​មក​ដើរ​កំសាន្ត​នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ ថ្លែង​ប្រាប់​VOA ថា​ អវត្តមាន​នៃ​ការ​ប្រណាំង​ទូក​ជា​ញឹកញាប់នឹង​អាច​ធ្វើ​ឲ្យ​សាប​រលាប​នៃ​ប្រពៃណី​ដ៏​យូរលង់​មួយ​នេះ។

«​អានេះ​ អារម្មណ៍​ខ្ញុំ​ តែ​អារម្មណ៍​គេ​ ខ្ញុំ​មិន​ដឹង​ អារម្មណ៍​ខ្ញុំ​វា​ប្លែក​ដែរ​ ព្រោះ​អី​វា​ធ្លាប់​ធ្វើ​រាល់​ឆ្នាំ​ ដល់​ពេល​មិន​ធ្វើ​អញ្ចឹង​វា​ដូច​ជា​ប្រពៃ​ណី​យើង​វា​បាត់​ម្តង​បន្តិច​ ម្តង​បន្តិច​អញ្ចឹង ព្រោះ​អី​ប្រពៃ​ណី​យើង​ហ្នឹង​តាំង​ពី​បុព្វ​បុរស​យើង​មក​ គាត់​ធ្វើ​អញ្ចឹង​ដល់​ពេល​យើង​មក​បំបាត់​អី​ខ្លះ​អញ្ចឹង​ ដូច​ថា​វា​ប្លែកម្យ៉ាង​ដែរ»។​

រីឯ​លោក​ ជីម ម៉ុង​ហួត​ អ្នក​លក់​ដូរ​នៅ​ក្នុង​កោះពេជ្រ​ និយាយ​ថា​ លោក​មាន​ការ​អាក់​អន់​ចិត្ត​ចំពោះ​អវត្តមាន​នៃ​ការ​ប្រណាំង​ទូក​នេះ ​ដោយ​ហេតុ​តែ​ការណ៍​នេះ​ធ្វើ​ឲ្យ​ការ​លក់​ដូរ​របស់​លោក​ធា្លក់​ចុះ៤០​ភាគរយ ហើយ​អាច​នឹង​ប៉ះពាល់​ដល់​ប្រពៃណី​ដែល​បន្សល់​ទុក​ដោយបុព្វ​បុរស​ខ្មែរ​តាំង​ពីសម័យ​អង្គរ​មក​នោះ។​

«​អន់​ចិត្ត​ដែរ​ តែ​ជួនកាល​ ខ្លាច​គាត់​មាន​ផ្ទៃក្នុង​គាត់​ ខ្ញុំ​អត់​សូវ​ដឹង​បញ្ហា​រឿង​រដ្ឋាភិបាល​ដែរ»។

ពិធី​បុណ្យ​អុំទូក ត្រូវ​បាន​ផ្អាក​នៅ​ឆ្នាំ​២០១១​ ក្រោយ​ពី​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​អ្នក​ដើរ​កម្សាន្ត​ជាង​៣៥០​នាក់នៅ​លើ​ស្ពាន​កោះ​ពេជ្រ​កាល​ពី​មួយ​ឆ្នាំ​មុន។ នៅ​ឆ្នាំ​២០១២​ ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ​សម្ដេច​ព្រះ​បាទ​នរោត្តម​សីហនុ​នៅ​ឆ្នាំ​២០១៣​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា។

រដ្ឋាភិបាល​កម្ពុជា​បាន​រៀប​ចំ​ពិធី​បុណ្យ​អុំទូក​នៅ​មុខ​ព្រះ​បរម​រាជវាំង​សារ​ជាថ្មី​ នៅ​ឆ្នាំ​២០១៤​ ក្រោយ​ពេល​ដែល​គណបក្ស​គ្រប់​គ្រង​ប្រទេស​ និង​គណបក្ស​ប្រឆាំង​ចុះ​កិច្ច​ព្រមព្រៀង​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ។ កិច្ច​ព្រមព្រៀង​នោះ ក៏​បាន​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​ជា​ទ្រង់​ទ្រាយ​ធំ​ដែល​មិន​ធ្លាប់​មាន​ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នាំ​២០១៣​ផង​ដែរ។

ក៏ប៉ុន្តែ​ ការ​ផ្អាក​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះ​បរម​រាជវាំង​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ ត្រូវ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យល់​ថា​ ជា​ការ​ផ្អាក​មួយ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ​ក្រោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​វាយ​ដំ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ​និង​ការ​បោះ​ឆ្នោត​ទម្លាក់​អនុប្រធាន​បក្ស​ប្រឆាំង​ចេញ​ពី​កៅអី​អនុប្រធាន​សភា​ជាតិ។

យ៉ាងណាក៏ដោយ​ លោក​ គួច ចំរើន​ អភិបាល​ខណ្ឌ​ដូនពេញ​ ថ្លែង​ប្រាប់​ VOA នៅ​មុខ​ព្រះ​បរម​រាជវាំង​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​ផ្អាក​នេះ​មិន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បារម្ភ​អំពី​ការ​ផ្ទុះ​ឡើង​នៃ​សកម្ម​ភាព​បាតុកម្ម​នោះ​ទេ​ ដោយ​លោក​បាន​បញ្ជាក់​ថា​ កម្រិត​ទឹក​ទន្លេ​ទាប​ពេក​គឺ​ជា​ហេតុផល​នៃ​ការ​ផ្អាក​ការ​ប្រណាំង​ទូក​នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​នេះ។​

«ការគិត​គូ​របស់​អាជ្ញាធរ​ អត់​ដែល​បាន​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​រឿង​នេះ​ទេ​ ព្រោះ​នៅ​រាជធានី​ភ្នំពេញ​ វា​ជា​ទម្លាប់​ទៅ​ហើយ​ បើ​គេ​ចង់​ធ្វើ​គេ​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​នីតិ​វិធី​ របស់​ច្បាប់​ គេ​ត្រូវ​សុំ​ ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ថា ​គេ​នឹង​អគតិ​រហូត​ដល់​ទៅ​យក​ពេល​វេលា​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ទៅ​ធ្វើ​បាតុកម្ម​ ដោយ​មិន​គិត​ពី​ភាព​សុខសាន្ត ភាព​សប្បាយ​រីករាយរបស់​ប្រជាពលរដ្ឋ​នោះ​ដែរ​ទេ។​ ខ្ញុំ​ក៏​មិន​ជឿ​ថា ​គេ​ល្ងង់​ខ្លៅ​ដល់​កម្រិត​ហ្នឹង​ដែរ‍»។​

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃទី​២៤​ ខែ​វិច្ឆិកា​នេះ​ បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​មិន​មាន​ការ​ប្រណាំង​ទូក​ក្តី​ ការ​អុជ​កាំជ្រួច​អបអរ​ពិធី​បុណ្យ​ដែល​នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា​ នឹង​ធ្វើ​ឡើង​ដដែល​នៅ​មុខ​ព្រះបរម​រាជវាំង។​ សាលាក្រុង​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ ពិសេស​ម្ចាស់​ទូក​នេសាទ​ ទូក​កាណូត​ទេសចរណ៍​ និង​មធ្យោបាយ​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក​គ្រប់​ប្រភេទ​ ផ្អាក​សកម្ម​ភាព​ឆ្លង​កាត់​ មុន​នឹង​ក្រោយ​ពេល​អុជ​កាំជ្រួច​រយៈពេល​មួយ​ម៉ោង។​

ដោយ​ឡែក ប្រជា​ពលរដ្ឋ​បាន​ទៅ​ប្រមូល​ផ្តុំ​នៅ​មុខ​ព្រះបរម​រាជវាំង​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ប្រារព្វ​ពិធី​នេះ។​ ពួកគេ​មិន​បាន​ឃើញ​ការ​ប្រណាំង​ទូក​ឡើយ​ ហើយ​បានត្រឹម​តែមើល​សកម្មភាព​ទូក​កាណូត​បើក​ទៅ​មក​ក្នុង​ដង​ទន្លេសាប​ប៉ុណ្ណោះ៕