លោក​អូបាម៉ា៖​ ទំនាក់​ទំនង​រវាង​ស.រ.អា.​និង​កម្ពុជា​នឹង​ត្រូវ​ពង្រឹង​ថែម​ទៀត​

លោក​ប្រធានាធិបតី​អូបាម៉ា​ជា​ប្រធានាធិបតី​ទី១​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ពេល​កំពុងកាន់​តំណែង។​

ស.រ.អា.​និង​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​ទំនាក់​ទំនង​រអាក់​រអួល​ផង​និង​ល្អ​ប្រសើរ​ផង​ទៅតាម​ពេល​វេលា ​នៅពេល​ដែល​កម្ពុជា​​ត្រូវ​គេ​ចាត់​ទុក​ថា​ មាន​ប្រវត្តិ​សិទ្ធិ​មនុស្ស​មិន​ល្អ។​
​វ៉ាស៊ីនតោន​៖ លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​រំពឹង​ថា ​ទំនាក់​ទំនង​រវាងស.រ.អា.​និង​កម្ពុជា​នឹង​ត្រូវពង្រឹង​ថែមទៀត​ទៅ​អនាគត។​
លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់​អូបាម៉ា​ចង់ឃើញ​ទំនាក់ទំនង​រវាង​ស.រ.អា.​និង​កម្ពុជា​នឹង​ត្រូវពង្រឹង​ថែមទៀត​នៅ​ពេល​ខាងមុខ។​ លោក អូបាម៉ា​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សារលិខិត​អរគុណ​របស់​លោក​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​សរសេរលិខិត​ស្វាគមន៍​លោក​អូបាម៉ា​ពេល​លោក​បាន​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ទីពីរ​កាល​ពីខែ​វិច្ឆិកា។​

ក្នុង​លិខិត​នេះ​ដែល​វីអូអេ​ទទួល​បាន ​លោក​អូបាម៉ា​បាន​ថ្លែង​ថា៖​
«ខ្ញុំ​សង្ឃឹម​ថា​នឹង​បន្ត​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​នៅ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ទៅ​មុខ​ទៀត»។​

លោក​ប្រធានាធិបតី​អូបាម៉ា​ជា​ប្រធានាធិបតី​ទី១​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ពេល​កំពុងកាន់​តំណែង។​ ទស្សនកិច្ច​របស់​លោក​កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នោះ​គឺដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​វេទិកាតំបន់​ជាច្រើន ​ដែល​កម្ពុជា​ក្នុងនាម​ជាម្ចាស់ផ្ទះ​កិច្ច​ប្រជុំ​ទាំងនោះ​ បាន​រួមគ្នា​ជាមួយ​ប្រទេស​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​ បញ្ហា​ពិភព​លោក​ ដូចជា​ជម្លោះ​ដែន​សមុទ្រចិន​ភាគ​ខាងត្បូង ​បញ្ហា​កូរ៉េ​ខាងជើង​ បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ នយោបាយ​ក្នុង​តំបន់​និង​ពិភពលោក។​

នៅក្នុង​លិខិត​ដែល​ផ្ញើរជូនលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ​លោក​អូបាម៉ា​ បាន​បន្ថែម​សេចក្តី​ថា៖​

«ដោយមាន​ការ​ធ្វើការ​រួមគ្នា ​ខ្ញុំជឿ​ជាក់ថា​ យើង​នឹង​អាច​ដោះស្រាយ​ប្រកប​ដោយ​ជោគជ័យ​នូវភាព​ប្រឈម​ជាច្រើន​ដែល​យើង​កំពុង​ជួប​ប្រទះ»។​

ស.រ.អា.​និង​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​ទំនាក់​ទំនង​រអាក់​រអួល​ផង​និង​ល្អ​ប្រសើរ​ផង​ទៅតាម​ពេល​វេលា ​នៅពេល​ដែល​កម្ពុជាត្រូវ​គេ​ចាត់​ទុក​ថា​ មាន​ប្រវត្តិ​សិទ្ធិ​មនុស្ស​មិន​ល្អ។​

ក្នុង​ពេល​ទស្សនកិច្ច​កាលពី​ខែ​វិច្ឆិកា​នោះ​ដែរ​ លោក​អូបាម៉ា​បាន​សម្តែង​ការ​ ព្រួយ​បារម្ភ​របស់​លោក​អំពី​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​ក្នុង​ជំនួប​ជាពិសេស​មួយ​ លោក​បាន​ស្នើ​សុំ​ឲ្យ​លោក​នាយករដ្ឋន្ត្រី​ហ៊ុន សែន ធ្វើការ​កែ​ទម្រង់។​ ការ​ធ្វើ​ដូច្នោះ​គឺដើម្បី​អ្វី​មួយ​ដែលក្រុម​មន្ត្រី​ស.រ.អា.​អះ​អាង​ថា ​ជា​កត្តា​ធ្វើឲ្យ​មាន​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​និង​ស.រ.អា.។​
លោក​ថ្លែង​ដូច្នេះ​នៅពេល​កម្ពុជា​ត្រូវ​អន្តរជាតិ​រិះគន់​អំពី​បញ្ហា​ដីធ្លី ​ការ​ចាប់​ជន​រងគ្រោះ​ដាក់គុក​ ​ការ​មិន​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៉ី​ មេដឹកនាំ​ក្រុម​ជំទាស់​ដ៏​ធំជាង​គេ​ បាន​ទៅ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ ការ​មិន​ដោះលែង​លោក​ម៉ម សូណង់ដូ​ ​ប្រធាន​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​បញ្ចេញ​មតិ​ជា​ដើម៕​