ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ​ឯករាជ្យ​ថា​កម្ពុជា​អាច​ប្រឈម​នឹង​ការ​បះបោរ​ពី​ជន​រងគ្រោះ​នៃ​ការ​ជម្លោះ​ដីធ្លី


ពលរដ្ឋ​បូរីកីឡា​កាន់ដំបង​ប្រឈម​ជាមួយ​នឹង​អាជ្ញាធរមុន​នឹង​ការ​ប៉ះទង្គិច​មួយ​កើតឡើង​។

ក្នុង​រយៈពេល​មួយ​ខែ​កន្លង​ទៅ​នេះ ​មាន​ករណី​បណ្តេញ​ចេញ​លេច​ធ្លោ​ចំនួន​ពីរ​ បាន​កើត​មាន​ឡើង​នៅ​កម្ពុជា ​គឺ​ការ​បណ្តេញ​ចេញ​ប្រជាពលរដ្ឋ​តំបន់​បុរីកីឡា និង​ការ​ប៉ះទង្គិច​ដោយ​បង្ហូរ​ឈាម​រវាង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ TTY នៅ​ស្រុក​ស្នួល​ ខេត្តក្រចេះ។

ការ​ប៉ះទង្គិច​គ្នា​នៅ​សហគមន៍​បុរីកីឡា ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​ប្រាំបី​នាក់​ដាក់​ពន្ធនាគារ ​ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ។​ ចំណែក​ឯ​នៅ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​វិញ ​សន្តិសុខ​ចម្ការ​កៅស៊ូ TTY របស់​ឧកញ៉ា ​ណា ​ម៉ារ៉ាឌី ​បាន​បាញ់​ប្រជាពលរដ្ឋ​ចំនួន​បួន​នាក់​ឲ្យ​ទទួល​រងរបួស​ រួច​ហើយ​ទើប​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​បញ្ជូន​ទៅ​កាន់​តុលាការ។

ព្រឹត្តិការណ៍​វិវាទ​ដ៏​លេច​ធ្លោ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខែ​មករា​កន្លង​ទៅ​នេះ​ សុទ្ធ​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​បាន​រំលោភ​សិទ្ធិ​លើ​ប្រជាពលរដ្ឋ។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ឃ្លាំមើល​ការ​រំលោភ​ដីធ្លី​បាន​ព្រមាន​ថា ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការ​បាត់បង់​ដីធ្លី​ និង​ផ្ទះ​សម្បែង​អាច​នឹង​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប្រសិន​បើ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​ដូច​បច្ចុប្បន្ន​នេះ​ទៀត។

លោក​បណ្ឌិត​ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ បាន​លើក​យក​ឧទាហរណ៍​លោក​នួន​ ជា​ អតីត​ប្រធាន​រដ្ឋសភា​នៅ​ក្នុង​របប​ខ្មែរក្រហម​ដែល​បាន​ថ្លែង​ប្រាប់​សាលាក្តី​ខ្មែរក្រហម​ថា​ការ​ចូលរួម​បដិវត្តន៍​ប្រឆាំង​នឹង​អ្នក​ដឹកនាំ ​គឺ​កើត​ចេញ​ពី​ការ​ជិះជាន់។ លោក​បណ្ឌិត​ឡៅ ​ម៉ុងហៃ ​បាន​បញ្ជាក់​ថា​កម្ពុជា​គួរតែ​យក​មេរៀន​ប្រវត្តិសាស្ត្រ ​ដើម្បី​ជៀសវាង​ការ​ងើប​តវ៉ា​ប្រឆាំង​ដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​សង្គម។

«នៅ​ក្នុង​ចំណោមអ្នក​រងគ្រោះ​ហ្នឹង វា​មាន​យុវជន ​យុវនារី ​ក្មេងៗ។ ក្រែង​ពេល​តែ​វា​ឃើញ​អញ្ចឹង​ វា​ឈឺ​ចាប់។ ​ម្លោះ​ហើយ​អ្នក​នោះ ​ថ្ងៃ​ក្រោយ​វា​មាន​ទុក្ខ ​ហើយ​វា​មិន​ដឹង​ទៅ​ធ្វើ​អ្វី។ មិន​ដឹង​ថា​វា​ដក់​ចិត្ត​ ឬមួយ​យ៉ាង​ម៉េច។ ខ្ញុំ​ថា​អ្នក​ខ្លះ​វា​ដក់​ចិត្ត។ ​ដូច​ជា​នួន ​ជា ​ដក់​ចិត្ត​រឿង​ការ​ជិះជាន់​ហ្នឹង​ជា​ដើម»។

ដើម្បី​ស្តារ​ប្រជាប្រិយភាព​រដ្ឋាភិបាល​ឡើង​វិញ​បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​រឿង​វិវាទ​ដីធ្លី ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ កាល​ពី​សប្តាហ៍​មុន​បាន​ចេញ​បញ្ជា​ថា​នឹង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ចេញ​ពី​ក្រុមហ៊ុន​ឯកជន​ណា​ដែល​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ និង​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ។ លោក​ហ៊ុន ​សែន​ ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ TTY របស់​លោក​ឧកញ៉ា ​ណា ​ម៉ារ៉ាឌី ប្រគល់​ខ្លួន​ជន​បាញ់​ប្រជាពលរដ្ឋ។

រយៈពេល​ប្រាំ​ថ្ងៃ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ចេញ​បញ្ជា អាជ្ញាធរ​បាន​ចាប់​ខ្លួន​សន្តិសុខ​ក្រុមហ៊ុន​TTY ចំនួន​ពីរ​នាក់​ ដាក់​ពន្ធនាគារ​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ ​និង​បាញ់​ប្រហារ​ប្រជាពលរដ្ឋ។

លោក ​អ៊ូ ​វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​ថា​ នេះ​គឺ​ជា​ការ​បរាជ័យ​មួយ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ដោយសារ​តែ​អភិបាល​ខេត្ត​ អាជ្ញាធរ​ និង​ព្រះរាជអាជ្ញាធរ​ខេត្ត​ក្រចេះ ​មិន​ហ៊ាន​ចេញ​មុខ​ចាប់​ជន​ដៃ​ដល់​មក​ផ្តន្ទាទោស។ លោក​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ប្រទេស​មួយ​មាន​ករណី​បទ​ល្មើស​ច្រើន​រាប់ពាន់​ករណី​ទៀត​ ប្រសិន​ណា​បើ​យើង​រង់ចាំ​បទ​បញ្ជា​លោក​នាយក​រដ្ឋមន្ត្រី។

«ខ្ញុំ​ថា​ឲ្យ​មាន​ការ​ស៊ើបអង្គេត​ឡើងវិញ ​សើររើ​ឡើងវិញ។ ដី​សម្បទាន​ណា​ដែល​មាន​អំពើ​បែប​ហ្នឹង​គឺ​ត្រូវ​តែ​លុប​ចោល។ ពីព្រោះ​អី​ដីសម្បទាន​បាន​មក​ដោយ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់។ បើ​និយាយ​ឲ្យ​សាមញ្ញ​គេ​ហៅ​ថា​ការ​យក​ដី​ដោយ​លួច​គេ។ ដូច​របស់​ចោរ ​ហើយ​របស់​ចោរ​ អ្នក​យក​របស់​ចោរ​គឺ​ខុស​ហើយ»។

លោក ​ផៃ ​ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​នេះ។ ក៏​ប៉ុន្តែ​លោក ជាម​ យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើ​ឡើង​ថា​ ការ​ងើបឡើង​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដោយសារ​តែ​រឿង​វិវាទ​ដីធ្លី ​មិន​អាច​កើត​មាន​ឡើង​ទេ។

«បឹងកក់​ក៏ដោយ ​ឬក៏​បុរីកីឡា​ក៏ដោយ ​ឬក៏​កន្លែង​ត្រង់​ណា​ក៏ដោយ​ រាជរដ្ឋាភិបាល​តែងតែ​យក​ចិត្ត​ទុក​ដាក់។ ​អញ្ចឹង​ខ្ញុំ​មើល​ឃើញ​ថា វា​មិន​កើត​មាន​ឡើង​ដោយសារ​តែ​ដំណឹង​នេះ​វិជ្ជមាន​ លើ​មួយ​លាន​នាក់​អវិជ្ជមាន»។

យ៉ាងតិច​មាន​ក្រុមហ៊ុន​ឯកជន​ជាង​២០០ ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​ជាង​ពីរ​លាន​ហិកតាពី​រដ្ឋាភិបាល​។

លោក ​អ៊ូច​ ឡេង ​មន្ត្រី​ដីធ្លី​របស់​សមាគមន៍​សិទ្ធិមនុស្ស​អាដហុក​បាន​ប្រាប់​វីអូអេ​ថា​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ​មិន​បាន​គោរព​ច្បាប់ ​និង​គោលការណ៍​របស់​រដ្ឋាភិបាល​ទេ៕

XS
SM
MD
LG