កម្ពុជា​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្លួន ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​កើន​ឡើង​ខ្លាំង

រូបឯកសារ៖ មន្ត្រីសុខាភិបាលក្នុងឯកសណ្ឋានការពារការឆ្លងមេរោគ កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន ដល់ពលរដ្ឋនៅវត្តមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១។

ក្នុង​ពេល​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​កើន​ឡើង​ខណៈ​មាន​ការ​បិទ​ខ្ទប់​តឹងរ៉ឹង​ដោយសារ​ជំងឺ​កូវីដ១៩​នោះ​ប្រទេស​កម្ពុជា​កំពុង​ដាក់​ក្តីសង្ឃឹម​របស់​ខ្លួន​លើ​កម្មវិធី​ចាក់​វ៉ាក់សាំង​ដែល​នឹង​ជួយ​ប្រទេស​នេះ​ឱ្យ​មាន​ភាពស៊ាំ​សហគមន៍ ទោះ​បី​ជា​កម្ពុជា​ប្រឈម​នឹង​ឧបសគ្គ​ពិបាកៗ​ដែល​អាច​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​នេះ​ក្តី។

ចំនួន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​កើន​ឡើង​ដល់​កំណត់ត្រា​ខ្ពស់​មួយ ដែល​មាន​ចំនួន ១,១៣០ ករណី​នៅ​ដើម​ខែកក្កដា​នេះ។ នេះ​ជា​ចំនួន​ខ្ពស់​ឆ្ងាយ​ជាង​តួលេខ​ដែល​ត្រូវ​បាន​រាយការណ៍​កាលពី​ខែមេសា​កន្លង​ទៅ នៅ​ពេល​មាន​ការ​បិទ​ខ្ទប់​តឹងរ៉ឹង ការ​ហាមឃាត់​មិន​ឱ្យ​លក់​គ្រឿង​ស្រវឹង និង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ដូច​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត​ដែរ​ កម្ពុជា​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​ដែល​ទំនង​ជា​មិន​មាន​នៅ​ក្នុង​ប្រទេស​អ្នក​មាន​នៅ​លោក​ខាង​លិច។ ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​មនុស្ស​កកកុញ​ជាច្រើន​ដែល​ជារឿយៗ​ជួល​បន្ទប់​មួយ ឬ​ជួនកាល​គ្រែ​មួយ​ដើម្បី​សម្រាក​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​បំបាត់​ភាព​នឿយហត់​នៅ​ខាង​ក្រៅ។​

លោក Bradley Murg ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព​ (CICP)​ បាន​ប្រាប់ VOA ថា ប្រជាជន​នៅ​ទីនេះ​មិន​មាន​កន្លែង​ទូលាយ សុវត្ថិភាព ឬការ​ទទួល​បាន​សេវា​សុខាភិបាល និង​មិន​អាច​ចូល​ផ្សារ​ទំនើប​បាន​ដូច​នៅ​តំបន់​ជាយ​ក្រុង​នៅ​ប្រទេស​លោក​ខាង​លិច​ដូចជា​សហរដ្ឋ​អាមេរិក ឬ​អូស្ត្រាលី​នោះ​ទេ។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «នៅ​ក្នុង​ទីក្រុង​ដែល​មាន​មនុស្ស​កកកុញ​ដូច​ជា​រាជធានី​ភ្នំពេញ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ឱ្យ​មាន​ប្រសិទ្ធភាព​ណាស់​ទោះ​បីជា​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​រដ្ឋ​ទាំង​មូល​ក្តី»។​

លោក​បាន​បន្ថែម​ថា៖ «បើ​ផ្អែក​ទៅ​លើ​កម្រិត​នៃ​ការ​អភិវឌ្ឍ​និង​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន នោះ​នឹង​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន។ ការ​បិទ​ខ្ទប់​រយៈពេល​វែង​មិន​មែន​ជា​យុទ្ធសាស្ត្រ​ដែល​អាច​ទៅ​រួចទេ​នៅ​កម្ពុជា ឬ​បើ​និយាយ​ឱ្យ​ចំ​ទៅ​គឺ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែម្តង»។

Your browser doesn’t support HTML5

កម្ពុជា​គាំទ្រ​ការ​ចាក់​វ៉ាក់សាំង​ ខណៈ​ករណីឆ្លង​ថ្មី​កើន​ឡើង​ខ្លាំង

ការ​បិទ​ផ្សារ​បណ្តាល​ឱ្យ​កង្វះ​ម្ហូប​អាហារ និង​ការ​ឡើង​ថ្លៃ​ទំនិញ។ អាជ្ញាធរ​មាន​ការ​លំបាក​ក្នុង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​បន្ទាប់​ពី​មាន​ការ​បែង​តំបន់​ក្នុង​រាជធានី​ទៅ​ជា​តំបន់​លឿង​លឿងទុំ និង​ក្រហម​ ដោយ​អាស្រ័យ​លើ​ចំនួន​ករណី​ឆ្លង និង​ការ​រាលដាល។ តំបន់​ក្រហម​មាន​ន័យ​ថា ជា​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត។

ការ​រឹតត្បិត​ត្រូវ​បាន​កាត់​បន្ថយ ប៉ុន្តែ​សាលារៀន រង្គសាល កន្លែង​ហាត់​ប្រាណ និង​អាជីវកម្ម​ផ្សេង​ទៀត​ជាច្រើន​នៅ​តែ​ត្រូវ​បិទ​ទ្វារ ខណៈ​ភោជនីយដ្ឋាន​តម្រូវ​ឱ្យ​មាន​វិធានការ​រក្សា​គម្លាត​និង​វិធានការ​សុខាភិបាល​ផ្សេងៗ​យ៉ាង​តឹងរ៉ឹង។

អ្នកនាង ហ្សង សុគន្ធា​ជា​សាស្រ្តាចារ្យ​និងជា​អ្នក​និពន្ធ​សៀវភៅ «ខ្ញុំ​ជា​កូនស្រី» ដែល​និយាយ​អំពី​ការ​ពង្រឹង​សមត្ថភាព​ដល់​ស្ត្រី​នៅ​កម្ពុជា​បាន​និយាយ​ថា ការ​រស់​នៅ​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​នេះ​មាន​ការ​លំបាក​ណាស់​សម្រាប់​អ្នកក្រ។

អ្នកនាង​បាន​ប្រាប់ VOA ថា៖ «គ្រួសារ​ក្រីក្រ​ជាច្រើន​រស់នៅ​ជិតៗ​គ្នា ដែល​ជា​កន្លែង​ត្រូវ​បាន​កំណត់​ថា​ជា​តំបន់​ក្រហម។​ពួកគេ​រស់នៅ​ជាមួយ​គ្នា និង​ចម្លង​ជំងឺ​កូវីដ១៩​កាន់​តែ​លឿន»។

អ្នកនាង​បាន​បន្ថែម​ថា លើស​ពី​នេះ​ទៅ​ទៀត «នៅ​ពេល​ផ្សារ​មិន​បើក​និង​មិន​មាន​ចំណូល​សម្រាប់​ចិញ្ចឹម​ជីវិត ពួកគេ​មិន​អាច​ស៊ូ​រស់​បាន​យូរ​នោះ​ទេ»។

អ្នកនាង ហ្សង សុគន្ធា បាន​និយាយ​ថា ស្ថានភាព​បែប​នេះ ​បើ​និយាយ​ពី​ប៉ូលិស និង​អ្នក​លក់​វិញ​ គឺ​ដូច​លេង​ល្បែង​ឆ្មា​ចាប់​កណ្តុរ​អញ្ជឹង ។ អ្នកស្រី​បាន​បន្ថែម​ថា៖ «អ្នកលក់​នឹង​នៅ​តែ​លក់​របស់របរ​នៅ​លើ​ផ្លូវ ទោះបី​ជា ​ប៉ូលិស​ដេញ​ពួកគេ​ក្តី»។

អ្នកនាង កែវ សាវ៉ាឌី បើក​អាជីវកម្ម​ខ្នាត​តូច​មួយ​លក់​សម្លៀកបំពាក់​តាម​អនឡាញ និង​ដូច​ពលរដ្ឋ​

​មានជីវភាព​ថ្នាក់​កណ្តាល​ជា​ច្រើន​ទៀត​ដែល​កំពុង​មាន​ចំនួន​កើន​ឡើង​នៅ​កម្ពុជា​នោះ​អ្នក​នាង​ក៏​មាន​ការ​លំបាក​ដែរ​បន្ទាប់​ពី​បាត់បង់​ការងារ​នៅ​ហាង​កាហ្វេ​មួយ​ឈ្មោះ Hard Rock នៅ​រាជធានី​ភ្នំពេញ។

អ្នកនាង​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «រឿង​ពិបាក​នោះ​គឺ​ថា ខ្ញុំ​ទើប​តែ​ចាប់​ផ្តើម​អាជីវកម្ម​តាម​អនឡាញ​នេះ។ វា​ជា​អាជីវកម្ម​តាម​អនឡាញ​តូច​មួយ។ វា​មិន​ដំណើរការ​នោះ​ទេ​ដោយសារ​តែ​ស្ថានភាព​កូវីដ១៩​មិន​ល្អ។ ខ្ញុំ និង​គ្រួសារ​ដែល​ពួកគេ​ភាគច្រើន​បាន​បាត់បង់​ការងារ​ដែរ​នោះ ត្រូវ​ស្វែងរក​បន្ទប់​ជួល​តូច​ជាង​នេះ​ដើម្បី​រស់នៅ»។

រូប​ឯកសារ៖ បុរសម្នាក់កំពុងដើរកាត់ខាងមុខផ្សារចាស់ ដែលកំពុងត្រូវបិទដំណើរការលក់ដូរ ក្រោយរដ្ឋាភិបាលប្រកាសបិទផ្សារមិនរៀបរយទូទាំងរាជធានី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ប្រទេស​កម្ពុជា​មិន​សូវ​រង​ផលបះពាល់​ពី​ការ​រាតត្បាត​ជំងឺ​នោះ​ទេ​នៅ​ក្នុង​ឆ្នាំ២០២០ ប៉ុន្តែ​ស្ថានភាព​បាន​ផ្លាស់ប្តូរ​នៅ​ថ្ងៃទី២០ ខែកុម្ភៈ​កន្លង​ទៅ នៅ​ពេល​ដែល​អាជ្ញាធរ​និយាយ​ថា ស្ត្រី​ជនជាតិ​ចិន​ពីរ​នាក់​បាន​សូកប៉ាន់​សន្តិសុខ​ដើម្បី​គេច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក និង​បាន​ទៅ​រាំរែក និង​ចម្លង​ជំងឺ​នេះ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ករណី​ឆ្លង​បាន​កើន​ឡើង​ពី​ចំនួន​តិច​ជាង​៥០០ ទៅ​ជាង ៥០.០០០ ករណី​ និង​មាន​ករណី​ស្លាប់​ចំនួន ៨២៥ ករណី គិត​ត្រឹម​ថ្ងៃព្រហស្បតិ៍​ទី៨ ខែកក្កដា។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ២​បន្ទាប់​ពី​សិង្ហបុរី សម្រាប់​កិច្ចប្រឹងប្រែង​ចាក់​វ៉ាក់សាំង ក្នុង​ចំណោម​ប្រទេស​ទាំង​១០​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន បន្ទាប់​ពី​ទទួល​បាន​វ៉ាក់សាំង Sinopharm និង Sinovac ចំនួន ១១ លាន​ដូស​ពី​ប្រទេស​ចិន។

ប្រទេស​កម្ពុជា​និយាយ​ថា វ៉ាក់សាំង​សរុប​ចំនួន ២០ លាន​ដូស​នឹង​ទទួល​បាន​ត្រឹម​ខែ​សីហា ខណៈ​ដែល​មូលនិធិ​ពី​អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​ទទួល​បាន​វ៉ាក់សាំង​ពី​យន្តការ COVAX និង AstraZenica។

លោក Murg បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «នៅ​ពេល​គេ​ប្រៀបធៀប​សិង្ហបុរី​ជាមួយ​នឹង​កម្ពុជា បើ​និយាយ​ពី​កម្រិត​នៃ​ការ​អភិវឌ្ឍ កម្រិត​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេងៗទៀត​វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​កម្ពុជាអាច​សម្រេច​បាន​ជោគជ័យ​កម្រិត​នេះ​នៅ​ក្នុង​យុទ្ធនាការ​ដែល​ចូលរួម​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងៗ​ដើម្បី​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

លោក​បាន​បន្ថែម​ថា៖ «ប្រទេស​នេះ​កំពុង​ស្ថិត​លើ​មាគ៌ា​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​របស់​ខ្លួន ហើយ​នេះ​ជា​រឿង​ដែល​មិន​ទាន់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដែល​ប្រទេស​នេះ​គួរ​ទទួល​បាន​នៅ​ឡើយ​ទេ»។

ប្រជាជន​កម្ពុជា​ជិត ១៨% ក្នុង​ចំណោម ១៦,៥ លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ពីរ​លើក​រួចរាល់ ខណៈ​ ​ប្រជាជន​ចំនួន ២៥% បាន​ចាក់​វ៉ាក់សាំង​លើក​ទី១​រួច​ហើយ។

ប្រទេស​កម្ពុជា​សង្ឃឹម​ថា នឹង​មាន​ភាពស៊ាំសហគមន៍ ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១០ លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​និង​មាន​បំណង​បើក​វិស័យ​ទេសចរណ៍​ឡើង​វិញ​នៅ​ត្រីមាស​ទី៤​សម្រាប់​អ្នក​ទេសចរណ៍​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​រួច​ហើយ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា