រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៥ ខែសីហានេះ បានបើកការដ្ឋានចាប់ផ្តើមសាងសង់ព្រែកជីកហ្វូណនតេជោយ៉ាងអធិកអធម ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាចំណុចផ្តើមនៃការជីកព្រែកដើម្បីឱ្យទឹកហូរកាត់ពីទន្លេមេគង្គ។
ពិធីសម្ពោធនេះធ្វើឡើងនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយមានការចូលរួមពីមនុស្សប្រមាណ១ម៉ឺននាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចុចប៊ូតុងចាប់ផ្តើមសាងសង់នៅម៉ោង៩ និង៩នាទីព្រឹក។ ជាមួយគ្នានោះ វត្តអារាម ក្រសួងស្ថាប័ន និងសាលារៀនរដ្ឋ និងឯកជនមួយចំនួន ក៏បានចូលរួមទូងស្គរអបអរចំពោះការបើកការដ្ឋានសាងសង់ព្រែកជីកនេះផងដែរ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនាព្រឹកថ្ងៃចន្ទះនេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាក់ថា គម្រោងមួយនេះមានការចូលរួមដាក់ទុនពីក្រុមហ៊ុនខ្មែរចំនួន៥១% មិនមែនក្រុមហ៊ុនចិនតែមួយឡើយ។ លោកអះអាងអំពីសារៈប្រយោជន៍របស់ព្រែកជីកថា នៅក្នុងពេល៥ឆ្នាំខាងមុខទៀត តំបន់ព្រែកជីកនេះនឹងក្លាយជាតំបន់មានសក្ដានុពលសេដ្ឋកិច្ច ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើង។
លោកថ្លែងថា៖ «សម្រាប់បង្កើតនូវអាជីវកម្មផ្សេងៗ បង្កើតនូវកសិឧស្សាហកម្មនៅតំបន់ឧស្សាហកម្មដែលអាចឱ្យបងប្អូនមិនមែននៅខ្សត់នៅឆ្ងាយជាងគេទៀតទេ។ ប៉ុន្តែទៅជារស់នៅតាមកន្លែង និងតាមបណ្ដាយផ្លូវបណ្ដាយផ្លូវទឹកមួយ ដែលមានចរាចរណ៍លែងស្ងាត់ជ្រងំទៀតដែលធ្វើឱ្យសេដ្ឋកិច្ចជីវភាពរស់នៅរបស់បងប្អូននឹងប្រែប្រួល»។
លោក ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបទៅកាន់ពលរដ្ឋដែលបានលើកឡើងអំពីការព្រួយបារម្ភថា កម្ពុជានឹងបាត់បង់ទឹកដី និងអធិបតេយ្យភាព ក្រោយសាងសង់ព្រែកជីកហ្វូណនតេជោនេះរួចរាល់។
លោកថ្លែងថា៖ «ពីរឿងបាត់បង់ទឹកដី ពីរឿងបាត់បង់អធិបតេយ្យភាព ហើយរឿងបាត់បង់អធិបតេយ្យភាពនេះ ខ្ញុំសូមបញ្ជាក់បាត់បង់ទឹកដីមិនទៅរួចទេ ព្រោះនៅតែជាដែនដីរបស់យើង យើងបោះបង្គោលរួចហើយ។ ប្រជាពលរដ្ឋយើងរស់នៅរាប់លាននាក់ទៅហើយ ហើយគ្មានគម្រោងទៅឱ្យកាត់ទៅឱ្យពីណាគេទេ ហើយគ្មានពីណាគេមកលេបយកខេត្តនៅខាងកើត ឬខាងត្បូងនៃព្រែកនេះទេ»។
Your browser doesn’t support HTML5
លោកនាយករដ្ឋមន្រ្តីក៏ថ្លែងកុំឱ្យប្រជាពលរដ្ឋព្រួយបារម្ភថា ព្រែកជីកមួយនេះនឹងត្រូវបានប្រើប្រាស់សម្រាប់យោធាបរទេស។ លោកបន្ថែមថា ទោះក្នុងតម្លៃណាក៏ដោយ ព្រែកជីកមួយនេះត្រូវសាងសង់ឱ្យខាងតែបាន។
រដ្ឋាភិបាលកម្ពុជាបានពន្លឿនបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនមួយនេះ នៅថ្ងៃទី៥ ខែសីហា ដែលជាខួបកំណើតរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បើទោះមានការព្រួយបារម្ភពីភាគីវៀតណាមអំពីផលប៉ះពាល់លើទន្លេមេគង្គ និងឥទ្ធិពលរបស់ចិនលើការប្រើប្រាស់ផ្លូវទឹកមួយនេះ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីដែលទទួលបន្ទុកគម្រោងនេះ អះអាងនៅព្រឹកថ្ងៃចន្ទនេះថា គម្រោងព្រែកជីកត្រូវបានសិក្សាយ៉ាងហ្មត់ចត់ ដើម្បីធានាមិនមានផលប៉ះពាល់ ដូចជាទីតាំងភូមិសាស្រ្ត សង្គម និងសេដ្ឋកិច្ច បញ្ហាជលសាស្រ្ត និងកករដីការសិក្សាលើចលនាការប្រែប្រួលកម្ពស់ទឹក ដោយបានធានាមិនឱ្យប៉ះពាល់ទៅលើបរិស្ថានទាំងក្នុង និងក្រៅប្រទេស។
លោកថ្លែងថា៖ «តាមរយៈការសិក្សាលម្អិតអំពីទិដ្ឋភាពផ្លូវច្បាប់គម្រោងនេះពិតជាអាចអនុវត្តបាន។ ដោយភាគីកម្ពុជាបានជូនដំណឹងជាផ្លូវការទៅគណៈកម្មការទន្លេមេគង្គ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ យោងតាមខ្លឹមសារនៃមេត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្ដីពីការប្រើប្រាស់ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួន»។
អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ការបើកការដ្ឋានសាងសង់នាពេលនេះមានទិដ្ឋភាពនយោបាយច្រើនជាង ព្រោះវាអាចត្រូវចំណាយទុនច្រើន ដើម្បីជីកព្រែកនារដូវវស្សា។
លោកថ្លែងថា៖ «អ៊ីចឹងយើងមើលទៅការបើកនេះ ខ្ញុំគិតថា ជាទិដ្ឋភាពនយោបាយច្រើនជាង ដើម្បីចង់ជម្នះនូវមតិមហាជនដែលមានអ្នកខ្លះក៏ប្រឆាំង អ្នកខ្លះក៏គាំទ្រ។ អ៊ីចឹងនេះវាជាចរិតនយោបាយធម្មតា ដែលយើងឃើញពីមុនៗមក»។
អ្នកតាមដានមួយចំនួនយល់ឃើញថា បើទោះកម្ពុជាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន នាពេលនេះ ប៉ុន្តែការងារជីកធំដុំប្រហែលមិនទាន់ចាប់ផ្តើមនាឆ្នាំនេះឡើយ។
យ៉ាងណាមិញ អ្នកចូលរួមមួយចំនួនបានបង្ហាញការគាំទ្ររបស់ពួកគេលើគម្រោងនេះ ហើយគិតថា វានឹងធ្វើឱ្យមានការគាំទ្របន្ថែមដល់នាយករដ្ឋមន្រ្តីថ្មីលោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជិត១ឆ្នាំ។
លោក បុត កុសល្យ និស្សិតឆ្នាំទី៤ និងជាប្រជាពលរដ្ឋម្នាក់ដែលចូលរួមក្នុងពិធីបើកការដ្ឋានប្រាប់វីអូអេថា នេះ«ពិតជាស្នាដៃដ៏ធំធេងរបស់លោក ហ៊ុន ម៉ាណែត»។
លោកបញ្ជាក់ថា៖ «ស្នាដៃនេះពិតណាស់មានការគាំទ្រពីប្រជាជនយើងច្រើន ដោយសារតែគឺស្នាដៃមួយដ៏ធំ និងដំបូងគេបង្អស់នៅកម្ពុជា»។
គួរបញ្ជាក់ថា ព្រែកជីកដែលមានតម្លៃប្រមាណ១៧០០លានដុល្លារអាមេរិក និងមានប្រវែង១៨០គីឡូម៉ែត្រ នឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ ឆ្លងកាត់ស្រុកអង្គរបូរី ខេត្តតាកែវ និងបន្តរហូតដល់ឆ្នេរអង្កោល ក្នុងខេត្តកែប។
គម្រោងនេះជាការវិនិយោគក្នុងទម្រង់ BOT(Build Operate Transfer ឬសាងសង់ ប្រតិបត្តិការ និងផ្ទេរ) ក្នុងរយៈ៥០ឆ្នាំ ដូចផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ។ ក្រុមហ៊ុនដែលចូលរួមវិនិយោគត្រូវចំណាយថវិកាដើម្បីសាងសង់ព្រែកជីកមួយនេះដែលគ្រោងបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ពោលគឺក្នុងឆ្នាំ២០២៨។ បន្ទាប់មកក្រុមហ៊ុនដែលវិនិយោគទាំងនោះនឹងប្រមូលកម្រៃសេវាពីការប្រើប្រាស់ព្រែកជីកនេះ ដូចកិច្ចព្រមព្រៀងដែលបានកំណត់ រួចត្រូវផ្ទេរឱ្យរដ្ឋាភិបាលគ្រប់គ្រងបន្ត៕