ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិនៅថ្ងៃអង្គារនេះបានប្រកាសថាប្រទេសកម្ពុជាបានបាញ់សាកល្បងកាំជ្រួចហ្វូងប្រតិកម្មប្រភេទBM២១និងកាំភ្លើងធំ១៣០មីលីម៉ែត្រប្រកបដោយជោគជ័យនិងធ្លាក់ចំគោលដៅ១០០%ក៏ប៉ុន្តែបានអះអាងថាការបាញ់សាកល្បងនេះមិនមានគោលបំណងទៅគំរាមកំហែងប្រទេសជិតខាងកម្ពុជាទេ។
ការបាញ់សាកល្បងកាំជ្រួចហ្វូងប្រតិកម្មប្រភេទBM២១និងកាំភ្លើងធំ១៣០មីលីម៉ែត្របានធ្វើឡើងនៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដោយបាញ់ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ឆ្ពោះទៅភ្នំចង្កោមធំជាប់ព្រំប្រទល់បីស្រុក គឺស្រុកបសេដ្ឋ ស្រុកភ្នំស្រួចនិងស្រុកសំរោងទង។
គ្រាប់កាំជ្រួចបានហោះចេញពីរថយន្តដែលមានទំរ បានហោះជ្រែកដូចគេហែកមេឃចេញពីទីតាំងបាញ់សាកល្បងឆ្ពោះទៅគោលដៅយ៉ាងមានប្រសិទ្ធភាពបំផុត។នេះបើតាមការបញ្ជាក់ពីមន្ត្រីក្រសួងការពារជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងក្នុងអង្គសន្និសីទកាសែតប៉ុន្មាននាទីក្រោយពីការបាញ់សាកល្បងថាលទ្ធផលនៃការបាញ់សាល្បងនេះគឺបានបាញ់ចំគោលដៅ១០០%។
លោកបាននិយាយថាការបាញ់សាកល្បងជាលើកទីពីរនេះមិនមានគោលបំណងដើម្បីគំរាមកំហែងប្រទេសជិតខាងកម្ពុជាទេគឺគ្រាន់តែជាការពង្រឹងវិស័យការពារជាតិរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះថាតើការការពារអធិបតេយ្យភាពរបស់យើងវាមានប្រសិទ្ធភាពយ៉ាងណា។
លោកទៀ បាញ់បញ្ជាក់បន្ថែមថា៖
«ការហ្វឹកហ្វឺនចប់មេរៀនហើយយើងត្រូវតែយកមកសាកល្បងអនុវត្តជាក់ស្តែង។ ដូច្នេះគឺថាក្នុងថ្ងៃនេះគឺថាបើនិយាយពីសាច់ដុំសាច់អ្វីនោះគឺវារឿងផ្សេងទេ យើងឃើញច្បាស់ហើយរឿងហ្នឹងគឺវាអញ្ចឹង»។
លោកអ៊ិត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបាននិយាយថាលំហាត់បាញ់គ្រាប់ពិតទាំងអស់នេះមានចំនួន៩២គ្រឿងហើយជាលទ្ធផលគឺបានបាញ់ចំគោលដៅទាំងអស់។
«លទ្ធផលបាញ់កាំភ្លើងធំ១៣០មមនិងBM២១បាញ់ថ្ងៃនេះទាំងបាញ់លើកទីមួយនិងលើកទីពីរគឺបាញ់ចូលគោលដៅទាំង១០០% សូមអបអរសារទរ»។
មុនពេលបាញ់សាកល្បងគ្រាប់ពិតក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនឹងសំឡេងនិងស្នូររបស់គ្រាប់កាំភ្លើង។
ដើរកាត់កណ្តាលតាមផ្លូវដែលមានដីហុយទ្រលោមក្រោយពីរថយន្តបរកាត់អ្នកស្រី សោម យឺនអាយុ៧០ឆ្នាំរស់នៅភូមិសំរោងបាក់ ឃុំមហាសាំង ស្រុកភ្នំស្រួច បាននិយាយថាអ្នកស្រីនៅតែមានការភិតភ័យបើទោះបីជាអាជ្ញាធរបានប្រាប់ឱ្យដឹងជាមុនក៏ដោយ។
អ្នកស្រីបាននិយាយថាសមាជិកក្រុមគ្រួសារត្រូវបានជម្លៀសចេញមុនពេលបាញ់សាកល្បងមកដល់។
«ភ័យណាស់លោកក្មួយ ភ្ញាក់ដែរហ្នឹងណ៎ា ដោយសារសុខភាពវាមិនសូវល្អ»។
ប្រទេសកម្ពុជាបានបាញ់សាកល្បងកាំជ្រួចហ្វូងប្រតិកម្មលើកទីមួយកាលពីឆ្នាំ២០១០នៅក្នុងខេត្តកំពង់ឆ្នាំងភាគខាងលិចនៃប្រទេសចំណែកឯការបាញ់សាកល្បងលើកទីពីរនេះបានធ្វើឡើងនៅក្នុងខេត្តកំពង់ស្ពឺដោយតម្រង់ទៅទិសភាគខាងកើតនៃប្រទេសវិញម្តង៕