លោក​ ម៉ម សុណង់ដូ ​ត្រូវ​ចាប់​ខ្លួន​ជាលើក​ទី​​​៣

នាយក​វិទ្យុ​សម្បុក​ឃ្មុំ​ លោក​ ម៉ម​ សុណង់ដូ

កងកម្លាំង​អាជ្ញាធរ​ប៉ូលិស​កម្ពុជា​បាន​ចាប់​ខ្លួន​លោក​ ម៉ម​ សុណង់ដូ នាយក​វិទ្យុ​សម្បុក​ឃ្មុំ​ក្នុង​បទ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា​ការ​ធ្វើ​អបគមន៍​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​ក្រចេះ។​

ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ គឺ​មាន​រយៈ​ពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ម៉ម សុណង់ដូ ដែល​មាន​តួនាទី​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែរ​នោះ បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​ដំណើរ​បេសកម្ម​នៅ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប។

លោកស្រី ​ហ៊ួន ផាន់ណារី ​អគ្គ​លេខាធិការ​រង​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​បញ្ជាក់ថា ​អាជ្ញា​ប៉ូលិស​មាន​គ្នា​ប្រហែល​២០​នាក់​បាន​ចូល​មក​ចាប់​លោក​ ម៉ម​ សុណង់ដូ ​ដល់​បន្ទប់​ដេក ​ហើយ​មិន​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​ប្រឆាំង​តប​ត​អ្វី​ទេ។

លោក​គាត ច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​ប៉ូលិស​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា ​អាជ្ញាធរ​ប៉ូលិស​«អនុវត្ត​តាម​តែ​ដីកា​របស់​តុលាការ​តែ​ប៉ុណ្ណោះ»។

នៅ​ក្នុង​ដី​កា​របស់​តុលាការ​ខេត្ត​ក្រចេះ​ដែល​លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ ​គឺ​លោក​ម៉ម សុណង់ដូ ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា៖
«ជា​អ្នក​ ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុប្បកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ​របស់​អាជ្ញាធរ ញុះ​ញង់​ឱ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់​ ព្រម​ទាំង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់​តាម​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ ព្រណ្ឌទណ្ឌ»។
ដី​កា​របស់​តុលាការ​ខេត្ត​ក្រចេះ

តាម​ប្រភព​នានា​បញ្ជាក់​ថា ​លោក​ ម៉ម សុណង់ដូ ​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​ហើយ​នឹង​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

នៅ​ក្នុង​បទសម្ភាសន៍​កន្លង​មក​ជាមួយ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក ​លោក​ ម៉ម សូណង់ដូ​ ​បាន​បញ្ជាក់​ថា​លោក​មិន​មាន​កំហុស​អ្វី​ទេ ​ហើយ​លោក​ក៏​មិន​ខ្លាច​នឹង​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក​ដែរ។

លោកស្រី ផាន់​ណារី​ បាន​បញ្ជាក់​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ភស្តុតាង​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក​ ម៉ម សុណង់ដូ ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា​ចលនា​អបគមន៍។

«គាត់​អត់​មាន​ពាក់ព័ន្ធ​ក្នុង​រឿង​ធ្វើ​អបគមន៍​នៅ​ខេត្ត​ក្រចេះ​ហើយ​ខ្ញុំ​សូម​សំណូមពរ​ថា​ បើ​សិន​ជា​គាត់​នៅពី​ក្រោយ​នឹង​អបគមន៍​ហ្នឹង​ ខ្ញុំ​សូម​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​អ្វី​ក៏​ដោយ​ជា​ភស្តុតាង​ដែល​ថា​ គាត់​អ្នក​នៅ​ក្រោយ​អបគមន៍​នៅ​ក្រចេះ​ហ្នឹង»។

កាល​ពីខែ​ឧសភា​រដ្ឋាភិបាល​បាន​ប្រើប្រាស់​វិធានការ​ក្តៅ បង្រ្កាប​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ​ ហើយ​ឈាន​រហូត​ដល់​សម្លាប់​កុមារី​ម្នាក់។ រដ្ឋាភិបាល​បាន​ឆ្លើយ​ការពារ​ប្រតិបត្តិការ​យោធា​ដែល​មាន​អម​ដោយ​ឧទ្ធម្ភាគចក្រ​នោះ​ថា ​ជា​ការ​បង្ក្រាប​ក្រុម​ចលនា​ព្យាយាម​បំបែក​រដ្ឋ​ហើយ​លោក​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​មាត់​ក្នុង​វេទិកា​សាធារណៈ​ឱ្យ​ចាប់​ខ្លួន​មេដឹកនាំ​របស់​គេ។

នេះ​ជា​ការ​ចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ ​លើក​ទី​បី​ហើយ ​ដែល​កាលពី​លើក​មុន​លោក​ធ្លាប់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដោយ​សារ​តែ​ការ​ផ្សាយ​ទាក់ទង​នឹង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​

ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ក្រុម​អ្នក​នយោបាយ​និង​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​តាមដាន​យ៉ាងខ្លាំង។​ គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ថា​ «នេះ​គឺ​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​មួយ​ខាង​ផ្នែក​នយោបាយ​និង​ដើម្បី​បំបាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ​អ្នក​ជាតិ​និយម​និង​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

វិទ្យុ​សម្បុក​ឃ្មុំ​របស់លោក​ម៉ម សុណង់ដូ​ គឺ​ជា​វិទ្យុ​ដែល​ឯករាជ្យ​មួយ​ដែល​បាន​ផ្សាយ​លើ​បញ្ហា​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ ការ​រឹបអូស​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា។

នៅ​មិនទាន់​មាន​ការ​ប៉ះពាល់​ភ្លាមៗ​ដល់​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​នេះ​នៅ​ឡើយ​ទេ​ត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​បុគ្គលិក៕​