ព្រះតេជគុណ​លួន សូវ៉ាត​ទទួល​បាន​រង្វាន់​សិទ្ធិ​មនុស្ស​ថ្នាក់​កំពូល

  • សំ រីណា

ព្រះតេជគុណ​លួន សូវ៉ាត​

ពាន​រង្វាន់​ Martin Ennals Award ​ត្រូវ​បាន​គេទទួល​ស្គាល់​ពេញ​ពិភពលោក​ថា​ជា​រង្វាន់​ណូបែល​សម្រាប់​អ្នកធ្វើ​ការងារ​ទាក់​ទង​នឹង​ការ​ការពារ​សិទ្ធិ​មនុស្ស។​
​វ៉ាស៊ីនតោន៖ គណៈកម្មការ​រង្វាន់​Martin Ennals Award ​បាន​សម្រេច​ប្រគល់​រង្វាន់​ដ៏​មាន​កិត្តិយស​នេះ​ដល់ព្រះតេជគុណ​លួន សូវ៉ាត ​ព្រះសង្ឃខ្មែរ​មួយ​អង្គ​ចំពោះ​សកម្មភាពការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយ​ការ​រំលោភ​ដីធ្លី​និង​សិទ្ធិ​មនុស្ស។​
នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​កាលពីថ្ងៃ​អង្គារ​របស់​អង្គការ​ Witness ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​បី​ដែល​បាន​ដាក់​បេក្ខ​ភាព​របស់​ព្រះតេជគុណ​ លួន សូវ៉ាត​សម្រាប់​ពិចារណា​ទទួល​រង្វាន់​នេះ​បាន​បញ្ជាក់​ថាការ​ទទួល​បាន​រង្វាន់Martin Ennals Award គឺ​មាន​ន័យ​ថា​ព្រះតេជ​គុណ​លួន​សូវ៉ាត​និង​ប្រជា​ពលរដ្ឋ​នៅ ​ទូទាំង​សហគមន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ការ​ដឹង​ឮ​នៅ​ ទូទាំង​ពិភពលោក​គឺ​ពួកគេ​មិន​នៅ ឯកោ​ទៀត​ទេ។
លោក​ Ryan Schlief អ្នក​គ្រប់​គ្រង​យុទ្ធ​នាការ​ប្រឆាំង​នឹង​ការ​បណ្តេញ​មនុស្ស​ចេញ​ដោយ​បង្ខំ​បាន​បញ្ជាក់​ថា​៖
«នេះ​គឺ​ជា​សារ​ដ៏ច្បាស់​បញ្ជូន​ទៅ​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ ក្រុមហ៊ុន ​និង​អ្នក​ដែល​ផ្តល់​ប្រាក់​កម្ចី​នានា​នៅ​កម្ពុជា​និង​នៅ​ទីកន្លែង​ផ្សេងៗថាពួកគេ​មិន​អាច​រំលោភ​សិទ្ធិមនុស្ស​ដោយ​ប្រើ​ប្រាស់​ពាក្យ​ថា​រីកចម្រើន​និង​អភិវឌ្ឍន៍​បាន​ទេ»។​
ពាន​រង្វាន់​ Martin Ennals Award ​ត្រូវ​បាន​គេទទួល​ស្គាល់​ពេញ​ពិភពលោក​ថា​ជា​រង្វាន់​ណូបែល​សម្រាប់​អ្នកធ្វើ​ការងារ​ទាក់​ទង​នឹង​ការ​ការពារ​សិទ្ធិ​មនុស្ស។​ សម្រាប់​ឆ្នាំ​នេះ​មាន​បេក្ខជន​ចុងក្រោយ​ពីរនាក់​ទៀត​មក​ពី​ប្រទេស​អ៊ីរ៉ង​និង​ប្រទេស​បារ៉ែន​ត្រូវ​បាន​គេ​យក​មក​ពិនិត្យ​មើល​ផងដែរ។​
ព្រះតេជគុណ​លួន សូវ៉ាត​បាន​មាន​សង្ឃដីកា​បញ្ជាក់​ប្រាប់​វីអូអេ​ថាវា​ជាកិត្តិយស​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប៉ុន្តែ​ព្រះអង្គ​មើល​ឃើញ​ថា​បើ​គ្មាន​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​វា​ជា​ការ​ល្អប្រសើ​ជាង៖
«ប្រទេស​កម្ពុជា​យើង​ដែល​ទទួល​បាន​ក៏​ដោយសារ​មាន​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋានអំពើ​អយុត្តិធម៌​និង​ការ​រំលោភ សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​វាមាន​សភាព​ធ្ងន់​ធ្ងរ​ កាន់​តែ​ធ្ងន់​ធ្ងរ​ដូច្នេះ​ហើយ​បាន​ជា​ពិភពលោក​គេ​មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​កាន់​តែ​ផ្តេសផ្តាស់​ដឹកនាំ​ចាត់​ចែង​មិន​ឱ្យ​ត្រូវ​តាម​គន្លង​សិទ្ធិ​មនុស្ស​ឱ្យ​ចំ​លទ្ធិ​ប្រជាធិបតេយ្យ។​...រង្វាន់​នេះ​ជា​ទី​ត្រេក​អរ​ជា​ទី​សប្បាយ​ចិត្ត​សម្រាប់​ប្រជាជន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំពោះ​អង្គការ​អ្នក​សារព័ត៌មាន​ក៏ ប៉ុន្តែ​ប្រហែល​ជា​មិន​ជា​ទី គាប់​ចិត្ត​មិន​ជា​ទី ពេញ​ចិត្ត​នៃ​អ្នក​មាន​អំណាច​ រដ្ឋាភិបាល​អាជ្ញា​ធរ​ទេ»។
ព្រះតេជគុណ​លួន សូវ៉ាត​បាន​ប្រើប្រាស់​ម៉ាស៊ីនថត​រូប ទូរស័ព្ទ​ដៃ​និង​កុំព្យូទ័រ​ដើម្បី​ថត​និង​ចងក្រងឯកសារ​រាល់​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា​ហើយ​បាន​ដាក់​ផ្សាយឱ្យ​សហគមន៍​ជាតិ​និង​អន្តរជាតិ​បាន​ដឹង​ឮ។ ក្រុម​អ្នកផ្តល់​រង្វាន់​បាន​ទទួល​ស្គាល់​ចំពោះ​ទេព​កោសល្យ​របស់​ព្រះអង្គ​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​ដើម្បី​ចូលរួម​ក្នុ​ងការ​តស៊ូ​អហិង្សា។​
បើ​ទោះ​បី​ជា​មាន​ការ​ទទួល​ស្គាល់​នៅ លើ​ឆាក​អន្តរជាតិ​ប៉ុន្តែ​នៅ ឯ​ប្រទេស​កម្ពុជា​វិញ​ព្រះ​អង្គ​ត្រូវ​បាន​អាជ្ញា​ធរ​ព្រមាន​ចាប់​ខ្លួន​និង​ចាប់ផ្សឹកជាបន្ត​បន្ទាប់​។ ​
យោងតាម​របាយការណ៍​របស់​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ឱ្យ​ដឹង​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រហែល​៤០០.០០០​នាក់​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​និង​ការ​រំលោភ​យក​ដី​ធ្លី ​ពី ​សំណាក់​អ្នក​មាន​អំណាច​និង​ក្រុម​អ្នក​មានធន​ធាន​។​
ការ​ប្រគល់​រង្វាន់​នេះ​កើត​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​អ្នកសារព័ត៌មាន​និង​ជា​សកម្មជន​ការពារ​ដីធ្លីដ៏​ល្បី ឈ្មោះ ម្នាក់​គឺ​លោក​ម៉ម សុណង់​ដូ​ត្រូវបាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ដោយ​សារ​ធ្វើ​សកម្មភាព​ជួយ​ជន​រងគ្រោះ​ដោយ​ទំនាស់​ដី​ធ្លី​នៅ​ខេត្ត​ក្រចេះ។ ទន្ទឹម​គ្នា​នោះ​ ដែ​រ​សកម្មជន​ការពារ​ដីធ្លី​និង​សិទ្ធិ​ប្រជា​ពលរដ្ឋ​បីនាក់ក្នុងនោះ​មាន​លោក​អ៊ូ​ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ត្រូ​វបាន​តុលាការកោះ​ហៅ​ឱ្យ​ទៅ​បំភ្លឺ​នៅ ថ្ងៃ​ទី​១៨​ខែ​តុលា​ទាក់​ទង​នឹង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​រតនៈគីរី។​