មេដឹកនាំប្រវតិ្តសាស្ដ្រនៃរបបខ្មែរក្រហមគឺប៉ុល ពត ទំនងជាបានដាក់ផែនការបណ្ដេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងភ្នំពេញហើយផែនការនេះត្រូវបានគាំទ្រដោយជនជាប់ចោទនួន ជា និងខៀវ សំផន។
មូលហេតុនៃការបណ្ដេញប្រជាពលរដ្ឋចេញពីទីក្រុងគឺដោយសារតែពួកខ្មែរក្រហមព្រួយបារម្ភពីការគ្រប់គ្រងស្ថានភាពប្រជាពលរដ្ឋ និងការវាយប្រហាររបស់ចារកម្មជាពិសេសចារកម្ម ស៊ីអាយអេ (CIA) របស់អាមេរិក និង ខេជីប៊ី (KGB) របស់រុស្ស៊ី។ នេះបើផ្អែកតាមការបំភ្លឺរបស់សក្សីនៅថ្ងៃព្រហស្បតិ៍នេះ។
ពួកកុម្មុយនិស្តឯកសណ្ឋានខ្មៅខ្មែរក្រហមបានដណ្តើមអំណាចដោយចុងកាំភ្លើងពីរបបលោកសេនាប្រមុខលន់ ណុល ទាំងស្រុងនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ នៅពេលនោះប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ និងនៅតាមទីប្រជុំជនដទៃទៀតត្រូវបណ្ដេញឲ្យទៅរស់នៅសហករនៅតាមទីជនបទ។
លោក រចឹម ទន់ អតីតអ្នកនាំសាររបស់ប៉ុល ពត និងរបស់អៀង សារី ផ្តល់សក្ខីកម្មក្នុងសវនាការនៃអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍ថា ប៉ុល ពត បានលើកផែនការពីការបណ្ដេញប្រជាពលរដ្ឋចេញពីទីក្រុងក្នុងកិច្ចប្រជុំមួយនៅទីបញ្ជាការដ្ឋានរបស់ខ្មែរក្រហមគឺមន្ទីរ ប៥ក្នុងភូមិតាំងគោក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅពេលដែលខ្មែរក្រហមហៀបនឹងទទួលជ័យជម្នះទាំងស្រុង។ លោករចឹម ទន់ រៀបរាប់ថា ផែនការជម្លៀសដំបូងគឺសម្រាប់រយៈពេលមួយសប្ដាហ៍តែប៉ុណ្ណោះ។
«គេរាយការណ៍ទៅ អ៊ំទី១គាត់សរុបយោបល់ ហើយគាត់បានលើកវិធានការទាំងយោធាទាំង វិធានការជម្លៀសប្រជាជនចេញ។ ឯអ៊ុំទី២ គឺអ៊ុំនួន ជា គាត់ឯកភាព។ អ៊ុំខៀវ សំផន ក៏ឯកភាព។ ហើយអង្គភាពគ្រប់សមរភូមិឯកភាព និងទះដៃ»។អតីតអ្នកនាំសាររបស់ប៉ុល ពត
សក្សីរូបនេះបានឆ្លើយសំណួររបស់លោក ដេល លីសាក (Dale Lysak) ជំនួយការសហព្រះរាជអជ្ញា។
មានដើមកំណើតជាជនជាតិចារ៉ាយ នៅខេត្តរតនគីរី លោក រចឹម ទន់ លើកឡើងថា មួយខែបន្ទាប់ពីឡើងកាន់អំណាចក្រុមមេដឹកនាំខ្មែរក្រហមបានបើកកិច្ចប្រជុំធំមួយនៅប្រាសាទព្រះកែវមរតក្នុងព្រះបរមរាជវាំង។ កិច្ចប្រជុំរយៈពេល១០ថ្ងៃ ដែលត្រូវបានចូលរួមដោយជនជាប់ចោទអៀង សារី ខៀវ សំផង និងនួន ជា រួមទាំងមេទ័ពខ្មែរក្រហមដទៃទៀតក្រោមការដឹកនាំប្រជុំដោយប៉ុល ពត និងនួន ជា។
សក្សីដដែលបញ្ជាក់ថា កិច្ចប្រជុំនោះបានកំណត់គោលដៅនៃរបបដឹកនាំ។
«សរុបសភាពការណ៍គឺថាយើងបានវាយរំដោះទីក្រុងភ្នំពេញរួចរាល់អស់ហើយ ដូច្នេះយើងត្រូវរៀបចំទិសរបស់យើងគឺថា ក្រោយពីប្រជុំឃើញឯកសារថា យើងត្រូវធ្វើបដិវត្តន៍សង្គមនិយមហើយដើម្បីឈានទៅកុម្មុយនិស្ដនិយម។
លោករចឹម ទន់ អាយុ ៦៥ ឆ្នាំបានក្លាយជាប្រធានមន្ទីរប១ ឬមន្ទីរពិធីការរបស់ក្រសួងការបរទេសដែលត្រូវបានកាន់កាប់ដោយអៀង សារី។ គាត់មានឱកាសជូនគណៈប្រតិភូពីក្រៅប្រទេសទៅទស្សនាតាមទីជនបទ និងអមដំណើរអៀង សារី ដែលជាបងធំទី៣នៃរបបខ្មែរក្រហម។ លោកបានឃើញទុក្ខវេទនានៃប្រជាពលរដ្ឋខ្មែរពេលធ្វើដំណើរជាមួយប្រតិភូនោះ។
«តាមបណ្តោយផ្លូវដែលយើងទៅហ្នឹងប្រជាជនមិនសូវជារីករាយប៉ុន្មានទេ។ ហើយធ្វើការហត់ ជីកប្រឡាយផង លើកទំនប់ផងលើកភ្លឺស្រែផងហើយកន្លែងខ្លះហូបបបរទៀត។ ខ្ញុំឃើញថាវេទនាណាស់ដែរ»។
អង្គជំនុំជម្រះសាលាដំបូងបានផ្អាកការសួរដេញដោលសក្សី លោក រចឹម ទន់ នៅថ្ងៃសុក្រស្អែកនេះ ហើយនឹងចាប់ផ្តើមការសួរដេញដោលឡើងវិញនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ៕