កម្ពុជាផ្អាក​ជើងហោះហើរ​ពី​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី ក្រោយពី​ម៉ាឡេស៊ី​ថា កម្ពុជា​អាច​ក្លាយជា​ច្រក​ធ្វើ​ដំណើរ​ក្នុង​គ្រា​កូវីដ១៩

រូបឯកសារ៖ ស្ថានីយ៍ដំណើរមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

ក្រោយពី​អាជ្ញាធរ​សុខាភិបាល​កម្ពុជា​ បាន​រក​ឃើញ​ករណី​ជំងឺ​កូវីដ១៩​​​ចុង​ក្រោយ​បំផុត ភាគ​ច្រើន​ក្នុង​ចំណោម​ដំណើរ​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី​ ​​​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​ជើង​យន្តហោះ​​ពី​ប្រទេស​ទាំងពីរ​នេះ។

ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​សៅរ៍​ ​បាន​ប្រកាស​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ជើង​យន្តហោះ​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី​ ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ឆ្នាំ​២០២០​ទៅ ​ដោយ​លើក​ឡើង​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ក្រោយ​ពី​អាជ្ញាធរ​សុខាភិបាល​កម្ពុជា​ បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចុង​ក្រោយ​បំផុត​ភាគ​ច្រើន​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ ដែល​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​កម្ពុជា​ពី​ក្រៅ​ប្រទេស​តាម​រយៈ​ការ​ឆ្លងកាត់ ​ឬ​ បន្ត​ជើងយន្តហោះពី​ប្រទេស​ទាំង​ពីរ។​

ប៉ុន្តែ​ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ប្រទេស​ម៉ាឡេស៊ី​ បាន​ប្រកាស​ថា​ កម្ពុជា ​ត្រូវ​បាន​ចាត់​ទុក​ថា​ មាន​សក្តានុពល​នៃ​ការ​ក្លាយ​ជា​តំបន់​សេរី​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​គ្រា​កូវីដ​១៩។ នេះ​បើ​យោង​តាម​កាសែត​ The New Straits Times​ ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ។​

ប្រទេស​កម្ពុជា​ មិន​បាន​បិទ​ជើង​យន្តហោះ​ទេ ទោះបី​ជា​កន្លង​មក​ប្រទេស​នេះ​ បាន​ហាម​ប្រាម​អ្នក​ដំណើរ​ពី​ប្រទេស​មួយ​ចំនួន​ដោយសារ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ក៏​ដោយ។​

អ្នក​ស្រី​ ឱ វណ្ណឌីន​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា ​បាន​ថ្លែង​ប្រាប់​បណ្តាញ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ផ្អាក​ជើង​យន្ត​ហោះមក​ពី​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​ មិន​មាន​មូល​ហេតុ​អ្វី​ក្រៅ​តែ​ពី​ការ​បង្ការ​«ការ​ដឹក​ជញ្ជូន​វត្តមាន​កូវីដ​១៩​ចូល​កម្ពុជា»​ប៉ុណ្ណោះ។​

គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ទី​២៧ ​ខែ​កក្កដា កម្ពុជា​មានអ្នក​ឆ្លង​ជំងឺ​កូវីដ​សរុប​ចំនួន​២២៥​នាក់ ក្នុង​នេះ​មាន​១៤៧​ នាក់បាន​ជាសះស្បើយ​ឡើង​វិញ៕