គណបក្សភ្លើងទៀន ដែលជាអតីតគណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃច័ន្ទនេះ បានធ្វើសមាជវិសាមញ្ញប្តូរលក្ខន្តិកៈគណបក្សដើម្បីសម្រួលឲ្យមានការរំលាយខ្លួនឯង ដោយត្រូវការការអនុម័តត្រឹមតែការសម្រេចរបស់គណៈកម្មការនាយកដោយសំឡេង៥០%បូក១ប៉ុណ្ណោះ។
សមាជប្តូរលក្ខន្តិកៈគណបក្សភ្លើងទៀននេះធ្វើឡើងបន្ទាប់ពីគណបក្សសិទ្ធិមនុស្សបរាជ័យក្នុងការរំលាយខ្លួនឯង កាលពីខែមករា ព្រោះក្រសួងមហាផ្ទៃប្រកាសថា គណបក្សសិទ្ធិមនុស្សមិនទាន់អាចរំលាយខ្លួនបាន ដោយសារខុសលក្ខន្តិកៈគណបក្សនេះ ដែលបានចែងថា ការរំលាយគណបក្សសិទ្ធិមនុស្សត្រូវធ្វើឡើងដោយសំឡេងរបស់សមាជ២ភាគ៣។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងបច្ចុប្បន្ននៅមានតំណែងជាសមាជិកព្រឹទ្ធសភា បានលើកឡើងថា គណបក្សភ្លើងទៀនបានរៀបចំសមាជវិសាមញ្ញដែលមានអ្នកចូលរួមប្រមាណជា៦០នាក់ដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំមួយចំនួន និងប្តូរលក្ខន្តិកៈដើម្បីអាចឲ្យគណបក្សនេះរំលាយខ្លួនឯងបាន ដោយត្រឹមតែមានការសម្រេចពីគណៈកម្មការនាយក។ លោកបន្ថែមថា ការប្តូរលក្ខន្តិកៈនេះធ្វើឡើងដើម្បីឲ្យគណបក្សភ្លើងទៀនមានភាពងាយស្រួលនៅពេលដែលចង់រំលាយខ្លួនឯង។ ប៉ុន្តែលោកបញ្ជាក់ថា នេះមិនមែនមានន័យថា គណបក្សភ្លើងទៀននឹងរំលាយខ្លួនឯងដូចគណបក្សសិទ្ធិមនុស្សនោះទេ។
លោកបញ្ជាក់ថា៖
«ក្នុងប្រការ៤៧ហ្នឹងគឺបាននិយាយថា ដើម្បីរំលាយខ្លួនឯងបាន លុះត្រាតែធ្វើសមាជ អីចឹងគណបក្សភ្លើងទៀនចង់ប្តូរលក្ខន្តិកៈហ្នឹង កែតម្រូវលក្ខន្តិកៈហ្នឹងថា នៅពេលណាដែលស្ថានភាពនយោបាយមិនអំណោយផល គណៈកម្មការនាយកមានសិទ្ធិនឹងរំលាយគណបក្សដោយសំឡេង៥០%បូក១ នឹងអាចរំលាយគណបក្សបាន»។
លោក ទាវ វណ្ណុល បន្ថែមថា គណបក្សភ្លើងទៀនមិនទាន់សម្រេចជាក់លាក់ណាមួយថានឹងចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខនេះ ឬយ៉ាងណានៅឡើយ។
ការប្រកាសធ្វើសមាជវិសាមញ្ញដើម្បីប្តូរលក្ខន្តិកៈគណបក្សភ្លើងទៀននេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យ ដែលបង្ហាញលទ្ធផលបណ្តោះអាសន្នថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនទទួលបានអាសនៈទាំងអស់ក្នុងព្រឹទ្ធសភា។
លោក ទាវ វណ្ណុល ដែលនឹងអស់តំណែងជាសមាជិកព្រឹទ្ធសភានាពេលខាងមុខ មានប្រសាសន៍ថា ការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យ ដែលគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំងអស់ គឺជាការបោះឆ្នោតដែលធ្វើឡើងមិនស្របតាមលទ្ធិប្រជាធិបតេយ្យ។
លោកមានប្រសាសន៍ថា៖
«ប្រជាពលរដ្ឋលោកបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិគឺក្រុមប្រឹក្សា៥.០០៧នាក់ បូកនឹងតំណាងរាស្រ្ត៥៥រូប ដែលជាអង្គបោះឆ្នោតម្សិលមិញនេះ។ ប៉ុន្តែក្រុមប្រឹក្សា៥០០៧នាក់បូករួមជាមួយនឹងតំណាងរាស្រ្តចំនួន៥៥នាក់នេះត្រូវបានគេបំភ្លៃយកទៅឲ្យគណបក្សផ្សេង អីចឹងមិនឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងទេ»។
កាលពីចុងខែមករា គណបក្សសិទ្ធិមនុស្ស ដែលត្រូវបានបង្កើតឡើងដោយលោក កឹម សុខា បានជូនដំណឹងទៅក្រសួងមហាផ្ទៃ ដោយប្រកាសរំលាយគណបក្សនេះដោយខ្លួនឯង ក្រោយការសម្រេចជាឯកច្ឆន្ទទៅតាមសម័យប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ខណៈគណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូល។ ប៉ុន្តែក្រសួងមហាផ្ទៃបានជូនដំណឹងត្រឡប់ទៅគណបក្សនេះវិញថា គណបក្សនេះមិនទាន់អាចរំលាយដោយខ្លួនឯងនៅឡើយ ដោយថា គណបក្សសិទ្ធិមនុស្សអាចរំលាយដោយខ្លួនឯងបាន លុះត្រាតែអនុវត្តតាមការរំលាយគណបក្សដោយសមាជដែលមានសំឡេងយល់ព្រមសមាជិក២ភាគ៣។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ VOA ថា ក្រសួងមហាផ្ទៃនឹងពិនិត្យមើលលក្ខន្តិកៈគណបក្សភ្លើងទៀន ដើម្បីសម្រេចថា ការធ្វើសមាជវិសាមញ្ញនៅព្រឹកនេះស្របតាមច្បាប់ ឬអត់។ លោកបន្ថែមថា ប្រសិនបើសមាជរបស់គណបក្សភ្លើងទៀនធ្វើឡើងដោយមិនស្របតាមលក្ខន្តិកៈគណបក្សរបស់ខ្លួន នោះក្រសួងនឹងជូនដំណឹងឲ្យគណបក្សនោះរៀបចំសមាជឡើងវិញ។
លោកមានប្រសាសន៍ថា៖
«សំខាន់យើងពិនិត្យមើល អ្វីដែលគាត់បានធ្វើហ្នឹងត្រឹមត្រូវតាមលក្ខន្តិកៈដែលតម្កល់ទុក ឬអត់? ឧទាហរណ៍ថា លក្ខខណ្ឌដែលតម្កល់ទុកមុន ត្រូវធ្វើសមាជដោយមតិភាគច្រើនអីអីចឹងទៅ ស្រាប់តែលើកនេះ គាត់ធ្វើសមាជនៃមតិ៥០បូក១ វាខុសហ្នឹងអាតម្កល់ទុកមុនហ្នឹងបាត់ទៅហើយ។ ដូច្នេះយើងធ្វើម៉េចកែអាតម្កល់ទុកមុនហ្នឹងសិន»។
កាលពីការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០០៨ គណបក្ស សម រង្ស៊ី ដែលជាអតីតគណបក្សជាតិខ្មែរ ឈ្នះបានអាសនៈចំនួន១១ក្នុងចំណោមអាសនៈព្រឹទ្ធសភាសរុបចំនួន៦១។ នៅឆ្នាំ២០១៧ គណបក្សសម រង្ស៊ីបានសម្រេចប្តូរឈ្មោះទៅជាគណបក្សភ្លើងទៀនវិញ ក្រោយមានវិសោធនកម្មច្បាប់គណបក្សនយោបាយដែលហាមមិនឲ្យប្រើឈ្មោះបុគ្គលធ្វើជាឈ្មោះគណបក្ស។
កាលពីឆ្នាំ២០១២ លោក សម រង្ស៊ី អតីតប្រធានគណបក្ស សម រង្ស៊ី និងលោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស បានសម្រេចចាប់ដៃគ្នាបង្កើតបានជាគណបក្សសង្រ្គោះជាតិ ដើម្បីអាចប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកាន់អំណាចជាង៣០ឆ្នាំ។ ក្រោយការច្របាច់បញ្ចូលនៃគណបក្សទាំងពីរ គណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេស រហូតដល់ទៅជាង៤០ភាគរយ កាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ គេរំពឹងថា គណបក្សសិទ្ធិមនុស្ស និងគណបក្សភ្លើងទៀនអាចជាគណបក្សដែលចូលរួមការបោះឆ្នោតនាខែកក្កដាខាងមុខ ប្រសិនគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីខែវិច្ឆិកាឆ្នាំមុន មិនអាចមានឱកាសត្រឡប់មកចូលរួមការបោះឆ្នោតវិញបាន៕