កម្ពុជា​អំពាវនាវ​​ឱ្យ​បញ្ឈប់​សកម្មភាព​ដែល​បង្ក​​វិបត្តិ​មីយ៉ាន់ម៉ា​កាន់​តែ​ដុនដាប ខណៈ​មាន​ការ​ប្រហារ​ជីវិត​មនុស្ស​៤នាក់

ពលរដ្ឋ​មីយ៉ាន់ម៉ា​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ថៃ កាន់​រូបថត​នៃ​អ្នក​ទោស​នយោបាយ​​៤​រូប​ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​​អំឡុង​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​នៅ​រាជធានី​បាងកក​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០២២។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ប្រហារ​ជីវិត​សកម្មជន​និង​មន្ត្រី​មីយ៉ាន់ម៉ា​៤​នាក់​កាល​ពី​ថ្ងៃ​ចន្ទ​ ​ដោយ​របប​សឹក​ភូមា សមាគម​អាស៊ានបាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ​ដោយ​បង្ហាញ«ក្តី​តក់​ស្លុត» និង​បន្ត​អំពាវនាវឱ្យ​បញ្ឈប់​សកម្មភាព​ណា ដែល​ធ្វើឱ្យវិបត្តិ​នៅ​មីយ៉ាន់ម៉ា​កាន់​តែ​ដុន​ដាប។

ការ​ប្រហារ​ជីវិត​នេះ​កើត​ឡើង បើ​ទោះ​មាន​ការ​អំពាវនាវ​របស់​កម្ពុជា​ ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​នេះ ឱ្យ​របប​សឹក​ភូមា​ពិចារណា​ឡើង​វិញ​អំពី​ការ​កាត់​ទោស​ប្រហារ​ជីវិត​នេះ​កាល​ពី​កន្លង​ទៅ​ក៏​ដោយ។

​សេចក្តី​ថ្លែងការណ៍​មួយ ​ចុះ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២​របស់​ប្រធាន​អាស៊ាន ​ឱ្យ​ដឹង​ថា​អាស៊ាន​ពិត​ជា​មាន​«ក្តី​តក់ស្លុត» និង​«សោកសៅ​យ៉ាង​ក្រៃលែង» ដោយសារ​ការ​ប្រហារ​ជីវិត​សកម្មជន​៤​នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បើ​ទោះ​មាន​ការ​ស្នើ​សុំឱ្យ​ពិចារណា​ឡើង​វិញ​លើ​ការ​សម្រេច​ផ្តន្ទាទោស​លើ​សកម្មជន​ទាំង​នោះ ពី​សំណាក់​ប្រធាន​អាស៊ាន និង​រដ្ឋ​ជា​សមាជិក​ផ្សេង​ទៀត។
សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា៖ «នេះ​ជា​បញ្ហា​ដែល​អាស៊ាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង»។

អាស៊ាន​អំពាវនាវឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​មាន​ការ​អត់ទ្រាំ និង​អត់ធ្មត់​ជា​អតិបរមា ហើយ​ខិត​ខំ​ចៀស​វាង​មិន​ធ្វើឱ្យជម្លោះ​រីករាលដាល​កាន់​តែ​ខ្លាំង»។ សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា៖ «ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​មុន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ គឺ​ជា​ទង្វើ​មិន​អាច​អត់​ឱន​បាន​ធ្ងន់ធ្ងរ​ណាស់​ ព្រោះ​វា​បាន​ទាញ​ថយ​ក្រោយ​នូវ​វឌ្ឍនភាព និង​ថែម​ទាំង​ស​បញ្ជាក់​ច្បាស់​ពី​កង្វះ​ឆន្ទៈ​គាំទ្រ​កិច្ច​ប្រឹង​ប្រែង​ ជា​ពិសេ​ស​របស់​ប្រធាន​អាស៊ាន​ ក្នុង​ការ​ជួយ​ពន្លឿន​វឌ្ឍនភាព​នៃ​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច ពោល​គឺ​ការ​កសាង​ភាព​ជឿជាក់​និង​ទំនុកចិត្ត​ ដើម្បី​ធ្វើឱ្យមាន​កិច្ច​សន្ទនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ សំដៅ​បញ្ចប់​អំពើ​ហិង្សា​និង​សម្រាល​ទុក្ខវេទនា​របស់​ប្រជា​ជន​ស្លូតត្រង់»។

ប្រធាន​អាស៊ាន​ជំរុញឱ្យរបប​យោធា​ចាត់​វិធានការ​ជាក់ស្តែង​ ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀងឱ្យ​បាន​ពេញ​លេញ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍។ សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា​ អាស៊ាន​នៅ​តែ​តាំង​ចិត្ត​រក​វិធីសាស្ត្រ​ជួយ​មីយ៉ាន់ម៉ាឱ្យ​ទៅ​រក​ប្រក្រតីភាព​វិញ​ និង​ដំណើរការ​កែប្រែ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ ហើយ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន។

​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ​ឱ្យ​ពិចារណា​ឡើងវិញ ចំពោះ​ការ​សម្រេច​កាត់ទោស​ប្រហារជីវិតក្រុម​ប្រឆាំង ដែល​លោក​ថា​វា​នឹង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អវិជ្ជមាន​រីក​រាលដាល​ពេញ​សហគមន៍​អន្តរជាតិ​ និង​ប៉ះពាល់​ចំណុច​ឯកភាព​ទាំង​៥ ​កាល​ពី​កន្លង​ទៅ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ តាម​សារ​អ៊ីមែល​ បាន​នៅ​ឡើយ​ទេ។

អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព​ លោក វណ្ណ ប៊ុនណា មើល​ឃើញ​ថា ​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នឹង​កាន់តែ​អាក្រក់ ហើយ​ថា​សកម្មភាព​របស់​របប​សឹក​ភូមា​នេះ​បង្ហាញ​ថា​ពួកគេ​ព្យាយាម​បន្លាច​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ណា​ដែល​ហ៊ាន​ងើប​ឡើង​តតាំង​ជាមួយ​ខ្លួន ព្រម​ទាំងបញ្ជាក់​ពី​ភាពមិន​ខ្វល់​ជាមួយ​កង្វល់​របស់​សហគមន៍​អន្តរជាតិ​ជាពិសេស​អា​ស៊ាន។

លោក​ថ្លែង​ថា៖ «អាស៊ាន​គ្មាន​តម្លៃ​ ឬ​គ្រាន់​តែ​ជា​ខ្លា​ក្រដាស​ដែល​គ្មាន​ឥទ្ធិពល​អ្វី​ចាប់​បង្ខំ​ខ្លួន​ឱ្យ​ធ្វើ​ទៅ​តាម​អ្វី​ដែល​អាស៊ាន​ចង់​បាន​នោះ​ទេ»។

អ្នក​ស្រាវជ្រាវ​រូប​នេះ​បន្ត​ថា​ អាស៊ាន​គួរតែ​ពិនិត្យ​មើល​នូវ​វិធានការ​ក៏​ដូច​ជា​យន្តការ​របស់​ខ្លួន ហើយ​ប្តូរ​មក​ចាត់​វិធាន​ការ​បែប​ក្តៅ​វិញ ​តាមរយៈ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ក៏ដូច​ជា​យុទ្ធសាស្ត្រ​ការ​ទូត​ផ្សេង​ពី​នេះ​ ខណៈ​យន្តការ​សម្របសម្រួល និង​ការទូត​មិន​អាច​ធ្វើ​ឱ្យ​ក្រុម​យោធា​ភូមា​ញញើត​ឡើយ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក​បណ្ឌិត គិន ភា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​សម្រេច​ប្រហារ​ជីវិត​សកម្មជន និង​អតីត​មន្ត្រី​មីយ៉ាន់ម៉ា​៤​នាក់​ពី​សំណាក់​ក្រុម​យោធា រឹតតែ​ធ្វើ​ឱ្យ​ស្ថានភាព​នៅ​ប្រទេស​មួយ​នេះ ​កាន់តែ​យ៉ាប់យឺន និង​ពិបាក​រក​ច្រកចេញ​ និង​ថា​របប​សឹក​ភូមា​កំពុង​តែ​ធ្វើ​ឱ្យ​ខ្លួន​ឯង​កាន់​តែ​ឯកោ។

លោក គិន ភា មើល​ឃើញ​ថា ​ហេតុ​ផល​នៅ​ពី​ក្រោយ​ដែល​នាំ​ឱ្យ​យោធាមី​យ៉ាន់ម៉ា​ធ្វើ​សកម្មភាព​«គឃ្លើន»បែប​នេះ អាច​មក​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ​មិន​អាច​ធ្វើ​ឱ្យ​រង្គោះរង្គើ​ធ្ងន់ធ្ងរ​ដល់​អំណាច​របស់​ពួកគេ​ និង​ការ​មិន​ឯកច្ឆន្ទ​គ្នា​របស់​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាតិ​ទៅ​លើ​បញ្ហា​នេះ ជាពិសេស​ការល្អូកល្អើន​គ្នា​ខ្លាំង​រវាង​របប​សឹក​ភូមា​ជាមួយ​នឹង​សហព័ន្ធរុស្ស៊ី​ ដែល​ជា​ខ្នង​បង្អែក​សម្រាប់​ពួកគេ។

លោក​បន្ត​ថា​សហគមន៍​អន្តរជាតិ​មិន​ទាន់​បោះ​ជំហាន​ណា​មួយ​គួរ​ឱ្យ​កត់​សម្គាល់ ដែល​អាច​ដាក់​សម្ពាធ​របប​សឹក​ភូមា​ឡើយ។

លោក​ថ្លែង​ថា៖ «យើង​ឃើញ​មក​ដល់​ពេល​នេះ សហគមន៍​អន្តរជាតិ​ហាក់ដូច​ជា​មិន​ទាន់​បាន​ធ្វើ​សកម្មភា​ព​ឱ្យ​សម​ល្មម ឱ្យ​គ្រប់​គ្រាន់​ ដើម្បីជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​មេដឹកនាំ​យោធា​ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត»។

​បណ្ឌិត​រូប​នេះ​បន្ថែម​ថា​អាស៊ាន​គួរតែ​ពិចារណាព្យួរ​សមាជិកភាព​របស់​ភូមា​សិន ដើម្បី​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​របប​សឹក​ភូមា​ ​ហើយ​ថា​សហគមន៍​អន្តរជាតិ​ជាពិសេស​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាតិត្រូវ​តែ​ចាត់​វិធាន​ការ​ឱ្យ​បាន​សម​ស្រប​ និង​មាន​ការ​ឯកភាព​គ្នា​លើ​ករណី​នេះ។

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បីផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ ទី​៥​ ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕