ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្មាន់​កាំភ្លើង​ពីរនាក់​នៅ​ខេត្ត​ក្រចេះ​ត្រូវ​បាន​ចាប់​ខ្លួន


តំបន់​ដី​សម្បទាន​​ចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ថ្ងៃ​ពុធ កង​សន្ដិសុខ​របស់​ក្រុមហ៊ុន​​​​ម្ចាស់​ដី​សម្បទាន​ដាំ​កៅស៊ូ​មួយ​ក្នុង​​ខេត្ត​ក្រចេះ បាន​ឈរ​បាញ់​រះ​លើ​ប្រជាពលរដ្ឋ​ដើម្បី​បង្រ្កាប​ពួក​គេ ​ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៤​ន

បួន​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​សន្តិសុខ​ចំការ​កៅស៊ូ TTYចំនួន​ពីរ​នាក់​ដែល​បាន​បាញ់​ប្រជាពលរដ្ឋ អាជ្ញាធរនគរបាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ចេញ​ពី​ទី​កន្លែង​ក្រុមហ៊ុន​ ហើយ​បាន​ប្រគល់​ខ្លួន​ទៅ​ឲ្យ​តុលាការ​ខេត្ត​ក្រចេះ។

លោក ​គេត ​សុជាតិ ​ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​ក្រចេះ ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ជន​សង្ស័យ​ទាំង​ពីរ​រូប​ដែល​រួម​មានកែ ​សុវណ្ណា ​អាយុ​៤០​ឆ្នាំ ពិន ​គឹមឡេង ​អាយុ​២៦​ឆ្នាំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា​ទី​២១៨ ​និង​ពី​បទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​តាម​មាត្រា​ទី​២០​ នៃ​ច្បាប់​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ។ លោក​បាន​មាន​ប្រសាសន៍​ថា​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នៅ​ពន្ធនាគារ​ខេត្ត​ក្រចេះ​ដើម្បី​រង់ចាំ​ការ​ជម្រះ​ទោស។ ​ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​បញ្ជាក់​ថា​តុលាការ​នឹង​បើក​សវនាការ​កាត់​ទោស​នៅ​ពេល​ណា​ទេ។

«ដោយសារ​តែ​នៅ​ក្នុង​ដំណាក់កាល​ស៊ើបសួរ​អីញ្ចឹង យើង​មិន​ដឹង​ថា​ត្រូវ​ចំណាយ​អស់​រយៈពេល​ប៉ុន្មាន​ទេ​ ប៉ុន្តែ​រឿង​នេះ​ប្រហែល​ជា​ត្រូវ​ឆាប់​ធ្វើ​ចប់​ទេ​ ដោយសារ​តែ​វា​មាន​សញ្ញាណ​ច្បាស់លាស់​មួយ​ចំនួន។ ​ហើយ​ដល់​ពេល​ចប់ ​យើង​នឹង​បញ្ជូន​ទៅ​ជំនុំជម្រះ​ហើយ»។

កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​មាត់​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ TTY របស់​លោក​ឧកញ៉ា ​ណា ​ម៉ារ៉ាឌី​ ប្រគល់​ខ្លួន​សន្តិសុខ​ក្រុមហ៊ុន​ចំនួន​ពីរ​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​លើ​ការ​បាញ់​ប្រហារ​ប្រជាពលរដ្ឋទៅ​ឲ្យ​សមត្ថកិច្ច។ លោក ​ហ៊ុន ​សែន ​ក៏​បាន​ដាក់​បញ្ជា​ទៀត​ថា​ប្រសិន​បើ​ក្រុមហ៊ុនTTY មិន​បាន​ប្រគល់​ខ្លួន​សន្តិសុខ​ទាំង​ពីរ​នោះ​ទេ ​លោក​ឧកញ៉ា ​ណា ​ម៉ារ៉ាឌី អាច​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន។

លោក ​ចាន់ ​សាវ៉េត​ មន្ត្រី​ផ្នែក​ស៊ើបអង្គេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ស្វាគមន៍​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន។​ ក៏ប៉ុន្តែ​លោក​មិន​ចង់​ឃើញ​ឲ្យ​មាន​វប្បធម៌​នេះ​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា ​សមត្ថកិច្ច​ត្រូវ​តែ​ហ៊ាន​ចាប់​ខ្លួន​ជន​សង្ស័យ​ ដែល​រំលោភ​ច្បាប់​មិន​ចាំបាច់​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ទេ។

«អាជ្ញាធរ​សមត្ថកិច្ច​ស្រុក​យើង​ដូច​ជា​មិន​សូវ​មាន​ឆន្ទៈ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការ​ស៊ើបអង្គេត​ស្រាវជ្រាវ​កម្ចាត់​បទ​ល្មើស​ហ្នឹង​ទេ។ ​ពួក​គាត់​តែងតែ​ប្រើប្រាស់​រូបភាព ​ដែល​គេ​ហៅ​ថា​ធ្វើ​តាម​បញ្ជា​ ដល់​ពេល​គាត់​ឥត​យក​គោលការណ៍​ច្បាប់​មក​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ»។

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មករា​ កន្លង​ទៅ​នេះ ​សន្តិសុខ​ចម្ការ​កៅស៊ូ TTY របស់​លោក​ឧកញ៉ា​ណា ម៉ារ៉ាឌី​ បាន​ធ្វើ​ការ​បាញ់​រះ​ដោយ​កាំភ្លើង​អាកា​៤៧​ ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ​ ដែល​ទាមទារ​ឲ្យ​បញ្ឈប់គ្រឿងចក្រ​ដែល​មក​ឈូសឆាយ​ផល​ដំឡូង​មី​របស់​ពួក​គាត់​នៅ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ។ មាន​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​បួន​នាក់​ ដែល​រួម​មាន​អ្នកស្រី ​នេត្រ​ រតនា ​លោក​ម៉ុង ​ទូច​ ហៅ​អូ ​លោក​លី ​គ្រីយ៉ា ​និងលោក​លី ​អីសា ​បាន​ទទួល​រងរបួស​ដោយ​អំពើ​ហិង្សា​នោះ។ អ្នកស្រី​នេត្រ​ រតនា ​អាយុ​២៣​ឆ្នាំ ​ជន​រងគ្រោះ​មួយ​រូប​ ដែល​បាន​រងរបួស​ដោយសារ​ការ​បាញ់​ប្រហារ​នេះ​ បាន​និយាយ​ថា​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​យក​មក​ផ្តន្ទាទោស​មិន​ទាន់​ឲ្យ​អ្នកស្រី​បាន​ស្ងប់​ចិត្ត​ទេ។ អ្នកស្រី​បាន​និយាយ​ថា​ អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​ស្រាវជ្រាវ​ចាប់​ខ្លួន​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​មក​ផ្តន្ទាទោស​តាម​ច្បាប់​បន្ថែម​ទៀត។

«អេកូម​នៅ​កន្លែង គ្នា​គាត់​ស្រែក​មក​នៅ​កន្លែង​ហ្នឹង ​ពួក​ខ្ញុំ​ស្តាប់​បាន។ ​បញ្ជា​កូន​ចៅ​គាត់​ហ្នឹង​ថា​ឲ្យ​បាញ់​ប្រជាពលរដ្ឋ​ហ្នឹង​ម្តង​ទៅ។ ​អាណា​ខ្លាំង​ជាង​គេ ​ឲ្យ​បាញ់​ឲ្យ​ងាប់​តែ​ម្តង​ទៅ។​ ទុក​ឲ្យ​គាត់​ជា​អ្នក​ដោះស្រាយ»។

ក្រុមហ៊ុន​ចម្ការ​កៅស៊ូ TTY នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​សម្រាប់​ដាំ​ដើម​កៅស៊ូ​នៅ​លើ​ផ្ទៃដី​ទំហំ​ជិត​មួយ​ម៉ឺន​ហិចតា ​នៅ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ។ ​ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​ចោទ​ប្រកាន់​ថា ​បាន​ប៉ះពាល់​ដល់​ដី​ចម្ការ​របស់​ពួក​គេ​ប្រមាណ​ជិត​៥០០​គ្រួសារ៕

XS
SM
MD
LG